×

សម្រស់​ស្បែក​ក្មេង​ជាង​វ័យ​ពី​រូបមន្ត​ធ្វើ​ម៉ា​ស​បិត​មុខ​បន្លែ​ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន​ចម្រុះ

TRAVEL & LIVING 4 years ago
 
 

          ​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ទាំងប៉ុន្មាន​ត្រូវ​បាន​គេ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​មាន​ផ្ទុក​នូវ​ពពួក​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ដែល​មាន​តួនាទី​ផ្តល់​ប្រយោជន៍​ទៅតាម​មុខងារ​រៀងៗខ្លួន​ ​ដូចជា​ ​វីតាមីន​សេ​(C) ​ជួយ​ផ្តល់​សំណើម​ស្បែក​ ​ជួយការ​ពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ ​ជួយ​បំបាត់ស្នាម​ជ្រីវជ្រួញ​ ​ជំរុញ​ការ​ផលិតផល​ខូ​ឡេ​ជិន​ ​ចំណែក​ឯ​វីតាមីន​អឺ​ (​E​) ​ជួយ​កាត់បន្ថយ​ស្នាម​ ​ជួសជុល​កោសិកា​ខូច​ ​ប្រឆាំង​ភាព​ចាស់​ ​បន្ថែម​ការ​ការពារ​ពី​ក​ម្តៅ​ថ្ងៃ​ ​ខណៈ​ដែល​វីតាមីន​អា​ (​A​) ​ជួយ​ក​ម្ចាត់​រាល់​បញ្ហា​មុន​ ​និង​ធ្វើឲ្យ​ស្បែក​ទន់​រលោង​ភ្លឺ​ថ្លា​ជាដើម​។​ ​នៅ​ក្នុង​អត្ថបទ​នេះ​ ​សូវ​រី​ន​នឹង​ចែក​រំ​លែ​ចំណេះ​ដឹង​អំពី​ការ​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​មួយ​បន្លែ​ផ្លែឈើ​ចំនួន​១​០​មុខ​ដែល​ប្រិយ​មិត្ត​អាច​​​រក​បាន​យ៉ាង​ងាយ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

          ផ្លែ​ប័រ ​: ​ជាតិ​ប្រេង​ធម្មជាតិ​ដែល​មាននៅ​ក្នុង​សាច់​ផ្លែ​ប​័​រអា​ច​ជ្រាបចូល​យ៉ាង​ជ្រៅ​ទៅ​ចិញ្ចឹម​ស្បែក​ធ្វើឲ្យ​ស្បែក​ទន់​ ​និង​មាន​សំណើម​។​ ​ការ​ផ្តល់​សំណើម​នេះ​នឹង​ជួយ​កាត់បន្ថយ​ស្នាម​ឆ្នូត​នៃ​សញ្ញា​ភាព​ចាស់​និង​ភាព​ជ្រីវជ្រួញ​ដោយ​រក្សា​ស្បែក​មុខ​ឲ្យ​មើលទៅ​ស្រទន់​ព្រមទាំង​ពង្រឹង​ការ​ប្រឆាំង​នឹង​ស្បែក​ដែល​បណ្តាលមកពី​អារម្មណ៍​ស្ត្រេ​ស​និង​ករណី​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ជាដើម​។​ ​ពពួក​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដូចជា​វីតាមីន​អឺ​(​E​) ​និង​វីតាមីន​សេ​ (C) ​អាច​ជួយការ​ពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​។​ ​មួយវិញទៀត​ ​លូ​ថេ​អ៊ី​ន​ (​Lute​in​) ​ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​របស់​ ខារ៉ូ​ទី​ណយ​ណ៍ (​Ca​rote​no​i​d​) ​នឹង​ជំរុញ​ដល់​ភាព​យឺត​នៃ​ស្បែក​ ​ខណៈ​ដែល​អាស៊ី​ត​អូ​លេ​អ៊ី​ក​ (O​l​e​i​c ​acid​) ​និង​សារធាតុ​ក្លរ៉ូ​ភី​ល​ (c​h​l​ro​p​h​y​l​l​) ​ជួយ​កាត់បន្ថយ​ស្បែក​ឡើងក្រហម​និង​ហើម​។​ ​សម្រាប់​វិធី​ធ្វើ​ម៉ា​ស​ផ្លែ​ប​័​រ​ ​យើង​គ្រាន់តែ​យក​ផ្លែ​ប​័​រ​មួយ​ចំហៀង​ផ្លែ​កិន​ឬ​វាយ​ជាមួយ​យ៉ា​អួ​រ​១​ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​ ​បន្ទាប់មក​លាប​បំពោក​លើ​មុខ​ទុក​រយៈពេល​ ​១​៥​ទៅ​២​០​នាទី​ ​ទើប​លាង​ជម្រះ​ចេញ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​។​ ​ដោយឡែក​យើង​ក៏​អាច​ធ្វើ​ស្ក្រាប់​ជម្រុះ​កោសិកា​ចាស់​ដោយ​យក​គ្រាប់​ផ្លែ​ប័រម​ក​ពុះ​ជា​បី​បួន​ចម្រៀក​រួច​ទុក​ហាលថ្ងៃ​ឲ្យ​ស្ងួត​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ ​បន្ទាប់មក​យក​គ្រាប់​នោះ​មក​កិន​ឲ្យ​ម៉ដ្ត​ក្លាយ​ជា​ម្សៅ​ហើយ​ធ្វើការ​លាយ​ជាមួយ​ប្រេងដូង​ឬ​យ៉ា​អួ​រ​វា​នឹង​ក្លាយ​ជា​ស្ក្រាប់​សម្រាប់​ដុះ​ស​ម្អា​ត​មុខ​ឬ​ដងខ្លួន​ពេល​ងូតទឹក​ផង​ដែរ​។​

          ផ្លែ​ប៉ោម​: តើ​អ្នក​កំពុងតែ​មាន​បញ្ហា​មុខ​មុន​មែនទេ​? ​ការពិត​ណាស់​ផ្លែ​ប៉ោម​គឺជា​អ្នក​ច​ម្បាំ​ង​រាល់​បញ្ហា​មុន​នៅ​លើ​ផ្ទៃមុខ​។​ ​អ្នក​អាច​ធ្វើ​ម៉ា​ស​ផ្លែ​ប៉ោម​បាន​យ៉ាង​ងាយ​ដោយ​យក​ផ្លែ​ប៉ោម​ម​កកោស​សាច់​ហើយ​លាប​បំពោក​លើ​ផ្ទៃមុខ​និង​ប្រើ​ម្រាមដៃ​ត្រដុស​ចុះឡើង​ៗ​រយៈពេល​៥​នាទី​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​ដែល​វា​នឹង​ជួយ​ក​ម្ចាត់​រាល់​មុន​តូច​ធំ​បន្តិចម្តងៗ​រហូត​គ្មាន​សេសសល់​។​ ​ផ្លែឈើ​ដែល​យើង​អាច​​​រក​ទិញ​បាន​គ្រប់​រដូវ​កាល​នេះ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​មាន​សមត្ថភាព​ជម្រះ​ចេញ​នូវ​ពពួក​បាក់តេរី​ ​កោសិកា​ស្បែក​ខូច​ ​និង​ចាក​ឆ្ងា​ញ​ពី​ស្នាម​ជាំ​ខ្មៅ​ផង​ដែរ​។​ ​សម្រាប់​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម​និង​ខ្លោច​ដោយ​កាំរស្មី​ព្រះអាទិត្យ​អាច​បន្ថែម​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​ទៅ​ក្នុង​សាច់​ប៉ោម​ដែល​កោស​។​

          ស្ត្រូ​បូរី​: ស្ត្រូ​បូរី​ជា​ផ្លែឈើ​មួយទៀត​ដែល​មាន​សមត្ថភាព​ក​ម្ចាត់​រាល់​បញ្ហា​មុន​ផង​ដែរ​ ​ខណៈ​ដែល​វា​ដើរតួ​ជា​អ្នក​លាង​ស​ម្អា​ត​ស្បែក​បាន​យ៉ាងល្អ​។​ ស្ត្រូ​បូរី​ជួយ​ជម្រុះ​ចេញ​នូវ​ពពួក​មេរោគ​ ​និង​បាក់តេរី​ដែល​បង្ក​ឲ្យ​កើតមុន​។​ ​មិន​ត្រឹមតែ​ជា​អាវុធ​ក​ម្ចាត់​មុន​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​ជួយ​ភ្ជិត​រន្ធ​រោម​ ​និង​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ​។​ ​ដើម្បី​ធ្វើ​ម៉ា​ស​បិត​មុខ​ ​អនុវត្ត​យក​ស្ត្រូ​បូរី​២​ទៅ​៣​ផ្លែ​កិន​ជាមួយ​យ៉ា​អួ​រ​១​ស្លាបព្រា​បាយ​ ​បន្ទាប់មក​យកមក​លាប​លើ​ផ្ទៃមុខ​ទុក​រយៈពេល​ពី​១​០​ទៅ​១​៥​នាទី​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត​។

          ផ្លែ​ប៉េ​ស​: សម្រាប់​អ្នក​ចង់​បន្តឹង​ស្បែក​មុខ​ដោយ​មិន​ចាំបាច់​វះកាត់​អាច​ធ្វើ​ការសាកល្បង​បានជា​មួយ​ម៉ា​ស​ផ្លែ​ប៉េ​ស​។​ ​ផ្លែ​ប៉េ​ស​ផ្ទុក​យ៉ាង​សម្បើម​នូវ​វីតាមីន​អា​(​A​) ​និង​វីតាមីន​សេ​(C) ​រួម​ទាំង​អាស៊ី​ត​អា​ល់​ហ្វា​ហ៊ី​ដ្រុ​ក​ស៊ី​ (​alpha​ ​h​y​d​r​ox​y​l​ ​acid​s) ​ដែល​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ជួយ​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​ការ​វិវឌ្ឍ​ន៍​ស្នាម​ជ្រីវជ្រួញ​។​ ​ដូច​ទៅ​នឹង​ផ្លែ​ស្ត្រូ​បូរី​ដែរ​ ​ផ្លែ​ប៉េ​ស​អាច​ជួយ​ស​ម្អា​ត​រន្ធ​រោម​កក​ស្ទះ​ ​និង​ជួយ​បង្រួម​រន្ធ​រោម​ធ្វើឲ្យ​ស្បែក​មើលទៅ​ម៉ដ្ត​រលោង​ល្អ​។​ ​ការ​ធ្វើ​ម៉ា​ស​ផ្លែ​ប៉េ​ស​អ្នក​អាច​អនុវត្ត​រូបមន្ត​ដូច​ទៅ​នឹង​ផ្លែ​ស្ត្រូ​បូរី​ដែរ​ ​ហើយ​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នកមាន​ស្បែក​ស្ងួត​ ​តែ​បើ​សម្រាប់​អ្នក​ស្បែក​ខ្លាញ់​អាច​ប្រើ​ទឹកឃ្មុំ​ជំនួស​យ៉ា​អួ​រវិ​ញ​។​

          ចេក​: សម្រាប់​ម៉ា​ស​ធ្វើ​ពី​ចេក​ ​ជាពិសេស​ចេកណាំវ៉ា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ជួសជុល​កោសិកា​ស្បែក​ខូច​ដែល​បង្កឡើង​ដោយសារ​ការ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​ការ​ទទួលទាន​អាហារ​មិន​ល្អ​ ​និង​ការ​មក​រដូវ​មិន​ទៀង​។​ ​ម៉ា​ស​ផ្លែឈើ​នេះ​ស័ក្តិសម​បំផុត​សម្រាប់​អ្នកមាន​ស្បែក​ស្ងួត​។​ ​ចេក​មិន​ត្រឹមតែ​ជា​ឱសថ​ជួយ​ជួសជុល​កោសិកា​ស្បែក​ខូច​នោះ​ទេ​ ​ថែមទាំង​ធ្វើឲ្យ​ស្បែក​ម៉ដ្ត​ទន់​រលោង​ផង​ដែរ​។​ ​សម្រាប់​គ្រឿងផ្សំ​ធ្វើ​ម៉ា​ស​ចេក​ ​យើង​អាច​ប្រើ​តែ​ចេក​មួយ​ឬ​ពីរ​ផ្លែ​កិន​ឲ្យ​ម៉ដ្ត​រួច​បន្ថែម​ដោយ​ប្រេង​អូ​លីវ​បន្តិច​ ​ហើយ​យកមក​លា​បំពោក​លើ​ផ្ទៃមុខ​ទុក​រយៈពេល​១​៥​ទៅ​២​០​ ​រួច​លាង​ទឹក​ជម្រះ​ចេញ​ធម្មតា​។​ ​សម្រាប់​អ្នកមាន​ស្បែក​ស្ងួត​គប្បី​ប្រើ​ទឹកឃ្មុំ​ជំនួស​ប្រេង​អូ​លីវ​។​

          ល្ហុង​: ចំពោះ​អ្នក​ឧ​ស្សាហ៍​ចេញក្រៅ​ត្រូវ​ក​ម្តៅ​ថ្ងៃ​ញឹកញាប់​គួរគប្បី​ធ្វើ​ម៉ា​ស​ល្ហុង​ដើម្បី​បំប៉ន​ស្បែក​មុខជា​ចម្បង​។​ ​ការ​ត្រូវ​ក​ម្តៅ​ថ្ងៃ​ញឹកញាប់​អាចប​ង្ក​ឲ្យ​ស្បែក​ឡើង​ជ្រីវជ្រួញ​និង​ជាំ​ខ្មៅ​ ​ដូចនេះ​អនុវត្ត​យក​ល្ហុង​ទុំ​១​ចំណិត​ ​ម្សៅ​អង្ករ​១​ស្លាបព្រា​បាយ​ ​និង​ទឹកឃ្មុំ​៣​ស្លាបព្រា​បាយ​ ​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ត​ ​បន្ទាប់មក​យកមក​លាប​បំពោក​លើ​ផ្ទៃមុខ​និង​ធ្វើការ​ប្រើ​ម្រាមដៃ​ម៉ា​ស្សា​ជា​រង្វង់​ថ្នមៗ​ដោយ​ចាប់ផ្តើម​ពី​ចង្កា​រួច​អូស​ឡើង​មក​ថ្ពាល់​ហើយ​ចុងក្រោយ​ឡើង​មកដល់​ត្រង់​ថ្ងាស​។​ ​ក្រោយ​ធ្វើការ​ម៉ា​ស្សា​រួច​ទុក​ម៉ា​ស​នេះ​ចោល​រយៈពេល​២​០​នាទី​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​បន្ទាប់មក​ទើប​ប្រើ​ទឹក​ត្រជាក់​លាង​បន្ថែម​តាម​ក្រោយ​ ​។​ ​សារធាតុ​សំខាន់​ៗ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្ហុង​ទាំង​នឹង​ជួយ​ព្យាបាល​ស្បែក​រលាក​ ​ជាពិសេស​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ចេញពី​ខាងក្នុង​។​

          ​ក្រូច​: ក្រូច​ជា​ផ្លែឈើ​ផ្ទុក​ទៅ​ដោយ​វីតាមីន​សេ​(C) ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ខ្ពស់​ ​ដែល​មាន​សមត្ថភាព​ជួយ​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ឲ្យ​កើតមុន​ ​រួម​ទាំង​ការពារ​មិន​ឲ្យ​មុន​ថ្មី​កើតឡើង​នៅ​លើ​ស្បែក​ដូច​ទៅ​នឹង​ផ្លែ​ស្ត្រូ​បូរី​និង​ផ្លែ​ប៉ោម​ដែរ​។​ ​ចំពោះ​ការ​ធ្វើ​ម៉ា​ស​យើង​គ្រាន់តែ​យក​ទឹកក្រូច​ស្រស់​៣​ស្លាបព្រា​បាយ​ ​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ ​និង​ទឹក​ក្រូចឆ្មារ​ឬ​ទឹកក្រូច​Lemon​ ​២​ស្លាបព្រា​បាយ​លាយ​ចូលគ្នា​ឲ្យ​សព្វ​ ​បន្ទាប់មក​លាប​លើ​ផ្ទៃមុខ​ទុក​រយៈពេល​២​០​នាទី​ទើប​លាង​ទឹក​ជម្រះ​ចេញ​ជាការស្រេច​។​ ​លើស​ពី​ក​ម្ចាត់​បញ្ហា​មុន​ ​រូបមន្ត​ម៉ា​ស​នេះ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ ​ជំរុញ​ការ​ផលិត​ខូ​ឡេ​ជេន​ ​ពន្យារ​សញ្ញា​ភាព​ចាស់​ ​និង​ធ្វើឲ្យ​ស្បែក​ទន់​រលោង​។​

          ​ត្រសក់​: ​ថាមពល​នៃ​ធនធាន​សំខាន់​ៗ​នៅ​ក្នុង​ត្រសក់​ដូចជា​ ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​និង​សារធាតុ​ចិញ្ចឹម​រួម​មាន​វីតាមីន​សេ​(C) ​និង​អាស៊ី​ត​ហ្វូលិ​ក​ (​Folic acid​)​អាច​ជួយ​ឲ្យ​ស្បែក​ទន់​ស្រស់​ថ្លា​និង​មានជីវិត​ជីវា​ឡើងវិញ​។​ ​ប្រសិនបើ​អ្នកតែង​តែ​កើតមុន​ដោយសារ​អារម្មណ៍​តប់ប្រមល់​ម៉ា​ស​ត្រសក់​គឺជា​អ្នក​ដោះស្រាយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​អនុវត្ត​យក​ត្រសក់​មួយ​ចំហៀង​ផ្លែ​កិន​ជាមួយ​យ៉ា​អួ​រ​១​ស្លាបព្រា​បាយ​ ​និង​ជីរ​ឃិនឆាយ​១​ស្លាបព្រា​បាយ​ ​បន្ទាប់មក​យកមក​លាប​លើ​ផ្ទៃមុខ​ទុក​រយៈពេល​១​៥​ទៅ​២​០​នាទី​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​ជាការស្រេច​។​

          គី​វី​: ​ម៉ា​ស​ធ្វើឡើង​ពី​ផ្លែ​គី​វី​គឺ​ពិតជា​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​យ៉ាង​ច្រើនលើស​លុប​។​ ​ផ្លែ​គី​វី​នឹង​ផ្តល់​សំណើម​ដល់​ស្បែក​ដែល​ធ្វើឲ្យ​ស្បែក​ទន់​លោង​ភ្លឺ​ថ្លា​។​ ​ធ្វើការ​កាត់​ផ្លែ​គី​វី​ជា​ចំណិត​ៗ​រួច​ដាក់​កិន​នៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ ​ប៉ុន្តែ​មិនបាច់​ឆ្កឹះ​គ្រាប់​ចេញ​នោះ​ទេ​ ​ពីព្រោះ​គ្រាប់​វា​មាន​តួនាទី​ជា​ស្ក្រាប់​ដុះ​ខាត់​ជម្រុះ​កោសិកា​ស្បែក​ងាប់​ផង​ដែរ​។​ ​អ្នក​អាច​កិន​គី​វី​តែឯង​ឬ​កិន​លាយ​ផ្លែឈើ​ផ្សេងៗ​ដែល​អ្នកចូលចិត្ត​ក៏បាន​ដូចជា​ ​ចេក​ ស្ត្រូ​បូរី​ ​ឬ​ល្ហុង​ជាដើម​ ​បន្ទាប់មក​យកមក​លាប​បំពោក​លើ​ផ្ទៃមុខ​ទុក​រយៈពេល​១​៥​ទៅ​២​០​នាទី​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។

          ទំពាំងបាយជូរ​: ​ការសិក្សា​ថ្មីៗ​ជាច្រើន​បង្ហាញ​ថា​ទំពាំងបាយជូរ​ ​និង​ពពួក​ផ្លែ​ប៊ឺ​រី​ផ្សេងទៀត​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ខ្ពស់​ដែល​ដើរតួ​ជា​អ្នកផ្តល់​ថាមពល​ដល់​ស្បែក​ ​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ​ពិសេស​ស​ម្អា​ត​ស្បែក​បាន​យ៉ាងល្អ​។​ ​សម្រាប់​ការ​ធ្វើ​ម៉ា​ស​ទំពាំងបាយជូរ​ ​អនុវត្ត​យក​ទំពាំងបាយជូរ​៤​ទៅ​៥​ផ្លែ​កិន​ឲ្យ​ម៉ដ្ត​និង​បន្ថែម​ដោយ​ទឹកឃ្មុំ​ឬ​យ៉ា​អួ​រ​១​ស្លាបព្រា​បាយ​។​ ​យក​ល្បាយ​កិន​ក្លាយ​ជា​ម៉ា​សម​កលាប​ត្រដុស​លើ​ផ្ទៃមុខ​ ​និង​ទុកចោល​រយៈពេល​ពី​១​៥​ទៅ​២​០​នាទី​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត​។​ ​ម៉ា​ស​នេះ​ផង​ដែរ​ក៏​នឹង​ជួយ​ឲ្យ​សម្រស់​ស្បែក​ចាំ​មើលទៅ​ក្មេង​ជាង​វ័យ​៕​

Article by​ HEMSOKKHIM


SUGGESTIONS