ការគេងមិនឆ្អែតមិនមែនជាទំលាប់នោះទេ ក៏ប៉ុន្តែវាជាអាការៈមួយដែលអ្នកគួរតែប្រយ័ត្ន
TRAVEL & LIVING 5 years ago តើអ្នកធ្លាប់សង្កេតឃើញថា ទោះអ្នកទទួលទានដំណេកច្រើនប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ថាគេងមិនឆ្អែតដែរទេ? ឬក៏ធ្លាប់សង្កេតឃើញថា អ្នកជាមនុស្សឆាប់ងងុយ អាចគេងបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថាកន្លែងធ្វើការ លើកៅអី នៅលើរថយន្តក្រុង ឬនៅកន្លែងផ្សេងក្រៅពីបន្ទប់គេងផ្ទាល់ខ្លួន? តើអ្នកធ្លាប់យល់ឃើញថាបន្ទាប់ពីគេងលក់ពេញមួយយប់ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍ថាងងុយនៅពេលព្រឹក ហើយមិនចង់ក្រោក? តើអ្នកធ្លាប់សង្កេតទេថា បើពិនិត្យឲ្យម៉ត់ចត់ទោះអ្នកគេងលក់យូរយ៉ាងណា ក៏រង្វង់ភ្នែករបស់អ្នកនៅតែស្លក់ខ្មៅ ដូចមនុស្សមិនបានគេង ហើយរកកម្លាំងកំហែងគ្មាន?
បើសិនជាអ្នកមានអាការៈបែបនេះ មានន័យថា អ្នកកំពុងមានអាការៈម្យ៉ាង ដែលបណ្តាលឲ្យអ្នកគេងមិនឆ្អែតឬ តាមពិតទៅគឺជាការគេងលក់មិនស្កប់ស្កល់ ដែលភាសាអង់គ្លេសហៅថា hypersomnia។ មនុស្សច្រើនណាស់ ដែលកំពុងប្រឈមនឹងបញ្ហាគេងលក់មិនស្កប់ស្កល់ ប៉ុន្តែយើងបែរជាយល់ថាវាកើតឡើងដោយសារអស់កម្លាំងពេក។ ជាក់ស្តែង អាការៈគេងមិនស្កប់ស្កល់ក៏អាចកើតឡើងផងដែរ បើសិនជាអ្នកជាមនុស្សដែលត្រូវធ្វើការប្រើខួរក្បាលច្រើន ឬអ្នកកំពុងស្ថិតនៅក្នុងពេលវេលាតានតឹង ស្មុគស្មាញក្នុងបញ្ហា ដែលបណ្តាលឲ្យប៉ះទង្គិចផ្លូវចិត្ត។ បុគ្គលិកក្រុមហ៊ុន និងសិស្សានុសិស្សក្នុងដំណាក់កាលខំសិក្សាខ្លាំងក៏កំពុងប្រឈមនឹងអាការៈទាំងនេះដែរ។ ហើយវាកើតឡើងផងដែរ ចំពោះអ្នកដែលស្រ្តេសក្នុងការងារខ្លាំងពេក។ គេហទំព័រ Webmd បានស្រង់តួលេខពី National Sleep Foundation ថា យ៉ាងហោចណាស់មនុស្សចំនួន ៤០ភាគរយកំពុងរស់នៅស្ថិតក្រោមបញ្ហា គេងមិនឆ្អែត ឬគេងមិនស្កប់ស្កល់នេះ។
កត្តាធំៗមួយចំនួន ដែលបង្កឲ្យមានអាការៈគេងមិនឆ្អែតមានដូចជា៖
១. ភាពងក់ងុយនៅពេលថ្ងៃ និងការលំបាកដកដង្ហើមនៅពេលកំពុងគេង
២. គេងលក់មិនគ្រប់គ្រាន់នៅពេលយប់
៣. លើសទម្ងន់
៤. ញៀនគ្រឿងស្រវឹង ឬគ្រឿងញៀន
៥. ធ្លាប់មានបញ្ហាប៉ះទង្គិចត្រង់ក្បាល ឬមានជំងឺទាក់ទងនឹងសរសៃប្រសាទ
៦. អាការៈឆ្លងតំណរពូជពីសាច់ញាតិបងប្អូន
៧. មានជំងឺបាក់ទឹកចិត្ត
គេងមិនឆ្អែត ជាក់ស្តែងជាការរំខានធំមួយសម្រាប់អ្នកដែលត្រូវបំពេញការងារប្រចាំថ្ងៃ។ គេងមិនឆ្អែតនាំឲ្យបាត់បង់ស្មារតីក្នុងការគិត ហើយនិងអស់កម្លាំងកំហែងក្នុងខ្លួន។ ជាក់ស្តែងវាអាចជាកត្តាមួយដែលបណ្តាលមកពីបញ្ហាផ្លូវចិត្ត។ ដើម្បីរកដំណោះស្រាយឲ្យមានប្រសិទ្ធភាពក្នុងករណីដែលអ្នកមានអារម្មណ៍អស់កម្លាំងងងុយគេងច្រើនថ្ងៃជាប់ៗគ្នារហូតមានការសង្ស័យ ចូរអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរៀបរាប់ពីអាការៈជំងឺរបស់អ្នកឲ្យអ្នកជំនាញធ្វើការវិនិច្ឆ័យ។ ការតាមដាននិងស៊ើបសួរពីទម្លាប់ការគេងរបស់អ្នក និងទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក នឹងអាចធ្វើឲ្យគ្រូពេទ្យសន្និដ្ឋានអាការៈប្រាកដរបស់អ្នកបានងាយស្រួល។ គ្រូពេទ្យអាចនឹងស្នើរសុំពិនិត្យឈាម ធ្វើការស្កេន (CT scan) និងធ្វើតេស្តការគេងរបស់អ្នកជាដើម។
ការព្យាបាលអាការៈគេងមិនឆ្អែតមានច្រើនប្រភេទខុសៗគ្នាទៅតាមករណីដែលកើតឡើងចំពោះអ្នកជំងឺម្នាក់ៗ។ អ្នកខ្លះត្រូវព្យាបាលដោយប្រើថ្នាំ ឬផ្លាស់ប្តូរទម្លាប់រស់នៅ។ គេងមិនឆ្អែតអាចមកពីពិបាកដកដង្ហើម ដូច្នេះវាអាចទាក់ទងនឹងបរិយាកាសនៅក្នុងបន្ទប់គេង។ ក្នុងករណីមួយចំនួន អ្នកដែលមានអាការៈគេងមិនស្កប់ស្កល់ឬគេងមិនឆ្អែត គឺបណ្តាលមកពីការធ្វេសប្រហែសក្នុងទម្លាប់រស់នៅ ដូចជាគេងនៅពេលថ្ងៃច្រើនពេក ចូលចិត្តចូលគេងយប់ជ្រៅពេក ចូលចិត្តទទួលទានភេសជ្ជៈឬអាហារផ្ទុកសារធាតុកាហ្វេអ៊ីនជាដើម។ ដោយគ្រាន់តែកាត់បន្ថយឬបញ្ឈប់ទម្លាប់មិនត្រឹមត្រូវទាំងនោះជាបន្ទាន់ អ្នកនឹងអាចមើលឃើញលទ្ធផលជាក់ស្តែងពីអារម្មណ៍ក្រោយពេលគេងលក់ស្កប់ស្កល់។ ប៉ុន្តែបើសិនជាអ្នកនៅតែបន្តគេងមិនឆ្អែត ឬគេងមិនស្កប់ នោះអាចមកពីបញ្ហាខួរក្បាល ឬបញ្ហាតំណពូជ ដែលទាមទារការពិនិត្យពីអ្នកជំនាញ៕
Article by VA SONYKA