×

ក្ដាមស្រែ​អាច​ធ្វើម្ហូប​អី្វ​បាន​ខ្លះ​?

TRAVEL & LIVING 4 years ago
 
 

           ក្ដាមស្រែ​ ​ឬ​ក្ដាម​ទឹកសាប​ ​គឺជា​សត្វ​ដែល​រស់នៅ​តាម​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រជាកសិករ​ ​ក៏ដូចជា​បងប្អូន​នៅ​តំបន់​ស្រុកស្រែ​ចម្ការ​និយម​យកមក​កែច្នៃ​ធ្វើជា​ម្ហូបអាហារ​ទទួលទាន​ក្នុង​ជីវភាពរស់នៅ​ផង​ដែរ​ ​។​ ​ក្ដាម​មាន​ច្រើន​ប្រភេទ​ដូចជា​ក្ដាមគ្រោង​ ​ក្ដាមស្រងែ​ ​ជាដើម​ ​ហើយ​វាក៏​ជា​ប្រភេទ​ក្ដាម​ដែល​មានការ​និយម​យកមក​បរិភោគ​ច្រើន​ផង​ដែរ​។​ ​ក្ដាម​ប្រភេទ​នេះ​ ​វា​មិនសូវ​មានសាច់​ច្រើន​ដូច​ប្រភេទ​ក្ដាម​សមុទ្រ​នោះ​ឡើយ​ ​បើ​ទោះបីជា​ប្រភេទ​ក្ដាមគ្រោង​មាន​​​រូបរាង​ធំ​បង្គួរ​ក្ដី​ ​ប៉ុន្តែ​គេ​បរិភោគ​ក្ដាម​ប្រភេទ​នេះ​ដោយសារតែ​ខ្លាញ់​ដ៏​ឆ្ងាញ់​របស់​វា​។​ ​ក្ដាមស្រែ​ ​ឬ​ក្ដាម​ទឹកសាប​នេះ​យើង​ឃើញ​មាន​ភាព​សម្បូរ​ ​នៅ​ពេល​ឈាន​ចូល​ដល់​រដូវវស្សា​ ​និង​ ​ពេល​ទឹកឡើង​ប៉ុន្តែ​ក្ដាម​ដែលគេ​និយម​ចូលចិត្ត​បរិភោគ​ខ្លាំង​គឺ​ក្ដាម​នៅ​រដូវប្រាំង​ដែល​មិនសូវ​សម្បូរ​ទៅវិញ​ ​ព្រោះថា​ក្ដាម​នៅ​រដូវប្រាំង​មានសាច់​ ​និង​ ​ខ្លាញ់​ច្រើនជាង​ក្ដាម​រ​ដូ​វស្សា​។​

           ​បើ​ទោះបីជា​ក្ដាមស្រែ​មាន​តម្លៃថោក​ ​ប៉ុន្តែ​ហាក់​ទទួល​បានការ​ពេញ​និយម​ចូល​ចិត្តច្រើន​ពី​អ្នក​ទីក្រុង​ក្ដី​ ​ហើយ​បើ​និយាយ​ពី​បងប្អូន​ដែល​រស់នៅ​តាម​ស្រុកស្រែ​ចម្ការ​វិញ​អាហារ​ប្រភេទ​នេះ​ ​កាន់តែ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ហើយ​វាក៏​ជា​អាហារ​ដែល​អាច​កែច្នៃ​ធ្វើជា​មុខម្ហូប​បាន​ច្រើនមុខ​ផង​ដែរ​ប្រកប​ទៅ​ដោយ​រស​ឆ្ងាញ់​ពិសា​។​

           ចំពោះ​ ​មុខម្ហូប​ផ្សេងៗ​ដែល​លោកអ្នក​អាច​​​យក​ក្ដាមស្រែ​មក​ច​ម្អិ​ន​ធ្វើជា​អាហារ​បាន​មាន​ដូចជា​៖​

សម្ល​ប្រហើរ​ខួរ​ក្ដាម​៖​ ​ការ​យក​ក្ដាមស្រែ​ទៅ​ស្ល​ប្រហើរ​ភាគច្រើន​ ​គេ​បាន​យក​សាច់​ក្ដាម​ទាំងអស់​ទៅ​បុក​ពូត​យក​តែ​ជាតិ​ទៅ​ស្ល​ ​ឬ​ឆ្កៀល​យក​តែ​ខ្លាញ់​សុទ្ធ​ ​ទៅ​ស្ល​ក៏បាន​ ​ឬក៏​លោកអ្នក​អាចប​ង់​ក្ដាម​ទាំងមូល​ក៏បាន​ដោយ​គ្រាន់តែ​ហែក​ក្ដាម​ជា​ពីរ​លាង​ទឹក​ឱ្យ​ស្អាត​តែប៉ុណ្ណោះ​ ​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​លោកអ្នក​។​ ​ម្ហូប​ប្រភេទ​នេះ​បើ​អ្នក​ស្ល​ជាមួយ​បន្លែ​ននោង​វា​កាន់តែ​មានឱជារស​ឆ្ងាញ់​ពិសា​ ​ឬ​បើ​អ្នក​មិន​ចូលចិត្ត​បន្លែ​ប្រភេទ​នេះ​អាច​​​យក​បន្លែ​ផ្សេង​មក​ស្ល​ក៏បាន​តាមចំណូលចិត្ត​ឬ​ទម្លាប់​របស់​អ្នក​។​ ​គេ​ក៏​អាច​​​យក​សាច់​ ​និង​ ​ខ្លាញ់ក្ដាម​ស្រែ​ទៅ​ធ្វើជា​ទឹក​នំបញ្ចុក​បាន​ដែរ​ ​។​ ​ត្បិតថា​ទឹក​នំបញ្ចុក​សាច់​ក្ដាម​នេះ​មិនសូវ​មានការ​និយម​ចូលចិត្ត​ ​តែ​វា​ក៏មាន​រសជាតិ​ឆ្ងាញ់​អាច​​​យកជាការ​បាន​ផង​ដែរ​។​

​ម្ជូរ​ខួរ​ក្ដាម​៖​ ​ម្ជូរ​ខួរ​ក្ដាម​មានការ​ពេញ​និយម​ខ្លាំង​នៅ​តាម​តំបន់​ស្រុកស្រែ​ចុងកាត់មាត់ញក​ ​ព្រោះថា​សម្ល​ប្រភេទ​នេះ​ងាយស្រួល​ធ្វើ​ ​ចំណាយ​ប្រាក់​អស់​តិច​ ​ហើយ​គ្រឿងទេស​និង​ ​បន្លែ​ក្នុង​ការ​ស្ល​សម្ល​ប្រភេទ​នេះ​គឺ​អាច​​​រក​បាន​ងាយ​ៗ​នៅ​ជុំវិញ​ផ្ទះ​ដូចជា​ផ្លែ​ល្ហុង​ជាដើម​។​ ​ចំពោះ​វិធី​ធ្វើ​ម្ជូរ​ខួ​ក្ដាម​នេះ​ ​ក៏​មិន​មាន​ភាព​ខុសគ្នា​អ្វី​ពី​សម្ល​ប្រហើរ​ក្ដាម​នោះ​ដែរ​ ​ដោយ​គេ​អាច​បុក​ក្ដាម​ពូត​យក​ទឹក​ ​ឬ​ឆ្កៀល​យក​តែ​ខ្លាច​ក្ដាម​មក​ស្ល​ជាការស្រេច​។​

ក្ដាមស្រែ​ឆា​គ្រឿង​៖​ ​ឮ​ដល់​ឆា​គ្រឿង​លោកអ្នក​ប្រហែលជា​គិតថា​មុខម្ហូប​ប្រភេទ​នេះ​ធ្វើ​បាន​ទៅលើ​ម្ហូប​ប្រភេទ​សាច់​ដូចជា​សាច់គោ​ ​និង​ ​សាច់​ត្រី​ទេ​មើលទៅ​ ​។​ ​បើ​គិត​បែប​នោះ​មែន​ ​លោកអ្នក​ច្បាស់ជា​យល់​ខុស​ហើយ​ ​ព្រោះថា​ក្ដាមស្រែ​ក៏​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសា​ជាមួយ​ពាក្យ​ថា​ឆា​គ្រឿង​នេះ​ដែរ​ ​មិនតែប៉ុណ្ណោះ​វា​ជា​មុខម្ហូប​ដែល​ត្រូវប៉ាន់​បំផុត​សម្រាប់​ធ្វើជា​គ្រឿង​ក្លែម​ទៀត​ផង​​។

​ក្ដាម​ស្ងោរ​ជ្រលក់​អំបិល​ម្រេច​៖​ ​ក្ដាម​ក៏​អាច​​​យកទៅ​ស្ងោរ​ ​ហើយ​មានឱជារស​ឆ្ងាញ់​ពិសា​ដូចជា​ប្រភេទ​អាហារ​សាច់​ដទៃទៀត​ផង​ដែរ​ ​ប៉ុន្តែ​វា​កាន់តែ​ល្អ​បើ​លោកអ្នក​យក​ក្ដាម​នៅ​រដូវប្រាំង​មក​ស្ងោរ​ ​ព្រោះ​រដូវ​នោះ​ជា​រដូវ​ដែល​ក្ដាម​មាន​ខ្លាញ់​ច្រើន​ ​ហើយ​មាន​រសជាតិ​ឆ្ងាញ់​។​ ​ក្ដាម​ស្ងោរ​អាច​​​យកមក​ជ្រលក់​ជា​មួយទឹក​អំបិល​ម្រេច​ ​ឬ​ទឹកត្រី​កោះ​កុង​ ​ហើយ​ញុំ​ផ្ទាប់​ជាមួយ​ជ្រក់​ខ្ទឹម​ម្ទេស​កាន់តែ​ឆ្ងាញ់​ពិសា​។​

​ភ្លា​ក្ដាមស្រែ​៖​ ​លោកអ្នក​ក៏​អាច​​​យក​ក្ដាម​ទៅ​ភ្លា​ ​ដូចជា​ភ្លា​សាច់គោ​ ​ឬ​បង្គា​ ​ផង​ដែរ​ ​។​ ​ចំពោះ​រសជាតិ​វិញ​គឺថា​ ឆ្ងាញ់​​ជាប់មាត់​បែប​ធម្មជាតិ​ស្រុកស្រែ​តែម្ដង​ហើយ​ ​។​

​ក្ដាមប្រៃ​៖​ ​បើ​និយាយ​ដល់​ក្ដាមប្រៃ​ ​មិនថា​តែ​អ្នក​នៅ​ស្រុកស្រែ​ទេ​ ​សូម្បីតែ​អ្នក​ទីក្រុង​ក៏​និយម​ចូលចិត្ត​អាហារ​ប្រ​ភ​ទ​នេះ​ដែរ​ ​ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ងាយស្រួល​ធ្វើនឹង​មាន​តម្លៃថោក​។​ ​ក្ដាមប្រៃ​គេ​អាច​​​យកទៅ​ពិសា​ដោយ​គ្រាន់តែ​យកទៅ​ ​ថែម​គ្រឿងផ្សំ​ទៅ​តាមចំណូលចិត្ត​ ​និង​បន្ថែម​ជី​នាងវង​ ​ដើម្បី​បង្កើន​ឱជារស​ក៏ដូចជា​ក្លិន​ដ៏​ឈ្ងុយឆ្ងាញ់​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ក្ដាមប្រៃ​បាន​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​កា​របុក​ល្ហុង​ដែល​មិន​អាច​ខ្វះ​បាន​ផង​ដែរ​។​

ក្ដាមស្រែ​អាំង​៖​ ​ក្ដាមស្រែ​ក៏​គេ​អាច​ច្នៃ​យកទៅ​អាំង​ដូចជា​អាំង​គ្រំ​ ​ឬ​ងាវ​បាន​ដែរ​ ​ដោយ​លោកអ្នក​គ្រាន់តែ​ធ្វើការ​ហែក​សន្ទះ​វា​ចេញ​ ​យកទៅ​ធ្វើការ​ផ្សំ​គ្រឿង​រសជាតិ​ ​រួច​យកទៅ​អាំង​ជាការស្រេច​។​ ​អាហារ​ប្រភេទ​នេះ​ ​មានការ​ពេញ​និយម​ខ្លាំង​សម្រាប់​ធ្វើជា​គ្រឿង​ក្លែម​។

បុក​ក្ដាមស្រែ​៖​ ​ពាក្យ​ថា​បុក​ក្ដាម​ ​ស្ដាប់​ទៅ​វា​ហាក់ដូចជា​សាមញ្ញ​បន្ដិច​ ​ប៉ុន្តែ​លោកអ្នក​ដែល​ធ្លាប់​បរិភោគអាហារ​ប្រភេទ​នេះ​អាច​ចង់​ស្រក់ទឹកមាត់​ក៏​ថា​បាន​ ​ព្រោះថា​ក្ដាម​ដែល​យកទៅ​អាំង​ឱ្យ​ក្រៀម​បន្ដិច​ ​ហើយ​យកមក​បុក​លាយ​ជាមួយ​អំពិល​ខ្ចី​ ​ក្រសាំង​ ​ឬ​ស្វាយ​ខ្ចី​នោះ​ ​វា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​បែប​ម្ហូប​ខ្មែរ​តែម្ដង​។​

​ស្ងោរ​ជ្រក់​ក្ដាមស្រែ​៖​ ​បើ​អ្នក​បាន​សាក​ភ្លក់​រសជាតិ​ស្ងោរ​ជ្រក់​ក្ដាមស្រែ​នា​ខែប្រាំង​វិញ​ធានា​ថា​អ្នក​នឹង​នឹកភ្នក​ដល់​រសជាតិ​នោះ​ម្ដងទៀត​ជាមិនខាន​។​ ​ប៉ុន្តែ​រសជាតិ​ក្ដាម​ ​ស្រែ​ក្នុង​រដូវវស្សា​ក៏​មិនចាញ់​គ្នា​ប៉ុន្មាន​ដែរ​ ​វា​ជា​ម្ហូប​មួយ​ប្រភេទ​ដែល​មានឱជារស​ឆ្ងាញ់​ពិសា​ ​រីឯ​វិធី​ធ្វើ​អ្នក​គ្រាន់តែ​ធ្វើការ​ស្ងោរ​ដូច​ស្ងោរ​ជ្រក់​ធម្មតា​ ​ច្របាច់​ក្រូចឆ្មារ​ដាក់ជី​បន្លា​ ​ជី​នាងវង​ ​ឬ​ជី​វ៉ាន់ស៊ុយ​ជាការស្រេច​។​

           ​ត្បិតថា​ ​ក្ដាមស្រែ​ជា​អាហារ​មួយ​ប្រភេទ​ដែលគេ​ធ្លាប់​បាន​ចាត់ទុកថា​ជា​អាហារ​សម្រាប់​អ្នក​នៅ​តំបន់​ស្រុកស្រែ​ចម្ការ​ក្ដី​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​ ​ក្ដាមស្រែ​យើង​ឃើញ​មាន​លេច​វត្តមាន​ជា​បណ្ដើរៗ​នៅ​តាម​ភោជនីយដ្ឋាន​នានា​ ​នៅ​ក្នុង​រាជធានី​ ​និង​ ​នៅ​តាម​ទីរួមខេត្ត​ផ្សេងៗ​ជាមួយនឹង​ការ​ច្នៃ​ធ្វើជា​មុខម្ហូប​ស្រុកស្រែ​ជាច្រើន​សម្បូរ​បែប​ដ៏​មានឱជារស​ឆ្ងាញ់​ពិសា​ ​និង​ ​មាន​តម្លៃ​អាច​ប្រកួតប្រជែង​ជាមួយ​មុខម្ហូប​ផ្សេងៗ​ទៀត​បាន​៕​ ​

Article by​ ​SOVRIN


SUGGESTIONS