×

​តើ​គួរ​ថែទាំ​រុក្ខជាតិ​រស់​ក្នុង​ម្លប់​បែប​ណា​នៅ​ក្នុង​រដូវភ្លៀង​នេះ​?

TRAVEL & LIVING 3 months ago
 
 

          ​តាមធម្មតា​រុក្ខជាតិ​ដាំ​លម្អ​នៅ​ក្នុង​ម្លប់​ ​ហាក់​មិនសូវ​ត្រូវការ​ពន្លឺ​ថ្ងៃ​ច្រើន​ដូច​ទៅ​នឹង​ប្រភេទ​រុក្ខជាតិ​ដាំ​នៅ​ខាងក្រៅ​ប៉ុន្មាន​នោះ​ទេ​។​ ​អំឡុង​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ ​ទោះបីជា​រុក្ខជាតិ​រស់​ក្នុង​ម្លប់​មិនសូវ​ត្រូវការ​ពន្លឺ​ក៏​ពិតមែន​ ​ប៉ុន្តែ​អាកាសធាតុ​ត្រជាក់​ភ្លៀង​ធ្លាក់​ញឹកញាប់​នាំមក​សំណើម​ច្រើន​ ​ក៏​មិន​អំណោយផល​សម្រាប់​ពួកវា​ក្នុង​ការលូតលាស់​ល្អ​ដែរ​។​ ​ដូច្នេះ​អ្នក​គួរ​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​ដូច​ខាងក្រោម​៖​

​ដាក់​នៅ​ជិត​បង្អួច​៖​ ​ពន្លឺព្រះអាទិត្យ​គឺជា​ថាមពល​សំយោគ​មួយ​ដែល​រុក្ខជាតិ​ត្រូវការ​ជាចាំបាច់​។​ ​ដោយសារ​រដូវវស្សា​អាកាសធាតុ​ត្រជាក់​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ ​រុក្ខជាតិ​របស់​អ្នក​អាច​នឹង​មិន​ទទួល​បាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​នោះ​ទេ​។​ ​ហេតុដូច្នេះ​ គួ​រដាក់​វា​នៅ​ជិត​បង្អួច​ដើម្បី​ទទួល​បាន​ពន្លឺ​ខ្លះ​។​

ស​ម្អា​ត​ស្លឹក​៖​ ​កា​រដាក់​រុក្ខជាតិ​នៅ​ជិត​បង្អួច​ជា​ជំហាន​ទីមួយ​ ​ហើយ​ការ​ស​ម្អា​ត​ស្លឹក​របស់​វា​គឺជា​ជំហាន​បន្ទាប់​ដែល​អ្នក​គួរ​ធ្វើ​។​ ​ការ​ជូត​ស​ម្អា​ត​ស្លឹក​រុក្ខជាតិ​អាច​ជួយ​ជំរុញ​ឲ្យ​វា​ស្រូប​យក​ពន្លឺព្រះអាទិត្យ​បាន​កាន់តែ​ច្រើន​ ​ព្រោះថា​ធូលី​ដី​ដែល​ពាំ​ជាប់​នៅ​លើ​ស្លឹក​អាច​រារាំង​មិន​ឲ្យ​ពួកវា​ស្រូប​យក​ពន្លឺ​ពី​ព្រះអាទិត្យ​បាន​ល្អ​។​

ដាក់ឲ្យ​ត្រូវ​ពន្លឺ​អំពូល​៖​ ​ក្នុង​រដូវ​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ ​ពេលខ្លះ​មេឃ​អាច​ស្រទំ​សឹង​គ្មាន​ពន្លឺព្រះអាទិត្យ​រហូត​៣​ទៅ​៤​ថ្ងៃជា​ប់​ៗ​គ្នា​ក៏មាន​។​ ​ដើម្បីឲ្យ​ដើមផ្កា​ ​ឬ​ប្រទាល​របស់​អ្នក​ទ្រទ្រង់​នឹង​ស្ថានភាព​នេះ​បាន​ ​អ្នក​អាច​​​យក​ពួកវា​ទៅ​ដាក់ឲ្យ​ត្រូវ​ពន្លឺ​អំពូល​ ​ឬ​រៀប​ចំកន្លែង​មួយ​ដាក់​ពួកវា​ឲ្យ​ត្រូវ​ពន្លឺ​អំពូល​តែម្តង​។​ ​ការ​ធ្វើ​បែប​នេះ​អាច​ជំនួស​ពន្លឺព្រះអាទិត្យ​បាន​ខ្លះ​ដែរ​។​

ស្រោចទឹក​តិច​ជាង​មុន​៖​ ​ការ​ស្រោចទឹក​ច្រើន​ឬ​ញឹកញាប់​ ​ហាក់​មិន​អំណោយផល​សម្រាប់​រុក្ខជាតិ​រស់​ក្នុង​ម្លប់​នោះ​ទេ​។​ ​អ្នក​អាច​ស្រោច​យូរៗម្តង​ ​ឬ​ស្រោច​នៅ​ពេល​សម្គាល់​ឃើញ​ថា​ដី​ក្នុង​ផើង​ចាប់ផ្តើម​ស្ងួត​។​

កាត់បន្ថយ​ការ​ប្រើ​ជីរ​៖​ ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ការ​ស្រោចទឹក​ ​ការ​ដាក់ជី​រ​គប្បី​កាត់បន្ថយ​ ​ឬ​បើ​អាច​ផ្អាក​មួយ​រយៈ​សិន​នៅ​ក្នុង​អំឡុង​អាកាសធាតុ​ដែល​មិនសូវ​មាន​ពន្លឺ​ថ្ងៃនេះ​។​ ​បើ​ធៀប​ទៅ​នឹង​រដូវក្តៅ​ ​អ្នក​គួរ​កាត់បន្ថយ​ការប្រើប្រាស់​ឲ្យបាន​ពាក់កណ្តាល​។​
​ប្រុងប្រយ័ត្ន​សត្វល្អិត​៖​ ​រាល់​ពេល​មាន​សំណើម​ឱកាស​កកើត​សត្វល្អិត​នឹង​កើន​ឡើង​កាន់តែ​ច្រើន​។​ ​ការ​បំផ្លាញ​ដោយ​សត្វល្អិត​ជា​បញ្ហា​ចម្បង​មួយ​ ​ព្រោះ​នៅពេលដែល​វា​បាន​បំផ្លាញ​ត្រង់​ផ្នែក​ណាមួយ​នៃ​រុក្ខជាតិ​ហើយ​នោះ​ ​វា​នឹង​បន្ត​ខូចខាត​ទៅ​ផ្នែក​ផ្សេងទៀត​ដែល​ជា​ឧបសគ្គ​ក្នុង​ការរារាំង​រុក្ខជាតិ​មិន​ឲ្យ​លូតលាស់​បាន​ល្អ​។​ ​ម្យ៉ាង​បើ​មិន​ក​ម្ចាត់​ទាន់ពេល​អាច​ងាប់​ទាំង​ដើម​តែម្តង​។​ ​ដូចនេះ​គួរ​ពិនិត្យមើល​លើ​ដើម​ ​ស្លឹក​ ​ត្រួយ​ ​ឬ​ផ្កា​ ​ថា​តើ​មាន​សត្វល្អិត​ស៊ី​ឬ​អត់​ ​បើ​មាន​អ្នក​គួរ​ក​ម្ចាត់​វា​ចេញ​ភ្លាម​។​

          ​ជា​ការពិត​ណាស់​ ​ការ​ដាំ​រុក្ខជាតិ​សម្រាប់​តាំង​លម្អ​មិន​ត្រឹមតែ​ជួយ​បង្កើន​សោភ័ណ​ភាព​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​ជួយ​បន្សុទ្ធ​ខ្យល់​ ​ក​ម្ចាត់​ជាតិពុល​ ​ក៏ដូចជា​ជួយ​បំបាត់​ស្រ្តេ​ស​ធ្វើឲ្យ​អារម្មណ៍ល្អ​ផង​ដែរ​។​ ​ដែល​សំខាន់​ពួកវា​ក៏​ត្រូវការ​ការថែទាំ​ពី​អ្នក​ផ្ទាល់​ ​ដូច្នេះ​សូម​កុំ​បណ្តោយឲ្យ​រុក្ខជាតិ​ជា​ទីស្រឡាញ់​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​នៅ​រដូវភ្លៀង​នេះ​ណា៎​៕​

Article by: SOUNG SOKSAN


SUGGESTIONS