×

អត្ថន័យ​ ​«​សាដក​»​ ​ដែល​ពុទ្ធបរិស័ទ​ទាំង​ឡាយ​និយម​យកទៅ​វត្ត​នា​រដូវ​ភ្ជុំ​

TRAVEL & LIVING 3 years ago
 
 

            ជាទូទៅ​ ​ឲ្យតែ​ជិតដល់​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ ​ភ្ជុំបិណ្ឌ​ ​នៅ​តាម​ទីប្រជុំជន​នានា​ ​ជាពិសេស​តំបន់​ផ្សារ​ ​អាជីវករ​និយម​រៀបចំ​ដាក់​តាំង​លក់​ទេយ្យទាន​គ្រប់​ប្រភេទ​ដែល​ជា​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​សម្រាប់​ជាវយក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្តអារាម​នានា​ ​បន្ថែម​លើ​ចង្ហាន់​ ​ឬ​ ​បិណ្ឌ​បាត្រ​បច្ច័យ​។​ ​«​សាដក​»​ ​ដែល​ខ្មែរយើង​ខ្លះ​ហៅ​ក្លាយ​ថា​ ​«​ស្លា​ដក​»​ ​ក៏​ត្រូវ​បាន​ដាក់​លក់​ហូរហែ​ ​មិន​ជា​ពិបាក​រក​នោះ​ទេ​ ​សម្រាប់​រដូវ​កាល​នេះ​។​ ​តើ​ ​«​សាដក​»​ ​ជា​អ្វី​ឲ្យ​ប្រាកដ​? ​ហើយ​ហេតុអ្វីបានជា​យើង​ត្រូវ​ប្រគេន​សាដក​នេះ​ចំពោះ​ព្រះសង្ឃ​រហូតមកដល់​សម័យ​បច្ចុប្បន្ន​?

            យោង​តាម​សៀវភៅ​ ​«​វចនានុក្រម​ខ្មែរ​»​ ​ភាគ​ទី​២​ ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ ​បោះពុម្ពផ្សាយ​គ្រា​ទី​៥​ ​ព​.​ស​.​២​៥​១​២​ ​ត្រូវនឹង​ ​គ​.​ស​. ​១​៩​៦​៨​ ​ត្រង់​ទំព័រ​ទី​ ​១​៣​២​៦​ ​ពាក្យ​ថា​ ​«​សាដក​»​ ​អាន​ថា​ ​សា​ដក់​ ​ជា​ពាក្យ​បាលី​ ​ត្រូវនឹង​ភាសា​សំ​ស្រ្កឹ​ត​ថា​ ​«​គា​ដក​»​ ​មានន័យ​សម្រាយ​ជា​ភាសាខ្មែរ​ថា​ ​សំពត់​; ​សំពត់ងូត​។​ ​រីឯ​ប្រវត្តិ​នៃ​ ​«​សាដក​»​ ​វិញ​ ​មាន​ចែង​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ (​វិន័យបិដក​) ​នៅ​ពេល​ព្រះមានព្រះភាគ​គង់នៅ​វត្ត​ជេតពន​ ​ក្បែរ​ក្រុង​សាវត្ថី​ ​នាង​វិសាខា​បាន​ប្រើ​ទាសី​ឲ្យទៅ​និមន្ត​ព្រះសង្ឃ​និង​ព្រះ​ភិក្ខុសង្ឃ​ឲ្យ​មក​ទទួល​ភត្ត​ ​តែ​ទាសី​ទាំងនោះ​រក​មិន​ឃើញ​ ​ព្រោះ​ភិក្ខុ​ស្រង់​ទឹកភ្លៀង​ដោយ​អាក្រាត​កាយ​ ​ទើប​ទាសី​ទាំងនោះ​យល់​ច្រឡំ​ថា​ជា​អាជីវក​ (​បព្វជិត​សាសនា​ផ្សេង​ក្នុង​ពុទ្ធកាល​) ​ទៅវិញ​។​ ​នាង​វិសាខា​មានប្រាជ្ញាឈ្លាសវៃ​ឈ្វេងយល់​ហេតុ​សេចក្តី​ ​ហើយ​ក្រោយមក​ក៏​សុំ​ពរ​ពី​ព្រះមានព្រះភាគ​ដើម្បី​ប្រគេន​ទេយ្យទាន​៨​ប្រភេទ​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​«​វ​ស្សិ​ក​សាដក​»​ ​គឺ​ ​សំពត់​សម្រាប់​ងូត​ទឹកភ្លៀង​ ​ដែល​ហៅ​កាត់​ថា​ ​«​សាដក​»​នេះឯង​។​ ​ដោយសារ​មានដំណើរ​រឿង​បែប​នេះ​ទើប​ពុទ្ធបរិស័ទ​ជំនាន់​ក្រោយៗ​មក​នៅតែ​និយម​ប្រគេន​សាដក​រួម​ជាមួយ​ទេយ្យទាន​ផ្សេងៗ​ទៀត​ដល់​ព្រះសង្ឃ​ជាប់​រហូតមក​។​

            ដោយឡែក​ ​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា​មួយទៀត​ឈ្មោះ​ ​«​សា​ស្រ្តា​អ​និ​ស​ង្ស​សាដក​»​ ​មាន​ទាសី​ប្តី​ប្រពន្ធ​ពីរ​នាក់​ ​មាន​កូនស្រី​ឈ្មោះ​ ​«​នាង​អម​យ្យ​ទាសី​»​ ​ដែល​នាង​នេះ​ក្រោយមក​ ​ធ្លាក់ខ្លួន​កំព្រា​ឪពុក​ ​អាស្រ័យតែ​ជាមួយ​ម្តាយ​។​ ​នាង​មាន​សទ្ធា​ជ្រះថ្លា​សុខចិត្ត​ខ្ទាស់​ស្លឹកឈើ​ស្លៀក​ ​ហើយ​យក​ស​ម្លៀ​ក​បំពាក់​របស់​ខ្លួន​ទៅ​បោក​ជម្រះ​រួច​ជ្រលក់​ទឹក​ ​អម្ចត់​ធ្វើជា​សំពត់​សាដក​ប្រគេន​ព្រះសង្ឃ​។​ ​ដោយសារ​អំណាច​ផលានិសង្ស​នេះ​ហើយ​ ​ទើប​នាង​បាន​ក្លាយ​ជា​អគ្គមហេសី​នៃ​ព្រះរាជា​។​ ​ដូចនេះ​ហើយ​ ​ទើប​ពុទ្ធសាសនិកជន​ក៏​នាំគ្នា​តាំងចិត្ត​ប្រគេន​សំពត់​សាដក​ចំពោះ​ព្រះសង្ឃ​ដើម្បី​សម្រេច​បាន​ផលានិសង្ស​តាម​អត្ថន័យ​ដែល​មាន​ចែង​ក្នុង​«​សា​ស្រ្តា​អ​និ​ស​ង្ស​សាដក​»​ ​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ជាដរាប​។​ ​ម្យ៉ាង​ដោយសារ​សាដក​ដែល​យើង​ឃើញ​សព្វថ្ងៃ​ ​មាន​បត់​ស្បង់​ (​សំពត់ងូត​) ​នេះ​ជា​ទម្រង់​ផ្កាឈូក​ទ្រាប់​នៅ​បាត​ទ្រ​ក្តោប​ទេយ្យទាន​ផ្សេងៗ​ទៀត​ដូចជា​ ​ទៀន​ ​ធូប​ ​តែ​ ​ឬ​ ​ទឹកបរិសុទ្ធ​ ​មី​ ​ស្ករស​ ​និង​ ​ថ្នាំសង្កូវ​ ​ជាដើម​ ​ទើប​គេ​សម្គាល់​ហៅ​កញ្ចប់​ទេយ្យទាន​ទាំងមូល​ថា​ជា​ ​«​សាដក​»​ ​តែម្តង​។​ ​ទោះបីជា​ពេលខ្លះ​ ​គេ​មិន​ដាក់​សំពត់​សាដក​ ​ដោយ​ប្រើ​តែថា​ស​ជ័រ​ ​ឬ​ ​ចាន​ស្នោ​រ​ជំនួស​ ​ក៏​ខ្មែរ​នៅតែ​ហៅថា​ ​«​សាដក​»​ ​តាម​ទម្លាប់​ពីដើម​រៀងមក​ដែរ​៕​

Article by SRIN SOKMEAN


SUGGESTIONS