×

ច្នៃ​មុខម្ហូប​ច្រើនមុខ​ប្លែកៗ​ជាមួយនឹង​បន្លែ​ថ្នាំ​ធម្មជាតិ​ ​«​គូឆាយ​»​

TRAVEL & LIVING 4 years ago
 
 

            គូឆាយ​ជា​ឈ្មោះ​បន្លែ​មួយ​ប្រភេទ​មាន​ស្លឹក​សំប៉ែត​តូច​វែង​ស្មើ​ចុង​ស្មើ​ដើម​ ​អ្នកខ្លះ​ហៅ​ជី​ឆាយ​ ​អ្នកខ្លះ​ហៅ​ស្លឹក​ឆាយ​ ​ហើយ​អ្នកខ្លះ​ទៀត​ហៅ​កាឆាយ​ជាដើម​។​ ​បន្លែ​ដែល​ដុះ​ចេញ​ដូចជា​ដើម​ខ្ទឹម​នេះ​ ​ភាគច្រើន​ផ្កា​វា​គេ​យកទៅ​ឆា​ជា​ម្ហូប​ ​រីឯ​ស្លឹក​គេ​ប្រើ​ធ្វើជា​ម្ហូប​ផង​ ​បន្លែ​ផង​ ​និង​ធ្វើជា​នំ​ដែល​រាល់​ដង​យើង​តែង​ហៅថា​នំ​គូឆាយ​នោះ​ឯង​។​ ​ម៉្យាងវិញទៀត​ ​គូឆាយ​ ​ប្រៀប​ដូចជា​ឱសថ​ធម្មជាតិ​ដ៏​ក​ម្រ​ដោយ​រាល់​ពេល​ទទួលទាន​កាលណា​ ​វា​នឹង​ជួយ​សម្រួល​អាការ​ហើមពោះ​ ​សម្រួល​ការរំលាយអាហារ​ ​និង​ជួយ​សម្រួល​ផ្លូវ​ដង្ហើម​ផង​ដែរ​។​ ​ជាទូទៅ​ ​យើង​ធ្លាប់តែ​ឃើញ​គូឆាយ​ត្រូវ​បាន​គេ​យក​ធ្វើជា​ម្ហូប​ឆា​ ​និង​នំ​ ​ប៉ុន្តែ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​នឹង​ច្នៃ​គូឆាយ​ទៅជា​មុខម្ហូប​ឈ្ងុយឆ្ងាញ់​បែប​ប្រណីត​ដោយមាន​លម្អិត​ជា​ប្រភេទ​ ​ចៀន​ ​ដុត​ ​អាំង​ ​យ៉ាង​ពិសេស​ដូច​ខាងក្រោម​៖​

១​. ​នំ​ពោត​ចៀន​គូឆាយ​
*​គ្រឿងផ្សំ​

- ស្លឹក​គូឆាយ​ ​៥​០​ក្រាម​
- ​ពោត​ហា​វៃ​ ​១​ផ្លែ​
- ​ម្ទេស​ហា​វៃ​ ​ខៀវ​ ​ក្រហម​ ​លឿង​ ​មួយ​មុខ​ពីរ​ស្លាបព្រា​បាយ​
- ​ការ៉ុត​ ​២​ស្លាបព្រា​បាយ​
- ​ខ្ទឹមស​ ​១​កំពឹស​
- ​ពងមាន់​ ​១​គ្រាប់​
- ​ម្សៅ​ឆា​ ​៣​ស្លាបព្រា​បាយ​
- ​ស្លឹក​ក្រូចសើច​ ​១​សន្លឹក​
- ​អំបិល​ ​បន្តិច​
- ​ស្ករស​ ​មួយ​ចឹប​
- ​ជីរវ៉ាន់ស៊ុយ​ ​បន្តិច​
- ​ម្សៅ​ម្ទេស​ ​២​ស្លាបព្រា​កាហ្វេ​
- ​ក្រែម​ទឹកដោះគោ​ ​១​ស្លាបព្រា​បាយ​

​វិធី​ធ្វើ​៖​
​            ដំបូង​យើង​ត្រូវ​យក​ពោត​មក​ស្ងោរ​ឲ្យ​ឆ្អិន​ជាមុន​សិន​ ​បន្ទាប់មក​ប្រឡេះ​គ្រាប់​ដាក់​ចាន​ ​ចំណែក​ម្ទេស​ហា​វៃ​ខៀវ​ក្រហម​លឿង​ហាន់​ល្អិត​ៗ​ ​ស្លឹក​គូឆាយ​ហាន់​ល្អិត​ៗ​ ​ការ៉ុត​ហាន់​ល្អិត​ៗ​ ​និង​ស្លឹក​ក្រូចសើច​ហាន់​សរសៃ​ៗ​ ​បន្ទាប់មក​យក​បន្លែ​ទាំងនេះ​មក​ច្របល់​ជាមួយ​គ្រឿងផ្សំ​ផ្សេងទៀត​ដូចជា​ ​ខ្ទឹមស​ ​ពងមាន់​ ​ម្សៅ​ឆា​ ​ស្លឹក​ក្រូចសើច​ ​អំបិល​ ​ស្ករស​ ​និង​ម្សៅ​ម្ទេស​។​ ​ពេល​កូរ​ក្លាយ​ជា​ល្បាយ​តែមួយ​ ​យើង​ចាប់ផ្តើម​ដាក់ភ្លើង​ដាំ​ខ្ទះ​ឲ្យ​ក្តៅ​ចាក់​ប្រេង​ឆា​ចូល​ហើយ​ដួស​ល្បាយ​ពោត​ដាក់​ចៀន​ជា​បន្ទះ​តូច​ៗ​ចៀន​ត្រឡប់​ចុះ​ត្រឡប់​ឡើង​រហូត​ឃើញ​ឆ្អិន​ឡើងក្រហម​ល្អ​ទើប​ដួស​ដាក់​ចាន​បន្ថែម​ដោយ​គ្រី​ម​និង​ជីរវ៉ាន់ស៊ុយ​ពីលើ​ជាការស្រេច​៕​

​២​. ​តៅហ៊ូ​ចៀន​ស្នូល​ពងទា​គូឆាយ​
*​គ្រឿងផ្សំ​

- ​តៅហ៊ូ​ ​៤​ដុំ​
- ​ស្លឹក​គូឆាយ​ ​៥​០​ក្រាម​
- ​ខ្ទឹមស​ចិញ្ច្រាំ​ ​២​០​ក្រាម​
- ​ខ្ទឹមក្រហម​ ​២​០​ក្រាម​
- ​ម្សៅ​ឆា​ ​១​ស្លាបព្រា​បាយ​
- ​ប៊ីចេង​ ​កន្លះ​ស្លាបព្រា​កាហ្វេ​
- ​ម្រេច​ម៉ដ្ឋ​ ​មួយ​ចុង​ស្លាបព្រា​កាហ្វេ​
- ​ទឹក​ស៊ី​វ​អ៊ី​វ​ ​២​ស្លាបព្រា​កាហ្វេ​
- ​ទឹក​ប្រេងខ្យង​ ​កន្លះ​ស្លាបព្រា​បាយ​
- ​ស្ករស​ ​២​ស្លាបព្រា​កាហ្វេ​
- ​ប្រេង​ឆា​
- ​ពងមាន់​ ​២​គ្រាប់​
- ​ម្ទេស​

វិធី​ធ្វើ​៖​
​            ជាដំបូង​យើង​ត្រូវ​យក​តៅហ៊ូ​មក​ហាន់​ជា​បន្ទះ​ស្តើង​ៗ​ល្មម​ហើយ​ចោះ​ប្រឡោះ​កណ្តាល​តៅហ៊ូ​ជា​រាង​មូល​ឬ​ជ្រុង​ដូច​ទៅ​នឹង​រូប​រួច​ទុក​មួយ​ឡែក​សិន​។​ ​ចាប់ផ្តើម​លាយ​គ្រឿង​ដោយ​យក​ពងមាន់​មក​គោះ​ដាក់​ចាន​ ​ហើយ​ដាក់គ្រឿង​ផ្សំ​ដូចជា​ ​ខ្ទឹមក្រហម​ ​ខ្ទឹមស​ ​ប៊ីចេង​ ​ម្រេច​ម៉ដ្ឋ​ ​ទឹក​ស៊ី​វ​អ៊ី​វ​ ​ប្រេងខ្យង​ ​ស្ករស​ ​ម្សៅ​ឆា​ ​ស្លឹក​កាឆាយ​(​ហាន់​ល្អិត​ៗ​) ​និង​សាច់​តៅហ៊ូ​ឆ្កៀល​ចេញ​មក​វាយ​ចូលគ្នា​ឲ្យ​សព្វ​ក្លាយ​ជា​ល្បាយ​តែមួយ​។​ ​ដល់ពេល​ច​ម្អិ​ន​ដាក់​ខ្ទះ​ដាំ​ភ្លើង​ឲ្យ​ក្តៅ​ចាក់​ប្រេង​ឆា​ចូល​ ​បន្ទាប់មក​យក​តៅហ៊ូ​ចោះ​រួច​ដែល​ត្រៀម​ទុក​នោះ​ដាក់​ចៀន​ហើយ​បន្ថែម​ដួស​ល្បាយ​លាយ​រួចមក​ដាក់​ចំ​ប្រឡោះ​តៅហ៊ូ​ដែល​ចោះ​។​ ​ចៀន​ត្រឡប់ទៅ​ត្រឡប់មក​រហូត​ឃើញ​ថា​ឆ្អិន​ល្អ​ដល់​ក្នុង​ទើប​យើង​ដួស​ដាក់​ចាន​ទទួលទាន​ជាការស្រេច​៕​

​៣​. គ្រី​ម​កាឆាយ​ពិសេស​
*​គ្រឿងផ្សំ​

- ​គ្រាប់ស្វាយ​ចន្ទី​ ​១​០​០​ក្រាម​
- ​ទឹក​ក្រូចឆ្មារ​ ​៣​ស្លាបព្រា​បាយ​
- ​ម្រេចខ្មៅ​ ​២​ស្លាបព្រា​កាហ្វេ​
- ​ម្សៅ​ម្ទេស​ ​១​ស្លាបព្រា​កាហ្វេ​
- ​អំបិល​ ​១​ស្លាបព្រា​កាហ្វេ​
- ​ខ្ទឹមស​ ​២​កំពឹស​
- ​ស្លឹក​គូឆាយ​៥​០​ក្រាម​
- ​ទឹក​បន្តិច​
- ​យា​អួ​រ​ ​៣​ស្លាបព្រា​បាយ​

​វិធី​ធ្វើ​៖​
​            ដំបូង​ត្រូវ​យក​គ្រាប់ស្វាយ​ចន្ទី​មក​ត្រាំទឹក​ឲ្យ​រីក​ជាមុន​សិន​ ​បន្ទាប់មក​យក​វា​មក​កិន​ដោយ​បន្ថែម​ដាក់​ទឹក​ក្រូចឆ្មារ​ ​ម្រេចខ្មៅ​ ​ម្សៅ​ម្ទេស​ ​អំបិល​ ​ខ្ទឹមស​ ​និង​ទឹក​បន្តិច​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​ ​រួច​ដាក់​ស្លឹក​គូឆាយ​(​ហាន់​ល្អិត​) ​និង​យា​អួ​រ​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​ម្តងទៀត​ជាការស្រេច​។​ ​ចំពោះ​គ្រី​ម​ពិសេស​នេះ​ដែរ​យើង​អាច​​​យក​វា​ទៅ​ផ្ទាប់​ញុំា​ជាមួយ​បន្លែ​ឬ​ធ្វើ​អន្លក់​ពពួក​សាច់អាំង​ឬ​ញុំា​ជាមួយ​នំ​ប៉័​ង​ក៏​នឹង​បង្កើន​ឱជារស​កាន់តែ​ឈ្ងុយឆ្ងាញ់​ពិសា​៕​

៤​. សាច់ជ្រូក​រុំ​ស្លឹក​គូឆាយ​បែប​កូរ៉េ​
​គ្រឿងផ្សំ​៖​

- ​សាច់ជ្រូក​ ​៥​០​០​ក្រាម​
- ​ស្លឹក​គូឆាយ​ ​១​០​០​ក្រាម​
- ​ខ្ទឹមស​ ​៣​កំពឹស​
- ​ល្ង​ស​ ​១​ស្លាបព្រា​បាយ​
- ​គ្រឿង​កូរ៉េ​ ​១​ស្លាបព្រា​បាយ​
- ​ប៊ីចេង​ ​១​ស្លាបព្រា​កាហ្វេ​
- ​អំបិល​ស៊ុប​ ​២​ស្លាបព្រា​បាយ​
- ​ស្ករស​ ​១​ស្លាបព្រា​បាយ​
- ​ចង្កាក់​ដោត​សាច់​

វិធី​ធ្វើ​៖​
​            ដើម្បី​បាន​សាច់​ចង្កាក់​រុំ​ ​ជាដំបូង​យើង​ត្រូវ​ប្រឡាក់​សាច់​ជាមុន​សិន​ដោយ​យក​សាច់ជ្រូក​មក​ហាន់​ជា​បន្ទះ​ស្តើង​ៗ​ហើយ​ធ្វើការ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ​ដែល​មាន​ដូចជា​ ​ខ្ទឹមស​(​ដំ​ឲ្យ​បែក​) ​ល្ង​ស​ ​គ្រឿង​កូរ៉េ​ ​អំបិល​និង​ស្ករស​ច្របាច់​ចូលគ្នា​ឲ្យ​សព្វ​ហើយ​ទុកចោល​រយៈពេល​ប្រមាណ​២​០​នាទី​។​ ​ខណៈ​កំពុង​រង់ចាំ​សាច់​ចូលជាតិ​ ​យើង​ឆ្លៀត​មក​ត្រៀម​គូឆាយ​ដោយ​យក​ស្លឹក​គូឆាយ​លាង​ទឹក​ឲ្យ​ស្អាត​រួច​ហាន់​ទទឹង​ៗ​ប្រវែង​ពីរ​ថ្នាំងដៃ​ដើម្បី​ទុក​សម្រាប់​រុំ​ជាមួយ​សាច់​។​ ​ក្រោយ​សាច់​និង​គ្រឿង​ចូលជាតិ​គ្នា​ល្អ​ហើយ​ ​យើង​ចាប់ផ្តើម​យក​សាច់ប្រឡាក់​នោះ​មក​រុំ​ជាមួយ​ស្លឹក​គូឆាយ​ហើយ​ដោត​ចង្កាក់​ជាដុំ​ៗ​ដូច​ក្នុង​រូប​ ​បន្ទាប់មក​យកទៅ​ដុត​ក្នុង​ចង្ក្រាន​ភ្លើងអគ្គិសនី​រយៈពេល​២​០​នាទី​ល្មម​ឃើញ​ឆ្អិន​តាមការគួរ​ជាការស្រេច​៕​

Article by CHHOEM POVTHIDA


SUGGESTIONS