រដូវវស្សាជារដូវដែលមានអាកាសធាតុត្រជាក់និងសម្បូរភ្លៀងធ្លាក់ជោកជាំ។ តើលោកអ្នកដឹងទេថា អាកាសធាតុបែបនេះអាចបណ្តាលឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់លោកអ្នកចុះខ្សោយនិងធ្វើឲ្យលោកអ្នកងាយឆ្លងជំងឺនានាដោយសារទឹកភ្លៀង? ដើម្បីបង្ការជំងឺទាំងនោះកុំឲ្យកើតមានឡើងលើរាងកាយរបស់អ្នក អ្នកត្រូវស្វែងយល់អំពីវិធីសាស្រ្តថែរក្សាសុខភាពតាមរយៈឱសថធម្មជាតិដែលងាយស្វែងរកនៅជុំវិញខ្លួនអ្នកជាទីបំផុត ចៀសវាងការប្រើប្រាស់ឱសថគីមីដែលមិនចាំបាច់ និង ធ្វើឲ្យខាតបង់ថវិកាច្រើនទៀតផង។ជាដំបូង លោកអ្នកត្រូវដឹងថាជំងឺទូទៅដែលងាយកើតមានឡើងទៅលើមនុស្សក្នុងអំឡុងរដូវវស្សា រួមមាន ជំងឺក្អក ជំងឺផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺគ្រុនឈាម និង ជំងឺរាករូស ជាដើម។
១. ឱសថបង្ការជំងឺគ្រុនឈាម: រដូវវស្សា ឬ វដូវមូសុង ជារដូវដែលមូសបង្កកំណើត ជាពិសេសគឺប្រភេទមូសខ្លាដែលជាភ្នាក់ងារសំខាន់ក្នុងការចម្លងជំងឺគ្រុនឈាមដល់មនុស្សក្មេងចាស់ប្រុសស្រី។ ជំងឺគ្រុនឈាមដែលចម្លងពីមូសខ្លាកើតឡើងដោយសារតែខែភ្លៀងសម្បូរថ្លុកនិងកន្លែងដក់ទឹកកខ្វក់ដូចជា កង់ឡានចាស់ សំបកកំប៉ុង និងសំបកដប ជាដើម ដែលជាជម្រកដ៏សុខសាន្តរបស់មូសខ្លា។ ដើម្បីបង្ការជំងឺគ្រុនឈាម លោកអ្នកគប្បីទទួលទានទឹកក្រូចស្រស់ដែលមានល្បាយជាតិវីតាមីនចម្រុះជាច្រើនមុខនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានតួនាទីជួយប្រឆាំងទប់ស្កាត់វីរុសគ្រុនឈាម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថភាពអាចជួយសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារ និង ជាតិប្រូតេអ៊ីនប្រឆាំងសត្វល្អិតនៅក្នុងឈាម។ ម្យ៉ាងវិញទៀត លោកអ្នកក៏អាចទទួលទានអាហារឬភេសជ្ជៈធ្វើពីល្ហុងដែរព្រោះពួកវាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺគ្រុនឈាមដែរ។
២. ឱសថបង្ការជំងឺផ្តាសាយ និង គ្រុនក្តៅ: ជាទូទៅ នៅក្នុងរដូវភ្លៀង មនុស្សជាច្រើនរងគ្រោះដោយសារជំងឺផ្តាសាយ ក្អក និង គ្រុនក្តៅជាញឹកញាប់ ដោយសារសីតុណ្ហភាពឆាប់ប្រែប្រួលមិនទៀងទាត់។ វីរុសនិងបាក់តេរីងាយនឹងមានឱកាសចម្លងរោគមកកាន់ខ្លួនមនុស្ស។បើតាមក្បួនវេជ្ជសាស្រ្តបែបបុរាណ នៅក្នុងរដូវនេះលោកអ្នកគប្បីខ្ពុរមាត់នឹងទឹកក្តៅ ស្ទីម សម្រាកលម្ហែ និងទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ។ ជាមួយគ្នានេះដែរលោកអ្នកគួរសាកល្បងទទួលទានស៊ុបក្តៅៗ របបអាហារដែលសម្បូរសារជាតិចិញ្ចឹម និង តែឱសថបុរាណ។ ជាពិសេស ការទទួលទាន ភេសជ្ជៈទឹកដោះគោល្មៀតមួយកែវជារៀងរាល់ថ្ងៃអាចជួយកាត់បន្ថយអត្រាកើតជំងឺគ្រុនក្តៅយ៉ាងពូកែសក្តិសិទ្ធ។ ក្រៅពីនេះ ការទទួលទានស្លឹកជីរនាងវងចំនួន៣-៤សន្លឹកក៏ផ្តល់អត្ថប្រយោជន៍ល្អដូចគ្នា។
៣. ឱសថបង្ការជំងឺរាករូស: ជំងឺរាគរូស ឬ ជំងឺអាសន្នរោគជាប្រភេទជំងឺឆ្លងតាមរយៈប្រភពទឹកមិនស្អាត និងបង្កដោយវីររុសម្យ៉ាងឈ្មោះ Vibrio Cholera។ ជំងឺរាករូស ឬជំងឺអាសន្នរោគនេះផ្តល់ផលប៉ះពាល់អាក្រក់យ៉ាងខ្លាំងមកលើការទទួល ទានអាហារ ព្រមទាំងអាចឈានទៅរកការបាត់បង់ជាតិទឹកដ៏ធ្ងន់ធ្ងរនៅក្នុងរាងកាយ។ រុក្ខជាតិខ្ញីដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងផ្នែកវេជ្ជសាស្រ្ត និង ម្ហូបអាហារ គឺជាសារធាតុអង់ទីប៊ីយ៉ូទិកដែលមានគុណប្រយោជន៍យ៉ាងប្រសើរក្នុងការព្យាបាលជម្ងឺរាករូស ដោយសារមើមខ្ញីដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយមនុស្សនៅពេលដែលអ្នកបរិភោគវា។
៤. ភេសជ្ជៈប្រភេទក្តៅ: លោកអ្នកគប្បីទទួលទានប្រភេទភេសជ្ជៈក្តៅៗ ជាអាទិ៍ រួមមាន តែក្តៅ កាហ្វេក្តៅ តែក្រូចឆ្មារទឹកឃ្មុំ តែជីរអង្កាម តែម្រះ តែស្លឹកគ្រៃ តែព្នៅ ដែលផ្តល់នូវភាពកក់ក្តៅ ព្រមទាំងរក្សាសំណើមជាតិទឹកនៅក្នុងរាងកាយរបស់អ្នក ។ ព្រមជាមួយគ្នានេះ លោកអ្នកត្រូវចៀសវាងការទទួលទានប្រភេទភេសជ្ជៈត្រជាក់ៗនិងភេសជ្ជៈទឹកផ្លែឈើដែលទិញនៅខាងក្រៅ មិនមែនផ្លែឈើស្រស់ ដោយសារភេសជ្ជៈទាំងនោះអាចមានផ្ទុកមេរោគជំងឺឆ្លងជាច្រើនដែលលោកអ្នកមិនដឹង៕
Article by SRINSOKMEAN