×

Co​ & ​Bloom​ ​ហាង​កាហ្វេ​ផ្ទះ​លើ​ជាន់​ទី​២​ ​ដំបូងបង្អស់​ក្នុង​ប្រវត្តិ​សា​ស្រ្ត​រាជធានី​ភ្នំពេញ​

TRAVEL & LIVING 2 years ago
 
 

           ហាង​កាហ្វេ​ក្នុង​រាជធានី​ភ្នំពេញ​យើង​សព្វថ្ងៃ​បាន​និង​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នា​រដូវវស្សា​ក្នុង​លក្ខណៈ​ប្រកួតប្រជែង​ទាំង​ផ្នែក​គំនិត​នៃ​ការ​បង្កើត​ហាង​ (​business​ ​concept​) ​ទាំង​ផ្នែក​តុបតែង​លម្អ​ស្ថាបត្យកម្ម​ (​interior​ ​design​) ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​បែបបទ​រស់នៅ​នៃ​អ្នក​ទីក្រុង​ក្នុង​យុគ​សម័យថ្មី​ដ៏​ស៊ីវិល័យ​។​ ​មួយ​ក្នុងចំណោម​នោះ​គឺ​ហាង​កាហ្វេ​ដែល​ទើប​បង្កើត​ថ្មី​ចុងក្រោយ​ឈ្មោះថា​ ​«​Co​ & ​Bloom​»​ ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ផ្នែក​អាជីវកម្ម​របស់​នារី​ខ្មែរ​ម្នាក់​ដែល​ហ៊ាន​ប្រថុយ​សាកល្បង​ដំណើរការ​គម្រោង​ហាង​ជាន់​លើ​ក្នុង​អគារ​សហគមន៍​ខុសប្លែក​ពី​ហាង​កាហ្វេ​ភាគច្រើន​ដែល​ផ្តោត​លើ​អគារ​ជាន់ក្រោម​ផ្ទាល់​ដី​តាម​ដង​វិថី​ ​ឬ​ ​ជា​ផ្នែក​នៃ​ផ្សារ​ទំនើប​ដែលគេ​រំពឹង​ទុក​ថា​មាន​អតិថិជន​​ច្រើន​។

           ស្ថិតនៅ​លាក់ខ្លួន​លើ​ផ្ទះល្វែង​ជាន់​ទី​២​ក្នុង​អគារ​សហគមន៍​សហគ្រិន​ជួយ​សង្គម​ ​«​ផ្ទះ​ចាស់​»​ (​P​tea​h​ C​has​) ​តាម​បណ្តោយ​វិថី​ព្រះអង្គ​ឌួ​ង​ (​ផ្លូវ​លេខ​១​១​០​) ​ជិត​ផ្សារ​ចាស់​ ​សង្កាត់​ផ្សារ​ចាស់​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ហាង​ ​កាហ្វេ​ទំនើប​មួយ​កន្លែង​ឈ្មោះថា​ ​«​Co​ & ​Bloom​»​ ​ជា​ហាង​កាហ្វេ​ថ្មី​ចុងក្រោយ​ដែល​ទើប​តែ​បើក​ដំណើរការ​កាលពីដើម​ឆ្នាំ​២​០​២​២​នេះ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហគ្រិន​ស្រ្តី​ក្នុងស្រុក​មួយ​រូប​ ​គឺ​ ​កញ្ញា​ ​ឯក​ ​ចាន់ណា​ ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​សិក្សា​អភិវឌ្ឍន៍​ ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​។​ ​«​Co​»​ ​សំដៅ​លើ​ ​ភាព​រួមគ្នា​ជា​សហគមន៍​។​ ​ឯ​ ​«​Bloom​»​ ​មាន​អត្ថន័យ​ទាក់ទង​នឹង​ ​ភាព​ស្រស់បំព្រង​នៃ​ធម្មជាតិ​។​ ​ចំណុច​ទាំងពីរ​ជា​គោលគំនិត​ចំបង​នៃ​ហាង​កាហ្វេ​នេះ​។​

           ​ស្ថាបនិក​ ​និង​អ្នកគ្រប់គ្រង​ហាង​ផ្ទាល់​រូប​នេះ​ ​បាន​ប្រាប់​អំពី​មូលហេតុ​នៃ​កា​របើក​ហាង​កាហ្វេ​នេះ​ឡើង​ថា​ ​កញ្ញា​កើត​ក្នុង​ត្រកូល​គ្រួសារ​ជំនួញ​ហាង​កាហ្វេ​បែប​បុរាណ​មួយ​នៅ​ជាយក្រុង​ដែល​មាន​ប្រវត្តិ​អាជីវកម្ម​យូរឆ្នាំ​គួរសម​ ​ដែល​ជាហេតុ​ធ្វើឲ្យ​កញ្ញា​ស្គាល់​ពី​ប្រភេទ​កាហ្វេ​ច្រើន​ ​ហើយក៏​មាន​ចំណង់ចំណូលចិត្ត​ទទួលទាន​កាហ្វេ​យ៉ាង​ខ្លាំង​ផង​ដែរ​។​ ​ផ្អែកលើ​គំនិត​ចង់​បន្តវេន​អាជីវកម្ម​ហាង​កាហ្វេ​ស្នង​បន្ថែម​លើ​ហាង​កាហ្វេ​លក្ខណៈ​គ្រួសារ​នោះ​ ​កញ្ញា​​ព្យាយាម​ស្វែងរក​ទីតាំង​ក្នុង​ក្រុង​ដែល​សមស្រប​ជាមួយនឹង​គំនិត​ខាងលើ​។​ ​ទីបំផុត​ ​គាត់​ក៏បាន​ជួប​ជាមួយ​ស្ថាបនិក​អគារ​សហគមន៍​«​ផ្ទះ​ចាស់​»​ ​នេះ​ ​ដែល​ធ្លាប់ស្គាល់​គ្នា​ពីមុន​មក​ ​ហើយ​សម្រេច​ចិត្ត​សាកល្បង​ទទួល​យកគំនិត​អាជីវកម្ម​ហាង​ជាន់​លើ​ដែល​មាន​បណ្តុំ​អាជីវកម្ម​ច្រើន​រួមគ្នា​ក្នុង​អគារ​តែមួយ​ ​ព្រោះ​អ្នកនាង​សម្លឹង​ឃើញ​នូវ​តម្លៃ​ស្ថាបត្យកម្ម​អគារ​បេតិកភណ្ឌ​មួយ​នេះ​ ​គួបផ្សំ​នឹង​ការ​ច្នៃ​ដាក់​តាំង​លម្អ​រុក្ខជាតិ​ចម្រុះ​បន្ថែម​ ​ដែល​ជា​គុណសម្បត្តិ​អាច​ទាក់ទាញ​អតិថិជន​ដែល​និយម​ស្វែងរក​អ្វី​ដែល​ប្លែក​។​

           បើ​និយាយ​លម្អិត​ពី​ស្ថាបត្យកម្ម​ដែល​ជា​មន្ត​ស្នេហ៍​ធំបំផុត​របស់​ហាង​នេះ​ ​លោកអ្នក​ច្បាស់ជា​ប្លែក​ចិត្ត​តាំងពី​ខាងក្រៅ​រហូតដល់​ខាងក្នុង​ជាមិនខាន​ ​ព្រោះ​បើ​មើលតែ​ពី​សំបក​ក្រៅ​ ​ទីនេះ​គ្រាន់តែ​ជា​ផ្ទះល្វែង​ផ្សារ​​​ដែល​មាន​សភាព​ចាស់​ធម្មតា​ ​ហើយ​មើលទៅ​រាង​តូច​ចង្អៀត​។​ ​តែ​នៅ​ពេល​យើង​ដើរចូល​មក​ខាងក្នុង​កាត់តាម​ហាង​លក់​ផ្កា​មក​ខាងក្រោយ​ ​យើង​នឹង​ឃើញ​លំហ​ធំ​មាន​ពន្លឺ​ចាំង​ឆ្លុះ​ពី​ខាងលើ​គ្រប់​ជាន់​និង​ជណ្តើរ​ថ្ម​ពត់​ពេន​នៃ​សំណង់​អគារ​ចាស់​ដែល​នឹង​នាំ​យើង​មកកាន់​ជាន់​លើ​ដែល​មាន​កន្លែង​អង្គុយ​ជុំវិញ​ប្រឡោះ​ខ្យល់​ដែល​មាន​បង្កាន់ដៃ​រចនាបថ​កាត់​ចិន​ដ៏​ពេញ​និយម​សម្រាប់​សំណង់ផ្ទះ​អាជីវកម្ម​ (​Shop​house​) ​កាលពី​អំឡុង​ទ​.​វ​.​ទី​៥​០​-​៦​០​។​ ​បង្កាន់ដៃ​ចាស់​នោះ​ត្រូវ​បាន​រក្សា​រចនាបថ​ដើម​ដដែល​ ​គ្រាន់តែ​យក​ផើង​រុក្ខជាតិ​មក​តម្រៀប​រំលេចពណ៌​បៃតង​ត្រជាក់​ភ្នែក​ ​ស័ក្តិសម​សម្រាប់​ការ​អាន​សៀវភៅ​ ​ឬ​ ​ធ្វើ​កិច្ចការ​ផ្សេង​ ​ៗ​ដោយ​ស្ងប់ស្ងាត់​ឥត​សំឡេង​រំខាន​។​ ​ប្រសិនបើ​លោកអ្នក​ចង់​អង្គុយ​គ្នា​ច្រើន​ ​លោកអ្នក​ត្រូវតែ​បង្វែរ​មក​អង្គុយ​ខាងក្នុង​ ​ព្រោះ​ខាងក្នុង​មាន​កន្លែង​ទូលាយ​ជាង​ ​អាច​អង្គុយ​បាន​ប្រមាណ​ជាង​២​០​នាក់​។​ ​ផ្នែក​ខាងក្នុង​មាន​ ​បរិយាកាស​ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​ដូច​បាន​អង្គុយលេង​ជួបជុំគ្នា​ក្នុង​ផ្ទះ​មិត្តភក្តិ​ ​ឬ​ ​សាច់ញាតិ​ណា​ម្នាក់​ដូច្នោះ​ដែរ​ ​ព្រោះ​ ​មិន​មាន​ការរៀបចំ​តុបតែង​ច្រើន​ ​ឬ​ ​ប្រើ​ពណ៌​ចម្រុះ​សាំញ៉ាំ​នោះ​ទេ​ ​ដែល​តាម​ភាសា​ស្ថាបត្យកម្ម​ហៅថា​រចនាបថ​ ​Minimal​i​s​t​ ​Architecture​ ​ដែល​កំពុង​ពេញ​និយម​ក្នុង​ទី​ផ្សារ​ក្នុងស្រុក​បច្ចុប្បន្ន​។​

           ​ហាង​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ ​៧​ព្រឹក​ ​ដល់ម៉ោង​ ​៨​យប់​។​ ​លោកអ្នក​អាច​ស្វែងរក​ជម្រើស​ ​ភេសជ្ជៈ​ប្រភេទ​កាហ្វេ​ ​តែ​ ​ទឹក​ផ្លែឈើ​ស្រស់​ ​និង​ភេសជ្ជៈ​សម្រន់​ជាច្រើន​ទៀត​ ​សរុប​ប្រមាណ​ ​៤​០​ ​មុខ​ ដូ​ចហាង​កាហ្វេ​ទំនើប​ទូទៅ​ដែរ​ ​ក្នុង​តម្លៃថោក​សមរម្យ​ ​ភាគច្រើន​ត្រឹម​ ​២​ ​ដុល្លារ​ជាង​។​ ​ក្រៅពី​ភេសជ្ជៈ​ ​លោកអ្នក​អាច​ទទួលទាន​នំ​ ​និង​ ​មាន​លក់​សង្វាក់​ដែល​លោកអ្នក​អាច​កុម្ម៉ង់​យកទៅ​ទទួលទាន​នៅ​ជាន់​លើដំបូល​ (​Roof​top​ ​Kitchen​) ​ដែល​មាន​សួន​រុក្ខជាតិ​ស្រស់បំព្រង​ ​និង​ខ្យល់អាកាស​ស្រឡះ​គួរ​ជាទី​លម្ហែ​អារម្មណ៍​។​ ​នៅ​ទីនោះ​ ​ក៏មាន​រៀបចំ​ជា​ផ្សារ​លើដំបូល​ចុង​ ​ស​ប្តាហ៍ (​Roof​top​ ​Market​) ​ដែល​មាន​លក់​ចំណីចំណុក​ ​និង​ ​ផលិតផល​សិល្បៈ​ក្នុងស្រុក​ថែមទៀត​ផង​!

Article by SRIN SOKMEAN


SUGGESTIONS