“មេឡូឌីជីវីត” គឺជាប្រធានបទមួយពីការតាំងពិព័រណ៍គំនូរដ៏ទាក់ទាញបំផុតដែលជាការឆ្លុះបញ្ជាំងនៃសន្តិភាពរបស់វិចិត្រករខ្មែរ អ៊ីម ពិសី។ ស្នាដៃរបស់លោកត្រូវបានដាក់តាំងបង្ហាញនៅតាមបណ្តាប្រទេសអាស៊ីជាច្រើនដូចជា៖ ប្រទេសជប៉ុន កូរ៉េខាងត្រូង វៀតណាម ឥណ្ឌា និងតាមបណ្តាប្រទេសផ្សេងទៀត។





វិចិត្រករ អុីម ពិសី មានចាប់ផ្តើមមូលដ្ឋានគ្រឹះផ្នែកគំនូរសិល្បៈពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាសិល្បៈយ៉ាម៉ាដា ដែលក្នុងនោះវិចិត្រកររូបនេះបានសិក្សាពីក្បួនខ្នាតបុរាណ បច្ចេកទេសគំនូរ Academic Drawing និងការប្រើប្រាស់ពណ៌ទៅលើផ្នែកនីមួយៗនៃគំនូរ រួមទាំងការឈ្វេងយល់ពីអត្តសញ្ញាណនៃការគូររបស់ខ្លួនផងដែរ។ លោក ពិសី បានលើកឡើងថា ”សិល្បៈមិនមែនត្រឹមតែសម្រាប់មើលឃើញដោយភ្នែកប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីដែលជួយព្យាបាលចិត្ត ឆ្លុះបញ្ចាំងពីតថភាព និងផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ” ។ សិល្បករដដែលបានបញ្ជាក់ថា បទពិសោធន៍មួយដែលជាវិន័យនោះគឺ “រាល់ស្នាមជក់នីមួយៗត្រូវតែបង្កប់នូវអត្ថន័យ និងមនោសញ្ចេតនា” ដែលនេះបានជំរុញទឹកចិត្ត និងស្មារតីរបស់លោករហូតមកដល់សព្វថ្ងៃ និងបានធ្វើការដាក់តាំងបង្ហាញពិព័រណ៍គំនូរទោលក្រោមប្រធានបទ “ដំណើរសិល្បៈជាមួយវិចិត្រក អ៊ីម ពិសី” (A Journey with Im Pesey) និងការតាំងពិព័រណ៍គំនូរជាក្រុម “ពេលវេលាក្រោមមកុដ៖ ព្រះនាង និងអនុស្សាវរីយ៍នៃទីក្រុង” (Time Beneath the Crown: The Princess and the Memory of the City” ផងដែរ។
តាមរយៈការសន្ទនាជាមួយក្រុមការងាររបស់ សូវរីន វិចិត្រកររូបនេះបានបញ្ជាក់ថា បច្ចេកទេសនៃការគូរគំនូររបស់ខ្លួនគឺជាការរូមបញ្ចូលគ្នានូវពណ៌ស្រទន់ (Pastel tones) ហើយជារឿយៗ លោកតែងតែលាយបញ្ចូលប្រភេទពណ៌ដូចជា៖ ប្រភេទពណ៌ប្រេង ប្រភេទពណ៌អាគ្រីលីក (Acrylic) ឬប្រភេទពណ៌ទឹក (Watercolour) ដើម្បីបង្កើតបាននូវសាច់ពណ៌ (Texture) ដែលផ្តល់អារម្មណ៍ទាំងភាពទន់ភ្លន់ និងភាពស៊ីជម្រៅ។ ក្នុងចំណោមគំនូររបស់លោកផ្ទាល់ ខូឡិកហ្សិនដែលមានឈ្មោះថា “ភាពរស់រវើកនៃទីក្រុង” (Urban Liveliness) គឺជាស្នាដៃសិល្បៈមួយដែលលោកស្រឡាញ់បំផុត។ លោកបានបញ្ជាក់ថា៖ ផ្ទាំងគំនូរនេះបង្ហាញពីចង្វាក់នៃជីវិតរស់នៅប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ ដោយផ្តោតសំខាន់ទៅលើផ្សារធំថ្មី ដែលជាសំណង់និមិត្តរូបដ៏ល្បីល្បាញបំផុតមួយរបស់កម្ពុជា។ វិចិត្រករនេះបង្ហាញថា “អ្វីដែលខ្ញុំចង់បង្ហាញ មិនមែនត្រឹមតែរចនាបថស្ថាបត្យកម្មនៃតួផ្សារនោះទេ ប៉ុន្តែគឺស្មារតីរបស់មនុស្សជាតិដែលបំពេញទីនោះឱ្យមានជីវិត៖ រាប់ចាប់តាំងពីអ្នកធាក់ស៊ីក្លូដែលកំពុងរង់ចាំម៉ូយ អ្នកលក់ដូរដែលកំពុងរៀបចំឆ័ត្រចម្រុះពណ៌របស់ពួកគេ និងមនុស្សម្នាដែលកំពុងធ្វើដំណើរយ៉ាងស្រទន់កាត់ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម។” វិចិត្រកររូបនេះបញ្ជាក់ថា “សម្រាប់រូបខ្ញុំ ផ្ទាំងគំនូរនេះតំណាងឱ្យភាពធន់ និងថាមពលនៃជីវិតខ្មែរ គឺជារូបភាពដែលបង្ហាញថាមនុស្សគ្រប់គ្នានៅតែបន្តធ្វើការ មានស្នាមញញឹម និងរស់នៅដោយក្ដីសង្ឃឹម ទោះបីជាត្រូវប្រឈមនឹងការលំបាកក្នុងជីវិតប្រចាំថ្ងៃយ៉ាងណាក៏ដោយ។ ការលាយបញ្ចូលគ្នានៃពណ៌ក្ដៅ និងពណ៌ត្រជាក់ ឆ្លុះបញ្ចាំងពីសុខដុមរមនា និងភាពចម្រុះនៅក្នុងទីក្រុង។ រាល់ពណ៌ និងចលនានៅក្នុងគំនូរនេះ រំលឹកខ្ញុំអំពីភាពស្រស់ស្អាតដែលយើងអាចស្វែងរកបាននៅក្នុងខណៈវេលាដ៏សាមញ្ញបំផុត។ជាក់ស្តែង ស្នាដៃនេះមានអត្ថន័យពិសេសជ្រាលជ្រៅក្នុងចិត្តរបស់ខ្ញុំ ព្រោះវាមិនត្រឹមតែជាការចងចាំអំពីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីរបៀបដែលខ្ញុំមើលឃើញប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺជានិទស្សន្តនៃភាពរស់រវើក រឹងមាំ និងពោរពេញដោយថាមពលជីវិតផងដែរ៕”
Article by Sivly Pan (Emily Siv)