កញ្ញា ម៉ម វណ្ឌី ក្នុងសិល្បៈហ្វេហ្សិនតាមគន្លងថ្មី ដើម្បីចូលរួមការពារពីកូវីដ១៩
NEWS 3 years ago ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលចាស់បុរាណបានរៀបចំឡើងដើម្បីប្រមើលមើលនូវភោគផលកសិកម្មនិងរបាយទឹកភ្លៀងក្នុងប្រទេសបានកន្លងផុតកាលពីខែឧសភាខែចាស់។ ដោយឡែក ខែមិថុនានេះ រដូវវស្សា ឬរដូវមូសុង កំពុងបញ្ចេញឥទ្ធិពលរបស់ខ្លួនគ្របដណ្តប់មកលើប្រទេសយើង ធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់នីមួយៗ នាំឲ្យធម្មជាតិក៏ស្រស់បំព្រងតាមនោះដែរ។ រដូវកាលដែលសម្បូរភ្លៀងធ្លាក់ក្នុងអំឡុងរដូវកាលកូវីដ១៩ផងនោះ សូវរីននឹងនាំចក្ខុទស្សនិកជនឲ្យមកឃើញការរចនាម៉ាស ឬ របាំង មុខបែបសិល្បៈច្នៃប្រតិដ្ឋទាន់សម័យដោយទឹកដៃរបស់កញ្ញា រំដួលលិចទឹក បង្ហាញជូនដោយតារាក្របមុខ កញ្ញា ម៉ម វណ្ឌី ដ៏ស្រស់សោភា ដែលបង្កប់នូវអត្ថន័យសារអប់រំផ្នែកសុខភាពដល់មហាជនទាំងឡាយ។
ក្នុងលេខចេញផ្សាយពាក់កណ្តាលឆ្នាំ២០២១នេះ លោកអ្នកនឹងបានជួបនឹងអត្ថបទល្អៗជាច្រើនដែលឆ្លើយតបនឹងបរិបទកម្ពុជាក្នុងពេលនេះ ជាអាទិ៍រួមមាន ដំណើរការប្រតិបត្តិការរៀបចំបណ្ណាល័យតាមភូមិសម្រាប់សហគមន៍ជនបទក្នុងអំឡុងពេលដែលសាលារៀនទូទាំងប្រទេសដោយយុវតី សុទ្ធ បូផា ជីវិតសិល្បករចាប៉ីជំនាន់ថ្មីពីរភាសា គង់ ញ៉េ ភាពអស្ចារ្យនៃក្បាច់គុនបុរាណខ្មែរក្នុងវិស័យភាពយន្តហូលីវូដស្តែងឡើងតាមរយៈតួសម្តែងកូនខ្មែរសញ្ជាតិអាមេរិក ឌី សៅ និង រឿងរ៉ាវនៅពីក្រោយតំណែងជាបវរកញ្ញាកម្ពុជារបស់កញ្ញា លីវ ជីលី។ ក្រៅពីនេះ យើងក៏មានបញ្ចូលអត្ថបទវិភាគស្តីពីទស្សនៈរបស់ប្រជាជនកម្ពុជាចំពោះការអប់រំតាមប្រព័ន្ធអនឡាញ ឬ ការអប់រំពីចម្ងាយ ដែលពួកយើងបាននិងកំពុងឆ្លងកាត់ជាក់ស្តែងចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈរហូតមកដល់ពេលនេះ។
ជាចុងក្រោយ យើងក៏មិនដែលភ្លេចបង្ហាញនូវសក្តានុពលទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលក្នុងខែនេះដែរ យើងបានជ្រើសរើសដំណើរទស្សនកិច្ចឈ្វេងយល់រចនាបថស្ថាបត្យកម្មប្រាសាទសម័យបុរេអង្គរដែលកូនខ្មែរគ្រប់ជំនាន់គប្បីយល់ដឹងរៀនសម្គាល់ទាំងអស់គ្នា។ អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះគឺ ការណែនាំនូវមុខម្ហូបផ្សំពីបន្លែប្រពៃណីខ្មែរសម្រាប់បំប៉នសុខភាពនៅរដូវភ្លៀងដែលងាយនឹងប្រឈមមុខនឹងជំងឺតម្កាត់នានា ដោយស្នាដៃចុងភៅចំណាន Chef Nak ម្ចាស់សៀវភៅ “ញ៉ាំ” (NHUM)៕