«Pou Restaurant & Bar» ផ្លាស់ប្តូរពីហាងកាហ្វេ មកជាភោជនីយដ្ឋានកែច្នៃម្ហូបខ្មែរដ៏ប្រណីត
TRAVEL & LIVING 5 months agoហាងកាហ្វេដែលត្រូវបានរៀបចំឡើងក្នុងផ្ទះឈើ២ជាន់លក្ខណៈបុរាណមួយកន្លែង ដែលមានទីតាំងស្ថិតនៅទល់មុខវត្តដំណាក់ ក្រុងសៀមរាប ប្រហែលជាប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយគឺហាងកាហ្វេ «Pou Café Watdamnak» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការរៀបចំបែបលក្ខណៈអូលហៅ (old house) និងមានជាបណ្ណាល័យនៅជាន់ទី២ បានធ្វើឱ្យទីនេះកាន់តែជាទីចាប់អារម្មណ៍ដល់អតិថិជនទាំងចាស់ទាំងថ្មី។ បច្ចុប្បន្ន «Pou Café Watdamnak» បានផ្លាស់ប្តូរពីហាងកាហ្វេ មកជាភោជនីយដ្ឋាន ជាមួយនឹងទីតាំងថ្មី និងប្រសិទ្ធិនាមថ្មីមកជា «Pou Restaurant & Bar»។
បើយើងធ្វើដំណើរពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៦ មកដល់ក្រុងសៀមរាប ជិតដល់ស្ពានឆ្លងកាត់ស្ទឹងសៀមរាប ត្រូវបត់ទៅផ្លូវខាងស្តាំដៃ និងបន្តធ្វើដំណើរតាមបណ្តោយផ្លូវមាត់ស្ទឹងប្រហែលចម្ងាយ៣០០ម៉ែត្រ រួចបត់ស្តាំ ឆ្ពោះទៅមុខបន្តិច លោកអ្នកនឹងទៅដល់ទីតាំងនៃហាង។ ផ្លាស់ប្តូរពីហាងកាហ្វេ មកជាភោជនីយដ្ឋានដែលបានសម្រិតសម្រាំងទៅលើមុខម្ហូបបែបខ្មែរ កែច្នៃពីម្ហូបជនបទ ម្ហូបតាមតំបន់ ទៅជាមុខម្ហូបបែបទាន់សម័យ មានភាពប្រណីត លាយឡំដោយការច្នៃប្រតិដ្ឋបែបសិល្បៈ អមដោយឱជារសឆ្ងាញ់ប្លែកខុសពីសព្វមួយដង។ បើតាមការជំនួបជាមួយនឹងស្ថាបនិកហាងផ្ទាល់ លោកបានបង្ហើបថា ថ្វីបើជាមុខម្ហូបបែបខ្មែរ និងមានការច្នៃប្រតិដ្ឋមែនពិត ប៉ុន្តែគ្រប់មុខម្ហូបនៅទីនេះមានរសជាតិឆ្ងាញ់ និងនៅតែមានអត្តសញ្ញាណសម្គាល់បានថាជាម្ហូបបែបខ្មែរ ហើយចំពោះភ្ញៀវបរទេសក៏អាចទទួលទានរសជាតិទាំងនេះបានដែរ តួយ៉ាង នំគ្រក់ ជាមួយទឹកជ្រលក់ដំឡូងក្រហម និងខ្ទិះដូង លាយជាមួយសណ្ដែកខ្មៅ និងពោត ដែលខុសប្លែកពីនំគ្រក់ដែលយើងធ្លាប់ទទួលទានកន្លងមក ដោយគ្រាន់តែជ្រលក់ជាមួយនឹងទឹកត្រីផ្អែមធម្មតា។ ចំណែកឯទឹកគ្រឿងក្តាម រសជាតិបែបខ្មែរ ដែលមានបន្ថែមនំបញ្ចុក ជាមួយទឹកគ្រឿងសាច់ក្តាមដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីការប្រើសាច់ត្រី ទទួលទានផ្ទាប់ជាមួយនឹងអន្លក់បែបខ្មែរស្រស់ៗ បានធ្វើឱ្យមុខម្ហូបមួយចាននេះកាន់តែឆ្ងាញ់ពិសាជាប់មាត់តែម្តង។ បើចំពោះសាច់មាន់អាំងការីវិញ ប្រិយមិត្តបានភ្លក់ហើយប្រាកដជាជាប់ចិត្ត ចុងភៅបានជ្រើសរើសសាច់ភ្លៅមាន់យកទៅប្រឡាក់គ្រឿងអាំង ជាពិសេសទឹកជ្រលក់ការីដំឡូងជ្វា លាយជាមួយខ្ទិះដូង បន្ថែមជាមួយបាយ និងបន្លែ ធ្វើឲ្យរសជាតិនៃមុខម្ហូបនេះកាន់តែឆ្ងាញ់ប្លែកនៅពេលទទួលទានបញ្ចូលគ្នា។
ក្រៅពីមុខម្ហូបដែលបានរៀបរាប់ ទីនេះក៏មានបម្រើនូវមុខម្ហូបជាច្រើនមុខទៀត ដែលសុទ្ធសឹងតែចម្អិនពីស្នាដៃចុងភៅដែលមានទេពកោសល្យ មានបទពិសោធន៍ច្រើនឆ្នាំ និងធ្លាប់ទទួលបានជ័យលាភីជាចុងភៅឆ្នើមទៀតផង។ មិនតែប៉ុណ្ណោះភោជនីយដ្ឋានពូ បានផ្តោតសំខាន់ទៅលើ អនាម័យ រសជាតិ សោភណភាព និងសេវាកម្ម រាល់មុខម្ហូបគឺមិនបានប្រើប្រាស់ប៊ីចេង និងយកចិត្តទុកដាក់លើជាតិស្ករ ជាតិប្រៃ ជាពិសេសការជ្រើសរើសដៃគូផ្គត់ផ្គង់ បន្លែសាច់ យ៉ាងប្រុងប្រយ័ត្នដោយមិនមានជាតិគីមី។ បើនិយាយពីជម្រើសភេសជ្ជៈវិញគឺមានច្រើនជម្រើសសម្រាប់អតិថិជនធ្វើការកុម្មង់ មានទាំងជម្រើសកាហ្វេ ទឹកបន្លែផ្លែឈើស្រស់ ស្រាក្រឡុកជាច្រើនរសជាតិ។
«Pou Restaurant & Bar» បើកទទួលស្វាគមន៍ភ្ញៀវជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់។ ដូច្នេះ បើបានទៅសម្រាកលម្ហែនៅក្រុងសៀមរាប កុំភ្លេចមកទទួលយកបទពិសោធន៍ថ្មីនៃការទទួលទានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីភោជនីយដ្ឋាន«Pou Restaurant & Bar» ទាំងអស់គ្នាណា៕
Article by SOUNG SOKSAN