នាឡិកាដៃម៉ាក «ពូ» ឆ្លាក់ក្បាច់ម៉ូដនាឡិកាដៃក្នុងទម្រង់រចនាប័ទ្មខ្មែរគួរឲ្យទាក់ទាញ
NEWS 5 years agoគ្រឿងអង្ការដ៏មានតម្លៃបំផុត ហើយពុំអាចខ្វះបានសម្រាប់បុរសគ្រប់វ័យនោះ គឺជានាឡិកាដៃដែលមានការរចនាសាមញ្ញ បែបក្លាស៊ិក ស៊ីវិល័យ អេឡេហ្គង់ និងមានគុណភាពខ្ពស់អាចប្រើប្រាស់បានរយៈពេលយូរជាដើម។ ប្រសិនបើនិយាយពីទីផ្សារនៃការនាំចូល ឬនាំចេញម៉ាកនាឡិកាដៃដែលមានគុណភាពខ្ពស់នោះ ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលមានការនាំចេញនូវប្រភេទនាឡិកាដៃមានគុណភាពខ្ពស់បែបក្លាស៊ិក ស៊ីវិល័យ អេឡេហ្គង់ ដែលបុរសគ្រប់វ័យអាចពាក់បានគ្រប់កាលៈទេសៈទាំងអស់។
នាឡិកាដៃម៉ាក «ពូ» មានវត្តមានក្នុងប្រទេសកម្ពុជាប្រមាណជា ២ឆ្នាំមកហើយពោលគឺតាំងពីក្នុងអំឡុងឆ្នាំ២០១៨ មកម៉្លេះ។ ទន្ទឹមនឹងនេះផងដែរ ម៉ាកនាឡិកាដៃ «ពូ» ជាម៉ាកនាឡិកាដៃដំបូងដែលមានការរចនាម៉ូដនាឡិកាដៃក្នុងទម្រង់ក្បាច់បុរាណខ្មែរ តួយ៉ាង តួនាឡិកានីមួយៗសុទ្ធសឹងតែទាក់ទងនឹងរចនាប័ទ្មខ្មែរ។ ជំនួបជាមួយនឹងស្ថាបនិកម៉ាកនាឡិកាដៃ «ពូ» លោក សែត ពិទូរ្យ បានឲ្យដឹងយ៉ាងដូច្នេះដែរថា សម្រាប់ម៉ូដនាឡិកាដៃដែលក្នុងហាងរបស់លោកច្នៃនោះ ភាគច្រើនជាប្រភេទម៉ាកនាឡិកាដៃដែលមានចំនួនកំណត់ ក៏ព្រោះតែតួនាឡិកាទាំងនោះត្រូវចំណាយពេលវេលាក្នុងការស្វែងរកអត្ថន័យនៃតួនាឡិកាទម្រង់ និងការឆ្លាក់ម៉ូដ។ ជាក់ស្តែង ប្រភេទនាឡិកាដែលស្ថាបនិករូបនេះទើបតែរចនា និងមានតែមួយគ្រឿងឈ្មោះថា «PU Engrave Reahu» ជាប្រភេទនាឡិកាដែលត្រូវបានលោកដកស្រង់ និងឆ្លាក់ក្បាច់ម៉ូដនាឡិកាតាមរចនាប័ទ្មប្រាសាទបន្ទាយស្រី និងរាហ៊ូចាប់ចន្ទលើតួនាឡិកានោះដែលកាន់តែធ្វើឲ្យស្រស់ស្អាតបែបអេឡេហ្គង់តែម្តង។ ទន្ទឹមនឹងនេះផងដែរ អ្វីដែលបានធ្វើឲ្យស្ថានិក លោក ពិទូរ្យ ស្រង់ព័ត៌មានពីប្រវត្តិសាស្ត្រយ៉ាងលម្អិតដែលទាក់ទងទៅនឹងប្រាសាទបន្ទាយស្រី និងរួមបញ្ចូលនឹងរាហ៊ួចាប់ចន្ទ ដើម្បីផលិតនាឡិកា «PU Engrave Reahu» ក៏ព្រោះតែលោកមានបំណងផ្សព្វផ្សាយនូវរចនាប័ទ្មខ្មែរមានតម្លៃបំផុតដែលប្រទេសដទៃទៀតគ្មាន ជាពិសេស សម្រាប់រយៈពេលក្នុងការផលិតនាឡិកាដៃតែមួយគត់ត្រូវបានចំណាយរយៈប្រមាណជាង ៤ខែ ក្នុងនោះរយៈពេល ៣ខែក្នុងការឆ្លាក់ក្បាច់នីមួយៗ ដើម្បីរំលេចចេញជារូបរាងផ្លូវការ។
ថ្វីដ្បិតតែម៉ាកនាឡិកាដៃម៉ាក «ពូ» ត្រូវបានផលិតដោយដៃផ្ទាល់ក្នុងស្រុកក៏ពិតមែន ប៉ុន្តែម៉ាកនាឡិកាដៃដដែលនេះក៏មានទីផ្សារយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ថែមទៀតផង តួយ៉ាង ទីក្រុងឌូបៃនៃប្រទេសអារ៉ាប៉រួម៕
Article by PAN SIVLY
Image Courtesy: PU WATCH OFFICIAL