×

តើ​ការ​ទទួលទាន​កេសរ​ផ្កា​សា​ហ្វ្រន់​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?​

TRAVEL & LIVING one year ago
 
 

           កេសរ​ផ្កា​សា​ហ្វ្រន់(​Saffron​)​គឺជា​គ្រឿងទេស​មួយ​ដែល​មាន​ប្រភព​មកពី​ផ្កា​មួយ​ឈ្មោះថា​ Croc​us​ ​sat​i​v​us​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​Saffron​ croc​us​។​ ​វា​ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រឿងទេស​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​ ​ដែល​សា​ហ្វ្រន់​១​ផោ​ន​(​៤​៥​០​ក្រាម​) ​មាន​តម្លៃ​ពី​ចន្លោះ​៥​០​០​ដុល្លារ​ទៅ​៥​០​០​០​ដុល្លារ​។​ ​បើ​និយាយ​ពី​ឈ្មោះ​មិនសូវ​ជា​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ទេ​ ​តែ​បើ​បាន​ដឹង​អំពី​អត្ថប្រយោជន៍​របស់​វា​ ​ជឿជាក់​ថា​អ្នក​ប្រាកដជា​ចង់​សាក​ ​ចង់​ទិញ​យកមក​ប្រើប្រាស់​មិនខាន​។​

1. ​ការពារ​ពី​ជំងឺ​មហារីក​៖​ ​កេសរ​ផ្កា​សា​ហ្វ្រន់​មាន​ផ្ទុក​សារធាតុ​ ​Ca​rote​n​e​ ​ដែល​មាន​ពណ៌​លឿង​នៅពេលដែល​ដាក់​វា​ទៅ​ក្នុង​ទឹក​ឬ​ហៅថា​ Croc​in​។​ ​វា​មាន​តួនាទី​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ខ្ពស់​ ​ជួយ​បន្សាប​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់​កើតជា​ជំងឺរ៉ាំរ៉ៃ​ដូចជា​ជំងឺ​មហារីក​ជាដើម​។​ ​វេជ្ជបណ្ឌិត​ជំនាញ​បាន​បង្ហាញ​ថា​ ​សមាសធាតុ​របស់​សា​ហ្វ្រន់​បាន​ជំរុញ​ក្នុង​ការ​បង្កើត​កោសិកា​ ​L​y​m​p​h​oc​y​t​e​s ​ដែល​ជា​កោសិកា​ភាព​ស៊ាំ​ជួយ​សម្លាប់​កោសិកា​មហារីក​ឬ​ទប់​ស្កាត់​ការលូតលាស់​របស់​វា​។​ ​វា​ជួយ​កាត់បន្ថយ​ពី​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​ដូចជា​ ​មហារីក​ពោះវៀនធំ​ ​មហារីក​ខួរឆ្អឹង​ ​ក្រពេញ​ប្រូ​ស្តា​ត​ ​សួត​ ​សុដន់​ ​មាត់ស្បូន​ ​និង​មហារីក​ផ្សេងទៀត​។​

2. ​ជំនួយ​ផ្លូវចិត្ត​និង​ការ​ចងចាំ​៖​ ​ការសិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា​ ​សារធាតុ​ដែល​មាន​ផ្ទុក​ក្នុង​សា​ហ្វ្រន់ ​ជាពិសេស​ Croc​in​ ​របស់​វា​មានប្រយោជន៍​ក្នុង​ការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​។​ ​នៅ​ប្រទេស​ជប៉ុន​វា​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាត់បង់​ការ​ចងចាំ​ ​និង​ការ​រលាក​ជាដើម​។​ ​មិនតែប៉ុណ្ណោះ​វា​ជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ ​មាន​ថាមពល​ ​និង​ល្អ​សម្រាប់​អ្នក​កំពុង​មាន​ជំងឺ​បាក់ទឹកចិត្ត​ឲ្យឆាប់​បាន​ធូរស្រាល​មកវិញ​។​

3. ​ជំនួយ​សុខភាព​ផ្លូវ​ភេទ​៖​ ​សា​ហ្វ្រន់​ត្រូវ​បាន​អ្នកជំនាញ​បង្ហាញ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​ជួយ​ទៅដល់​សុខភាព​ផ្លូវ​ភេទ​។​ ​ប្រសិនបើ​អ្នកមាន​ចំណង់​ផ្លូវ​ភេទ​ធ្លាក់ចុះ​ឬ​ខ្សោយ​អ្នក​អាច​សាកល្បង​ទទួលទាន​សា​ហ្វ្រន់​បាន​។​ ​ងាយ​ៗ​ ​គ្រាន់តែ​យក​សា​ហ្វ្រន់​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​មួយ​កែវ​ ​រួច​ទទួលទាន​មុន​ចូលគេង​ជាការស្រេច​។​

4. ​ជួយ​បណ្តុះ​សក់​៖​ ​ប្រសិនបើ​អ្នក​កំពុង​ជួប​បញ្ហា​ជ្រុះសក់​ ​សក់​ស្តើង​ឬ​ទំពែក​ ​កេសរ​ផ្កា​សា​ហ្វ្រន់​អាច​ជួយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​គ្រាន់តែ​យក​សា​ហ្វ្រន់​លាយ​ជាមួយ​ស្រា​ ​និង​ទឹកដោះគោ​ ​ហើយ​យក​ល្បាយ​នោះ​ម​កលាប​លើ​ស្បែក​ក្បាល​ ​ឬ​ត្រង់​បរិវេណ​ណា​ដែល​អ្នក​ចង់ឲ្យ​សក់​ដុះ​ ​នោះ​វា​នឹង​ជំរុញ​ឲ្យ​ឫស​សក់​អាច​ដុះឡើង​វិញ​បាន​។​

5. ​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​៖​ ​លើស​ពី​អត្ថប្រយោជន៍​ខាងលើ​ ​សា​ហ្វ្រន់​ក៏​ជា​ឱសថ​ដែល​អាច​ជួយ​ព្យាបាល​ពី​ជំងឺ​ផ្តាសាយ​ ​និង​គ្រុនក្តៅ​បាន​ផង​ដែរ​។​ ​យក​សា​ហ្វ្រន់​លាយ​ជាមួយ​ទឹកដោះគោ​ ​ហើយ​យកមក​លាប​លើ​ថ្ងាស​ ​វា​នឹង​ជួយ​បញ្ចុះ​ក​ម្តៅ ​និង​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល​បាន​ឆាប់រហ័ស​។​

6. ​កាត់បន្ថយ​ចំណង់​អាហារ​ ​ជួយ​ឲ្យ​ស្រក​ទម្ងន់​៖​ ​ប្រសិនបើ​គ្រប់គ្រង​កា​រញ៉ាំ​មិនបាន​ត្រឹមត្រូវ​ ​នោះ​វា​នឹង​អាច​ធ្វើឲ្យ​ឡើង​ទម្ងន់​មិនខាន​។​ ​ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ទទួលទាន​សា​ហ្វ្រន់​អាច​ជួយ​កាត់បន្ថយ​ចំណង់​ឃ្លាន​ ​និង​ទទួលទាន​តិច​ជាង​មុន​ ​ហើយ​វា​ជួយ​ជំរុញ​ឲ្យ​ខ្លាញ់​ក្នុង​រាងកាយ​ចុះ​ទាប​ផង​ដែរ​។​

7. ​បន្ថែម​ជីវជាតិ​ក្នុង​អាហារ​៖​ ​ដោយសារ​សា​ហ្វ្រន់​មាន​ពណ៌​លឿង​ពី​ធម្មជាតិ​ ​រសជាតិ​ស្រទន់​ ​និង​មាន​ក្លិន​ប្រហើរ​ផង​នោះ​ ​យើង​ក៏​អាច​​​យក​វា​ទៅ​ច​ម្អិ​ន​ម្ហូបអាហារ​ដោយ​បន្ថែម​បាន​ទាំង​សោភ័ណ​ភាព​ ​ក៏ដូចជា​ធ្វើឲ្យ​អាហារ​កាន់​មានឱជារស​ឈ្ងុយ​ឆា្ងញ់​។​

          ​បរិយាយ​ប៉ុន្មាន​ចំណុច​ខាងលើ​រួចមក​ ​អាច​ចាត់ទុកថា​សា​ហ្វ្រន់​ប្រៀប​បាន​នឹង​ឱសថ​បុរាណ​មួយ​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​។​ ​ទន្ទឹម​នឹង​មាន​អត្ថប្រយោជន៍​ច្រើន​ ​យ៉ាងណាមិញ​យើង​ក៏​គួរ​ប្រើប្រាស់​វា​ក្នុង​បរិមាណ​សមរម្យ​ផង​ដែរ​។​ ​ជា​ដំបូន្មាន​ ​មុន​ពេល​ប្រើប្រាស់​គួរ​ធ្វើ​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឬ​អ្នកជំនាញ​ជាមុន​សិន​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS