សង្ក្រាន្តចូលមកឬពាក្យសាមញ្ញនិយាយថាចូលឆ្នាំថ្មីនឹងឈានចូលមក ដល់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ទន្ទឹមនឹងនោះដែរ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិន ថាមន្រ្តីរាជការតាមស្ថាប័នរដ្ឋ បុគ្គលិកតាមក្រុមហ៊ុនឯកជននានា ឬអាជីវករលក់ដូរនោះទេ ពួកគាត់បានឈប់សម្រាកដើម្បីធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា ឬក៏បន្តដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនជាដើម។ ដោយឡែកសម្រាប់អ្នកដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង ពួកគាត់មិនបានធ្វើដំណើរទៅតាមបណ្ដាខេត្តដូចបុគ្គលមួយចំនួនដែលមានស្រុកកំណើតនៅតាមខេត្តនោះទេ។ ហើយមានអ្នកខ្លះទៀតគិតថាថ្ងៃឈប់សម្រាកអីចឹង មិនចង់ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ណាឆ្ងាយៗពេកនោះទេ ព្រោះវាអាចធ្វើឱ្យពួកគាត់ចំណាយពេលវេលាយូរក្នុងការធ្វើដំណើរហើយនឿយហត់អស់កម្លាំង។ សម្រាប់ពេលនេះ សូវរីន សូមធ្វើការបង្ហាញជូនប្រិយមិត្តថាក្នុងអំឡុងពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិយើងនេះអ្នកត្រូវចំណាយពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសាររបស់អ្នកយ៉ាងណាខ្លះ?
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក មានរានទទួលទេវតាមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាក់ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ បារី ស្លាម្លូ ដាក់លើជើងពានមួយ ផ្លែឧទុម្ពរ(ផ្លែល្វា)និងដូងឡៅមួយគូ។ ក្នុងនោះផងដែរ ក៏មានអ្នកខ្លះរៀបចំធ្វើពិធីសុំខមាទោសចំពោះឪពុកម្ដាយដើម្បីលាងនូវរាល់ទង្វើនឹងពាក្យសម្ដីដែលបានប្រព្រឹត្តខុសទៅលើគាត់ និងនិមន្តព្រះសង្ឃមកស្រោចទឹកជាមួយគ្រួសារដើម្បីលើករាសីឱ្យមានសិរីសួស្ដីក្នុងឆ្នាំថ្មី។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត សម្រាប់ថ្ងៃទី១ ក្រោយពីរៀបចំផ្លែឈើដាក់សែនសម្រាប់ទទួលទេវតាក្នុងឆ្នាំថ្មីហើយនោះ ប្រាកដណាស់ថាអ្នកទាំងអស់គ្នានឹងរៀបចំបាយសម្លនំចំណីមួយចំនួនយកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីវត្តអារាមមួយចំនួនដើម្បីជាការឧទ្ទិសមគ្គុសលផលបុណ្យ ដែលមានជូនទៅដល់ញាតិការទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ។ ចំពោះអ្នកនៅភ្នំពេញប្រសិនបើមិនបានទៅណាទេ នៅថ្ងៃចូលឆ្នាំទី១ អ្នកអាចទស្សនា ឬចូលលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ដែលរៀបចំនៅរាជធានីភ្នំពេញតែម្ដង។
ល្បែងប្រជាប្រិយ និងការកម្សាន្តមួយចំនួន នឹងរៀបចំឲ្យមាននៅរមណីយដ្ឋានវត្តភ្នំ និងនៅតាមវត្តអារាមនានាក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះនៅបើនៅភ្នំពេញមិនបានទៅកម្សាន្តនៅកន្លែងណាទេ អាចទៅលេងនៅវត្តភ្នំទាំងអស់គ្នា។ ឬមួយវិញទៀតក្រោយពីត្រឡប់មកពីវត្តហើយនោះ ច្បាស់ណាស់ថាអ្នកនឹងមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ ហេតុដូច្នេះពេលល្ងាចបន្តិចអ្នកអាចធ្វើដំណើរទៅកាន់ Nata Spa ដែលជាកន្លែងមួយជួយបំបាត់នូវភាពនឿយហត់ជាមួយនឹងការម៉ាស្សាលើដងខ្លួន អ្នកអាចសាកល្បងជាមួយ Aromatic Body Massage ព្រោះវាអាចជួយសម្រួលដល់សរសៃ ដែលមានសភាពស្ពឹកជួយឲ្យដើរស្រួល និងជួយសម្រួលដល់សាច់ដុំធ្វើឲ្យដងខ្លួនរបស់យើង បានធូរស្រាល និងមានអារម្មណ៏ថាស្រួលខ្លួនថែមទៀតផង។ ចំពោះអ្នកដែលមានអាការៈហត់នឿយ ឬស្រ្តេសខ្លាំងគិតអីមិនចេញអាចសាកល្បងជាមួយនឹង head and back (ក្បាល និងខ្នង) ម៉ាស្សាព្រោះវាជួយសម្រួលនូវភាពតានតឹងនិងធ្វើឲ្យយើងមានភាពធូរស្រាល និងមានអាម្មណ៍ស្រស់ស្រាយឡើងវិញ។ ក្រោយពីបញ្ចប់ការម៉ាស្សាហើយនោះអ្នកអាច បន្តដំណើរកម្សាន្តនាពេលរាត្រីទៅទទួលទានអាហារដែលមានរសជាតិដើមរបស់ខ្មែរនៅភោជនីយដ្ឋានដែលកំពុងតែទទួលបាននូវការពេញនិយមពីសំណាក់ភ្ញៀវជាតិ ក៏ដូចជាអន្តរជាតិជាមួយរសជាតិដើម ម្ហូបខ្មែរដ៏មានឱជារសនោះគឺភោជនីយដ្ឋាន ម្លិះ និងភោជនីយដ្ឋាន រំដេង។
ចូលដល់ថ្ងៃទី២ ជាថ្ងៃវនបត កូនចៅអាចជូនជាសម្លៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល យើងអាចនាំគ្នាទៅពូនភ្នំខ្សាច់ ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានចែកឋានទៅ។ ក្នុងថ្ងៃទី២នេះ ប្រិយមិត្តអាចធ្វើដំណើរកម្សាន្តទៅកាន់ រមណីដ្ឋានភ្នំឧត្តុង្គ (ដែលភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស)។ ដើម្បីទៅដល់ទីនោះយើង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ "ភ្នំពេញ-បាត់ដំបង" លុះដល់គីឡូម៉ែត្រ លេខ៧ មានផ្លូវលំបត់ចូលខាងឆ្វេងដៃចម្ងាយប្រមាណ៣.៥ គ.ម បើចម្ងាយសរុបពីភ្នំពេញ៤០.៥គ.ម។ ភ្នំឧត្តុង្គជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយដែលភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា ព្រោះទីនោះធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ១៦១៨ និង ១៨៦៦។ នាឱកាសនោះដែរប្រិយមិត្តក៏អាចរៀបចំជាចង្ហាន់យកទៅប្រគេនព្រះសង្ឃផងដែរ ហើយអ្នកអាចបន្តដំណើរកម្សាន្តដ៏រីករាយនៅភ្នំឧត្តុង្គដែលមានសម្រស់ធម្មជាតិ និងទេសភាពល្អត្រកាលអមដោយជំនោរខ្យល់ល្អបរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទៅទស្សនាកម្សាន្តនៅទីនោះផងដែរ។ ក្រោយវិលត្រឡប់ពីរមណីដ្ឋានបែបប្រវត្តិសាស្រ្តនេះហើយ ប្រិយមិត្តអាចបន្តដំណើរកម្សាន្តជាមួយការញុំាអាហារឬការទិញឥវ៉ាន់ដ៏សម្បូរបែបដែលមានសុទ្ធតែយីហោម៉ាកល្បីៗ នៅក្នុងរាជធានីភ្នំពេញនៅផ្សារទំនើបៗដែលកំពុងតែរីកសុះសាយក្នុងរាជធានីភ្នំពេញដែលមានដូចជា៖ អ៊ីអនមល Exchange Square Macro Global house ឬ Vattanak Capital ជាដើម ដើម្បីបង្កើនបរិយាកាសស្រស់ស្រាយបន្ទាប់ពីអ្នកធ្វើដំណើរកម្សាន្ត នៅរមណីដ្ឋានបែបប្រវត្តិសាស្រ្តហើយនោះ។ ក្រោយពីបញ្ចប់ការដើរទិញទំនិញហើយនោះ អ្នកអាចសាកល្បងជាមួយការញុំាអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនដ៏រ៉ូមែនទិកជាមួយម្ហូបបែបអឺរ៉ុបនៅក្នុងរាជធានីភ្នំពេញនៅភោជនីយដ្ឋាន Topaz ដែលប្រកបទៅដោយបរិយាកាសគួរជាទីមនោរម្យ។ ប្រសិនបើអ្នកចង់សាកល្បងនូវរសជាតិមុខម្ហូបខ្មែរទំនើបអ្នកអាចសាកល្បងទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន ឡឺរ៉ូយ៉ាល់ ដែលអមទៅដោយបរិយាកាសស្ងប់ស្ងាត់ និងពោរពេញដោយឱជារសឈ្ងុយឆ្ងាញ់។
ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំគេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង។ ថ្ងៃទី៣នេះផងដែរ នៅពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប(តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។ វាហាក់បីដូចជាបរិយាកាសមួយដ៏ត្រជាក់ត្រជុំព្រោះប្រជាពលរដ្ឋខ្មែរមូរមីជួបជុំគ្នាក្នុងទីអារាម ដែលមានពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បី ស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង។ ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូល ឆ្នាំខ្មែរម្ដងៗ និងមានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើនត្រជាក់ត្រជុំដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ។
លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយដូចជា៖ ចោលឈូង បោះអង្គញ់ លាក់ កន្សែងនឹងមានការច្រៀងរាំបទចម្រៀងប្រពៃណីផងដែរនៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា នៅពេលចូលថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង។ នៅថ្ងៃបញ្ចប់នៃពិធីបុណ្យប្រពៃណីជាតិនេះផងដែរអ្នកអាចសាកល្បងការកម្សាន្តបែបថ្មីនាពេលរាត្រីនៅ Basacc Land ដែល ជា កន្លែង មួយ បណ្ដុំទៅដោយបារតូចៗជាច្រើនដែលអាចផ្ដល់ឱ្យអ្នកនូវរសជាតិស្រាក្រឡុក ជាច្រើនប្រភេទ តាមចំណង់ចំណូលចិត្តដែលអ្នកត្រូវការ។ បាត់បង បារ ក៏ជាកន្លែងកម្សាន្តនាពេលរាត្រី ដ៏ពេញនិយមមួយនៅក្នុងរាជធានីភ្នំពេញផងដែរ ព្រោះនៅទីនោះមានមិន សូវមានសភាព អ៊ូអរដូចនៅ Basacc Land ឡើយ។ ហេតុដូច្នេះប្រិយមិត្តអាចជ្រើសរើសការកម្សាន្តបែបរាត្រីតាមចំណង់ចំណូលចិត្តបាន៕
Article by HENG CHANMAKARA