នៅប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានមកដល់ រីឯប្រជាជនចិន និងប្រជាជនខ្មែរជាប់សែស្រឡាយចិនមួយចំនួនប្រាកដជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយនឹងការរៀបចំផ្ទះ
សំបែងឲ្យមានសណ្តាប់ធ្នាប់ ក៏ដូចជាការត្រៀមទុកនូវប្រភេទបន្លែ ផ្លែឈើស្រស់ៗ ឬភេសជ្ជៈនានា ដើម្បីត្រៀមចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងប្រារព្ធឡើងឆាប់ៗនេះ។ ទន្ទឹមនឹងនេះផងដែរ ប្រជាជនចិនតែងមានជំនឿ និងតំណរជាច្រើន ក្នុងនោះប្រជាជនចិនមានជំនឿលើការទទួលទានបង្អែមដែលនឹងនាំគ្រួសារពួកគេជួបប្រទះទៅនឹងលាភសំណាង ក៏ដូចជានាំឲ្យគ្រួសារពួកគេមានសុភមង្គលជាដើមផងដែរ។
១. នំល្ង (មូល)
ជាទូទៅ ប្រជាជនខ្មែរតែងនិយមហៅនំប្រភេទនេះថា «នំល្ងរមូល» ក៏ព្រោះតែការហៅដូច្នេះដែរមានភាពងាយស្រួលកត់ចំណាំ ក៏ប៉ុន្តែសម្រាប់ប្រភេទល្ងរមូលនេះត្រូវបានប្រជាជនចិនហៅថា «麻球 máqiú maa-chyoh ឬក៏ 麻通 mátōng maa-tong» ដែលនំប្រភេទនេះត្រូវបានគេដឹងផងថាអាចធ្វើពីម្សៅអង្ករ រួចគ្រាន់តែបន្ថែមស្នូលសណ្តែកក្រហមខាងក្នុងនំ រួចបន្ថែមល្ងស រួចធ្វើការចម្អិនដោយការបំពងនំនោះជាការស្រេច។ ជាមួយគ្នានេះដែរ កត្តាដែលគេពុំអាចខ្វះប្រភេទនំល្ងរមូលក្នុងពិធីបុណ្យចូលឆ្នាំប្រពៃចិនបាន ក៏ព្រោះតែគេមានជឿថាកុងម៉ារបស់គេដែលបានចែកឋានទៅនឹងមើលថែពួកគេ ហើយថែមទាំងធ្វើឲ្យគេកាន់តែមានជំនឿរឹងមាំថែមទៀត។
២. នំសណ្តែកដី
ពីមួយឆ្នាំ ទៅមួយឆ្នាំនំសណ្តែកត្រូវបានគេចាត់ទុកជានំបន្ថែមដ៏សំខាន់ជាងគេបង្អស់ ក៏ព្រោះតែនំសណ្តែកដីត្រូវបានគេជឿជាក់ថាវានឹងធ្វើឲ្យពួកគេមានអាយុរស់នៅបានយូរ និងតំណាងឲ្យលាភសំណាង
ផ្សេងៗដល់គ្រូសាររបស់គេផងដែរ។ ហេតុដូច្នេះហើយ បានជានំសណ្តែកដីតែងមានវត្តមានក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
៣. នំពុម្ពផ្កា
នំពុម្ពផ្កា ដែលភាសាចិនហៅថា 糖环 ជាប្រភេទនំតំណាងឲ្យការរួបរួមគ្នា និងភាពផ្អែមល្ហែមរវាងទំនាក់ទំនងសមាជិកគ្រួសារ ទំនាក់ទំនងក្រុមការងារ ឬគូស្នេហ៍ជាដើម។ ដូច្នេះហើយទើបនំពុម្ពផ្កា ឬភាសាចិនហៅថា 糖环 និយមប្រើប្រាស់ក្នុងការសែនព្រេននៅពិធីចូលឆ្នាំប្រពៃណីចិន តួយ៉ាង ស្ថិតនៅក្នុងប៉ែកខាងត្បូង និងខាងជើងនៃប្រទេសចិន។
Article by PAN SIVLY