សម្រាកលំហែកាយជាមួយសត្វ Capybara និងរសជាតិភេសជ្ជៈប្រចាំ Capybara Hotel & Café
TRAVEL & LIVING 3 hours agoCapybara Hotel & Café មានទីតាំងដ៏វិសេសវិសាលដែលស្ថិតនៅទៅក្រុងសៀមរាប បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។ ភ្ញៀវគ្រប់រូបនឹងទទួលបាននូវបទពិសោធន៍ថ្មីមួយបែបទៀតរវាងការថែទាំពីសេវាកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ និងការរស់នៅក្បែរសត្វ Capybara ដែលជាសត្វដ៏គួរឱ្យស្រឡាញ់មានដើមកំណើតពីតំបន់អាមេរិកខាងត្បូង។ កត្តាមួយចំនួនដែលធ្វើឱ្យការមកកម្សាន្តនៅទីនេះមានភាពកក់ក្ដៅ និងសុវត្ថិភាពបំផុតនោះ គឺការយកចិត្តទុកដាក់ពីសំណាក់អ្នកថែទាំសត្វដែលមានជំនាញច្បាស់លាស់គឺ Alex និង Molly ដែលពួកគាត់គឺជាអ្នកចាំជួយសម្របសម្រួល និងផ្ដល់ចំណេះដឹងផ្សេងៗបន្ថែមដល់ភ្ញៀវក្នុងអំឡុងពេលមកកម្សាន្តជាមួយនឹងសត្វ Capybara។
ដំណើរដើមទងនៃទីតាំងនេះ ចាប់ផ្ដើមចេញពីក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ស្ថាបនិកនៅទីនេះចំពោះសត្វ និងបំណងប្រាថ្នាចង់បង្កើតនូវទំនាក់ទំនងដ៏មានន័យរវាងមនុស្ស និងធម្មជាតិ។ ស្ថាបនិកសណ្ឋាគារក៏បានផ្ដល់ទំនុកចិត្តទាំងស្រុងទៅលើលោកឪពុករបស់ខ្លួន ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រសត្វ និងរុក្ខជាតិ ដើម្បីដឹកនាំការសាងសង់ជម្រកសម្រាប់សត្វ Capybara ទាំងនេះ។ ជម្រកទាំងអស់ត្រូវបានរៀបចំឡើងជា អូអាស៊ីសឯកជន ដែលមានអាងទឹកធំទូលាយសម្រាប់ Capybara ហែលលេង និងត្រាំទឹកដោយសេរី ព្រមទាំងមានកន្លែងសម្រាប់សម្រាកដែលមានម្លប់ត្រជាក់ និងការគ្រប់គ្រងសីតុណ្ហភាពយ៉ាងត្រឹមត្រូវ។ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត ទីនេះក៏មានលោក Max ដែលជាអ្នកជំនាញគ្រប់គ្រង ដែលមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វចង្រៃផងដែរ លោកមានបទពិសោធន៍ពីប្រទេសបារាំង ដើម្បីការពារជម្រកពីសត្វកកេរផ្សេងៗ ឬសត្វដែលអាចបង្កគ្រោះថ្នាក់ដល់សត្វចិញ្ចឹម។


ក្រៅពីបទពិសោធន៍ជាមួយសត្វដ៏គួរឱ្យស្រឡាញ់ ហាងកាហ្វេដែលស្ថិតនៅចំកណ្ដាលនៃសណ្ឋាគារ ក៏ជាចំណុចទាក់ទាញដែលមិនអាចរំលងបាន។ រាល់ភេសជ្ជៈទាំងអស់ត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដោយប្រើប្រាស់គ្រឿងផ្សំស្រស់ៗនៅទីនេះផ្ទាល់។ ភេសជ្ជៈដែលជាអត្តសញ្ញាណប្រចាំហាងគឺ Mango Matcha ដែលប្រើប្រាស់ម្សៅ Matcha គុណភាពខ្ពស់ម៉ាក Mariko លាយបញ្ចូលគ្នាជាមួយគ្រីមស្វាយធ្វើដោយដៃ និងមានបន្ថែមសាច់ស្វាយស្រស់ពីលើ។ សម្រាប់អ្នកដែលចូលចិត្តរសជាតិឈ្ងុយនៃតែ Hojicha ជាមួយទឹកដោះគោ Oat និងទឹកដោះគោខាប់ គឺជាជម្រើសដ៏ពេញនិយមបំផុតដែលផ្ដល់នូវភាពផ្អែមស្រទន់ និងភាពរលោងនៃរសជាតិ។ ចំពោះអ្នកដែលចូលចិត្តកាហ្វេ ហាងកាហ្វេក៏បានប្រើប្រាស់គ្រាប់កាហ្វេដែលបានមកពីសិប្បកម្មលីងកាហ្វេក្នុងស្រុកគឺ The Bean Embassy ដែលជាការគាំទ្រដល់ផលិតផលក្នុងស្រុកផងដែរ។ លើសពីនេះ ម៉ឺនុយតាមរដូវកាលរបស់ហាងតែងតែផ្លាស់ប្ដូរទៅតាមកសិផលត្រូពិចរបស់កម្ពុជា ដើម្បីផ្ដល់នូវភាពថ្មីប្លែកសម្រាប់ភ្ញៀវជានិច្ច។


បទពិសោធន៍នៅទីនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ទាំងភ្ញៀវស្នាក់នៅ និងភ្ញៀវដែលចូលមកកម្សាន្តត្រឹមតែមួយថ្ងៃ។ សម្រាប់ភ្ញៀវសណ្ឋាគារ ការទស្សនា និងការលេងជាមួយសត្វគឺជាសេវាកម្មដែលផ្ដល់ជូនដោយឥតគិតថ្លៃ និងគ្មានកំណត់ដងឡើយ។ ចំណែកឯភ្ញៀវទូទៅ អាចជ្រើសរើសទិញសំបុត្រ Full Capybara Experience ក្នុងតម្លៃ ១០ ដុល្លារសម្រាប់ម្នាក់ ឬកញ្ចប់គ្រួសារតម្លៃ ៣០ ដុល្លារ ដែលសម្រាប់ប្រើប្រាស់លើមនុស្សធំ ២ នាក់ និងកុមារ ២ នាក់។ សំបុត្រនេះមិនត្រឹមតែសម្រាប់ការផ្តល់ចូលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការលេងជាមួយសត្វជាឯកជន ការផ្ដល់ចំណីក្រោមការត្រួតពិនិត្យរបស់អ្នកថែទាំ ការថតរូប និងទទួលបានកាដូអនុស្សាវរីយ៍ផងដែរ។


ដើម្បីធានាថាទាំងភ្ញៀវ និងសត្វរីករាយ និងសុវត្ថិភាព គ្រប់ភ្ញៀវទាំងអស់នឹងទទួលការណែនាំពី Alex ឬ Molly អំពីច្បាប់វិន័យមួយចំនួនផងដែរ។ ភ្ញៀវត្រូវបានតម្រូវឱ្យមានភាពទន់ភ្លន់ រក្សាភាពស្ងប់ស្ងាត់ លាងសម្អាតដៃឱ្យបានស្អាត និងមិនត្រូវធ្វើចលនាបង្កឱ្យសត្វផ្អើលឡើយ។ សុខុមាលភាពរបស់សត្វ Capybara គឺជាអ្វីដែលកំណត់នូវដំណើរការនៃសកម្មភាពនីមួយៗ បើពួកវាត្រូវការកន្លែងឯកជន យើងត្រូវគោរពតាមតម្រូវការរបស់ពួកវា។ យ៉ាងណាមិញ Capybara Hotel & Café គឺជាទីតាំងដែលផ្តល់រាល់ព័ត៌មានលម្អិតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមានបំណងចូលរួមទស្សនា ហើយទីនេះក៏បានផ្តល់នូវបទពិសោធន៍ថ្មីមួយបន្ថែមទៀតដែលពុំធ្លាប់មានទីមុនមក៕
Article by Sivly Pan (Emily Siv)