ផ្តើមចេញពីអតីតសិស្សផ្នែកហ្វេហ្សិនឌីហ្សាញពីមជ្ឈមណ្ឌលបណ្តុះបណ្តាល Mapa កញ្ញា ទាង រតនៈ ដែលអ្នកគាំទ្រភាគច្រើនស្គាល់កញ្ញាថា “SK” ជាសិល្បៈការិនី និងតារាម៉ូដែលដ៏មានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈ។ អ្នកគាំទ្រ កញ្ញា ភាគច្រើនតែងមានសំណួរ ទាក់ទងជាមួយនឹងការប្រើប្រាស់ឈ្មោះ SK នៅក្នុងរង្វង់សិល្បៈ ដូច្នេះនៅពេលជំនួបជាមួយនឹងក្រុមការងារ សូវរីន កញ្ញាក៏បានបង្ហាញថាការប្រើប្រាស់ឈ្មោះ SK គឺជាការផ្តើមចេញពីតួអក្សរចេញពីឈ្មោះរបស់ឪពុកម្តាយកញ្ញាផ្ទាល់តែម្តង។
ទន្ទឹមនឹងការសន្ទនានេះដែរ SK ក៏បានរំលឹកពីចំណុចគួរឲ្យចាប់អារម្មណ៍ដែលជាជំហាននៃការចាប់ផ្តើមអាជីពនៅក្នុងសិល្បៈនៅគឺការចូលរួមសំដែងមួយដែលមាននៅក្នុងរឿងភាគខ្លីៗដែលផ្សព្វផ្សាយនៅលើគេហទំព័រមួយ មុននឹងឈានចូលជាតារាចម្រៀងនៅក្នុងផលិតកម្មGenMusix។ ប្រសិនបើងាកមកគយគន់សម្រស់ និងការតុបតែងលេងស្ទាយ៍របស់ SK វិញពិតជាមានភាពទាក់ទាញគ្រប់ក្រសែភ្នែកតែម្តង។ រតនៈ ក៏បានបង្ហើបថា “ការតុបតែងរបស់ខ្ញុំផ្ទាល់គឺ Inspired ពីតារាកូរ៉េដែលមានឈ្មោះថា G-idle ប៉ុន្តែឥលូវនេះបានផ្លាស់ប្តូរឈ្មោះទៅជា Idle”។ កញ្ញា SK ក៏បានបន្តថា “សុខភាពផ្លូវកាយ និងផ្លូវចិត្តគឺជាកត្តាចម្បងបំផុតដែលគ្រប់គ្នា ពុំគួររំលងឡើយ។ ជាក់ស្តែង សម្រាប់ខ្ញុំផ្ទាល់ បើទោះបីជាខ្ញុំមានភាពមមាញឹកជាមួយនឹងការថតយ៉ាងណាក៏ដោយ ក៏ខ្ញុំពុំដែលរំលងការហាត់ប្រាណ និងទទួលទានអាហារដែលផ្តល់ប្រូតេអ៊ីន នោះទេ ដូច្នេះការហាត់ប្រាណរបស់ខ្ញុំអាស្រ័យទៅតាមអារម្មណ៍របស់ខ្ញុំ រីឯលំហាត់ប្រាណដែលខ្ញុំចូលចិត្តជាងគេនោះការរត់នៅពេលព្រឹក។”

ដើម្បីថែរក្សា សម្រស់ សុខភាពផ្លូវកាយ និងផ្លូវចិត្តឲ្យមានស្ថេរភាព SK ក៏បានណែនាំ និងលើកទឹកចិត្តកុំព្យាយាមដាក់សម្ពាធទៅលើខ្លួនឯងខ្លាំងពេក នៅពេលដែលយើងព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ធ្វើឲ្យយើងបាត់បង់កម្លាំងចិត្តក្នុងការសម្រេចកិច្ចការណាមួយ។ ហេតុដូចនេះ យើងត្រូវស្តាប់ពីកម្លាំងរាងកាយ និងផ្លូវចិត្តរបស់យើង ទើបអាចសម្រេចគោលដៅណាមួយដោយប្រសិទ្ធភាព៕
Article by Sivly Pan (Emily Siv)