×

ត្រឹម​ដីឥដ្ឋ​សោះ​ ​ក្រុម​សិប្បករ​ខ្មែរ​ច្នៃ​ក្លាយ​ជា​ក្រវិល​ ​ខ្សែក​ ​ខ្សែដៃ​ ​យ៉ាង​ប្រណីត​

TRAVEL & LIVING 8 months ago
 
 

            ​អង្កាំ​រាប់​រយ​គ្រាប់​សណ្ឋាន​ ​មូល​ ​ជ្រុង​ ​សំប៉ែត​ ​ពណ៌​ចម្រុះ​រំលេច​ក្បូរ​ក្បាច់​ឆ្លាក់​ចាក់ដោត​ក្រង​ត្របាញ់​បង្កើត​បានជា​អលង្ការ​ ​ក្រវិល​ ​ខ្សែក​ ​ខ្សែដៃ​ ​និង​គ្រឿង​តាក់តែង​កាយ​ផ្សេងៗ​ប្រកបដោយ​សិល្បៈ​សហសម័យ​បំផុត​។​ ​ពី​មួយ​ខ្សែ​ទៅ​មួយ​ខ្សែ​ហាក់​បង្ហាញ​ពី​ភាព​លម្អិត​ហ្មត់ចត់​ផលិត​យ៉ាង​យកចិត្តទុកដាក់​ ​មាន​ក្បាច់​ ​មាន​ម៉ូដ​ ​រចនា​ល្អបំព្រង​គួរឲ្យ​ចង់​យកមក​បំពាក់​ស្រោច​ស្រប​លម្អ​លើ​ដងខ្លួន​ជា​ពេកពន់​។​ ​ទាំងនេះ​គឺជា​សមិទ្ធផល​គ្រឿង​លម្អ​កាយ​អង្កាំ​ធ្វើ​ពី​ដីឥដ្ឋ​ផលិត​ក្រោម​ថ្វីដៃ​ក្រុម​សិប្បករ​ខ្មែរ​ឈ្មោះថា​ ​ឃ្លេ​ខាល់​ ខេ​ម​បូ​ឌា ​«​Clay​cult​ ​Cam​bo​d​i​a​»​ ​ដែល​ដឹកនាំ​និង​បាន​បង្កើត​ឡើង​ដោយ​ស្រ្តី​ជនជាតិ​អូស្ត្រាលី​។​

            នៅ​ឆ្នាំ​២​០​១​១​ស្ត្រីជន​ជាតិ​អូស្ត្រាលី​ ​L​uc​i​e​nn​e​ ​Man​z​art​ ​មាន​ជំនាញ​ខាង​ធ្វើ​កុលាលភាជន៍​បាន​ប្រមូល​សមាជិក​បី​នាក់​មក​បង្កើត​ក្រុម​ធ្វើ​គ្រឿង​លម្អ​កាយ​អង្កាំ​ពី​ដីឥដ្ឋ​នៅ​យានដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​ទឹកដី​ប៉ែក​នារ​តី​នៃ​ប្រទេស​កម្ពុជា​។​ ​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​ ​ក្រុម​ផលិត​គ្នា​បួន​នាក់​ដែល​ត្រូវ​បាន​ដាក់ឈ្មោះ​ថា​ ​Clay​cult​ ​នេះ​ ​បាន​សិក្សា​ចម្បង​ទៅលើ​វត្ថុធាតុដើម​ និង​សង្វាក់​ផលិតកម្ម​មិនថា​ ​ការស្វែងរក​ប្រភព​ដីឥដ្ឋ​ ​ធ្វើ​ឡ​ដុត​ ​សាកល្បង​ដុត​គុណភាព​ក​ម្តៅ តេ​ស្ត​ថ្នាំលាប​ឲ្យ​រលោង​ ​និង​បង្វឹក​ក្រុម​ការងារ​រួម​ទាំង​អ្វីៗ​ទាក់ទង​ជាច្រើន​ទៀត​ដើម្បី​ចាប់ផ្តើម​រោងជាង​។​

            ​មកដល់​ឆ្នាំ​២​០​១​៣​ ​Clay​cult​ ​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ទៅ​ខេត្ត​សៀមរាប​ ​គ្រានេះ​ហើយដែល​ជា​ការ​ចាប់ផ្តើម​លេចមុខលេចមាត់​មាន​ផ្លែផ្កា​ទាំងស្រុង​នៅ​លើ​ទី​ផ្សារ​។​ ​តួយ៉ាង​រយៈពេល​ដ៏​ខ្លី​ផលិតផល​របស់​ ​Clay​cult​ ​ទទួល​បានការ​គាំទ្រ​គួរឲ្យ​កត់​សម្គាល់​ដោយ​បង្កើត​ហាង​លក់​ដល់ទៅ​បី​ទីតាំង​ក្នុង​ខេត្ត​សៀមរាប​ ​មាន​ពី​​​រ​កន្លែងនៅ​ផ្សារ​ចាស់​ ​និង​មួយ​កន្លែង​ទៀត​ជា​ហាង​ប៊ូ​ទិ​ក​ស្ថិតនៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​   ក​កើតជា​សិប្បកម្ម​ទ្រង់ទ្រាយ​តូច​ ​ស្ថាបនិក​របស់​ ​Clay​cult​ ​លោកស្រី​ ​L​uc​i​e​nn​e​ ​Man​z​art​ ​បានឲ្យ​ដឹង​ថា​ “ ​ពួកយើង​មាន​គោលបំណង​ចង់​ផ្តល់​បរិយាកាស​ការងារ​មួយ​ដែល​រីករាយ​ជាមួយ​ប្រាក់បៀវត្សរ៍​គោល​សមរម្យ​ ​ធ្វើការ​យូរអង្វែង​ ​ផ្តល់​ចំណេះ​ដឹង​ ​ផ្គត់ផ្គង់​សង្គម​ ​និង​អ្វីៗ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ជីវិត​រស់នៅ​។​ ​Clay​cult​ ​ធ្វើការ​ជា​ក្រុម​ដូច្នេះ​គ្មាន​នរណា​សំខាន់​ជាង​នរណា​ឡើយ​ ​ពួកយើង​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ផលិតផល​ដ៏​ស្រស់​ស្អាត​របស់យើង​”​។​ ​លោកស្រី​បន្ថែម​ទៀត​ថា​ “​ពួកយើង​មិនមែន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​យើង​មិន​ទទួល​បាន​ជំនួយ​ឬ​មូលនិធិ​ពី​ខាងក្រៅ​ឡើយ​ ​ពួកយើង​ជឿជាក់​ទៅលើ​តម្រូវ​ការ​ក្លាយ​ជា​អាជីវកម្ម​ឯករាជ្យ​ ​និង​ជា​អាជីវកម្ម​ដែល​មាន​ស្ថេរ​ភាព​”​។​

            Clay​cult​ ​បាន​ពង្រីក​ក្រុម​ការងារ​កាន់តែ​ធំ​ជាង​មុន​ដោយមាន​សិប្បករ​ជា​ជន​ជាតិខ្មែរ​វ័យក្មេង​ដល់ទៅ​៣​៣​នាក់​។​ ​នៅ​ក្នុង​ក្រុម​ផលិត​ម្នាក់ៗ​សុទ្ធ​សឹង​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​រួម​ទាំង​មាន​តិច​និ​ច​ក្នុង​ការ​បញ្ចេញ​ម៉ូដ​ដោយខ្លួនឯង​ប្រកបដោយ​ភាព​ជឿជាក់​។​ ​តាម​ការ​មើលឃើញ​ផលិតផល​ជាក់ស្តែង​ ​ក្រុម​សិប្បករ​ខ្មែរ​ពិតជា​បាន​ផលិត​អង្កាំ​ពី​ដីឥដ្ឋ​ចេញ​មក​មានគុណ​ភាព​ខ្ពស់​ ​ម៉ូដ​មានតែ​មួយ​គ្មាន​ពីរ​ ​និង​ជា​ម៉ូដ​ស្រស់​ស្អាត​ពាក់​មិន​ចេះ​ហួសសម័យ​។​ ​ផលិតផល​ផលិត​ដោយ​មិន​ពឹងផ្អែក​លើ​ម៉ាស៊ីន​ ​អង្កាំ​សេ​រ៉ា​មិច​សូន​ចេញ​ជា​សណ្ឋាន​ ​មូល​ ​ជ្រុង​ ​សំប៉ែត​ ​ទ្រវែង​ ​ត្រូវ​បាន​តប់​លញ់​ដោយដៃ​ទាំងស្រុង​ ​ចំណែក​ឯ​ដីឥដ្ឋ​ទាំងប៉ុន្មាន​ត្រូវ​បាន​ជីក​ប្រមែប្រមូល​ដោយខ្លួនឯង​ពី​ដំបូក​នានា​តាម​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​ក្រុង​ព្រះ​សី​ហ​នុ​។​

            ជ​ជីកសួរ​អំពី​ជំហាន​ធ្វើ​អង្កាំ​សេ​រ៉ា​មិច​លោកស្រី​ ​L​uc​i​e​nn​e​ ​Man​z​art​ ​រៀបរាប់​ក្បោះក្បាយ​យ៉ាង​ដូច្នេះ​ “ ​ដំបូង​ពេល​ដីឥដ្ឋ​ប្រមូល​មក​ស្ងួត​រឹង​ ​យើង​ត្រូវ​យក​ដី​មក​បេះ​ឬ​កាត់​ជាដុំ​តូច​ៗ​លាយ​ជា​មួយទឹក​និង​គ្រឿងផ្សំ​មួយ​ចំនួន​។​ ​ពេល​ដីឥដ្ឋ​ចាប់ផ្តើម​សើម​ខ្លាំង​យើង​យក​វា​មក​សម្រស់​ទឹក​ហើយ​ដាក់លើ​ផ្ទៃរាប​ទូលាយ​ចូក​ប៉ែន​រហូត​ហួត​ទឹក​រាង​ស្ទើរ​រឹង​ល្មម​អា​ចចាប់​បេះ​សូន​បាន​។​ ​សម្រាប់​ការ​សូន​វិញ​ ​យើង​ប្រើ​វិធី​សូន​តាម​ប្រពៃណី​បុរាណ​គឺ​ប្រើ​ដៃ​ ​តែ​ដើម្បីឲ្យ​បាន​អង្កាំ​ទំហំ​ប៉ុនគ្នា​យើង​ប្រើ​តិច​និចល​ញ់​ដោយដៃ​ ​ធ្វើ​ពុម្ព​ ​និង​ចំណុច​ពិបាក​បំផុត​នោះ​គឺ​ការ​ប្រើ​តែម​និង​ប្រដាប់ប្រដា​ដើម្បី​សង្កត់​យក​គំនូស​ម៉ូដ​នៅ​ជុំវិញ​អង្កាំ​តូច​ៗ​។​ ​នៅ​ពេល​ដី​អង្កាំ​ចាប់ផ្តើម​ស្ងួត​និង​រឹង​យើង​យក​វា​ទៅ​ដុត​ក្នុង​ឡ​រយៈពេល​៨​ម៉ោង​ ​បន្ទាប់មក​ដកចេញ​ទុកឲ្យ​ត្រជាក់​រយៈពេល​២​៤​ម៉ោង​។​ ​យក​អង្កាំ​ដុត​រួច​ម្តង​មួយ​គ្រាប់​ៗ​ដោត​បញ្ឈរ​លើ​ចង្កាក់​ឫស្សី​ដើម្បី​លាបថ្នាំ​រលោង​។​ ​អង្កាំ​នីមួយៗ​ត្រូវ​លាបថ្នាំ​រលោង​ម្តង​ហើយ​ម្តងទៀត​៥​ជាន់​រួច​ទើប​ចាប់ផ្តើម​លាប​ពណ៌​និង​គូរ​ម៉ូដ​ទៅតាម​គំនិត​ច្នៃ​ប្រតិដ្ឋ​។​ ​នៅ​ពេល​ទឹក​ថ្នាំ​ស្ងួត​យើង​យក​វា​ទៅ​ដុត​ក្នុង​ឡ​ម្តងទៀត​ជាមួយ​ក​ម្តៅ​ខ្លាំង​ដោយ​អង្កាំ​ទាំងអស់​ត្រូវ​ដាក់​ដោត​ចន្លោះ​ឃ្លាត​ៗ​ពី​គ្នា​។​ ​ការ​មិន​ឲ្យ​អង្កាំ​ប៉ះគ្នា​នេះ​ដោយសារតែ​ពេល​ក​ម្តៅ​ឡើង​ខ្លាំង​ទឹក​ថ្នាំ​នឹង​រលាយ​ស្អិត​ ​ហើយ​បើ​ដាក់​ជាប់គ្នា​អាច​បណ្តាលឲ្យ​ស្អិត​ឬ​ប្រឡាក់​ប្រតាក​ជាប់គ្នា​ខូច​ពណ៌​ទាំងស្រុង​។​ ​ពេល​ដុត​រួច​អង្កាំ​ដែល​លាប​ពណ៌​ឃើញ​ស្ងួត​នឹង​ប្រែ​មក​ជា​ពណ៌​ភ្លឺ​រលោង​យ៉ាង​ស្រស់​ស្អាត​ ​ហើយ​យើង​ក៏​អាច​​​យកមក​ចាក់ដោត​ធ្វើជា​ក្រវិល​ ​ខ្សែក​ ​ខ្សែដៃ​ ​ទៅតាម​ម៉ូដ​ដែល​ព្រាងទុក​”​។​

            ​បច្ចុប្បន្ន​ដោយសារ​វិបត្តិ​កូ​វី​ដ​-​១​៩​ជាស​កល​ ​Clay​cult​ ​បាន​បង្ខំចិត្ត​បិទ​ហាង​លក់​ទាំង​៣​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​ ​ចំណែក​រោងជាង​ក៏​បើក​ដំណើរការ​តែ​ពីរ​ថ្ងៃ​ក្នុង​មួយ​ស​ប្តាហ៍ ​ព្រមទាំង​កាត់បន្ថយ​ក្រុម​ការងារ​និង​ម៉ោង​ធ្វើការ​ផង​ដែរ​។​ ​តែ​យ៉ាងណា​ដោយសារ​ការ​គាំទ្រ​នៅតែ​មាន​ ​Clay​cult​ ​សង្ឃឹម​ថា​អ្វីៗ​នឹង​ត្រឡប់មក​ដូចដើម​វិញ​នៅ​ចុង​ឆ្នាំនេះ​។​ ​បើ​ទោះ​ហាង​កំពុង​បិទ​ ​ប៉ុន្តែ​ ​Clay​cult​ ​បាន​ផ្តោត​ទៅលើ​កា​រលក់​តាម​អន​ឡា​ញ​ទាំង​លក់ដុំ​និង​លក់រាយ​ ​ដូច្នេះ​សម្រាប់​អ្នកមាន​បំណង​ទិញ​អាច​ចូល​ទៅកាន់​គេហទំព័រ​តាមរយៈ​តំណ​ ​w​w​w​.​clay​cult​.​co​m​។​ ​«​ការ​ទិញ​ផលិតផល​របស់​ ​Clay​cult​ ​Cam​bo​d​i​a​ ​អ្នក​កំពុង​រួមចំណែក​ជួយ​ផ្គត់ផ្គង់​ទៅកាន់​សិប្បករ​ក្នុងស្រុក​ ​ជាពិសេស​ស្ត្រី​ដែល​កំពុង​រស់នៅ​ក្នុង​សហគមន៍​របស់​ពួកយើង»៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS