អត្ថប្រយោជន៍ទាំង ៥ នៃការប្រើប្រាស់ទៀនក្រអូបក្នុងជីវភាពរស់នៅសម័យទំនើប
TRAVEL & LIVING 4 hours agoបច្ចុប្បន្ន សម្ពាធការងារ ការសិក្សា និងកត្តាផ្សេងៗជាច្រើនដែលបណ្តាលឱ្យមានភាពតានតឹងទាំងផ្នែករាងកាយ និងផ្លូវចិត្តផងដែរ។ ដើម្បីព្យាបាលសុខភាពផ្លូវចិត្តឲ្យកាន់តែធូរស្បើយ ជាធម្មតាគេច្រើនមានការតុបតែង ឬការបង្កើតបរិយាកាសស្ងប់ស្ងាត់ជាដើមផងដែរ។ យ៉ាងណាមិញ ក្នុងចំណោមវិធីសាស្ត្រទាំងនោះ សង្កេត ឃើញថាការប្រើប្រាស់ ទៀនក្រអូប (Scented Candles) ជាវិធីសាស្ត្រព្យាបាលតាមបែបធម្មជាតិដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ។ ទៀនក្រអូបមិនត្រឹមតែផ្តល់នូវពន្លឺភ្លើងព្រឹលៗដ៏ស្រទន់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបញ្ចេញនូវក្លិនប្រេងសំខាន់ៗ (Essential Oils) ទៅលើប្រព័ន្ធប្រសាទ និងផ្លូវចិត្ត។ ដូច្នេះ ថ្ងៃនេះ សូវរីន នឹងបង្ហាញជូនយ៉ាងលម្អិតនូវអត្ថប្រយោជន៍គន្លឹះទាំង ៥ កាន់តែមានភាពស៊ីជម្រៅនៃការប្រើប្រាស់ទៀនក្រអូបផងដែរ។
១. ការកាត់បន្ថយភាពតានតឹង និងការជួយឱ្យប្រព័ន្ធប្រសាទសម្រាក
អត្ថប្រយោជន៍ចម្បង និងលេចធ្លោជាងគេបំផុតនៃទៀនក្រអូប គឺសមត្ថភាពក្នុងការកាត់បន្ថយភាពតានតឹង (Stress) និងការថប់អារម្មណ៍ (Anxiety) ដែលកើតមានឡើងបន្ទាប់ពីការបំពេញការងារយ៉ាងនឿយហត់ពេញមួយថ្ងៃ។ នៅពេលដែលទៀនក្រអូបត្រូវបានដុត កម្តៅភ្លើងនឹងធ្វើឱ្យប្រេងសំខាន់ៗដែលលាយនៅក្នុងក្រមួនរលាយ និងងាយនឹងបង្កជាឧស្ម័នភាយឡើងទៅក្នុងខ្យល់។ ដូចនេះ នៅពេលដែលយើងធ្វើការដកដង្ហើមស្រូបយកម៉ូលេគុលក្លិនទាំងនោះ វានឹងធ្វើដំណើរឆ្លងកាត់កោសិកាទទួលក្លិននៅក្នុងច្រមុះ រួចបញ្ជូនសញ្ញាទៅកាន់ប្រព័ន្ធលិមប៊ិក (Limbic System) នៅក្នុងខួរក្បាល ដែលជាផ្នែកគ្រប់គ្រងអារម្មណ៍ ការចងចាំ និងអរម៉ូន។ ការសិក្សាផ្នែកវេជ្ជសាស្ត្របានបង្ហាញថា ក្លិនក្រអូបមួយចំនួន ដូចជា៖ ក្លិនផ្កាឡាវិនឌ័រ (Lavender) ក្លិនផ្កាម្លិះ (Jasmine) ឬក្លិនឈើចន្ទន៍ (Sandalwood) មានឥទ្ធិពលរារាំងការបញ្ចេញអរម៉ូនក cortisol (ដែលជាអរម៉ូនបង្កភាពតានតឹង) និងជម្រុញការផលិតអរម៉ូនសេរ៉ូតូនីន (Serotonin) និងដូប៉ាមីន (Dopamine) ដែលជាសារធាតុគីមីរីករាយនៅក្នុងខួរក្បាល។ ការផ្លាស់ប្តូរគីមីសាស្ត្រក្នុងខួរក្បាលនេះ ជួយកាត់បន្ថយអត្រាចលនានៃបេះដូងឱ្យដើរយឺតចុះមកធម្មតា បន្ថយសម្ពាធឈាម និងធ្វើឱ្យសាច់ដុំដែលកន្ត្រាក់ដោយសារភាពតានតឹងបានធូរស្រាល។ ជាងនេះទៅទៀត ពន្លឺភ្លើងទៀនដែលមានពន្លឺតិចៗនៅក្នុងបន្ទប់ងងឹត ក៏ជួយកាត់បន្ថយការរំញោចភ្នែកពីពន្លឺពណ៌ខៀវនៃទូរស័ព្ទ ឬកុំព្យូទ័រ ដែលធ្វើឱ្យខួរក្បាលចូលទៅក្នុងស្ថានភាពស្ងប់ស្ងាត់ (Meditative State) បានយ៉ាងងាយស្រួល។

២. ការដោះស្រាយបញ្ហាគេងមិនស្កប់ស្កល់
ការគេងមិនលក់ ឬការគេងមិនបានស្កប់ស្កល់ គឺជាវិបត្តិសុខភាពដ៏ធំមួយនៅក្នុងសង្គមបច្ចុប្បន្ន ដែលបណ្តាលមកពីការគិតច្រើន និងការរំខានពីបរិស្ថានជុំវិញ។ ទៀនក្រអូបបានដើរតួជាឱសថធម្មជាតិដ៏ពូកែស័ក្តិសិទ្ធិក្នុងការរៀបចំរាងកាយឱ្យត្រៀមខ្លួនសម្រាប់ការសម្រាកយ៉ាងជ្រៅ។ ការបង្កើតទម្លាប់ដុតទៀនក្រអូបប្រហែល ២០ ទៅ ៣០ នាទីមុនពេលចូលគេង (បិទមុនពេលចូលដំណេក ដើម្បីសុវត្ថិភាព) គឺជាការផ្តល់សញ្ញាប្រាប់ទៅខួរក្បាលថា «ពេលវេលាសម្រាកបានមកដល់ហើយ»។ ក្លិនព្យាបាលដូចជា៖ ការចំរាញ់ចេញពីផ្កា Chamomile ឬផ្កាឡាវិនឌ័រ មានលក្ខណៈសម្បត្តិជាសារធាតុប្រឆាំងនឹងការរំភើបហួសហេតុនៃកោសិកាប្រសាទ។ វាជួយសម្រួលដល់ដំណើរការរលកខួរក្បាលឱ្យប្តូរពីយោលលឿន (Beta Waves) មកជាយោលយឺត (Alpha និង Theta Waves) ដែលជាដំណាក់កាលដំបូងនៃការងងុយគេង។ នៅពេលដែលបន្ទប់គេងរបស់អ្នកត្រូវបានគ្របដណ្តប់ដោយក្លិនក្រអូបស្រទន់វានឹងលុបបំបាត់អារម្មណ៍រវើរវាយជួយឱ្យអ្នកគេងលក់បានលឿនជាងមុន និងកាត់បន្ថយការភ្ញាក់ដឹងខ្លួនទាំងកណ្តាលអាធ្រាត្រ។ ការទទួលបានការគេងដ៏មានគុណភាពខ្ពស់នេះ នឹងធ្វើឱ្យរាងកាយរបស់អ្នកមានថាមពលពេញលេញ និងមានស្មារតីស្រឡះល្អនៅពេលភ្ញាក់ពីគេងនៅព្រឹកបន្ទាប់ ដែលជួយទប់ស្កាត់បញ្ហាអស់កម្លាំងរ៉ាំរ៉ៃបានយ៉ាងមានប្រសិទ្ធភាព។

៣. ការបង្កើន និងការផ្តោតអារម្មណ៍នៃភាពស្វាហាប់ និងផលិតភាពការងារ
ខណៈពេលដែលក្លិនខ្លះជួយឱ្យសម្រាក តែមានក្លិនប្រេងសំខាន់ៗជាច្រើនប្រភេទទៀតដែលត្រូវបានផលិតឡើង ដើម្បីជំរុញខួរក្បាលឱ្យមានភាពស្វាហាប់ និងបង្កើនការផ្តោតអារម្មណ៍ (Concentration) ដែលអ្នកពុំទាន់ដឹងផងដែរ។ សម្រាប់អ្នកដែលនិយមធ្វើការពីផ្ទះ (Work from Home) ឬសិស្សនិស្សិតដែលត្រូវមើលមេរៀន ការដុតទៀនក្រអូបនៅលើតុធ្វើការអាចដើរតួជាកាតាលីករ (Catalyst) ជម្រុញផលិតភាពការងារឱ្យកើនឡើងទ្វេដង។ ផ្អែកលើការស្រាវជ្រាវ ក្លិនក្រូច (Citrus) ដូចជា៖ ក្រូចឆ្មារ (Lemon) រួមផ្សំជាមួយក្លិនស្លឹកជីអង្កាម (Peppermint) និងស្លឹករ៉ូស្មែរី (Rosemary) មានសមត្ថភាពខ្ពស់ក្នុងការរំញោចខួរក្បាលផ្នែកខាងមុខ (Cerebral Cortex)។ ក្លិនទាំងនេះជួយដាស់ស្មារតីឱ្យភ្ញាក់រលឹក កាត់បន្ថយភាពងងុយដេក បង្កើនការចងចាំក្នុងការប្រើប្រាស់រយៈពេលខ្លី និងជួយឱ្យការគិតមានភាពច្បាស់លាស់។ នៅពេលដែលអ្នកមានអារម្មណ៍ថាខួរក្បាលចាប់ផ្តើមស្ត្រេស ឬទាល់គំនិត ការស្រូបយកក្លិនប្រហើរខ្យល់ត្រជាក់ៗពីទៀនក្រអូបនឹងជួយបង្កើតលំហូរគំនិតច្នៃប្រតិដ្ឋថ្មីៗ និងជួយពន្យារពេលនៃការហត់នឿយពីខួរក្បាលពីការដោះស្រាយបញ្ហាស្មុគស្មាញយ៉ាងមានប្រសិទ្ធភាព។

៤. ការកែលម្អបរិយាកាស លុបបំបាត់ក្លិនមិនល្អ និងបង្កើនសោភ័ណភាពក្នុងផ្ទះ
ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវកាយនិងចិត្ត ទៀនក្រអូប គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងការរចនាផ្ទៃខាងក្នុង (Interior Design) និងការកែប្រែសោភ័ណភាពក្នុងផ្ទះ។ ជាក់ស្តែង នៅពេលដែលផ្ទះមានសណ្តាប់ធ្នាប់ ប៉ុន្តែមានក្លិនផ្អួរ ឬក្លិនចំណីអាហារសេសសល់ មិនអាចផ្តល់អារម្មណ៍កក់ក្តៅដល់អ្នករស់នៅ ឬភ្ញៀវដែលមកលេងនោះឡើយ។ ទៀនក្រអូប ដែលមានគុណភាពខ្ពស់ដែលផលិតពីក្រមួនធម្មជាតិមានសមត្ថភាពក្នុងការបន្សាប និងលុបបំបាត់ក្លិនមិនល្អ ដូចជា៖ ក្លិនសើមក្នុងរដូវភ្លៀង ក្លិនសត្វចិញ្ចឹម ឬក្លិនផ្សែងផ្ទះបាយ ដោយជំនួសមកវិញនូវក្លិនស្អាតបរិសុទ្ធ។
ជាងនេះទៅទៀត រូបរាងនៃ កែវទៀនក្រអូប នាពេលបច្ចុប្បន្នត្រូវបានរចនាយ៉ាងប្រណីត បែបមីនីម៉ាលីស (Minimalist) ឬបែបបុរាណ ដែលអាចដាក់លម្អនៅលើតុបន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក ឬក្បាលគ្រែ បង្កើតបានជាចំណុចទាក់ទាញភ្នែកយ៉ាងទាន់សម័យ។ ពន្លឺភ្លើងទៀនពណ៌លឿងទុំស្រទន់មានតួនាទីជួយបំប្លែងបន្ទប់ដែលធ្លាប់តែត្រជាក់ ឲ្យក្លាយជាកន្លែងដែលមានផាសុកភាព និងភាពស្និទ្ធស្នាលមួយកម្រិតទៀត។ ទៀនក្រអូប ក៏អាចជួយបង្កើតនូវបរិយាកាសស្វាគមន៍យ៉ាងកក់ក្តៅរាល់ពេលដែលអ្នកត្រឡប់មកពីខាងក្រៅវិញ។

៥. ការបង្កើតទម្លាប់ស្រឡាញ់ខ្លួនឯង
អត្ថប្រយោជន៍ចុងក្រោយ គឺជាទម្រង់ដ៏សាមញ្ញ និងមានឥទ្ធិពលបំផុតគឺជាការអនុវត្តលើខ្លួនឯងផ្ទាល់។ ការប្រើប្រាស់ទៀនក្រអូប វាមិនទាមទារថវិកាច្រើន ឬពេលវេលាច្រើននោះទេ គ្រាន់តែការដុតទៀនមួយដើម ពេលកំពុងត្រាំទឹកក្តៅ ពេលកំពុងអានសៀវភៅដែលចូលចិត្ត ឬពេលកំពុងលាបឡេថែរក្សាស្បែក គឺសកម្មភាពទាំងនេះបានបង្កើតនូវពិធីការផ្ទាល់ខ្លួនមួយដែលលើកតម្កើងតម្លៃនៃការរស់នៅ។ វាបង្រៀនឱ្យយើងចេះរស់នៅក្នុងខណៈពេលបច្ចុប្បន្ន ឈប់បារម្ភពីអនាគត និងបំភ្លេចចោលនូវអតីតកាល បង្កើតបានជាភាពធន់នៃផ្លូវចិត្ត ដើម្បីប្រឈមមុខនឹងបញ្ហានានាក្នុងឆាកជីវិតជាដើម។ យ៉ាងណាមិញ សូវរីន សូមបង្ហាញនូវវិធីសាស្ត្រជ្រើសរើស និងការប្រើប្រាស់ទៀនក្រអូបដោយសុវត្ថិភាពដើម្បីទទួលបានអត្ថប្រយោជន៍ទាំង ៥ ខាងលើពេញលេញ និងជៀសវាងផលប៉ះពាល់អវិជ្ជមានដល់សុខភាព អ្នកប្រើប្រាស់ចាំបាច់ត្រូវយល់ដឹងពីចំណុចសំខាន់ៗមួយចំនួន៖ គួរជ្រើសរើសក្រមួនធម្មជាតិ (Natural Wax): គួរចៀសវាងទៀនថោកៗដែលផលិតពីក្រមួនប៉ារ៉ាហ្វីន (Paraffin Wax) ដែលជាកាកសំណល់ប្រេងកាត ព្រោះនៅពេលដុតវាបញ្ចេញសារធាតុគីមីពុល និងផ្សែងខ្មៅ (Soot) ប៉ះពាល់ដល់សួត។ ផ្ទុយទៅវិញ ត្រូវស្វែងរកទៀនដែលធ្វើពី ក្រមួនសណ្តែកសៀង (Soy Wax), ក្រមួនឃ្មុំ (Beeswax), ឬ ក្រមួនដូង (Coconut Wax) ដែលដុតបានស្អាត បរិសុទ្ធ និងមានអាយុកាលប្រើប្រាស់បានយូរជាង។
Image Courtesy : Khean scent & BLOOM art Flower Boutique
ចំណាំ៖ មុនពេលដុត គួរកាត់ប្រឆេះទៀនឱ្យសល់ប្រវែងប្រហែល ០.៥ សង់ទីម៉ែត្រ ដើម្បីការពារកុំឱ្យអណ្តាតភ្លើងធំពេក និងកាត់បន្ថយការកើតផ្សែង។ រីឯទីតាំងគួរតែមានខ្យល់ចេញចូលល្អ ទោះបីជាចង់រក្សាក្លិនក្រអូបក៏ដោយ ក៏មិនគួរដុតទៀននៅក្នុងបន្ទប់ដែលបិទជិតឈឹង រយៈពេលច្រើនម៉ោងពេកនោះទេ។ ត្រូវធានាថាបន្ទប់មានលំហូរខ្យល់ចេញចូលខ្លះ ដើម្បីផ្លាស់ប្តូរអុកស៊ីសែន។ សម្រាប់ការពន្លត់ទៀនឯនេះវិញ មិនគួរប្រើមាត់ផ្លុំទៀនឡើយ ព្រោះវានឹងបង្កើតផ្សែងហុយពេញបន្ទប់ និងខូចក្លិនក្រអូប។ គួរប្រើស្លាបព្រា ឬឧបករណ៍ពន្លត់ទៀនឯកទេស (Candle Snuffer) ដើម្បីសង្កត់ប្រឆេះចូលទៅក្នុងទឹកក្រមួន រួចទាញមកត្រង់វិញ៕
Article by Sivly Pan (Emily)