អ្នកច្នៃម៉ូដ ស៊ឹង ឡៃស៊ីម បង្ហាញពីបច្ចេកវិទ្យា CLO 3D ដែលជាជំនួយការដ៏វៃឆ្លាតក្នុងការច្នៃម៉ូដសម្លៀកបំពាក់ឌីជីថល
NEWS 5 hours agoបន្ទាប់ពីបានធ្វើការដើរបង្ហាញម៉ូដហ្វេហ្សិននៃខូឡូកហ្សិន “Jungle Drapes the Temples” ដែលបានប្រារព្ធនៅសាកវិទ្យាល័យ Parsons School of Design ស្ថិតនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកជោគជ័យ អ្នកច្នៃម៉ូដ ស៊ឹង ឡៃស៊ីម បានបង្ហាញក្រុម សូវរីន ពីគម្រោងដ៏ទាក់ទាញរបស់ខ្លួនបន្ថែមទៀតដែលមានឈ្មោះថា CLO ដែលជាកម្មវិធីទូរសព្ទជំនាន់ថ្មីដែលបង្កើតឡើងសម្រាប់បង្កើតលំនាំម៉ូដសម្លៀកបំពាក់ហ្វេហ្សិនផងដែរ។
CLO 3D គឺមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់រវាងគំនិតច្នៃប្រតិដ្ឋ និងការអភិវឌ្ឍផ្នែកបច្ចេកទេសសម្រាប់ការឌីហ្សាញម៉ូដផ្ទាល់តែម្តង។ តាមការលើកឡើងរបស់ ឡៃស៊ីមបានបញ្ជាក់ថា “បន្ទាប់ពីការគូរព្រាង (Sketching) ខ្ញុំប្រើ CLO 3D ដើម្បីបំប្លែងគំនិតទាំងនោះទៅជាសម្លៀកបំពាក់ជាក់ស្តែង ដែលបានធ្វើឱ្យខ្ញុំអាចសាកល្បងទៅលើសមាមាត្រនៃការដំឡើងម៉ូដ និងចលនារបស់សម្លៀកបំពាក់នីមួយៗ។ ម៉្យាងវិញទៀត CLO 3D បានជួយដល់ការគិតរបស់ខ្ញុំឲ្យកាន់តែមានច្បាស់លាស់អំពីការបង្កើតពុម្ភសម្លៀកបំពាក់ (Pattern-making) និងការវាស់ខ្នាតឱ្យត្រូវរាង (Fit) ស្របពេលដែលខ្ញុំកំពុងតែច្នៃម៉ូដបន្ថែមទៀតបានដោយសេរីភាពបន្ថែមទៀត។” លើសពីនេះទៅទៀត កម្មវិធី CLO 3D ក៏បាផ្តល់ភាពងាយស្រួលសម្រាប់អ្នកច្នៃម៉ូដរូបនេះឱ្យមើលឃើញនូវរូបរាងសម្លៀកបំពាក់ ជាក់ស្តែងតែម្តង (Real-time) ដែលបង្កើន ការរចនានៃម៉ូដនីមួយៗកាន់តែមានប្រសិទ្ធភាព និងចំគោលដៅខុសពីសព្វមួយដង។ យុវជនរូបនេះក៏បានលើកបញ្ជាក់ថា “ខ្ញុំអាចកែសម្រួលរូបរាងសម្លៀកបំពាក់ (Silhouettes) សាកល្បងជាមួយប្រភេទសាច់ក្រណាត់ និងកែសម្រួលព័ត៌មានលម្អិតបានយ៉ាងរហ័ស ដោយមិនចាំបាច់ខ្ជះខ្ជាយសម្ភារៈ និងចំណាយពេលវេលាក្នុងការធ្វើសាកល្បងពីប្រភេទសាច់ក្រណាត់នីមួយៗនោះឡើយ។ ដំណើរការទាំងអស់នេះដែរបានជួយឱ្យខ្ញុំរកឃើញពីបញ្ហានៃការរចនាបានឆាប់រហ័ស និងការសម្រេចនៃការអភិវឌ្ឍលទ្ធផលបានកាន់តែល្អឥតខ្ចោះសម្រាប់ការផលិតនៃសម្លៀកបំពាក់។
កម្មវិធី CLO 3D បានផ្តល់នូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់មានភាពងាយស្រួល និងមានសមត្ថភាពខ្ពស់ជួយដល់ការរចនាម៉ូដសម្លៀកបំពាក់។ ទោះបីជាកម្មវិធីនេះទាមទារឱ្យមានការយល់ដឹងផ្នែកបច្ចេកទេសក៏ដោយ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ដំបូងដៃ ហ្វឹកហាត់បានស្ទាត់ជំនាញ កម្មវិធីនេះនឹងផ្តល់ឱ្យអ្នករចនាម៉ូដនូវសមត្ថភាពគ្រប់គ្រងលើការច្នៃប្រឌិតយ៉ាងខ្លាំងក្លា និងឆ្លាតវៃលើសពីការរំពឹងទុក និងម៉្យាងវិញទៀត CLO 3D ក៏បានផ្តល់នូវអារម្មណ៍សម្រាប់អ្នកប្រើប្រាស់ប្រៀបដូចជាកំពុងធ្វើការដោយផ្ទាល់ជាមួយសាច់ក្រណាត់នៅក្នុងលំហឌីជីថលផ្ទាល់តែម្តង។
មុននឹងកិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារ សូវរីន និងឡៃស៊ីម ត្រៀមនឹងបញ្ចប់ អ្នកច្នៃម៉ូដវ័យក្មេងរូបនេះបានបង្ហើបឲ្យដឹងពីអត្ថប្រយោជន៍របស់ CLO 3D យ៉ាងដូច្នេះថា “មុខងារដែលមានសំខាន់ និងល្អបំផុតសម្រាប់ខ្ញុំគឺជាការបង្ហាញរូបរាងសម្លៀកបំពាក់ក្នុងពេលជាក់ស្តែង (Real-time simulation) ការគ្រប់គ្រងលើលក្ខណៈសម្បត្តិសាច់ក្រណាត់ និងការកែសម្រួលពុម្ភសម្លៀកបំពាក់។ ឧបករណ៍ទាំងនេះជួយឱ្យខ្ញុំយល់ដឹងពីរបៀបដែលម៉ូដសម្លៀកបំពាក់មានចលនានៅលើរាងកាយ និងជួយលើកកម្ពស់ទាំងផ្នែកសោភ័ណភាព និងការដំឡើងម៉ូដ។ លើសពីនេះ CLO 3D ក៏ជួយសម្រួលដល់ការទំនាក់ទំនងឱ្យកាន់តែច្បាស់លាស់តាមរយៈរូបភាពលទ្ធផល ដែលវាមានតម្លៃណាស់សម្រាប់ការធ្វើបទបង្ហាញ ការសហការការងារ និងការរៀបចំកម្រងស្នាដៃ (Portfolio) ប្រកបដោយវិជ្ជាជីវៈ៕
Article by Sivly Pan (Emily Siv)