យ៉ែម ស្រីពេជ្រ ខិតខំហ្វឹកហាត់បច្ចេកទេសសម្តែងបន្ថែមដើម្បីបំពេញចំណីចក្ខុមហាជន
NEWS 3 years agoកញ្ញា យ៉ែម ស្រីពេជ្រ ជាតារាសម្តែងពោរពេញដោយទេពកោសល្យ និងប្រជាប្រិយភាព ដែលបានបោះជំហានចូលក្នុងវិស័យសិល្បៈប្រមាណ៦ឆ្នាំមកហើយ ហើយក៏កំពុងតែខិតខំហ្វឹកហាត់បច្ចេកទេសក្នុងការសម្តែងបន្ថែមជាប្រចាំដើម្បីបំពេញចំណីចក្ខុរបស់មហាជន។ ចង់ដឹងថាតើកញ្ញាស្រីពេជ្រ ទទួលបានការជំរុញទឹកចិត្តយ៉ាងណាក្នុងអាជីពសិល្បៈនាទសវត្សរ៍ថ្មីនេះ?
មានស្រុកកំណើតនៅទីក្រុងភ្នំពេញ និងជាកូនខ្មែរជាប់សែស្រឡាយចិន កញ្ញាស្រីពេជ្រ កំពុងគ្រងអាជីព ជាតារាសម្តែងផង ពិធីការិនីផង និងជាតារាម៉ូឌែលថែមទៀត។ មានវ័យទើបតែ២៥ឆ្នាំ តារាសម្តែងរូបនេះបានប្រឡូកក្នុងអាជីពជាអ្នកសិល្បៈតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ពោលគឺប្រមាណ៦ឆ្នាំមកហើយ។ ក្រៅពីអាជីពជាតារាសម្តែង កញ្ញាស្រីពេជ្រ ក៏កំពុងក្តោបមុខជំនួញផ្ទាល់ខ្លួនលើការលក់ផលិតផលថែរក្សាសម្រស់និងសុខភាព។
ជួបជាមួយ សូវរីន តារាពូកែវោហាររូបនេះបានឲ្យដឹងថា កញ្ញាបានចាប់ផ្តើមវិថីសិល្បៈរបស់ខ្លួនតាមរយៈការប្រកួតប្រជែងសមត្ថភាពសិល្បៈជាច្រើន តួយ៉ាងដូចជាកម្មវិធី Freshie Boy & Girl ដែលជាកម្មវិធីបង្ហាញសមត្ថភាពសិល្បៈនិងសម្រស់របស់យុវវ័យដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា។ កញ្ញាស្រីពេជ្រ គឺជាអតីតបេក្ខនារី Freshie Girl ជំនាន់ទី១៤ ដែលធ្វើឡើងនៅឆ្នាំ២០១៥។ “កាលនោះពេលរៀនចប់ទី១២ នាងខ្ញុំបានចូលប្រលង Freshie ជំនាន់ទី១៤ ឆ្នាំ២០១៥ ហើយបានទទួលពាន២គឺពានប្រជាប្រិយភាព និងពាន12Plus ប៉ុន្តែមិនបានជាប់លេខ១ក្នុងចំណោម៥នាក់ទេ បានជាប់ដល់វគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះ”។ បើទោះជាមិនទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតក្តី កញ្ញាស្រីពេជ្រក៏មិនបានបោះបង់ចំណង់ចំណូលចិត្តលើការងារសិល្បៈឡើយ ហើយតែងតែព្យាយាមស្វែងរកឱកាសសម្តែង និងប្រកួតជាបន្តបន្ទាប់ផ្គួបផ្សំនិងការលើកទឹកចិត្តពីបងប្រុសធម៌ផងកញ្ញាក៏បានទទួលឱកាសធំមួយក្នុងការសម្តែងរឿងភាគទូរទស្សន៍របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥។
កញ្ញារំឮកថា ដំបូងឡើយកញ្ញាមិនគិតថាមានឱកាសជាប់ជាតារាសម្តែងទេ ព្រោះតែមានវ័យក្មេងពេក និងត្រូវធ្វើតេស្តសមត្ថភាពជាមួយនឹងតារាជើងចាស់ជាច្រើន។ “ពេលនោះខ្ញុំសុំគេអត់ថតវិញដែរ ព្រោះគិតថាខ្លួនឯងសមត្ថភាពមានកម្រិត ហើយណាមួយគិតថារឿងគេវិនិយោគអស់លុយរាប់ម៉ឺនដុល្លារ មិនចង់ឲ្យគេខាតដោយសារយើង តែគេមិនព្រមព្រោះគេបានធ្វើតេស្តយើងពេញមួយថ្ងៃ ហើយពេញចិត្តនឹងតួនាងខ្ញុំ។”
ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ចាប់ផ្តើមមានការទទួលស្គាល់ពីមហាជនខ្លាំងនៅអំឡុងឆ្នាំ២០១៦ តាមរយៈភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍មានដូចជារឿង «ភ្លើងស្នេហ៍ភ្លើងឬស្យា» «កូនក្រមុំលោកមេឃុំ» «នេះឬជីវិត» «សង្សារមួយខែ២ខែ» «ភ្លើងស្នេហ៍ភ្លើងគំនុំ» និងរឿងជាច្រើនទៀត។ បន្ថែមពីនេះ កញ្ញាស្រីពេជ្រក៏មានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងការសម្តែងភាពយន្តខ្នាតធំផងដែរ គឺរឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» ដែលបានយកទៅបញ្ចាំងនៅប្រមាណ១០ប្រទេស។ កញ្ញាបានរៀបរាប់ខ្លីៗថា មកទល់បច្ចុប្បន្ននេះកញ្ញាបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍ប្រមាណ ២០រឿង និងមានរឿងមួយចំនួនកំពុងបន្តការថត និងត្រៀមចេញផ្សាយជាបន្តបន្ទាប់ បូកផ្សំនិងការថតពាណិជ្ជកម្មឲ្យផលិតផលជាច្រើនទៀត។ ដោយសារតែមានសមត្ថភាពក្នុងការសម្តែងខ្ពស់ដូច្នេះហើយ ទើបញ៉ាំងឲ្យកញ្ញាស្រីពេជ្រ បានទទួលពានរង្វាន់ Best Actress Award ពី Legend Cinema នៅចុងឆ្នាំ២០១៩ ជាតារាស្រីដែលសម្តែងល្អជាងគេ។
កញ្ញាស្រីពេជ្រ ក៏បានលើកឡើងដែរថា អាជីពជាអ្នកសិល្បៈផ្តល់ភាពមមារញឹកជាច្រើនស្ទើរគ្មានថ្ងៃសម្រាក ប៉ុន្តែទោះយ៉ាងនេះក្តី ក៏កញ្ញានៅតែរីករាយនឹងសមិទ្ធផលដែលកញ្ញាបានទទួលក្នុងពេលបច្ចុប្បន្នជានិច្ច។ មិនតែប៉ុណ្ណោះ កញ្ញាស្រីពេជ្រតែងតែពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមជានិច្ចតាមរយៈការហ្វឹកហាត់ដោយខ្លួនឯង។ «ពេលទំនេរនាងខ្ញុំចូលចិត្តមើលការសម្តែងរបស់សិល្បករបរទេស មើលភាពយន្តបរទេស ហើយយកមកហ្វឹកហាត់បន្ថែមខ្លួនឯង។ ភាគច្រើន ពេលខ្ញុំសម្តែងរួច ខ្ញុំតែងតែសួរអ្នកដឹកនាំ ដើម្បីសុំ Feed Back ពីគាត់ ហើយបើសិនជាឆ្គង ខ្ញុំសុំគាត់ថតម្ដងទៀតក៏មាន»។ ក្រៅពីនេះ កញ្ញាស្រីពេជ្រតែងតែចំណាយពេលត្រៀមខ្លួនមុននឹងចេញសម្តែងប្រកបដោយវិជ្ជាជីវៈដូចជាការព្យាយាមចងចាំ Script និងដាក់អារម្មណ៍ឲ្យបានល្អក្នុងពេលសម្តែងជាដើម ធ្វើយ៉ាងនេះដើម្បីកុំឲ្យតួអង្គដទៃខូចអារម្មណ៍ លំបាកដល់ក្រុមការងារទាំងមូល។
កញ្ញាស្រីពេជ្របានបង្ហើបថា កញ្ញាក៏មានបំណងចង់ទៅរៀនសម្តែងនៅប្រទេសជិតខាងបន្ថែម ប៉ុន្តែមកទល់ពេលនេះមិនទាន់រកពេលវេលាស័ក្តិសមនៅឡើយ។ កញ្ញាបានបន្ថែមថា៖ “នាងខ្ញុំមិនដែលគិតថាសមត្ថភាពខ្ញុំគ្រប់គ្រាន់ទេ ចឹងបានជាខ្ញុំស្តាប់តាមការណែនាំតាមអ្នកដឹកនាំ និងអ្នកដទៃ។ ព្រោះជីវិតយើងតែងមានរឿងថ្មីៗកើតឡើងជានិច្ច ដូច្នេះហើយបានជាខ្ញុំគិតថាអ្វីដែលខ្ញុំចេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។”
បទពិសោធន៍ការងារសិល្បៈយ៉ាងច្រើន បានធ្វើឲ្យកញ្ញាស្រីពេជ្រទទួលបានទាំងការគាំទ្រ និងឱកាសការងារច្រើនរាប់មិនអស់។ ចោទសួរពីគន្លឹះក្នុងទទួលជោគជ័យក្នុងវិស័យសិល្បៈ កញ្ញាស្រីពេជ្របាននិយាយថា អ្នកដែលស្រឡាញ់ការងារសិល្បៈគួរតែបោះជំហានតាមរយៈការចូលប្រឡងសមត្ថភាពក្នុងកម្មវិធីណាមួយ ហើយបើទោះបីជាប់ឬធ្លាក់ក៏យើងនឹងទទួលបានក្រេឌីត និងការទទួលស្គាល់ខ្លះៗ។ បន្តមកទៀតយើងព្យាយាមហ្វឹកហាត់ខ្លួនឯងបន្ថែម និងព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នកដទៃដែលមានតួនាទីក្នុងវិស័យសិល្បៈជាដើម។
គួរឲ្យដឹងផងដែរថា កញ្ញាយ៉ែម ស្រីពេជ្រទើបតែថតចប់រឿង «គ្រោះជីវិត កូវីដ-១៩» ជាសាច់រឿងខ្នាតធំដែលបង្ហាញពីទិដ្ឋភាពសង្គមបច្ចុប្បន្ននៅពេលដែលបញ្ហាជំងឺសាកលនេះបានកើតឡើង។ តួឯកស្រីក្នុងរឿងនេះ ក៏បានបង្ហើបផងដែរថា រឿង «គ្រោះជីវិត កូវីដ-១៩» កំពុងស្ថិតក្នុងដំណាក់កាលផលិត និងគ្រោងចាក់បញ្ចាំងនៅក្នុងឆ្នាំ២០២១ នេះ៕
Article by HEM SOKKHIM
Image Courtesy: Yem Sreypich