ប្រសិនបើលោកអ្នកធ្វើដំណើរចេញពីក្រុងតាខ្មៅទៅត្បូង ទិសដៅស្អាង-កោះធំ លោកអ្នកច្បាស់ជាដឹងហើយថាសឹងតែគ្មានភោជនីយដ្ឋាន ឬអាហារដ្ឋានសមរម្យសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយឡើយនៅតាមបណ្តោយផ្លូវជាតិលេខ២១។ ប៉ុន្តែឥឡូវសូមលោកអ្នកកុំព្រួយពីបញ្ហានេះ ព្រោះមានភោជនីយដ្ឋានលក្ខណៈសួនកម្សាន្តតូចមួយដែលបានដំណើរការទើបតែ១-២ឆ្នាំចុងក្រោយនេះ ហើយកំពុងទទួលបានប្រជាប្រិយភាពគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកដំណើរជិតឆ្ងាយ ជាពិសេស ភ្ញៀវមកពីភ្នំពេញ និងតាខ្មៅតែម្តង។
សួនកម្សាន្ត និងភោជនីយដ្ឋាននេះមានឈ្មោះជាផ្លូវការថា «រមណីយដ្ឋានបងប្អូនសិត្បូ»។ ទីនេះជាប្រភេទរមណីយដ្ឋានកែច្នៃដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ដោយសារស្ថិតនៅជាប់មាត់ទន្លេបាសាក់ត្រើយខាងលិចតែម្តង ដែលពោរពេញខ្យល់អាកាសបរិសុទ្ធពីផ្ទៃទន្លេ អមដោយការរៀបចំសួនផ្កាចម្រុះពណ៌ស្រស់ស្អាតទាក់ ភ្នែកតម្រូវចិត្តភ្ញៀវទាំងឡាយ។ រមណីយដ្ឋាននេះមានខ្ចុះប្រក់ក្យូសជាប់មាត់ទឹកប្រហែល២០សម្រាប់ភ្ញៀវសម្រាក លម្ហែកាយយកកម្លាំង និងទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ។ ជាពិសេស មានកន្លែងស្ទួចត្រីកម្សាន្ត ព្រមទាំងអាងហែលទឹកសម្រាប់មនុស្សធំ និងកូនក្មេងថែមទៀតផង។ វាជាសួនកម្សាន្តដ៏ស័ក្តិសមសម្រាប់ទេសចរលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្តិក្នុងថ្ងៃខួបកំណើត ឬជប់លៀងផ្សេងៗបែបដំណើរកម្សាន្តជាយក្រុងជិតៗ។
ចំពោះម្ហូបនៅទីនេះ មានរសជាតិឈ្ងុយឆ្ងាញ់អាចទទួលយកបាន ហើយតម្លៃក៏មិនថ្លៃហួសហេតុពេកដែរ ត្រឹមជាង ២-៣ម៉ឺនរៀល (លើកលែងមាន់ដុតទាំងមូល) ប្រហាក់ប្រហែលនឹងរមណីយដ្ឋានសួនកម្សាន្តផ្សេងៗទៀតដែរ។ ជម្រើសម្ហូបចែកចេញជា ប្រភេទម្ហូបទឹក ម្ហូបអាំង ម្ហូបឆា បុក-ភ្លា និងភេសជ្ជៈជាច្រើនមុខ។ ម្ហូបដែលភ្ញៀវនិយមកុម្ម៉ង់រួមមាន ដូចជា ម្ជូរព្រៃ ម្ជូរគ្រឿង មាន់ដុតរួមមិត្ត មាន់ទារំលីងគល់ស្លឹកគ្រៃ ត្រីដុតអំបិលផ្ទាប់នំបញ្ចុក ត្រីគ្រំចំហុយ ខ្យងអាំងអំបិលម្ទេស ឬអំបិលម្រេចជាដើម។
រមណីយដ្ឋាននេះ មានទីតាំងនៅភូមិកំពង់ព្រីង សង្កាត់សិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមាណ១៥គីឡូម៉ែត្រពីក្រុងតាខ្មៅ ជិះតាមមាត់ទន្លេ (ផ្លូវជាតិលេខ២១ ចាស់) ក្រោមស្ពានព្រែកសំរោង ទល់មុខមណ្ឌលសុខភាពសិត្បូតែម្តង ងាយស្រួលរក ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៩០ ២២ ០៦ / ០៨៨ ៨ ២៥ ២៥ ២៨ សម្រាប់ការកក់ និងសាកសួរព័ត៌មានបន្ថែម៕
Article by SRIN SOKMEAN