×

ដំណើរ​ទស្សនាចរ​ណ៍​១​ថ្ងៃ​ជុំវិញ​ស្រុក​ស្អាង​

TRAVEL & LIVING one year ago
 
 

            ស្រុក​ស្អាង​ជា​ស្រុក​មួយ​ស្ថិត​ក្នុង​ដែន​រដ្ឋបាល​នៃ​ខេត្ត​កណ្តាល​ក្នុងចំណោម​ស្រុក​-​ក្រុង​ទាំង​១​១​។​ ​ស្អាង​ប្រៀប​ដូច​ជាគ្រាប់​គជ់​លាក់​សម្រស់​តាម​បណ្តោយ​ដងទន្លេ​បាសាក់​ត្រើយ​ទាំងសងខាង​ ​ឆ្លងកាត់​ដោយ​ផ្លូវជាតិ​លេខ​២​១​អា​ ​នៅ​ត្រើយ​ខាងលិច​ ​និង​ផ្លូវជាតិ​លេខ​២​១​បេ​ ​នៅ​ត្រើយ​ខាងកើត​ ​អម​ដោយ​ភោគ​ផលដំណាំ​កសិកម្ម​បន្លែបង្ការ​ខួបប្រាំងខួបវស្សា​ដោយសារ​លក្ខណៈ​អំណោយផល​ល្អ​នៃ​ដីល្បាប់​ទន្លេ​ដ៏​មាន​ជីរ​ជាតិ​។​ ​យើង​នៅតែ​ដឹង​ថា​ស្រុកទន្លេ​មួយ​នេះ​មាន​បង្កប់​នូវ​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​ ​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត ​និង​រមណីយដ្ឋាន​កែច្នៃ​មួយ​ចំនួន​ដែល​ភ្ញៀវ​ទេសចរ​ក្មេង​ជិត​ឆ្ងាយ​អាច​ឆ្លៀតពេល​ទៅ​ទស្សនា​ក​ម្សាន្ត​លក្ខណៈ​វិល​ល្ងាច​បាន​ដោយសារ​ស្រុក​នេះ​មាន​ចម្ងាយ​មិន​លើស​ពី​៥​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ឡើយ​។​

            ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​តាំងពី​ម៉ោង​ប្រហែល​៦​ ​យើង​ធ្វើដំណើរ​ដោយ​រ៉ឺម៉ក​កង់​បី​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ​ឆ្ពោះ​តម្រង់​ទៅកាន់​ស្ពាន​អាកាស​ក្បាល​ថ្នល់​។​ ​គោលដៅ​ទេសចរណ៍​ដែល​សំខាន់​បំផុត​ប្រចាំ​ស្រុក​ស្អាង​ដែល​ភ្ញៀវ​មិន​អាច​រំលង​បាន​នោះ​គឺ​ ​ស្អាង​ភ្នំ​ ​ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​វប្បធម៌​ធម្មជាតិ​។​ ​រមណីយដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ពាម​សាលា​ ​ឃុំ​ស្អាង​ភ្នំ​ ​ស្រុក​ស្អាង​ដែល​មាន​ចំងាយ​ប្រមាណ​២​៣​គីឡូម៉ែត្រ​ ​ពី​ទីរួមខេត្ត​។​ ​ដើម្បី​ធ្វើដំណើរ​ទៅដល់​ ​ភ្ញៀវ​ទេសចរ​ត្រូវធ្វើ​ដំណើរ​ពី​ក្រុង​តាខ្មៅ​តាម​ផ្លូវជាតិ​លេខ​ ​២​១​ ​អា​ ​កាត់តាម​តំបន់​វាលទំនាប​ទួល​ក្រសាំង​។​ ​ដល់​វត្ត​ឈូង​លៀប​ ​ត្រូវ​បន្ត​ដំណើរ​ទៅដល់​ ​ផ្សារ​ស្អាង​ព្រែក​តូច​ ​ទើប​មាន​ផ្លូវបំបែក​ចូល​ខាងស្តាំ​ដៃ​មូ​យ​ដែល​មាន​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​មួយ​ជា​សម្គាល់​។​ ​ធ្វើដំណើរ​តាមផ្លូវ​នោះ​ចម្ងាយ​ ​២​.​៥​ ​គីឡូម៉ែត្រ​ដល់​ខ្លោងទ្វារ​វត្ត​ ​រួម​មាន​ផ្លូវបំបែក​ចូល​ខាងស្តាំ​បន្តិច​ ​ទើប​ដល់​រមណីយដ្ឋាន​នោះ​។​ ​ស្អាង​ភ្នំ​មាន​វត្ត​មួយ​សង់​នៅ​លើ​កំពូលភ្នំ​ ​ដែលគេ​មើលទៅ​ឃើញ​ទិដ្ឋភាព​ល្អ​ប្លែក​ជុំវិញ​តំបន់​នោះ​។​ ​នៅ​ជុំវិញ​វត្ត​ ​មាន​បឹង​យ៉ាង​ធំ​មួយ​ដែល​មាន​វា​រី​ជាតិ​ ​រំ​ចង់​ ​ព្រលិត​ ​ដុះ​ពី​ធម្មជាតិ​រស់រវើក​បង្កើត​បានជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ល្អ​ក្រៃ​។​ ​លើស​ពី​នេះ​ ​នៅ​ក្នុង​បឹង​ជុំវិញ​ភ្នំ​នេះ​ ​គឺ​សំបូរ​ពពួក​មច្ឆជាតិ​តូច​ធំ​ច្រើន​ណាស់​។​ ​ទេសចរ​ដែល​ទៅ​ក​ម្សាន្ត​នៅ​ទីនោះ​ ​ក្រៅពី​ជិះទូក​លេង​ ​គឺ​ពួកគេ​ទៅ​ស្ទូចត្រី​ផង​ដែរ​។​ ​នៅ​រដូវវស្សា​ស្អាង​ភ្នំ​ប្រៀប​បីដូច​ជា​កូន​កោះ​មួយ​ដែល​ព័ទ្ធជុំវិញ​ទៅ​ដោយ​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​។

            តំបន់​ស្អាង​ភ្នំ​ជា​ទីប្រជុំ​ពុទ្ធសាសនិកជន​ហូរហែ​មិនចេះដាច់​ដោយហេតុ​តែ​ទីនេះ​មាន​វត្ត​មួយ​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ទាន​នានា​នៅ​ជើងភ្នំ​ ​និង​ ​នៅ​លើ​កំពូលភ្នំ​មាន​អាស្រម​ព្រះ​គោ​ព្រះ​កែវ​ដែល​ជាទី​សក្ការបូជា​បួងសួង​បែរបន់​សុំ​លាភ​សុំ​ជ័យ​យ៉ាងសំខាន់​ប្រចាំ​ទីនេះ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​អាស្រម​រូបសំណាក​បង់បត់​បារមី​ថែរក្សា​ព្រៃ​ភ្នំ​ជាច្រើន​កន្លែង​តាំងពី​ជើងភ្នំ​រហូតដល់​កំពូលភ្នំ​អម​តាម​កាំជណ្តើរ​ឡើងភ្នំ​ធ្វើ​ពី​បេតុង​អារ​មេ​យ៉ាង​ស្រស់​ស្អាត​ ​ក្នុង​នោះ​រួម​មាន​ ​បារមី​ភ្នំ​ស្អាង​ ​លោកតា​មុនី​ឥសី​ប្រោសសត្វ​ ​លោក​សច្ចំ​រូង​ពើង​ ​លោកតា​ក្រហម​ក​ ​លោកតា​ស​ ​លោកយាយ​សក់ក​ណ្តាញ់ ​និង​ ​លោកយាយ​កញ្ចក់​ទិព្វ​ ​ឬ​ ​លោកយាយ​ក្រពុំ​ឈូក​។​ល​។​ ​នៅ​រមណីយដ្ឋាន​ស្អាង​ភ្នំ​ ​សម្បូរ​ម្ហូប​បែប​ជនបទ​ស្រុកស្រែ​ឈ្ងុយឆ្ងាញ់​ជា​ច្រើនមុខ​សម្រាប់​ផ្គាប់ចិត្ត​ភ្ញៀវ​ទេសចរ​ ​ដូចជា​ ​មាន់​ដុត​ខ្ចប់​ស្លឹក​ឈូក​ ​ឆា​ត្រកួន​ស្រែ​ប្រេងខ្យង​ ​ខ្យង​ស្រែ​អាំង​ ​កង្កែបបោប​ ​ត្រី​អ​ណ្តែ​ង​អាំង​ ​ខ្លាញ់​ក្តាម​ដុត​ ​។​ល​។​ ​ចំពោះមុខ​ម្ហូប​ធ្វើ​ពីសា​ច់​មាន់​ ​អ្នក​លក់​នៅ​ទីនោះ​បាន​ប្រាប់​សូវ​ ​រី​ន​ថា​ ​នៅ​ចំ​ថ្ងៃ​ដែល​លក់ដាច់​ ​ពួកគាត់​អាច​លក់​មាន់​បាន​រហូតដល់​៣​០​-​៤​០​ក្បាល​ឯណោះ​ក្នុងមួយថ្ងៃ​។​

            គ្រាន់តែ​ឮឈ្មោះ​ភូមិ​ទឹក​ ​ទាំងអស់គ្នា​ប្រាកដជា​ដឹង​ថា​ ​«​ទឹក​»​ ​ជា​ចំណុច​សំខាន់​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​ក​ម្សាន្ត​សម្រាក​លម្ហែ​នៅ​ទីនេះ​។​ ​ប្រឡាយ​ទឹក​មួយ​ត្រូវ​បាន​ជីក​កណ្តាល​បរិវេណ​អម​ដោយ​ក្យូ​ស​អង្គុយលេង​ធំ​ទូលាយ​សង់​លើ​មាត់ទឹក​ ​ថែមទាំង​មាន​ទឹកបាញ់​ឲ្យ​ត្រជាក់​ពី​ដំបូល​សម្រាប់​ភ្ញៀវ​ដើម្បី​ទប់ទល់​​​នឹង​អាកាសធាតុ​ក្តៅ​ទៀត​ផង​។​ ​នៅត្រង់​ផ្លូវចូល​មាន​ដាំ​ផ្កា​ធម្មជាតិ​ចម្រុះ​ពណ៌​ ​ពណ៌ស្វាយ​ ​ពណ៌​ត្របែកព្រៃ​ ​ពណ៌​ស៊ី​ជម្ពូ​ ​ពណ៌​ស​ ​ពណ៌​លឿង​ ​និង​ពណ៌ក្រហម​ ​ព្យួរ​យ៉ាង​មាន​របៀបរៀបរយ​មិនចាញ់​សួន​ផ្កា​នៅ​បរទេស​នោះ​ឡើយ​។​ទីនោះ​ក៏មាន​បម្រើ​នូវ​ម្ហូបអាហារ​បែប​ស្រុកស្រែ​ ​រួម​មាន​ ​មាន់​ដុត​ ​ត្រី​បំពង​ ​កង្កែប​អាំង​ ​សម្លម្ជូរ​គ្រឿង​ ​សម្លម្ជូរ​ស្រែ​ ​សម្ល​កកូរ​ ​សម្លម្ជូរ​ព្រៃ​ ​ឆា​ក្តៅ​សាច់​មាន់​-​សាច់គោ​-​កង្កែប​ ​ឆា​ត្រកួន​គ្រឿងក្នុង​មាន់​ ​និង​មុខម្ហូប​ជា​ច្រើនមុខ​ទៀត​។​

            បើ​និយាយ​អំពី​វិ​ស័​យ​ទេសចរណ៍​ ​យើង​សង្កេតឃើញ​ជា​រួម​ថា​សក្តានុពល​ទេសចរណ៍​សំខាន់​ៗ​របស់​ភូមិភាគ​នេះ​គឺ​ ​តំបន់​ឆ្នេរខ្សាច់​ក្បាល​កោះ​ ​តំបន់​ចំការ​កសិកម្ម​ចុង​កោះ​ ​និង​ប្រពៃណី​តម្បាញ​កន្ទេល​របស់​ប្រជាជន​មួយ​ចំនួន​នៅ​លើ​កោះ​នេះ​។​ ​អាជីវករ​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ម្នាក់​ឈ្មោះ​ ​សុខ​ គ្រី ​អ្នកបង្កើត​ខ្ចុះ​បណ្តែត​ទឹក​ដំបូង​គេ​បង្អស់​នៅ​តំបន់​ឆ្នេរខ្សាច់​ក្បាល​កោះ​បាន​ប្រាប់​ថា​ ​កាលពីមុន​ ​គាត់​បាន​រៀបចំ​បង្កើត​ក្យូ​ស​សម្រាប់​ទទួល​ភ្ញៀវ​ចំនួន​តែ​៧​ប៉ុណ្ណោះ​ ​តែ​ដោយសារតែ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ច្រើន​ ​គាត់​បាន​បង្កើន​ចំនួន​ក្យូ​ស​ច្រើនជាង​មុន​។​ ​ដោយសារតែ​របរ​នេះ​កាក់កប​ទើប​ធ្វើឲ្យ​មាន​ប្រជាជន​ផ្សេងៗ​ទៀត​បាន​ប្រកបរបរ​ដូចនេះ​ដែរ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS