គន្លឹះនៃការថែរក្សាសម្រស់ដោយប្រើប្រាស់រូបមន្តផ្សំពីគ្រឿងទេសដែលមានស្រាប់នៅក្នុងផ្ទះបាយ
FASHION & BEAUTY 7 years agoការថែរក្សាសម្ផស្សគឺជារឿងសំខាន់ដែលនារីគ្រប់រូបតែងចង់ស្វែងយល់មិនថាស្រ្តីនៅក្នុងវ័យណាក៏ដោយ។ ខណៈដែលការប្រើប្រាស់ផលិតផលគីមីមួយចំនួនដើម្បីថែរក្សាសម្ផស្ស អាចបង្កឲ្យប៉ះពាល់ដល់សុខភាពស្បែក និងសម្រស់ធម្មជាតិ មិត្តនារីមួយចំនួនបានងាកមកប្រើប្រាស់ការថែរក្សាសម្រស់បែបបុរាណ និងការប្រើប្រាស់ផលិតផលធម្មជាតិដើម្បីរក្សាសម្រស់វិញម្ដង។ អាថ៌កំបាំងក្នុងការថែរក្សាសម្រស់បែបបុរាណមិនសូវជាពេញនិយមឡើយក្នុងពេលបច្ចុប្បន្ន ប៉ុន្តែជាក់ស្តែងវាបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ខុសភាពស្បែកនិងសម្ផស្ស។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ឱសថបុរាណដើម្បីថែរក្សាសម្រស់ និង ការប្រើប្រាស់រូបមន្តធម្មជាតិថែមទាំងជួយឲ្យចំណាយថវិកាតិច និងងាយស្វែងរកក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។
វិធីខាត់ស្បែកតាមបែបធម្មជាតិ តាំងពីបុរាណមក ស្រ្តីខ្មែរតែងប្រើប្រាស់រូបមន្តខាត់ស្បែកតាមបែបផ្សេងៗគ្នាដើម្បីធ្វើឲ្យស្បែកសស្រស់ស្អាត កំចាត់ស្នាមអុជខ្មៅ និងបំបាត់ស្នាមសង្វារផ្សេងៗ។ មិនតែប៉ុណ្ណោះ ក៏អាចជួយឲ្យស្បែករលោងជាងមុន និងមានសំណើមថែមទៀតផង។ វិធីធ្វើ៖ យកម្សៅរមៀត ម្សៅពន្លៃ មកលាយចូលគ្នា (អ្នកអាចស្វែងរកគ្រឿងផ្សំទាំងពីរនេះនៅតាមផ្សារនានាបាន)។ បន្ទាប់មកចាក់ទឹកដោះគោឆៅ ទឹកឃ្មុំ អំពិលទុំ និងអំបិលបន្តិច ហើយលាយចូលគ្នាជាល្បាយ។ អ្នកត្រូវយកវាមកលាបនៅលើស្បែកដងខ្លួននិងដៃជើង ហើយដុសខាត់នៅលើស្បែកពី១០ទៅ១៥នាទី បន្ទាប់មកលាងចេញដោយទឹកស្អាតជាការស្រេច។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគួរអនុវត្តវិធីនេះក្នុងមួយសប្តាហ៍ម្ដង ។
ម៉ាសរមៀត៖ ការប្រើប្រាស់រមៀតឬម្សៅរមៀតដើម្បីកំចាត់ស្នាមជ្រីវជ្រួញត្រូវបានគេប្រើប្រាស់យូរមកហើយនៅក្នុងប្រទេសកម្ពុជា ព្រោះគេជឿថាវាអាចកំចាត់ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខបានយ៉ាងល្អ។ វិធីធ្វើ៖ យករមៀតមកកិនជាម្សៅឬប្រើម្សៅរមៀតដែលមានលក់នៅលើទីផ្សារស្រាប់ក៏បាន មកលាយចូលជាមួយនឹងទឹកដោះគោស្រស់ និងទឹកឃ្មុំ ដែលក្នុងគ្រឿងផ្សំនីមួយៗមានបរិមាណ១ស្លាបព្រាកាហ្វេស្មើៗគ្នា។ បើសិនជាអ្នកចង់ឲ្យម៉ាសរមៀតមានសភាពខាប់បន្តិច អ្នកអាចប្រើទឹកដោះគោជូរជំនួសទឹកដោះគោស្រស់ឬបន្ថែមទឹកឃ្មុំពីរបីដំណក់ទៀតក៏បាន។ បន្ទាប់មកយកល្បាយដែលលាយរួចមកលាបឲ្យសព្វលើផ្ទៃមុខ ហើយរង់ចាំពី១០ទៅ១៥នាទីចាំលាងជម្រះចេញដោយទឹកស្អាត។
ពន្លៃជំនួយស្បែក៖ មើមពន្លៃ មានសារជាតិពណ៌លឿង និងមានរូបរាងស្រដៀងនិងរមៀតដែរ។ តើអ្នកកំពុងមានកង្វល់ស្បែកស្រអាប់មិនភ្លឺថ្លាមែនទេ? ដូច្នេះអ្នកមិនចាំបាច់បារម្ភទៀតទេ ព្រោះថាពន្លៃដែលគេនិយមដាំនៅជុំវិញផ្ទះ អាចយកមកប្រើប្រាស់ជារូបមន្តដើម្បីជួយឲ្យស្បែកភ្លឺថ្លាបានយ៉ាងប្រសើរនិងឆាប់រហ័ស។ វិធីធ្វើ៖ យកមើមពន្លៃដែលនៅស្រស់ចិតសម្បកឱ្យស្អាតមកបុកឲ្យម៉ត់ រួចយកល្បាយដែលបុកហើយនោះមកលាបនៅលើស្បែក។ អ្នកអាចលាបវាចាប់ពី១៥ទៅ២០នាទីរួចលាងទឹកចេញធម្មតា។ អ្នកអាចអនុវត្តវិធីនេះក្នុងមួយសប្ដាហ៍ម្ដង វានឹងជម្រុះកោសិកាស្បែកចាស់ចេញ ហើយធ្វើឱ្យស្បែកស្រស់ថ្លា។
ក្រូចសើចបំប៉នសក់៖ ក្រូចសើចមួយផ្លែអាចផ្តល់ប្រយោជន៍ច្រើនណាស់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ រួមមានការប្រើប្រាស់ដើម្បីរក្សាសម្ផស្សផងដែរ។ ក្រូចសើចត្រូវបានគេប្រើប្រាស់ជាយូរលង់ណាស់មកហើយ ដើម្បីការពារសក់ជ្រុះ និងប្រើជំនួសសាប៊ូកក់សក់។ ដោយការកក់សាប៊ូតែមួយមុខវាមិនអាចជួយសម្អាតស្បែកក្បាលបាន១០០ភាគរយនោះទេ។ ប៉ុន្តែផ្លែក្រូចសើចអាចជួយសម្អាតមេរោគនៅលើស្បែកក្បាលនិងសរសៃសក់របស់អ្នកបាន។ វិធីធ្វើ៖ យកក្រូចសើច មកច្របាច់យកទឹក ហើយយកទឹកដែលច្របាច់រួចមកកក់សក់។ អ្នកគប្បីដាក់ទឹកលើសក់ឲ្យសើមជាមុនសិនមុននឹងដាក់ទឹកក្រូចសើចពីលើ រួចញីថ្មមៗចំនួន២នាទី រួចលាងទឹកចេញធម្មតា។
ទឹកស្លឹកគ្រៃ៖ មុខម្ហូបរបស់ខ្មែរជាច្រើនត្រូវបាន ចម្អិនជាមួយស្លឹកគ្រៃ។ អ្នកដឹងទេថាក្រៅពីការចម្អិនម្ហូបអ្នកក៏អាចយកស្លឹកគ្រៃដើម្បីជាភេសជ្ជៈរក្សាសម្រស់បានទៀតផង។ វិធីធ្វើ៖ យកស្លឹកគ្រៃដែលហាន់រួច (៣គល់) ខ្ញី (មួយដុំតូចល្មម) និងស្លឹកជីអង្កាម១០សន្លឹក មកស្ងោរជាមួយគ្នារយៈពេល១០នាទី។ បន្ទាប់ពីទុកវាឲ្យត្រជាក់ អ្នកអាចបន្ថែមទឹកក្រូចឆ្មារចូលបន្តិចមុននឹងទទួលទាន។
ប្រិយមិត្តអាចសាកល្បងអនុវត្តតាមគន្លឹះខាងលើងាយៗ ហើយចំណាយថវិកាអស់តិចប៉ុន្តែទទួលបានគុណភាពខ្ពស់ជាមួយគ្រឿងផ្សំដែលតែងតែមាននៅផ្ទះបាយជានិច្ចនោះ៕
Article by VA SONYKA