ហាងកាហ្វេ ខូកូបារ ឬ «Cokobar coffee and tea» ជាហាងកាហ្វេបែបកណ្តាលវាល (outdoor) ទើបបើកថ្មីមួយកន្លែងដែលត្រូវបានរៀបចំបង្កើតឡើងតាមបណ្តោយផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ភាគខាងត្បូងក្រុងភ្នំពេញយើងនេះឯង។ លើសពីត្រឹមជាហាងបម្រើសេវាកម្មកាហ្វេធម្មតា ហាងនេះមានចំណុចទាក់ទាញប្លែកខុសពីបណ្តាហាងកាហ្វេនានាក្នុងទីក្រុងដែលយើងធ្លាប់ទៅកន្លងមក ជាពិសេសគឺ បរិយាកាសតែម្តង។ ផ្នត់គំនិតនៃការបើកហាងនេះគឺបានទទួលឥទ្ធិពលពីបរិយកាសធម្មជាតិនៃព្រៃតំបន់ត្រូពិកនិងឆ្នេរសមុទ្រមកផ្សំបញ្ចូលគ្នា ដោយយកផ្ទៃពណ៌សនិងរុក្ខជាតិបៃតងធ្វើជាគោលសម្រាប់ការតុបតែង។
ដើមដូងពីរដើមដែលដុះក្បែរគ្នានៅចំកណ្ដាលហាងជាដើមឈើដែលមានស្រាប់នៅទីនេះ ប្រៀបបានទៅនឹងនិម្មិតរូបនៃឆ្នេរខ្សាច់ដែលមានដើមដូងទន់ទេរ អមដោយស្លឹកបក់រេរាំតាមវាយោសមុទ្រ បង្កើតបានជាទិដ្ឋភាពធម្មជាតិមាត់សមុទ្រដ៏ស្រស់ស្អាតបំផុតនិម្មិតកាយឡើងកណ្តាលក្រុងភ្នំពេញ។ ធម្មជាតិ រុក្ខជាតិ និងសម្លេងចាបគឺជាអ្វីដែលខូកូបារចង់ផ្ដល់ឲ្យអតិថិជនទាំងអស់ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ស្រាយ សម្មាធិ និងភាពស្ងប់ក្នុងចិត្ត ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត ដែលមិនត្រូវការសំឡេងរំខានក៏ដូចជាសម្រាប់ក្រុមមនុស្សដែលស្រឡាញ់បរិស្ថានស្អាតពិតៗ។
លោក កែវ សុង ស្ថាបនិកហាង បានបញ្ជាក់ពីមូលហេតុនៃការបើកហាងថា “ ផ្ដើមចេញពីការស្វែងរកកន្លែងធ្វើការនិងជាអ្នកស្រលាញ់ធម្មជាតិមួយរូប ខ្ញុំពិបាកស្វែងរកកន្លែងណាដែលស័ក្តិសមដើម្បីធ្វើការងារនេះ។ ខ្ញុំបានស្វែងរកហាងកាហ្វេជាច្រើនជាពិសេសនៅតាមតំបន់ជាយក្រុងភ្នំពេញដែលមិនសូវសំបូរដោយការបំពុលពីផ្សែងឡានម៉ូតូនិងល្អងធូលីពុលពីការដ្ឋានសាងសង់អគារខ្ពស់ៗ តែនៅតែមិនត្រូវចិត្ត។ ខ្លះនៅឆ្ងាយពេក ខ្លះតូចពេក ខ្លះសេវាអ៊ីនធើរណេតដើរយឺតពេក ហើយខ្លះក៏រញ៉េរញ៉ៃពេក រហូតនឹកភ្នកដល់ការបង្កើតកន្លែងខ្លួនឯងនិងសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងដូចខ្ញុំ ក៏សម្រេចចិត្តកែច្នៃដីក្រោយផ្ទះមួយកន្លែង ឲ្យក្លាយទៅជាហាងកាហ្វេធម្មជាតិនិងស្ងប់ស្ងាត់ជាទីបំផុត” ។
លោកបានបន្ថែមថា អាជីវកម្មនេះជួយសម្រួលដល់អ្នកច្បារអំពៅភាគច្រើនមានអារម្មណ៍ស្ត្រេសខ្លាំង ពិសេសអ្នករស់នៅក្នុងសហគមន៍បុរីប៉េងហួតបឹងស្នោ និងបុរីក្បែរខាងជាច្រើនទៀត ដោយពុំចាំបាច់ឡើងទៅធ្វើការនៅកណ្ដាលក្រុង។ ម្យ៉ាងវិញទៀត នៅច្បារអំពៅ ជាពិសេសផ្លូវមកសង្កាត់ព្រែកប្រា សម្បូរតែហាងកាហ្វេដែលផ្តោតទៅលើអតិថិជនក្នុងតំបន់ក្បែរៗនោះ ដោយគ្រាន់តែមកអង្គុយលេងធម្មតា និងបម្រើនូវកាហ្វេដែលកិនស្រាប់ៗក្នុងតម្លៃធូរថ្លៃ (កាហ្វេហ្វីន) ក៏ប៉ុន្តែសម្រាប់អ្នកដែលចង់រកកន្លែងធម្មជាតិស្ងប់ស្ងាត់មិនមានភាពរញ៉េរញ៉ៃដើម្បីបំណងធ្វើការ គឺពិបាកស្វែងរកណាស់។
ក្រៅពីបរិយាកាស ខូកូបារក៏សម្រិតសម្រាំងនូវជម្រើសភេសជ្ជៈប្រចាំហាង ដោយមានឆ្លងកាត់ការសាកល្បងរសជាតិពីអ្នកកាហ្វេនិយមដែលមានបទពិសោធន៍។ ដូចនេះហើយ កាហ្វេទីនេះមិនខ្លាំងពេក ដែលធ្វើឲ្យពិសាហើយឈឺក្បាល វិលមុខ មិនស្រួលខ្លួន ឬ ខ្សោយពេកសាបរសជាតិនោះឡើយ។ បន្ថែមលើជម្រើសកាហ្វេឈ្ងុយឆ្ងាញ់ ក៏មានជាប្រភេទភេសជ្ជៈប្រចាំហាងដោយមានឈ្មោះជាក្រុម ហៅថា «The Minter» ដោយក្នុងនោះរួមមាន Latte Mint (កាហ្វេ Menthol រសជាតិប្រហើរត្រជាក់បំពង់ក), Milky Mint (ទឹកដោះគោស្រស់ Menthol), Thai Mint Tea (តែរសជាតិ Menthol) និង Choco Mint (សូកូឡា Menthol) ។ ក្រៅពីកាហ្វេ តែគុជ គ្រីមឈីស និងភេសជ្ជៈជាច្រើនមុខ ក៏មានជាអាហារសម្រន់ជានំប៉័ងស្រស់ៗធ្វើមួយថ្ងៃលក់មួយថ្ងៃ កុម្ម៉ង់ជាពិសេសពីហាងនំប៉័ងក្នុងស្រុកដ៏ល្បីឈ្មោះ។ ឆាប់ៗនេះ ក៏នឹងមានមីប្រចាំហាងទៀតផង។
ម្ចាស់ហាងក៏បានបង្ហើបដែរថា ទីនេះនឹងក្លាយទៅជាកន្លែងជួបជុំដ៏ល្អបំផុតតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅដែលមានទាំងម្ហូបអាហារ ទាំងភេសជ្ជៈ ច្រើនជម្រើសតាមចំណូលចិត្តភ្ញៀវ ព្រមទាំងគម្រោងបង្កើតនូវភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់បន្ថែមទៀតដែលកំពុងមានវត្តមានក្នុងហាងល្បីៗនៅកណ្ដាលក្រុងភ្នំពេញមកបំពេញតម្រូវការអ្នកប្លុកច្បារអំពៅ៕
Article by SRINSOKMEAN