×

កញ្ញា​ ​ម៉ៅ​ ​សាលី​ន​ ​ហៅ​ ​ដាវ​ ​សហគ្រិន​ស្រ្តី​វ័យក្មេង​កំពុង​ជោគជ័យ​លើ​វិថី​នំ​

NEWS 3 years ago
 
 

            ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ដាវ​ (​D​a​v​) ​សហគ្រិន​វ័យ​២​១​ឆ្នាំ​រូប​នេះ​ ​មានឈ្មោះ​ពិត​ថា​ ​ម៉ៅ​ ​សាលី​ន​ ​ជា​ស្ថានិ​ក​ហាង​នំ​ដែល​ពង្រីក​សាខា​បាន​យ៉ាង​ច្រើន​ទូទាំង​ប្រទេស​ក្នុងរយៈពេល​ដ៏​ខ្លី​។​ ​បច្ចុប្បន្ននេះ​ ​កញ្ញា​ ​ដាវ​ ​គឺជា​សហគ្រិន​ឆ្នើម​មួយ​រូប​ ​ដែល​គ្រប់គ្រង​ហាង​នំ​ ​T​h​e​ ​Cake​, ​សាលា​នំ​, ​T​h​e​ ​Cake​ ​Factory​, ​និង​ ​T​h​e​ ​Wedding​ ​Cake​ ​។​

            មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់​ដំបង​ ​កញ្ញា​ ​ដាវ​ ​បាន​ប្រឡូក​ក្នុង​ការ​ធ្វើអាជីវកម្ម​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ពោល​គឺ​តាំងពី​នៅ​កំពុង​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​មក​ម្ល៉េះ​។​ ​សហគ្រិន​រូប​ស្រស់​ម្នាក់​នេះ​ ​ក៏​ធ្លាប់​ជា​សិស្ស​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ការសិក្សា​ផង​ដែរ​។​ ​ប៉ុន្តែ​ដោយសារ​ទំនួល​ខុសត្រូវ​ក្នុង​អាជីវកម្ម​ ​កញ្ញា​ ​ដាវ​ ​បាន​សម្រេច​ចិត្ត​ព្យួរ​ការសិក្សា​មួយ​រយៈ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​មធ្យមសិក្សា​បឋម​ភូមិ​ ​ដើម្បី​ចាប់​យក​ឱកាស​ពង្រីក​អាជីវកម្ម​។​

            កញ្ញា​ដាវ​ ​បាន​រំឮក​ថា​ ​កញ្ញា​បាន​ចាប់ផ្តើម​អាជីវកម្ម​ពី​ការរៀបចំ​ប៉ោង​ៗ​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា​ ​កម្មវិធី​ខួបកំណើត​ ​និង​ជប់លៀង​ខ្នាត​តូច​ធំ​ជាដើម​ ​ព្រោះ​មាន​ទេពកោសល្យ​និង​ក្តី​ស្រមៃ​ចង់​សិក្សា​ផ្នែក​ ​រៀបចំ​ផ្នែក​ខាងក្នុង​ ​Interior​ ​Design​ ​នៅ​ថ្ងៃ​អនាគត​។​ ​បន្ទាប់ពី​ប្រឡូក​ក្នុង​អាជីវកម្ម​រៀប​ប៉ោង​ៗ​បាន​១​ឆ្នាំ​ ​កញ្ញា​ដាវ​ ​ក៏បាន​រិះរក​គំនិត​អាជីវកម្ម​បន្ទាប់​ ​ដែល​ផ្តោត​ទៅលើ​អាជីវកម្ម​អ្វី​ដែល​ពាក់ព័ន្ធ​គ្នា​នឹង​ការរៀបចំ​ប៉ោង​ៗ​។​

            “​ត្រលប់​ទៅ​ពី​ពេលមុន​ ​កាលដែល​ធ្វើជា​អ្នក​រៀប​ប៉ោង​ៗ​ ​អ្វី​ដែល​ឃើញ​និង​ជួប​រាល់ថ្ងៃ​នៅ​ក្នុង​កម្មវិធី​ ​គឺ​ ​ខំ​ខេ​ក​” ​កញ្ញា​ដាវ​និយាយ​។​ ​គិតឃើញ​ដូច្នេះ​ហើយ​ទើប​កញ្ញា​ដាវ​ ​ស្វះស្វែង​រក​កន្លែង​រៀន​ធ្វើ​នំ​ ​ដើម្បី​ជា​ទុន​ក្នុង​ការពង្រីក​សេវាកម្ម​បន្ថែម​ពីលើ​ការរៀបចំ​ប៉ោង​ៗ​ ​ជាមួយ​និង​ការ​ផ្គត់ផ្គង់​នំ​សម្រាប់​កម្មវិធី​។​ ​ការ​រៀន​ធ្វើ​នំ​កាលពី​៥​ឆ្នាំមុន​ ​ហាក់ដូចជា​លំបាក​បន្តិច​សម្រាប់​ ​កញ្ញា​ ​ដាវ​ ​ដោយសារតែ​លំបាក​ក្នុង​ការស្វែងរក​កន្លែង​រៀន​ឲ្យបាន​ប្រសិទ្ធ​ភាព​។​ ​បើ​ទោះ​យ៉ាងនេះ​ក្តី​ ​កញ្ញា​ ​ដាវ​ ​បាន​ស្វះស្វែង​រក​កន្លែង​រៀន​ធ្វើ​នំ​បាន​ជោគជ័យ​ត្រឹមតែ​រយៈពេល​២​ស​ប្តាហ៍ ​ហើយក៏​ត្រលប់​មក​ស្រាវជ្រាវ​បន្ថែម​ ​មុននឹង​បើក​ហាង​នំ​ ​T​h​e​ ​Cake​ ​នៅដើម​ឆ្នាំ​២​០​១​៦​ ​ក្នុងស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​។​

            សួរ​ថា​នៅ​ពេល​បើក​ហាង​ដំបូង​ ​តើ​កញ្ញា​ ដាវ​ ​បាន​ទទួល​មតិ​អវិជ្ជមាន​ពី​អ្នកដទៃ​ដែរ​ទេ​? ​កញ្ញា​ដាវ​ឆ្លើយ​ទាំង​មិន​ស្ទាក់ស្ទើរ​ថា​មាន​ច្រើន​រាប់មិនអស់​ ​រួម​មាន​ទាំង​គ្រួសារ​ផង​ដែរ​។​ ​ប៉ុន្តែ​អ្វី​ដែល​អាច​ជំរុញ​ ​សហគ្រិន​វ័យក្មេង​រូប​នេះ​ ​ឲ្យ​ដើរទៅ​មុខ​បាន​ ​គឺ​ការ​ត្រលប់​គំនិត​អវិជ្ជមាន​ទៅជា​គំនិត​វិជ្ជមាន​។​ ​«​នេះ​ជា​អ្វី​ដែល​សំខាន់​ ​ដែល​ខ្ញុំ​គិតថា​វា​កើតឡើង​លើ​មនុស្ស​ទូទៅ​ ​ហើយ​មនុស្ស​គ្រប់គ្នា​គួរតែ​មាន​ភាព​រឹង​មាំ​ដើម្បី​ទទួលយក​វា​។​ ​ធម្មតា​បើ​យើង​គិត​អវិជ្ជមាន​ ​គឺ​វា​នឹង​ផ្តល់​ជា​ភាព​អវិជ្ជមាន​ដល់​យើង​ ​ប៉ុន្តែ​បើ​យើង​គិត​ឲ្យ​វិជ្ជមាន​ទៅ​ ​មតិ​ទាំងនោះ​សុទ្ធតែ​ជា​ការ​បារម្ភ​ទាំងអស់​»​។​

            ឆ្នាំ​​២​០​១​៧​ ​គឺជា​ឆ្នាំ​ដ៏​ជោគជ័យ​មួយ​របស់​កញ្ញា​ ​ដាវ​ ​ដែល​កញ្ញា​បាន​ពង្រីក​សាខា​មកដល់​ក្រុងភ្នំពេញ​ ​និង​បើក​សាលា​នំ​ ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ក្នុងចំណោម​សាលា​បង្រៀន​ធ្វើ​នំ​នានា​។​ ​កញ្ញា​ដាវ​ ​បាន​រៀបចំ​គម្រោង​យ៉ាង​ល្អិតល្អន់​ ​ដោយសារតែ​ធ្លាប់​ជួប​បញ្ហា​ផ្ទាល់ខ្លួន​ ​និង​បាន​ដឹង​ច្បាស់​ពី​គោលបំណង​រៀងៗខ្លួន​របស់​មនុស្ស​គ្រប់​ប្រភេទ​ ​មុននឹង​បង្កើត​មេរៀន​ធ្វើ​នំ​។​ ​ការ​ធ្វើ​ដូចនេះ​គឺ​ដើម្បី​ចែករំលែក​ឲ្យ​អ្នក​ដែល​មាន​ការលំបាក​ដូចជា​ ​កញ្ញា​ដាវ​ ​កាលពី​៥​ឆ្នាំមុន​ ​ឲ្យ​មានឱកាស​រៀនសូត្រ​ ​និង​ចាប់​យក​ឱកាស​អាជីវកម្ម​ប្រសើរ​មួយ​។​

            មុននឹង​បើក​ហាង​នំ​ខេ​ក​ ​កញ្ញា​ ​ដាវ​ ធ្លាប់​គិតក្នុងចិត្ត​ថា​៖​ “​បើសិនជា​មាន​ថ្ងៃណាមួយ​ខ្ញុំ​មាន​សមត្ថភាព​ ​ខ្ញុំ​នឹង​បើក​សាលា​ឲ្យ​គេ​រៀន​តែម្ដង​។​ ​ហើយ​វា​ក្លាយ​ជា​ឆន្ទៈ​មួយ​មកដល់​សព្វថ្ងៃ​ដើម្បីឲ្យ​គេ​បាន​មក​រៀន​។​ ​តម្លៃ​ស្នូល​ (​Core​ ​Value​) ​របស់​សាលា​នំ​ ​គឺ​ចែករំលែក​។​ ​ហេតុនេះ​ហើយ​ទើប​សាលា​នំ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​មាន​សិស្ស​ច្រើនឡើង​ៗ​។​” ​ភាព​ជោគជ័យ​ឆាប់រហ័ស​ដូច្នេះ​ ​គឺ​សុទ្ធតែ​បាន​មកពី​ការ​សហការ​យ៉ាង​ជិត​ស្និត​ពី​សហការី​ទាំងអស់​របស់​កញ្ញា​ ​ដាវ​។​

            កញ្ញា​បាន​និយាយ​ថា​ ​យុទ្ធ​សា​ស្រ្ត​ចម្បង​ក្នុង​ការ​ធ្វើអាជីវកម្ម​របស់​កញ្ញា​ ​គឺ​ការ​ផ្តល់​ទំនុក​ចិត្ត​។​ ​«​មនុស្សម្នាក់​ ​មិន​អាច​ធ្វើ​រឿង​បាន​ច្រើន​ទេ​ ​ចុះបើ​មាន​ម្នាក់ទៀត​ ​និង​ម្នាក់ទៀត​ ​បន្តបន្ទាប់​ ​ដែល​យើង​អាច​ទុកចិត្ត​បាន​? ​ចុះបើ​យើង​ផ្តល់​ឱកាស​ ​ទំនុក​ចិត្ត​ ​បង្រៀន​គ្នា​ទៅវិញទៅមក​ ​ឲ្យ​ខ្លួនឯង​មានឱកាស​ជួប​មនុស្ស​ថ្មី​ ​និង​ចាប់ដៃ​គ្នា​បន្ត​ទៀត​ ​តើ​នឹង​មាន​អ្វី​កើតឡើង​?​»​ ​នេះ​ជា​អ្វី​ដែល​អាជីវកម្ម​របស់​សហគ្រិន​តូច​រូប​នេះ​ស្ទុះ​ទៅមុខ​មិនឈប់ឈរ​។​ ​កញ្ញា​បន្ត​ថា​៖​ ​«​តាំងពីដើមមក​ ​ខ្ញុំ​យល់ថា​ខ្ញុំ​មិន​មាន​ឧបសគ្គ​សោះឡើយ​ ​ព្រោះ​រាល់​ឧបសគ្គ​ ​គឺជា​រឿង​ធម្មតា​ដែល​ត្រូវ​ឆ្លងកាត់​ ​ខ្ញុំ​ចាត់ទុកថា​វា​ជា​ជំហាន​មួយ​ដែល​យើង​ត្រូវ​ឆ្លង​ ​ដែល​យើង​ត្រូវ​រក​វិធី​សា​ស្រ្ត​ឆ្លាតវៃ​មួយ​ដើម្បី​ឆ្លងកាត់​វា​។​ ​នៅពេលដែល​យើង​ត្រៀម​ខ្លួន​រួចរាល់​ ​នៅពេលដែល​យើង​ចេះ​គិត​វិជ្ជមាន​ ​នៅពេលដែល​យើង​តាំងចិត្ត​ថា​យើង​នឹង​ត្រូវធ្វើ​ដំណើរ​ទៅមុខ​រហូត​ ​នោះ​នឹង​លែង​មាន​អ្វី​ដែល​ជា​ឧបសគ្គ​ហើយ​»​។​

            ជជែក​ពី​គន្លឹះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​វិញ​ ​កញ្ញា​ដាវ​ ​និយាយ​ថា​៖​ “​ខ្ញុំ​ពិតជា​មិន​ចង់ឲ្យ​យុវជន​វ័យក្មេង​បោះបង់​ចោល​ការសិក្សា​ ​ទោះបីជា​ពួកគាត់​មាន​ជំនាញ​អ្វី​ក៏ដោយ​។​ ​បើ​គាត់​បោះចោល​ការសិក្សា​ ​ចុះបើ​សិន​គាត់​មិន​ជោគជ័យ​ ​តើ​គាត់​បានអ្វី​ជា​បង្គោល​ទៅមុខ​? ​មនុស្សម្នាក់​ៗ​គួរតែ​រៀន​ ​ហើយ​ចាំ​ធ្វើអាជីវកម្ម​។​ ​ធម្មតា​បើ​យើង​រៀន​យើង​មាន​វិធី​ ​ដឹង​គន្លឹះ​ ​ហើយ​ផ្លូវ​ដែល​យើង​ដើរ​ក៏​អាច​នឹង​ងាយស្រួល​ជាង​ ​និង​លឿន​ជាង​” ​។​ ​សហគ្រិន​តូច​រូប​នេះ​ ​ក៏បាន​បន្ត​ទៀត​ថា​៖​ “​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​គិតថា​ ​មនុស្ស​ស្រី​រឹង​មាំ​ ​តែ​នៅពេលដែល​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​បង្ហាញ​ប្រាប់​គាត់​ថា​ ​គាត់​មិន​រឹង​មាំ​ ​គាត់​ត្រូវតែ​ធ្វើ​នេះ​ធ្វើ​នោះ​ ​វា​ធ្វើឲ្យ​គាត់​គិតថា​ ​គាត់​ប្រហែលជា​មិន​រឹង​មាំ​មែនទេ​ដឹង​? ​តាមពិត​មនុស្ស​ស្រី​រឹង​មាំ​ ​ហើយ​មាន​ភាព​បត់បែន​ជាង​មនុស្ស​ប្រុស​ទៀត​។​ ​អីចឹង​នៅពេលដែល​យើង​មាន​ចំណុច​ប្រសើរ​ ​និង​ពិសេស​ហើយ​ ​យើង​គួរតែ​ទុកចិត្ត​លើ​ខ្លួនឯង​ ​ហើយ​ធ្វើអ្វី​ដែល​យើង​ចង់​ធ្វើ​ ​កុំ​ពឹងផ្អែក​លើ​អ្វី​ដែលគេ​និយាយ​។​”

            បើ​ទោះ​ជា​អាក់ខាន​ក្នុង​ការសិក្សា​បន្តិច​ក្តី​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​ ​កញ្ញា​ ​ដាវ​ ​បាន​ទទួល​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ដោយ​ជោគជ័យ​ ​និង​កំពុង​ដឹកនាំ​អាជីវកម្ម​ជា​ច្រើនមុខ​នៅ​ក្នុង​ដៃ​ ​រួម​មាន​ហាង​នំ​ ​T​h​e​ ​Cake​ ​ចំនួន​១​២​សាខា​ ​នៅ​ខេត្ត​បាត់​ដំបង​ ​ភ្នំពេញ​ ​សៀមរាប​ ​និង​កំពង់ចាម​។​ ​ទន្ទឹម​នឹង​ភាព​ជោគជ័យ​ទាំងនេះ​ ​កញ្ញា​ដាវ​នៅតែ​ផ្តល់​តម្លៃ​ខ្ពស់​លើ​ការសិក្សា​ជាង​អ្វីៗ​ទាំងអស់​។​ ​កញ្ញា​និយាយ​ថា​ ​បើ​មាន​ពេលវេលា​គ្រប់គ្រាន់​ ​កញ្ញា​នឹង​រៀន​បន្ត​នូវ​ជំនាញ​ដែល​កញ្ញា​ចូលចិត្ត​ ​និង​ទទូច​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យកចិត្តទុកដាក់​លើ​ការសិក្សា​ឲ្យបាន​ច្រើន​។​ ​ចំណែក​គោលបំណង​អនាគត​សម្រាប់​អាជីវកម្ម​នំ​វិញ​ ​កញ្ញា​បាន​បញ្ជាក់​ថា​ ​នឹង​នាំ​យកកេរ្តិ៍ឈ្មោះ​សាលា​នំ​ ​ទៅកាន់​ទី​ផ្សារ​អា​ស៊ាន​នៅ​ក្នុងពេលឆាប់ៗ​នេះ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​

Image Courtesy: ​ម៉ៅ​ ​សាលី​ន​


SUGGESTIONS