×

នំ​ម្នាស់​ ​ផលិតផល​ក្នុងស្រុក​តាម​គោលការណ៍​រូបមន្ត​ធម្មជាតិ​ ​Mawa Bakery​

TRAVEL & LIVING 2 years ago
 
 

            បើ​និយាយ​ពី​នំ​កញ្ចប់​ ​ឬ​ ​នំ​ធុង​ ​ដែល​កំពុង​ចរចា​រលើ​ទី​ផ្សារ​ទូទាំង​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន​ ​យើង​សង្កេត​​ឃើញ​ថា​ ​ជាទូទៅ​ ​ជា​ប្រភេទ​នំ​នាំចូល​ពី​បរទេស​ ​ដូចជា​ ​ប្រទេស​ថៃ​ ​វៀតណាម​ ​ចិន​ ​និង​ តៃ​វ៉ាន់​ ​ជាដើម​ ​ជាពិសេស​ ​ប្រភេទ​នំ​ផ្អែម​រសជាតិ​ ​ឬ​ ​ស្នូល​ផ្លែឈើ​ផ្សេងៗ​។​ ​ទោះបីជា​រង​ការប្រកួតប្រជែង​ទី​ផ្សារ​ប្រទេសជិតខាង​យ៉ាងណាក្តី​ ​ក៏​ស្រ្តី​ខ្មែរ​ពីរ​នាក់​បងប្អូន​ដែល​កំពុង​រស់នៅ​ក្រុងភ្នំពេញ​បាន​ចាប់ដៃ​សហការ​គ្នា​បង្កើត​ទំព័រ​ហ្វេសប៊ុក​លក់​នំ​ដុត​ដោយខ្លួនឯង​ ​ជា​ផលិតផល​ក្នុងស្រុក​ ​មាន​យីហោ​ថា​ ​«​Ma​w​a​ ​Bakery​»​ (​ហាង​នំ​ ​ម៉ា​វ៉ា​)។​ ​អ្វី​ដែល​គួរឲ្យ​​ចាប់អារម្មណ៍​នោះ​គឺ​ ​នំ​ដុត​ទំនើប​ទាន់សម័យ​ដោយ​ស្នាដៃ​ស្រ្តី​ខ្មែរ​ពីរ​រូប​នេះ​បាន​ចាប់កំណើត​ឡើង​ទើប​តែ​កាលពី​អំ​ឡុងចុង​ឆ្នាំ​២​០​២​០កន្លងទៅ​​ ​ក្នុង​គ្រា​វិបត្តិ​កូ​វី​ដ​១​៩​នៅឡើយ​ ​ប៉ុន្តែ​អាជីវកម្ម​គ្រួសារ​នេះ​នៅតែ​រឹង​មាំ​ឈរ​ជើង​បាន​រហូត​​មកដល់​សព្វថ្ងៃ​។​ ​តើ​នេះ​គឺ​ដោយសារ​មូលហេតុ​​​អ្វីខ្លះ​?

            អា​ជី​កម្ម​អន​ឡា​ញ​លក្ខណៈ​គ្រួសារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​ជា​ស្រ្តី​ពីរ​នាក់​គឺ​ ​កញ្ញា​​ តុង​ ​គង្គា​ ​និង​​ ​តុង​ ​ដានី​។​ ​តាមរយៈ​បទសម្ភាសន៍​ជាមួយ​ស្ថាបនិក​ផ្ទាល់​នៅ​ឯ​គេហដ្ឋាន​ ​និង​ជា​កន្លែង​ដុត​នំ​ ​ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ទ្រុង​មាន់​ ​សង្កាត់​អូរ​បែក​ក្អម​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ (​ម្តុំ​ស្ថា​នី​យ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​) ​កញ្ញា​​ តុង​ ​គង្គា​ ​បានឲ្យ​ដឹង​ថា​ ​អាជីវកម្ម​ដុត​នំ​នេះ​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​អំឡុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០ ​គិត​មកដល់​សព្វថ្ងៃ​ ​មាន​អាយុកាល​ជាង​មួយ​ឆ្នាំ​ហើយ​។​ ​ពី​ដំបូង​ ​កញ្ញា​​មាន​ពេលទំនេរ​ច្រើន​កាលពី​គ្រានោះ​ ​ដោយ​សារ​តែ​​ចំ​ពេល​សម័យកាល​កូ​វី​ដ​។​ ​ដូចនេះ​ហើយ​ ​ទើបកញ្ញា​​សាកល្បង​ដុត​នំ​ទទួលទាន​ខ្លួនឯង​ជា​លក្ខណៈ​គ្រួសារ​ ​ហើយក៏​មិន​នឹកស្មាន​ថា​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ជាច្រើន​ពី​មនុស្ស​ជុំវិញ​។​ ​ពួកគេ​ជំរុញ​ទឹកចិត្ត​កញ្ញា​​ឲ្យ​បើក​ជា​អាជីវកម្ម​ន​នេះ​ឡើង​។​

            នំ​ម្នាស់​​ជា​នំ​មួយ​ប្រភេទ​ក្នុងចំណោម​នំ​៥​-​៦​មុខ​ដែល​អាជីវកម្ម​របស់​កញ្ញា​​បើក​កែច្នៃ​បង្កើត​ឡើង​ឲ្យ​មាន​រសជាតិ​ត្រូវ​តាម​រស​និយម​របស់​ប្រជាជន​ក្នុងស្រុក​ជាទូទៅ​ ​មិន​ឲ្យ​ដូច​នំ​ផលិត​និង​នាំចូល​ពី​បរទេស​នោះ​ឡើយ​ ​ទោះបីជា​នំ​ទាំងនោះ​មើលទៅ​មានភិន​ភាគ​លក្ខណៈ​ស្រដៀង​នំ​ស្រុកក្រៅ​ក៏ដោយ​ ​ដោយ​ផ្អែកលើ​គោលការណ៍​ ​គ្រឿងផ្សំ​ស្រស់​ៗ​ពី​ធម្មជាតិ​ ​ដោយ​មិន​ប្រើ​សារធាតុ​គីមី​លាយ​ដើម្បី​រក្សា​គុណភាព​ទុក​បាន​យូរ​ឡើយ​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​របស់​នំ​ម្នាស់​ប្រចាំ​ហាង​នេះ​ ​មានតែ​ម្នាស់​ក្នុងស្រុក​ ​ស្ករ​ ​ប៊័រ​ (​គុណភាព​ខ្ពស់​) ​និង​​ម្សៅ​សម្រាប់​ធ្វើ​សំបក​នំ​តែប៉ុណ្ណោះ​ ​ដោយ​មិន​ប្រើ​មេ​រសជាតិ​ ​ល័ក្ត​ពណ៌​ ​និង​​ស្នូល​ម្នាស់​ស្រាប់​ៗ​ដែល​ទិញ​ពី​ផ្សារ​មក​នោះ​ទេ​។​

            លើស​ពីនេះទៅ​ទៀត​ ​ទោះបីជា​លក់​បែប​អន​ឡា​ញ​ក៏ដោយ​ ​តែ​កញ្ញា​​​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សម្រិត​​សម្រាំង​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​គុណភាព​គ្រឿងផ្សំ​វត្ថុធាតុដើម​ ​អនាម័យ​ ​និង​ខ្នាត​រង្វាស់រង្វាល់​ក្នុង​វិធី​សា​ស្រ្តធ្វើជា​ចំបង​ ​ដើម្បី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​ល្អ​បាន​យូរអង្វែង​។​ ​ជាក់ស្តែង​ ​ម្នាស់​សម្រាប់​ធ្វើ​ស្នូល​ដាច់ខាត​ ​ត្រូវ​តែ​ជា​ម្នាស់​ពណ៌ខៀវ​ (​នៅ​ស្រគាល​) ​មិន​យក​ម្នាស់​ក្រហម​ឡើយ​ ​ដើម្បី​ធានា​បាន​នូវ​រសជាតិ​ជូរអែម​ឆ្ងាញ់​។​ ​រីឯ​​បរិមាណ​សំបក​និង​ស្នូល​ត្រូវ​សមាមាត្រ​នឹងគ្នា​ ​ដោយមាន​ស្តង់​ដារ​ទម្ងន់​គិតជា​ក្រាម​ច្បាស់លាស់​។​ ​ដូចគ្នា​នេះ​ដែរ​ ​ការ​គ្រប់គ្រង​ក​ម្តៅ​ឡ​ដុត​នំ​ក៏​ជា​ប្រ​ការសំខាន់​មិន​អាច​ខ្វះ​បាន​ ​ដែលកញ្ញា​​តែង​កំណត់​សីតុណ្ហភាព​ក​ម្រិ​ត​ ​១​៨​០​ ​សម្រាប់​ផ្នែក​ខាងលើ​ ​និង​ ​១​៥​០​-​១​៦​០​ ​សម្រាប់​ផ្នែក​ខាងក្រោម​ ​ទើប​នំ​ម្នាស់​ឆ្អិន​សព្វ​ស្មើ​ល្អ​គួរឲ្យ​ចង់​ទទួលទាន​។​

            ​ចំពោះ​វិធី​សា​ស្រ្ត​ធ្វើ​មាន​ច្រើន​ដំណាក់កាល​ដែរ​ ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ​ប្រសិនបើ​យើង​ជ្រើសរើស​ធ្វើតាមបែប​ធម្មជាតិ​ ​មិន​យក​ស្នូល​ម្នាស់​ស្រាប់​ៗ​។​ ​ដំបូង​ ​ត្រូវ​ចំណាយ​ពេល​ចិត​សំបក​ម្នាស់​ ​លាង​ទឹក​ឲ្យ​ស្អាត​កាត់​ជាដុំ​តូច​ៗ​ ​រួច​យកទៅ​ដាក់​ចូល​ម៉ាស៊ីន​ក្រឡុក​។​ ​បន្ទាប់មក​ ​យក​ម្នាស់​កិន​រួច​ទៅ​ច្រោះ​ដោយ​ប្រើ​ស្បៃ​តាម​បែប​បុរាណ​ឲ្យ​ដាច់​ទឹក​ល្អ​ ​ដើម្បី​ចៀសវាង​កុំឲ្យ​ម្នាស់​ផ្ទុះ​ពេល​កូរ​ស្នូល​លើ​ភ្លើង​។​ ​បន្ទាប់មក​ ​ត្រូវ​ប្រើ​ពេល​ ​៤​៥​-​៦​០​នាទី​ ​កូរ​ម្នាស់​ចំនួន​២​០​-​៣​០​ផ្លែ​ ​អាស្រ័យ​លើ​បរិមាណ​ស្នូល​កំណត់​តម្រូវ​តាម​តម្រូវ​ការ​របស់​អតិថិជន​ជាក់​ស្តែង​ ​និង​ប្រើ​ម្សៅ​ប្រមាណ​៨​០​០​ក្រាម​ ​ស្មើនឹង​ជិត​ចំនួន​១​០​០​នំ​ ​ឬ​ ​ឈុត​នំ​សម្រាប់​ដុត​​ចំនួន​២​ ​ថាស​។​ ​នំ​នេះ​ត្រួ​វ​ ​ដុត​ក្នុង​ឡ​អគ្គិសនី​ទំនើប​ដោយ​ប្រើ​រយៈពេល​ ​២​៥​នាទី​ ​ទើប​ឆ្អិន​។​ ​នំ​នេះ​ខុស​ពី​នំ​ដទៃ​ត្រង់ថា​ ​ដើម្បី​ទទួលទាន​បាន​ឆ្ងាញ់​ ​ត្រូវ​រង់ចាំ​មួយថ្ងៃ​សិន​ ​ព្រោះ​បើ​ទទួលទាន​ភ្លាម​ៗ​បន្ទាប់ពី​ដុត​សំបក​នំ​រាង​ស្រួយ​ផុយ​ ​មិនទាន់​រ​មួត​ចូល​ជាមួយ​ស្នូល​ឆ្ងាញ់​បំផុត​នោះ​ទេ​ ​បើ​តាម​ការ​អះអាង​របស់​អ្នក​លក់​ផ្ទាល់​។

            ​ក្នុងនាម​ជា​ស្ថាបនិក​ផ្ទាល់​ ​កញ្ញា​​បាន​ពន្យល់​ថា​ កញ្ញា​​​មិន​មានបំណង​ចង់​បង្ខំឲ្យ​អតិថិជន​ទិញ​នំ​ច្រើន​ៗ​ដូច​ផេ​ក​លក់​នំ​ដទៃ​មួយ​ចំនួន​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​កញ្ញា​​លើកទឹកចិត្ត​ឲ្យ​ជាវ​ក្នុង​បរិមាណ​សមស្រប​ដែល​អាច​ទទួលទាន​អស់​ត្រឹម​២​-​៣​ថ្ងៃ​ ​ព្រោះ​វា​ជា​ពេល​ដែល​នំ​នៅ​រក្សា​រសជាតិ​បាន​ឆ្ងាញ់​បំផុត​។​ ​ម្យ៉ាងទៀត​ ​កញ្ញា​​​​សូម​សំណូមពរ​ដល់​អតិថិជន​ទាំងឡាយ​មេត្តា​យោគយល់​ចំពោះ​រឿង​តម្លៃ​លក់​ផង​ព្រោះ​នំ​ក្នុងស្រុក​ផ្សំ​ពី​វត្ថុធាតុ​​ដើម​ធម្មជាតិ​ពិតៗ​ថ្មី​ស្រស់​ៗ​ប្រកបដោយ​គុណភាព​ខ្ពស់​ហើយ​វា​ជា​ការងារ​លំបាក​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ដែល​​មិន​អាច​លក់​ចេញ​ស្មើនឹង​តម្លៃ​នំ​ស្រាប់​ៗ​ធម្មតា​នោះ​ទេ​ ​និង​ជាពិសេស​ចង់ឲ្យ​ភ្ញៀវ​ទាំងឡាយ​ជ្រើសរើស​សេវាកម្ម​ដឹកជញ្ជូន​ដែល​រហ័ស​តាមដែល​អាច​ធ្វើ​បាន​ ​ដើម្បី​រក្សា​បាន​នូវ​រសជាតិ​ដើម​ ​ក៏ដូចជា​ចៀសវាង​ការខូចខាត​នំ​ដោយ​ប្រការ​ណាមួយ​។​ ​សូម​បញ្ជាក់​ថា​ ​ក្រៅពី​នំ​ខាងលើ​ ​ម៉ា​វ៉ា​ក៏​នៅ​មាន​ជម្រើស​នំ​ផ្សេងទៀត​រួម​មាន​ ​នំ​ពងមាន់​ដុត​ ​នំ​ប្រោ​ន​នី​ (​សូ​កូឡា​) ​នំ​ចេក​ ​និង​នំថងមួន​ស្លឹក​តើយ​។​ ​សម្រាប់​ទំនាក់ទំនង​ជាវ​ ​ឬ​ ​សាកសួរ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​ដោយ​ផ្ទាល់​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​ ​Ma​w​a​ ​Bakery​ ​ឬ​ ​លេខទូរសព្ទ​ ​០​៩​៨​ ​៦​៦​១​ ​១​៦​៥​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS