×

​វិធី​រក្សាទុក​សាច់​បាន​យូរ​ដោយ​មិន​ប្រើ​ទូរ​ទឹកកក​

TRAVEL & LIVING 2 months ago
 
 

          សព្វថ្ងៃ​ប្រជាជន​កម្ពុជា​យើង​មាន​តម្រូវ​ការ​ទិញ​ស្បៀង​យកមក​រក្សាទុក​ដើម្បី​ទុក​បរិភោគ​ក្នុងរយៈពេល​យូរ​ ​ជាពិសេស​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​។​ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​ដែល​រស់​នៅផ្ទះ​ជួល​ ​ឬ​ ​មាន​បញ្ហា​ជីវភាព​មិន​មាន​ទូរ​ទឹកកក​សម្រាប់​ក្លា​ស្សេ​ត្រី​សាច់​យូរ​នោះ​ទេ​។​ ​ម្យ៉ាង​វិញទៀត​ ​តំបន់​ខ្លះ​ដាច់​ភ្លើង​ជា​ញឹកញាប់​ដែល​បណ្តាលឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ខ្លាច​ខូច​ស្បៀង​ដែល​ពួកគាត់​ទិញ​រួចមក​ហើយ​។​ ​ខាងក្រោម​នេះ​ជា​វិធី​សា​ស្រ្ត​ដែល​យើង​អាច​អនុវត្ត​ដើម្បី​រក្សា​សាច់​បាន​យូរ​ដោយ​មិន​ចាំបាច់​ប្រើ​ទូរ​ទឹកកក​:

១​.​ការ​ឆ្អើរ​​៖ ការ​ឆ្អើរ​ជា​វិធី​សា​ស្រ្ត​ចំណាស់​មួយ​ដែល​បុព្វបុរស​យើង​ប្រើប្រាស់​ដើម្បី​រក្សាទុក​ត្រី​សាច់​ឲ្យបាន​យូរ​។​ ​វិធី​សា​ស្រ្ត​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាទូទៅ​នៅ​តំបន់​អាកាសធាតុ​ក្តៅ​ហើយ​សើម​ដែល​ពិបាក​ស​ម្ងួ​ត​សាច់​ ​ឬ​ ​ហាល​ដោយ​ប្រើ​ខ្យល់​។​ ​សាច់​ឆ្អើរ​ក៏​ជួយ​បង្កើន​រសជាតិ​អាហារ​ឲ្យ​ឆ្ងាញ់​បាន​មួយ​បែប​ដែរ​។​

២​.​ការ​ប្រឡាក់អំបិល​ផ្អាប់ទុក​៖ ការ​ផ្អាប់ទុក​ជា​វិធី​សា​ស្រ្ត​បុរាណ​មួយទៀត​ដែល​យើង​នៅតែ​ប្រើប្រាស់​ដល់​សព្វថ្ងៃ​។​ ​វា​ទាមទារ​ពេលវេលា​និង​កម្លាំង​ពលកម្ម​បន្តិច​ប៉ុន្តែ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រក្សាទុក​សាច់ជ្រូក​បី​ជាន់​ (​Bacon​) ​និង​ ​ពពួក​សាច់​ផ្អាប់​បែប​រ៉ូ​មាំ​ង​ ​Past​ram​i​ (​សាច់គោ​ប្រឡាក់​ឆ្អើរ​ហើយ​ចំហុយ​) ​។​ ​អ្វី​ដែល​លោកអ្នក​ត្រូវការ​សម្រាប់​វិធី​នេះ​គឺ​កន្លែង​សមរម្យ​មួយ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម​សម្រាប់​រក្សាទុក​និង​កន្លែង​សម្រាប់​ព្យួរ​សំដិល​វា​។​

៣​.​ការ​ត្រាំទឹក​អំបិល​៖ ​វា​ជា​វិធី​សា​ស្រ្ត​ដ៏​សាមញ្ញ​ងាយស្រួល​អនុវត្ត​។​ ​ទឹក​អំបិល​ដែល​ត្រូវ​ត្រាំ​មាន​គ្រឿង​សំខាន់​គឺ​ ​ទឹក​ ​អំបិល​ ​និង​ស្ករស​។​ ​សាច់​ត្រូវ​បាន​ត្រាំ​ទុក​តាមរយៈ​ការ​ផ្អាប់​ក្នុង​ក្រឡ​ឬ​កូន​ពាង​ដែល​ពេញ​ទៅ​ដោយ​ទឹក​អំបិល​នោះ​។​លោកអ្នក​ត្រូវ​រក​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម​ ​ហើយ​ប្រសិនបើ​លោកអ្នក​ត្រាំ​វា​ក្នុង​បរិមាណ​ច្រើន​ ​លោកអ្នក​ត្រូវ​មាន​បន្ទប់​ឬ​ឃ្លាំង​សម្រាប់​រក្សាទុក​ក្រឡ​ទាំងនោះ​។​

៤​.ការ​ស​ម្ងួ​ត​សាច់​៖ ​វា​ជា​វិធី​ដែលគេ​ជឿជាក់​ថា​រក្សា​គុណភាព​សាច់​ ​ឬ​ ​បន្លែ​ប្រកបដោយ​សុវត្ថិភាព​បំផុត​។​ ​សាច់​ត្រូវ​បាន​ស​ម្ងួ​ត​យ៉ាង​ស្ងួត​ល្អ​ជាមួយនឹង​ម៉ាស៊ីន​ស​ម្ងួ​ត​ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​។​ ​ប៉ុន្តែ​វិធី​សា​ស្រ្ត​នេះ​ពឹងផ្អែក​អាស្រ័យ​លើ​សីតុណ្ហភាព​ដែរ​។​ ​ម្យ៉ាង​វិញទៀត​ ​លោកអ្នក​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រាកដ​ថា​សាច់​នោះ​ស្ងួត​១​០​០​ភាគរយ​ទើប​អាច​​​រក្សា​គុណភាព​វា​បាន​។​ ​បើមិនដូច្នោះទេ​ ​សាច់​នោះ​នឹង​ប្រែជា​ដុះផ្សិត​ជាមិនខាន​។​

៥​.ការ​រក្សាទុក​ដោយ​ប្រើ​ខ្លាញ់ជ្រូក​៖ វិធី​សា​ស្រ្ត​នេះ​ជា​វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​មួយទៀត​ ​ជាពិសេស​សម្រាប់​ចិន​កាប់​ជ្រូក​ ​ឬ​ ​សត្តឃាត​ក​ដែល​មាន​សម្បូរ​ខ្លាញ់ជ្រូក​នៅសល់​អាច​ប្រើការ​បាន​។​ ​ចំពោះ​វិធី​នេះ​សាច់​ឆ្អិន​និង​សាច់ឆៅ​អាច​​​យក​ ​មក​តម្រៀប​ជា​ស្រទាប់​ៗ​នៅ​ក្នុង​កូន​ពាង​ឬ​ក្រឡ​ដី​ដុត​ដែល​មាន​ខ្លាញ់ជ្រូក​រលាយ​។​ ​ខ្លាញ់ជ្រូក​ជួយ​បង្ការ​ការ​រីក​លូតលាស់​នៃ​ពពួក​បាក់តេរី​តាមរយៈ​ការ​ការពារ​រារាំង​មិន​ឲ្យ​ខ្យល់​ជ្រាបចូល​ទៅ​ក្នុង​សាច់​បាន​។​

៦​.ប្រែ​ទម្លាប់​មក​ទទួលទាន​សាច់​សត្វ​ស្រែ​ពិតៗ​៖ បើ​ប្រៀបធៀប​នឹង​សត្វ​ចិញ្ចឹម​បែប​កសិកម្ម​ទំនើប​ ​សាច់​សត្វ​ដែល​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​តាម​ប្រពៃណី​មាន​ទំហំ​តូច​ជាង​ដោយសារ​វា​ស៊ី​តែ​ចំណី​ធម្មជាតិ​។​ ​សាច់​សត្វ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​បែប​នេះ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​បរិភោគ​ ​ពោល​គឺ​សាច់​វា​ល្មម​នឹង​ធ្វើម្ហូប​មួយ​ពេល​ឬ​ពីរ​ពេល​ដោយ​មិន​ចាំបាច់​ត្រូវ​ក្លា​ស្សេ​ទុក​យូរ​សម្រាប់​ទទួលទាន​លើកក្រោយ​ទៀត​នោះ​ទេ​។​ ​អ្នក​វិទ្យា​សា​ស្រ្ត​ក៏បាន​រក​ឃើញ​ផង​ដែរ​ថា​ ​សាច់​សត្វ​ស្រែ​មាន​ខ្លាញ់​ច្រើន​ពី​ធម្មជាតិ​ជាង​សត្វ​ចិញ្ចឹម​យក​សាច់​នៅ​កសិដ្ឋាន​ដែល​មានប្រយោជន៍​ល្អ​សម្រាប់​ការ​រក្សាទុក​ឲ្យបាន​យូរ​។​

៧​.វិធី​សា​ស្រ្ត​ឈ្មោះ​ B​i​l​tong​ (​ប៊ី​លត​ង​)៖ ពាក្យ​បច្ចេកទេស​ B​i​l​tong​ ​គឺ​សំដៅ​ទៅលើ​វិធី​សា​ស្រ្ត​ដែលគេ​យក​សាច់​ទៅ​ប្រឡាក់​នឹង​ទឹកខ្មេះ​ឲ្យ​យូរ​រាប់ម៉ោង​។​ ​បន្ទាប់មក​គេ​យក​សាច់​ដែល​ត្រាំទឹក​ខ្មេះ​នោះ​ទៅ​បន្ថែម​រសជាតិ​ជាមួយ​គ្រឿង​ដូចជា​ម្រេចខ្មៅ​ ​គ្រាប់​ជីរ​វ៉ា​ន​ស៊ុ​យ​ ​ស្ករត្នោត​ ​ក្លាំពូ​ ​និង​ ​អំបិល​ក្រួស​។​ ​សាច់​ដែល​ផ្សំ​គ្រឿង​រួចហើយ​ត្រូវ​យកទៅ​សំដិល​ពីរបី​ម៉ោង​បន្ថែម​ទៀត​មុននឹង​យកទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត​ល្អ​៕

Article by SRIN SOKMEAN


SUGGESTIONS