×

«​សួរ​មួយ​»​គេហទំព័រ​ដែល​ចាំ​ជួយ​ផ្តល់​ជាទី​ប្រឹក្សា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដោយ​ឥតគិតថ្លៃ​ ​ ​

NEWS 6 days ago
 
 

​            «​សួរ​មួយ​»​ ​គឺជា​គេហទំព័រ​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ ​ជួយ​បង្ហាញផ្លូវ​ ​និង​ផ្តល់​ជា​យោបល់​ឲ្យ​យុវជន​កម្ពុជា​ក្នុង​ការបាន​ជួប​ជាមួយនឹង​អ្នកមាន​បទពិសោធន៍​ក្នុង​ផ្នែក​ណាមួយ​ដូចជា​៖​ ​ការស្វែងរក​អាហារូបករណ៍​,​ ​ការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ ​និង​ចាប់ផ្តើម​អាជីវកម្ម​ជាដើម​។​ ​យ៉ាងហោចណាស់​ក៏​មាន​វាគ្មិន​ដែល​មានបទពិសោធន៍​ជោគជ័យ​ប្រមាណ​ជា៨៣​ ​រូប​បាន​នឹង​កំពុង​រង់ចាំ​ជួយ​បើកផ្លូវ​ជូន​យុវជន​កម្ពុជា​ ​ដោយ​ផ្តល់​ជា​ការ​ប្រឹក្សា​យោបល់​ ​ផ្តល់​ជា​គំនិត​ ​ជា​ដំបូន្មាន​និង​ចែករំលែក​នូវ​បទពិសោធន៍​របស់​ខ្លួន​ទៅដល់​យុវជន​ជំនាន់​ក្រោយដែល​កំពុងតែ​ជួប​នូវ​បញ្ហា​នានា​ដោយ​ ​ឥតគិតថ្លៃ​។​

           ​​ លោក​អ៊ូ​ ​រិទ្ធី​ ​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​គេហទំព័រ​នេះ​ ​និង​ជា​អ្នក​ធ្លាប់​បម្រើការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ធ្វើការ​ជាមួយនឹង​យុវជន​ជាច្រើន​កន្លងមក​នោះ​បាន​លើកឡើង​ថា​ ​ដោយសារតែ​លោក​ត្រូវ​បាន​ ​សិស្ស​វិទ្យាល័យ​ជាច្រើន​តែងតែ​ចោទសួរ​អំពី​ការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​ឯ​សាកល​វិទ្យាល័យ​ ​ការស្វែងរក​អាហារូបករណ៍​ ​និង​ការ​ជ្រើសរើស​មុខជំនាញ​វិជ្ជា​ជី​វៈ​ផ្សេង​ៗ​ទៀត​ជាដើម​នោះ​ ​ទើប​ធ្វើឲ្យ​លោក​សម្រេចចិត្ត​បង្កើត​នូវ​គេហទំព័រ​ ​«​សួរ​មួយ​»​ ​ជាមួយនឹង​ក្រុម​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​ក្រុម​នេះ​ឡើង​។​ ​លោក​បាន​បន្ត​ថា​មិន​ត្រឹមតែ​សិស្ស​វិទ្យាល័យ​នោះ​ទេ​ ​ក៏​មាន​ផង​ដែរ​នូវ​បុគ្គលិក​អង្គការ​នានា​តែងតែ​ចោទសួរ​អំពី​ការ​ផ្តាស់​ប្តូរ​ការងារ​ ​ការអភិវឌ្ឍន៍​ខ្លួន​និង​ការ​បន្ត​ការសិក្សា​បន្ថែម​ជាច្រើន​ផង​ដែរ​។​ ​គេហទំព័រ​ ​ដែល​ចាប់​បើក​ដំណើរការ​តាំងពី​ខែមីនា​ ​ឆ្នាំ២០១៨នេះ​ ​យ៉ាងហោចណាស់​មាន​អ្នក​ប្រឹក្សា​ដែល​មាន​ជំ​នាញ​ផ្សេង​ៗ​និង​មានបទពិសោធន៍​ជោគជ័យ​ ​ជាមួយនឹង​ផ្នែក​ចំនួន​ ​ប្រាំ​ដូចជា​៖​ ​ជ្រើសរើស​មុខវិជ្ជា​ ​អាហារូបករណ៍​ ​សហគ្រិន​ ​អាជីព​ ​និង​វិជ្ជាជីវៈ​។​ ​«​សួរ​មួយ​»​ ​ជា​វេទិកា​ដែល​អាច​ឲ្យ​អ្នក​ដែល​ត្រូវការ​ជំនួយ​និង​អ្នក​ដែល​ចង់​ជួយ​ពិតប្រាកដ​អាច​ជួបគ្នា​បាន​តាមរយៈ​ការប្រើ​ប្រាស់​នូវ​អ៊ី​ម៉ែ​ល​ដែល​មានការ​បង្ហាញ​ជូន​ក្នុង​គេ​ទំព័រ​នេះ​តែម្តង​។​

           ​​ ​ជាមួយគ្នា​នេះ​ដែរ​គេហទំព័រ​ ​«​សួរ​មួយ​»​ ​នេះ​ក៏បាន​បង្ហាញ​ពី​ពេលវេលា​ ​ក៏ដូចជា​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ប្រឹក្សា​នី​មួយ​ៗ​ ​ដែល​អាច​ឲ្យ​អ្នក​ចង់​ណាត់ជួប​អាច​ស្វែងរក​នូវ​អ្នក​ប្រឹក្សា​ត្រូវជា​មួយ​នឹង​បញ្ហា​ដែល​ខ្លួន​កំពុងតែ​ជួបប្រទះ​ផង​ដែរ​។​ ​លោក​អ៊ូ​ ​រិទ្ធី​៖​ ​«​ខ្ញុំ​សម្លឹងឃើញ​ថា​អ្នក​ដែល​ចង់​ជួយ​ដល់​យុវជន​ខ្មែរយើង​នេះ​មាន​ច្រើន​នាក់​ណាស់​ពិសេស​គឺ​អ្នក​ដែល​មក​ពី​ខេត្ត​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ ​ហើយ​ពួកគេ​រីករាយ​ ​និង​ស្វាគមន៍​ចាំ​ផ្តល់​ជា​យោបល់​ ​និង​ចែករំលែក​នូវ​បទពិសោធន៍​ខ្លួន​ ​ខ្ញុំ​ចង់​មាន​ ​platform​ ​មួយ​ដើម្បី​ប្រមូល​ផ្តុំ​អ្នក​ដែល​មានបទពិសោធន៍​ឲ្យ​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ផង​ដែរ​»​។​ ​ដូច្នេះ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​ក្លាយជា​អ្នក​ផ្តល់​ប្រឹក្សា​នៅក្នុង​គេហទំព័រ​ ​«​សួរ​មួយ​»​ ​និង​ចង់​ចែករំលែក​នូវ​បទពិសោធន៍​ដើម្បី​ជួយ​ដល់​យុវជន​ជំនាន់​ក្រោយ​នោះ​ ​លោកអ្នក​អាច​ទាក់ទង​ជាមួយនឹង​លោក​ ​អ៊ូ​ ​រិទ្ធី​ផ្ទាល់​តែម្តង​។​ ​បច្ចុប្បន្ន​ ​លោក​អ៊ូ​ ​រិទ្ធី​និង​ក្រុមការងារ​ក៏​កំពុងតែ​ចុះ​ផ្សព្វផ្សាយ​ពីអ​ត្ថ​ប្រយោជន៍​នៃ​គេហទំព័រ​នេះ​ជា​ដំណឹង​ជូន​សិស្ស​វិទ្យាល័យ​នៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ​៕​ ​

​Article​ ​by​ ​KEO SONG



SUGGESTIONS