×

សក្តានុពល​ទេសចរណ៍​លាក់ខ្លួន​ជាច្រើន​កន្លែង​រះ​ឡើង​នៅ​ស្រុក​ល្វា​ឯម​

TRAVEL & LIVING 2 years ago
 
 

            បើ​យើង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ ​ឬ​ ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ទៅកាន់​ខេត្ត​ឆ្ងាយ​ ​យើង​គួរ​ងាក​មក​សម្លឹង​មើល​ទីកន្លែង​ដែល​នៅ​ជិត​ៗ​ទីក្រុង​ ​ប៉ុន្តែ​មាន​បរិយាកាស​ល្អ​ប្រសើរ​ ​និង​ ​សក្តានុពល​ទាក់ទាញ​ច្រើន​សម្រាប់​ដំណើរ​ក​ម្សាន្ត​រយៈពេល​ខ្លី​ ​។​ តោះ! ​មក​ស្គាល់​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ ​ដែល​រះ​ឡើង​នា​ត្រើយម្ខាង​ក្រុងភ្នំពេញ​ ​ដែល​សំបូរ​អ្នកដំណើរ​ឆ្លងកាត់​ ​ប៉ុន្តែ​មិនសូវ​ស្គាល់​ ​ដោយសារ​វា​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ចំការ​ផលានុផល​ដ៏​ធំ​ល្វឹងល្វើយ​ ​ប្រៀប​បាន​នឹង​បុប្ផា​រីក​បាំង​សន្លឹក​ ​តែ​ចោល​ក្លិន​ជ្រួតជ្រាប​នាសា​ទេសចរ​ផ្សងព្រេង​។​

            ១​. ​May​a​ ​Village​
            ​ផ្ទះ​ស្នាក់​ភូមិ​ម៉ា​យ៉ា​ ​ឬ​ ​May​a​ ​Village​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ​ ​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កំពង់​ចម្លង​អរិយ​ក្សត្រ​។​ ​ដើម្បី​ទៅដល់​ទីតាំង​នេះ​ ​អ្នកដំណើរ​ត្រូវ​ឆ្លង​សាឡាង​ពី​ភ្នំពេញ​ត្រង់​ចំណុច​គល់​ស្ពាន​កោះ​ពេជ្រ​ជិត​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ឆ្ពោះទៅ​កាន់​ឃុំ​អរិយ​ក្សត្រ​ឯ​ត្រើយម្ខាង​ ​រួច​បន្ត​ដំណើរ​ទៅត្រង់​កាត់តាម​ផ្សារ​ហនុមាន​អរិយ​ក្សត្រ​ទៅដល់​ចំណុច​វត្ត​សុវណ្ណ​សាគរ​ ​ហើយ​បន្ត​ទៅមុខ​ត្រង់​បន្តិច​ទើប​ឃើញ​ផ្លូវលំ​តូច​មួយ​នៅ​ខាងស្តាំ​ដៃ​របស់​អ្នក​ដែល​មាន​ស្លាក​សញ្ញា​ ​May​a​’s ​Garden​ ​ជា​សម្គាល់​។​ ​លោកអ្នក​ត្រូវ​បត់​តាមផ្លូវ​ ​May​a​’s ​Garden​ ​នោះ​ប្រមាណ​៩​០​០​ម៉ែត្រ​ទើប​ឃើញ​ទ្វារ​របង​ប្ញស្សី​មួយ​នៅ​ខាងឆ្វេង​ដៃ​ ​នោះ​ហើយ​ជា​ទីតាំង​សម្រាក​លម្ហែ​ភូមិ​ ​ម៉ា​យ៉ា​ ​ឬ​ ​May​a​ ​Village​។​

            នៅ​ជុំវិញ​ផ្ទះ​លម្ហែ​ភូមិ​ម៉ា​យ៉ា​សុទ្ធសឹងតែ​ចំការ​ស្វាយ​ ​និង​ ​ដំណាំ​ថ្លែ​ឈើ​ហូប​ផ្លែ​ចោល​ម្លប់ត្រឈឹងត្រឈៃ​ស្ងប់ស្ងាត់​ត្រជាក់ត្រជុំ​រម​នា​ ​។​ ​ស្ថិត​ក្នុង​បរិវេណ​ដីចំការ​ភូមិ​ដែល​មាន​ទំហំ​ជិត​មួយ​ហិកតា​ ​ផ្ទះ​លម្ហែ​បែប​ប្រពៃណី​ចាស់ៗ​ចំនួន​០​៤​ធំ​ៗ​ត្រូវ​បាន​រុះរើ​យកមក​ពី​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។​ ​ផ្ទះ​នីមួយៗ​សុទ្ធសឹងតែ​សង់​អំពី​ឈើ​តាម​ក្បួនខ្នាត​ស្ថាបត្យកម្ម​លំនៅ​ស្ថាន​ប្រពៃណី​ខ្មែរ​ពី​បុរាណ​ ​ហើយ​ម្ចាស់ផ្ទះ​ដើម​នៃ​ផ្ទះ​ទាំង​៤​នោះ​ក៏មាន​តំណែង​ឋានៈ​ផ្សេងៗ​គ្នា​ដែរ​កាលពី​ជំនាន់​មុន​ ​ដែល​ជាហេតុ​បណ្តាលឲ្យ​ផ្ទះ​នីមួយៗ​មាន​រចនាបថ​ជាក់លាក់​ប្លែក​ទីទៃ​ពី​គ្នា​។​ ​នៅ​លើ​ផ្ទះ​ ​មាន​ល្វែង​កណ្តាល​ធំ​ទូលាយ​ជា​វាលលំហ​ដែល​អាច​ប្រើប្រាស់​ជា​កន្លែង​អង្គុយលេង​ ​ជា​កន្លែង​ទទួល​ភ្ញៀវ​ ​និង​ ​ជា​កន្លែង​ប្រជុំ​ការងារ​ក្រុម​ផ្សេងៗ​ ​តាម​តម្រូវ​ការ​របស់​ភ្ញៀវ​។​ ​មាន​ការរៀបចំ​ជា​សាឡុង​អង្គុយ​យ៉ាង​សមរម្យ​ ​លម្អ​ដោយ​អំពូលភ្លើង​ដែល​មាន​ក្បាច់រចនា​ល្អ​វិចិត្រ​ចោល​ពន្លឺ​ក្រហម​ស្រទន់​សម​ស្របតាម​បរិយាកាស​ជុំវិញ​ឥត​ខ្ចោះ​ ​និង​ ​មាន​សៀវភៅ​ជាច្រើន​ដាក់​តាំង​សម្រាប់​អាន​លម្ហែ​អារម្មណ៍​ពេល​អង្គុយលេង​ផង​ដែរ​។​

            ក្រៅពី​កន្លែង​ទទួល​ភ្ញៀវ​ ​នៅ​មាន​ផ្ទះបាយ​កណ្តាលវាល​ដែល​មាន​ខ្យល់អាកាស​ចេញចូល​ល្អ​ ​អាចឲ្យ​ភ្ញៀវ​ច​ម្អិ​ន​អាហារ​បរិភោគ​ដោយខ្លួនឯង​បាន​យ៉ាង​សប្បាយ​។​ ​ប៉ុន្តែ​ភ្ញៀវ​ក៏​អាច​ស្នើ​ឲ្យ​ម្ចាស់ផ្ទះ​រៀបចំ​សេវាកម្ម​បម្រើ​ម្ហូបអាហារ​បាន​ដែរ​ ​ក្នុង​ករណី​ចាំបាច់​ ​ដូចជា​ ​កម្មវិធី​ប្រជុំ​ ​សិក្ខាសាលា​ ​ឬ​ ​ការ​ក​ម្សាន្ត​នៅ​ទីនេះ​រយៈពេល​ខ្លី​។​ ​បើ​និយាយ​ពី​ភាព​ទំនើប​វិញ​ ​បើ​មើល​ពី​ខាងក្រៅ​ ​បន្ទប់ទឹក​នៅ​ទីនោះ​ហាក់ដូចជា​បន្ទប់គេង​មួយ​នៃ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​ ​ប៉ុន្តែ​នៅពេលដែល​លោកអ្នក​បើកទ្វារ​ចូល​ទៅ​ខាងក្នុង​ភ្លាម​ ​លោកអ្នក​ច្បាស់ជា​ភ្ញាក់ផ្អើល​លាន់មាត់​ជាក់​ជាមិនខាន​ ​ព្រោះ​នៅ​ខាងក្នុង​បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខារ​បន្ទប់ទឹក​ទំនើប​មិនចាញ់​សណ្ឋាគារ​ផ្កាយ​៥​ប៉ុន្មាន​ទេ​ ​គួបផ្សំ​នឹង​ជំនាញ​តុបតែង​លម្អ​ផ្សារភ្ជាប់​នឹង​វត្ថុ​សិល្បៈ​បែប​ធម្មជាតិ​មួយ​ចំនួន​ ​។​ ​សូវ​រី​ន​សូម​ណែនាំ​ថា​ ​ប្រសិនបើ​បាន​ទៅ​លម្ហែ​នៅ​ភូមិ​ម៉ា​យ៉ា​ ​សូម​កុំ​ភ្លេច​ដើរ​ផ្សារ​ក្រមួន​ ​រៀន​ធ្វើម្ហូប​បែប​អ្នកស្រុក​ ​និង​ ​ជួយ​គាំទ្រ​ផលិតផល​សិប្បកម្ម​ស​ម្ភារៈ​តម្បាញ​បែប​ប្រពៃណី​ខ្មែរ​ដែល​ដាក់​តាំង​លក់​នៅ​ទីនោះ​ផង​ ​ប៉ុន្តែ​ជាទូទៅ​ ​លោកអ្នក​ត្រូវ​កុម្ម៉ង់​ទុកជាមុន​ ​ព្រោះ​នៅ​ទីនោះ​មិន​មាន​ធ្វើ​ស្តុក​ទុក​លក់​ច្រើន​ដូច​តាម​ហាង​ធំ​ៗ​នោះ​ទេ​។​

            ២​. ​សហគមន៍​តម្បាញ​កន្ទេលកក់​ពាម​ឧកញ៉ា​អុង​
            ​អ្នកភូមិ​ជាច្រើន​គ្រួសារ​​​ដែល​រស់នៅ​ភូមិ​ព្រែក​តា​អុង​ ​ឃុំ​ពាម​ឧកញ៉ា​អុង​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​នៅតែ​បន្ត​រក្សា​វិធីសាស្ត្រ​តម្បាញ​កន្ទេលកក់​ដែល​មាន​តាំងពី​បុរាណកាល​មកនេះ​ ​តួយ៉ាង​ ​ដូចជា​ការប្រើប្រាស់​ល័ក្ត​ជ្រលក់​កក់​តាម​បែប​ប្រពៃណី​មុននឹង​យកមក​ត្បាញ​ជា​កន្ទេល​ ​ជាដើម​។​ ​អ្នក​សហគមន៍​ទាំងនោះ​ត្រូវ​ចំណាយ​ពេល​ចំនួន​មួយថ្ងៃ​ ​ឬ​ពីរ​ថ្ងៃ​ (​អាស្រ័យ​ទៅតាម​អាកាសធាតុ​) ​ដើម្បី​ហាល​កក់​នោះ​ឲ្យ​ស្ងួត​ ​ទើប​គេ​អាច​​​យក​កក់​នៃ​ពណ៌​នីមួយៗ​មក​ត្បាញ​ចម្រុះ​គ្នា​។​ ​សម្រាប់​កន្ទេល​ក្រាស់​ ​លក់​ក្នុង​តម្លៃ​៤​០​,​០​០​០​រៀល​ ​មាន​ប្រវែង​១​ម៉ែត្រ​ ​២​តឹក​។​ ​រីឯ​ ​កន្ទេល​ធម្មតា​លក់​ក្នុង​តម្លៃ​៣​០​,​០​០​០​រៀល​។​ ​នៅ​ទីនោះ​ ​ភ្ញៀវ​ទេសចរ​អាច​​​រក​ជាវ​កន្ទេលកក់​បែប​បុរាណ​ពី​ប្រជា​សហគមន៍​ដោយ​ផ្ទាល់​ក្នុង​តម្លៃ​សមរម្យ​ជាង​ទី​ផ្សារ​នៅ​ក្នុង​ក្រុង​ ​ហើយ​ថែមទាំង​ជក់ចិត្តដិតអារម្មណ៍​ជាមួយនឹង​សកម្មភាព​ត្បាញកន្ទេល​កក់​ដ៏​ស្ទាត់ជំនាញ​របស់​អ្នកភូមិ​នៅ​ក្រោម​ផ្ទះ​របស់​ពួកគេ​ដោយ​ផ្ទាល់​ភ្នែក​ពិតៗ​ ​ក៏ដូចជា​បាន​ចូល​រួមចំណែក​ជួយ​លើកស្ទួយ​សិប្បកម្ម​បែប​ប្រពៃណី​ប្រចាំ​តំបន់​ផង​ដែរ​។​

            ៣​. ​ហាង​កាហ្វេ​ទាន់សម័យ​ S​royal​ ​Ca​f​é & ​Pub​
            ​ហាង​ទើប​បើក​ថ្មី​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្តី​កណ្តាល​ ​ឃុំ​សារិកាកែវ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​។​ ​ដើម្បី​ទៅដល់​ ​លោកអ្នក​ត្រូវ​ឆ្លង​សាឡាង​អរិយ​ក្សត្រ​ ​ហើយ​បន្ត​ដំណើរ​ប្រមាណ​២​គីឡូម៉ែត្រ​ ទើ​បបត់​ស្តាំ​ត្រង់​ចំណុច​វត្ត​ពេជ្រ​ម្កុ​ដ​ ​រួច​ជិះ​តាមផ្លូវ​នោះ​ចម្ងាយ​៦​គីឡូម៉ែត្រ​កាត់​វត្ត​សុវណ្ណ​តេជោ ​ឆ្លងស្ពាន​បេតុង​មួយ​នោះ​លោកអ្នក​នឹង​ឃើញ​ហាង​ស្រយាល​កាហ្វេ​នៅ​ខាងស្តាំ​ដៃ​ ​ដែល​មាន​ផ្ទះ​ដើមឈើ​ខ្ពស់​គួរឲ្យ​ចាប់អារម្មណ៍​ជា​សម្គាល់​។​ ​ហាង​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច​។​ ​ចំណុច​លេចធ្លោ​របស់​ហាង​នេះ​គឺ​ ​ការ​តុបតែង​លម្អ​តាម​លំនាំ​រចនាបថ​ស្ថាបត្យកម្ម​បែប​ ​Modern​ ​Minimal​i​s​m​ ​ដែល​មាន​លក្ខណៈ​សាមញ្ញ​បំផុត​ ​តែ​ស្អាត​ទូលាយ​ស្រឡះ​ភ្នែក​ ​ដើម្បី​រំលេច​បរិស្ថានធម្មជាតិ​ជុំវិញ​នោះ​ឲ្យ​លេចធ្លោ​ឡើងជា​ធំ​ ​ព្រមទាំង​ផ្ទេរ​គំនិត​ក្នុង​ការ​រៀប​ហាង​ផ្តោត​លើ​បរិយាកាស​ខាងក្រៅ​តាម​សម័យនិយម​ (​Chic​ ​Outdoor​) ​ដែល​កំពុង​ល្បី​តាម​ហាង​នានា​នៅ​ទីក្រុង​មក​ប្រើប្រាស់​លើ​ទីតាំង​ដែល​ឆ្ងាយ​ពី​ក្រុង​បន្តិច​វិញ​។​ ​ចំពោះមុខ​ម្ហូប​និង​ភេសជ្ជៈ​វិញ​ ​ទីនេះ​មាន​ភេសជ្ជៈ​ប្រចាំ​ត្រកូល​ឈ្មោះថា​ ​«​ស្រយាល​កាហ្វេ​»​ (S​royal​ ​Coffee​) ​ដែល​ជា​ភេសជ្ជៈ​បែប​កូនកាត់​រវាង​រសជាតិ​កាហ្វេ​អាយ​ឡាតេ​និង​កាហ្វេ​ទឹក​គោ​ខាប់​បែប​បុរាណ​។​ ​រីឯ​ក្នុង​បញ្ជី​រាយ​ឈ្មោះ​ម្ហូប​ ​អាហារ​ភាគច្រើន​ជា​អាហារ​ក្លាយមកពី​ថៃ​ ​ជាពិសេស​ក្នុង​នោះ​រួម​មាន​ ​ផាត់​ថៃ​បង្គា​ ​និង​បាយ​ឆា​ម្រះព្រៅ​ ​ដែល​លក់ដាច់​ជាងគេ​ជាទីបំផុត​។​

Image Courtesy: S​royal​ ​Ca​f​é & ​Pub​

            ​៤​. ​សហគមន៍​ល្ខោនខោល​វត្ត​ស្វាយ​អ​ណ្តែ​ត​
            វត្ត​ស្វាយ​អ​ណ្តែ​ត​ជា​ទីអារាម​បុរាណ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ស្គរ​ ​ឃុំ​សារិកាកែវ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ចម្ងាយ​ប្រមាណ​ជាង​១​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ ​ចេញពី​កំពង់​ចម្លង​អរិយ​ក្សត្រ​ ​ត្រូវ​បត់​ស្តាំ​កាត់តាម​ភូមិ​ទួល​មាស​ ​ភូមិ​តា​ជោរ​ ​ភូមិ​ក្តី​កណ្តាល​ ​ទើប​ដល់​ភូមិ​តា​ស្គរ​។​ ​វត្ត​ស្វាយ​អ​ណ្តែ​ត​ស្ថិតនៅ​ជាប់នឹង​ផ្លូវ​ធំ​ជាប់មាត់​ទន្លេមេគង្គ​ឆ្ពោះទៅ​រក​ទី​រួម​ស្រុក​ល្វា​ឯម​តែម្តង​ ​គឺ​នៅ​ខាងឆ្វេង​ដៃ​ ​មិន​ពិបាក​រក​នោះ​ទេ​។​ ​វត្ត​នេះ​មាន​វិហារ​ធំ​ខ្ពស់​ហ៊ុមព័ទ្ធ​ដោយ​ទំនាប​លិចទឹក​។​ ​ក្នុង​រដូវវស្សា​មើលទៅ​ល្ហល្ហេវ​ល្វឹងល្វើយ​ដូច​កោះ​កណ្តាល​ទន្លេមេគង្គ​ក្រោម​ហើយក៏​ជា​ប្រជុំ​បារមី​អស់លោកអ្នក​តា​តូច​ធំ​ស័ក្តិសិទ្ធិ​ជាច្រើន​ ​ជាអាទិ៍​រួម​មាន​ ​បារមី​លោកតា​កែ​ ​លោកតា​កំហែង​ ​គួរ​ជាទី​សក្ការបូជា​។​អ្វី​ដែល​ពិស​ស​បំផុត​នោះ​ ​គឺ​ត្រង់ថា​វត្ត​នេះ​ជា​សហគមន៍​ល្ខោនខោល​តាំងពី​បុរាណ​តរៀងមក​ ​ដែលគេ​ស្គាល់​ថា​ ​ល្ខោនខោល​វត្ត​ស្វាយ​អ​ណ្តែ​ត​ ​នោះ​ឯង​។​ ​កាលពី​ពីរបី​ឆ្នាំមុន​ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​សាងសង់​រោងល្ខោន​ដ៏​ស្រស់​ស្អាត​រឹង​មាំ​ធ្វើ​ពី​ស៊ីម៉ងត៍​ថ្មី​មួយ​កន្លែង​ឲ្យ​ក្រុម​ល្ខោន​វត្ត​ស្វាយ​អ​ណ្តែ​ត​នេះ​សម្រាប់​ជួបជុំ​ហាត់​សម​ ​និង​សម្តែង​តាមកាល​វេលា​ជា​រៀងរាល់​ឆ្នាំ​។​ ​សមិទ្ធផល​ថ្មី​នេះ​ជា​មោទកភាព​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នកស្រុក​ល្វា​ឯម​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទាំងឡាយ​ដែល​មានបំណង​ចង់​ស្គាល់​ទីតាំង​កំណើត​នៃ​ល្ខោនខោល​ពិតប្រាកដ​ ​ឬ​ ​ទស្សនា​ទស្សនីយភាព​សិល្បៈ​ល្ខោនខោល​ដែល​សម្តែង​ដោយ​សហគមន៍​ផ្ទាល់​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS