×

​នំ​ “​ខ្លូត​” ​ជ្រៃ​វៀន​ ​របស់​អ្នកស្រុក​ព្រៃ​ឈ​រដែ​ល​អ្នកដំណើរ​ពេញ​និយម​

TRAVEL & LIVING 4 years ago
 
 

           ​ភូមិ​ស្លែង​ ​ឃុំ​ជ្រៃ​វៀន​ ​ជា​តំបន់​ទីប្រជុំជន​មួយ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ខាងលិច​ផ្សារ​ព្រៃ​ទទឹង​ ​ស្រុក​ព្រៃ​ឈរ​ ​ខេត្ត​កំពង់ចាម​។​ ​ដោយសារ​ភូមិ​សា​ស្រ្ត​នៃ​តំបន់​នេះ​ស្ថិតនៅ​ត្រឹមតែ​មួយគីឡូម៉ែត្រ​ពី​ចំណុច​ថ្នល់​បំបែក​ទៅកាន់​រមណីយដ្ឋាន​ទឹក​ឆា​ ​ទៅកាន់​ស្រុក​ចំការ​លើ​ ​ស្រុក​បារាយណ៍​ (​ខេត្ត​កំពង់ធំ​) ​ស្រុក​កង​មាស​ ​និង​ ​ក្រុង​កំពង់ចាម​ ​ទើប​មាន​រថយន្ត​តូច​ធំ​ដឹក​អ្នកដំណើរ​ជិះ​កាត់ទៅ​មក​ហូរហែ​មិនចេះដាច់​។​ ​ប្រជាជន​ជាច្រើន​គ្រួសារ​អម​សងខាងផ្លូវ​បាន​សង់​តូប​លក់​នំ​ប្រពៃណី​ ​រួម​មាន​ ​នំ​ខ្លូត​ ​នំ​ក​ន្រ្តំ ​នំ​កង​ពណ៌​លឿង​ ​នំថងមួន​ ​នំខ្ញី​ ​នំពពាយ​ ​ចេក​ឆាប​ ​ចេក​កាក់​ ​ដំឡូង​ឆាប​ ​ជាដើម​។​ ​ប៉ុន្តែ​នំ​ដែល​លក់ដាច់​ជាងគេ​ល្បី​ប្រចាំ​តំបន់​នេះ​គឺ​ ​នំ​ខ្លូត​ ​។​

           ​តាម​ការស្រាវជ្រាវ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ​អ្នកបង្កើត​នំ​ខ្លូត​លក់​នៅ​តំបន់​នេះ​មុនដំបូង​គេ​ ​គឺ​ ​លោកយាយ​ ស៊ា​ង​ ​ដែល​គាត់​បាន​ធ្វើ​មរណកាល​ជាង​១​០​ឆ្នាំ​ហើយ​ក្នុង​ព្រះជន្ម​ជាង​ ​៩​០​ ​ឆ្នាំ​។​ ​បច្ចុប្បន្ន​នំ​ខ្លូត​នេះ​ត្រូវ​បាន​កូនចៅ​របស់​គាត់​ផលិត​និង​ដាក់​លក់​ចែកចាយ​បន្ត​ពី​គាត់​។​ ​ប៉ុន្តែ​បើ​តាម​លោកអ៊ំ​ម្នាក់​ឈ្មោះ​ ​មាឃ​ ​ផ​ល្គុ​ណ​ ​ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃ​ឈរ​នេះ​ ​បាន​អះអាង​ថា​ ​រូប​គាត់​ឃើញ​មាន​នំ​ខ្លូត​នេះ​នៅ​ព្រៃ​ឈរ​តាំងពី​គាត់​ធំដឹងក្តី​មក​ ​តាំងពី​ឆ្នាំ​១​៩​៦​៧​ ​ក្នុង​ជំនាន់​ដែល​ស្រុក​ព្រៃ​ឈរ​នេះ​គ្រប់គ្រង​ដោយ​ចៅហ្វាយស្រុក​ឈ្មោះ​ ​ជ័យ​ ​ឥន្ទ​ ​មាន​ងារ​ជា​ឧកញ៉ា​វល្លិ​វ​័​ន​ភក្តី​។​ ​នេះ​បានសេចក្តីថា​នំ​ខ្លូត​មាន​ប្រវត្តិ​ជា​នំ​ប្រចាំ​តំបន់​តាំងពី​សម័យ​សង្គម​រា​ស្រ្ត​និយម​មក​ម្ល៉េះ​ ​គ្រាន់តែ​នៅ​ជំនាន់​មុន​ ​គេ​និយម​ធ្វើ​ទទួលទាន​តែ​ក្នុង​ពិធីការ​ ​ឬ​ ​ពិធីបុណ្យ​ម្តងម្កាល​សម្រាប់​ទទួល​ភ្ញៀវពន្លឺ​ ​មិន​មាន​លក់ដូរ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​សិប្បកម្ម​ដូច​សម័យ​បច្ចុប្បន្ននេះ​ទេ​។​

           ​កញ្ញា​ ​វិច្ឆិកា​ ​ដែល​ជា​យុវតី​ជំនាន់​ក្រោយ​បន្តវេន​ជួយ​លក់​នំ​ខ្លូត​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​ “​សិប្បកម្ម​ ​ភា​រុ​ណ​-​គន្ធា​” ​ដែល​មាន​ឯកទេស​ផលិត​នំ​ខ្លូត​ប្រចាំ​ភូមិ​ស្លែង​នេះ​បានឲ្យ​ដឹង​ថា​ ​គ្រឿងផ្សំ​សំខាន់​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​ផលិត​នំ​នេះ​ ​រួម​មាន​ ​ម្សៅ​អង្ករដំណើប​ ​ស្ករត្នោត​ ​និង​ ​ស្ករស​ ​។​ ​ចំពោះ​សង្វាក់​ផលិតកម្ម​ ​កញ្ញា​អះអាង​ថា​មាន​លក្ខណៈ​សាំញ៉ាំ​ពិបាក​គ្រប់​ដំណាក់កាល​ ​ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ ​គឺ​ត្រូវ​ក្រោក​ធ្វើ​តាំងពី​ម៉ោង​៥​ទៀបភ្លឺ​ ​ហើយ​បន្ត​ចំ​ណោ​យ​ពេល​មួយថ្ងៃ​ពេញ​ទើប​រួចរាល់​។​ ​ដំបូង​ត្រូវ​យក​អង្ករដំណើប​ទៅ​ត្រាំ​ទុក​ ​ដូច​បច្ចេកទេស​ត្រាំ​អង្ករ​ធ្វើ​នំបញ្ចុក​ដែរ​។​ ​បន្ទាប់មក​ ​យក​អង្ករដំណើប​នោះ​ទៅ​ចំហុយ​និង​បុក​ឲ្យ​ក្លាយ​ជា​ម្សៅ​ ​ទើប​យក​បន្ទះ​ម្សៅ​ទៅ​លុ​ញ​ជា​នំ​ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត​សព្វ​ល្អ​ ​។​ ​ចុងក្រោយ​ ​យក​វា​ទៅ​បំពង​ ​ឬ​ ​ក​ណ្តោ​ល​ (​ភាសា​អ្នកស្រុក​) ​រួច​យក​វា​ទៅ​ឆឹង​ស្ករ​ជាការស្រេច​។​ ​ប្រសិនបើ​មេឃ​មិន​មាន​ថ្ងៃ​ក្តៅ​ល្អ​ត្រូវ​យក​បន្ទះ​ម្សៅ​នំ​ទៅ​ឆ្អើរភ្លើង​ជំនួស​ ​ប៉ុន្តែ​គុណភាព​នំ​មិនសូវ​ល្អ​ដូច​ដាក់​ហាលថ្ងៃ​នោះ​ទេ​។​ ​សព្វថ្ងៃ​ ​សិប្បកម្ម​នេះ​ត្រូវ​ចំណាយ​ថ្លៃ​ទៅលើ​កម្មករ​ចំនួន​៥​-​៦​នាក់​ ​ទើប​ផលិត​ទាន់​តម្រូវ​ការ​ជាក់ស្តែង​ប្រចាំថ្ងៃ​ ​ព្រោះ​ត្រូវ​ផលិត​លក់ខ្លួន​ឯង​ផង​ ​និង​ ​លក់​បោះ​ដុំ​ឲ្យ​អ្នកភូមិ​ ​ឬ​ ​ឈ្មួញ​មកពី​តំបន់​ខាងក្រៅ​យក​លក់​បន្ត​ផង​។​ ​ដើម្បី​ធ្វើឲ្យ​នំ​នេះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ​ត្រូវ​សម្រិត​ស្រាំង​ជ្រើសរើស​អង្ករដំណើប​ដែល​មានគុណ​ភាព​ល្អ​ ​និង​ ​យកចិត្តទុកដាក់​លើ​ស្ករ​ពេល​ដែល​ក​ណ្តោ​ល​។​ ​សម្រាប់​នំ​ក្នុង​បរិមាណ​អង្ករ​មួយ​តៅ​ត្រូវ​ប្រើ​ស្ករត្នោត​-​ស្ករស​ដាំ​មួយ​ខ្ទះ​ធំ​ទើប​គ្រប់​ ​គ្រាន់​។​

           ​កញ្ញា​បាន​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​សិប្បកម្ម​នំ​ខ្លូត​ “​ភា​រុ​ណ​-​គន្ធា​” ​កំពុង​បោះ​ដុំ​នំ​ប្រពៃណី​មួយ​នេះ​ទៅកាន់​អាជីវករ​នៅ​ក្រុងភ្នំពេញ​ ​ក្រុង​កំពង់ចាម​ ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​ ​ខេត្ត​បាត់​ដំបង​ ​ជាដើម​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ផលិតផល​របស់​សិប្បកម្ម​ខាងលើ​តែងតែ​ត្រូវ​បាន​ក្រសួង​សិប្បកម្ម​នាំទៅ​តាំង​ពិព័រណ៍​នៅ​រាជធានី​និង​តាម​ ​បណ្តា​ខេត្ត​នានា​បង្ហាញ​សាធារណជន​ក្នុង​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​ ​ចំពោះ​កា​រលក់​ចេញ​ ​តម្លៃ​ធម្មតា​ ​គឺ​ ​១​គីឡូ​ ​តម្លៃ​ ​៦​០​០​០​រៀល​។​ ​ដោយឡែក​ ​សម្រាប់​តម្លៃ​បោះ​ដុំ​ ​១​គីឡូ​ ​៤​៥​០​០​រៀល​ (​ទិញ​ចាប់ពី​១​០​គីឡូ​ឡើង​ទៅ​)​។​ ​ថ្ងៃ​ធម្មតា​ ​កញ្ញា​អាច​លក់​នំ​បាន​ត្រឹម​អង្ករ​មួយ​តៅ​ ​ស្មើ​នំ​៣​០​-​៤​០​គីឡូក្រាម​ ​ប៉ុន្តែ​ចំពោះ​រដូវ​ការ​បុណ្យ​ ​ឬ​ ​ពេល​ដែល​ម៉ូយ​កុម្ម៉ង់​ច្រើន​ ​អាច​លក់​នំ​ដាច់​អស់​រហូត​អង្ករ​ពីរ​ទៅ​បី​តៅ​។​ ​ជាចុងក្រោយ​ ​កញ្ញា​គ្រោង​ថា​នឹង​កែ​លម្អ​បច្ចេកទេស​វេច​ខ្ចប់​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ទាក់ទាញ​ជាង​នេះ​ដើម្បី​ត្រៀម​ប្រកួតប្រជែង​ផលិត​ ​ផល​ស្តង់​ដារ​នាំចូល​ពី​បរទេស​៕

Article by SRIN SOKMEAN


SUGGESTIONS