«Old School Fields» ទីកម្សាន្តផ្តល់នូវបរិយាកាសបែបធម្មជាតិស្ងប់ស្ងាត់
TRAVEL & LIVING 2 years agoក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ តំបន់ទេសចរណ៍នៅក្រុងសៀមរាបបានចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីការស្រាកស្រាន្តនៃជំងឺកូវីដ១៩។ ដូចនេះហើយ យើងឃើញមានកំណើនអាជីវកម្មបើកថ្មី ហាងកាហ្វេ សួនកម្សាន្តបែបធម្មជាតិ និងកែច្នៃបន្តមានជាបន្តបន្ទាប់ ក្នុងចំណោមនោះ មានវត្តមាន Old School Fields (អូលស្គូលហ្វៀល) ដែលកំពុងទាក់ទាញភ្ញៀវទេសចរមកពីទីជិតឆ្ងាយឱ្យមកកម្សាន្ត។ ទីកន្លែងដែលបានរៀបរាប់ខាងលើនេះ មានទីតាំងស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ខេត្តសៀមរាប។
បើយើងធ្វើដំណើរតាមបណ្តោយផ្លូវទៅព្រលានយន្តអន្តរជាតិសៀមរាប(ពីទិសខាងកើតទៅលិច) បន្តដំណើររហូតហួសភោនីយដ្ឋានប្រាសាទនាងពៅ ប្រហែល១,៥គីឡូម៉ែត្រ យើងនឹងឃើញផ្លាកសាលាបឋមសិក្សាខ្វៀននៅខាងស្តាំដៃ រួចបត់ចូលតាមច្រកនោះប្រហែល៥០០ម៉ែត្រ យើងនឹងទៅដល់ «Old School Fields» ដែលស្ថិតនៅខាងស្តាំដៃ កំពុងបើកទ្វាទទួលស្វាមន៍វត្តមានអតិជនដែលអញ្ជើញមកកម្សាន្តទីនេះ។
«Old School Fields» គឺជាទីកន្លែងកម្សាន្តថ្មីមួយ មានចំណុចពិសេសលេចធ្លោមួយចំនួនខុសប្លែកពីសួនកម្សាន្តផ្សេងៗដែលកំពុងដំណើរការមានលក្ខណៈប្រកួតប្រជែងនៅក្រុងសៀមរាប។ ក្រៅពីមានផ្ទៃដីធំទូលាយដែលពោរពេញដោយធម្មជាតិបៃតងចម្រុះ និងមានដើមឈើតូចធំផ្តល់ជាម្លប់ត្រជាក់យ៉ាងត្រឈឹងត្រឈៃ ព្រមជាមួយការតាំងលម្អរថយន្តស៊េរីចាស់(Vintage Van) ម៉ូតូ កង់ ទូរទស្សន៍ វិទ្យុ រួមទាំងរបស់របរប្រើប្រាស់មួយចំនួនទៀតបែបបុរាណដែលមានតាំងពីទសវត្សរ៍ទី៥០ ៦០ ៨០ និង៩០ ត្រូវបានដាក់តាំងតម្រៀបសម្រាប់ភ្ញៀវប្រុស ស្រី ក្មេង ចាស់ ថតរូបលេងកម្សាន្តឱ្យប្លែកអារម្មណ៍ និងអាចរំលឹករាល់អនុស្សាវរីយ៍ចាស់ៗជាមួយនឹងវត្ថុបុរាណយ៉ាងរស់រវើកទាំងនោះ។ លើសពីនេះទៅទៀត Old School Fields បានផ្តល់ភាពងាយស្រួលចំពោះអ្នកដែលមកកាន់ទីនេះ ដែលមានបម្រើទាំងអាហារពេលព្រឹកដល់ល្ងាច ហាងកាហ្វេមានរសជាតិឆ្ងាញ់ប្លែក មានបន្ទប់ស្នាក់ឬតង់ ថែមទាំងមានសេវាកម្មជួលរថយន្ត ម៉ូតូ កង់ស៊េរីចាស់ៗសម្រាប់ជួលជិះកម្សាន្តទៀតផង។
មិនតែប៉ុណ្ណោះ សួននេះមានជម្រើសកន្លែងអង្គុយសម្រាប់ភ្ញៀវជាច្រើន ដែលយើងអាចសម្រាកលម្ហែក្នុងបរិយាកាសបែបស្ងប់ស្ងាត់ ម្លប់ត្រជាក់ល្ហឹម តន្រ្តីធម្មជាតិប្រគុំយ៉ាងពិរោះរណ្តំនៃសម្លេងសត្វបក្សីតូចធំយំចេចចាច ដោយគ្មានការរំខានពីខាងក្រៅ។ ទាំងនេះ ពិតជាបានផ្តល់នូវបទពិសោធន៍ថ្មីក្នុងការផ្តល់ថាមពលដល់ជីវិត និងការរំសាយភាពតានតឹងទាំងឡាយឱ្យរសាត់ចាកឆ្ងាយ ដែលទទួលបានមកវិញនូវភាពស្រស់ស្រាយ និងពោរពេញទៅដោយអត្ថន័យ៕
Article by SOUNG SOKSAN