×

រដូវ​កាល​ផ្លែ​ព្រីង​ដ៏​សម្បូរ​បែប​ក្នុងស្រុក​យើង​

TRAVEL & LIVING 2 months ago
 
 

​            ផ្លែ​ព្រីង​ជា​អាហារសម្រន់​ចំណីចំណុក​បែប​ធម្មជាតិ​ដែល​ប្រជាជន​ខ្មែរ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​និយម​ទទួលទាន​ដើម​រដូវ​កាល​របស់​វា​តាំងពី​សម័យ​ដើម​រហូតមកដល់​ពេល​បច្ចុប្បន្ននេះ​ ​ទោះបីជា​សព្វថ្ងៃ​មាន​លំ​ហូរ​ចូល​ផ្លែឈើ​និង​នំចំណី​បរទេស​ប្លែកៗ​ជា​ច្រើនមុខ​សម្បូរ​បែប​យ៉ាងណាក៏ដោយ​។​ ​យោង​តាម​និយមន័យ​ ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ ​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ (​គ​.​ស​.​១​៩​៦​៧​) ​ព្រីង​ ​សំដៅ​ដល់​ ​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ ​មាន​ផ្លែ​ប្រើ​ជា​អាហារ​; ​មាន​ច្រើនយ៉ាង​គឺ​ ​ព្រីង​ចន្ទន៍​, ​ព្រីងចន្លុះ​, ​ព្រីងដោះក្របី​, ​ព្រីងបាយ​...(​ម​. ​ព​. ​ជម្ពូ​, ​ជម្ពូផល​, ​ជម្ពូព្រឹក្ស​ ​ផង​)​។​ ​រីឯ​ពាក្យ​ ​ជ​ម្ពុ ​ឬ​ ​ជម្ពូ​ ​នោះ​ ​ជា​ភាសា​បាលី​សំ​ស្រ្កឹ​ត​ ​សំដៅ​លើ​ ​ផ្លែ​ព្រីង​ ​នេះឯង​ ​ដែល​មាននៅ​ក្នុង​ពាក្យ​ ​ជម្ពូ​វ័​ន​ (​ព្រៃ​ព្រីង) ​ឬ​ជម្ពូទ្វីប​ (​ប្រទេស​ដែល​រុងរឿង​ ​ត្រដែត​ត្រដឹម​ដោយ​ដើម​ព្រីង​ ​កោះ​ព្រីង​) ​ជាដើម​។​

​            ​ខែ​ព្រីង​ទុំ​មាន​រយៈ​ពេលចន្លោះ​ពី​ខែ​មេសា​រហូតដល់​ខែ​មិថុនា​។​ ​ជាទូទៅ​ ​យើង​សង្កេតឃើញ​ថា​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ព្រីង​មិន​ពិបាក​រក​នោះ​ទេ​នៅ​ពេល​ដល់​ខែ​របស់​វា​ ​ពោល​គឺ​ប្រជាពលរដ្ឋ​នាំគ្នា​ឡើង​បេះ​នៅតាមភូមិ​ ​នៅក្បែរ​ៗ​ផ្ទះ​ ​ឬ​ ​ទិញ​យក​បន្ត​ពី​គេ​មកល​ក់​យក​ប្រាក់ចំណូល​បន្ថែម​ជាហូរហែ​។​ ​ពួកគេ​យក​ព្រីង​មកល​ក់​នៅ​ក្នុង​ផ្សារ​ ​នៅ​តាម​ចិញ្ចើមថ្នល់​ ​ឬ​ ​នៅ​តាម​បណ្តា​រមណីយដ្ឋាន​ជនបទ​មួយ​ចំនួន​ផង​ដែរ​។​ ​ហាង​ឆេង​ផ្លែ​ព្រីង​សព្វថ្ងៃ​ ​តម្លៃ​លក់​ចេញ​មួយ​គីឡូ​ខ្ទង់​២​០​០​០​០​រៀល​ ​អាច​ថោក​ឬ​ថ្លៃ​ជាង​នេះ​បន្តិច​អាស្រ័យ​លើ​ទំហំ​ផ្លែ​ព្រីង​។​ ​ព្រីង​មាន​ច្រើន​ប្រភេទ​ ​ប៉ុន្តែ​ព្រីង​ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ទទួលទាន​ជាងគេ​គឺ​ព្រីងដោះក្របី​ ​ដែល​មាន​ទំហំ​ធំ​ជាងគេ​ ​ហើយ​ល្បី​ថា​មានឱជារស​ឆ្ងាញ់​ជាងគេ​បំផុត​ផង​ដែរ​។​

​            ​ផ្លែ​ព្រីង​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​នៅ​ពេល​គេ​ទទួលទាន​វា​ស្រស់​ឬ​យកមក​ក្រឡុក​នោះ​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​គេ​ថែមទាំង​អាច​ច្នៃ​វា​ទៅជា​ស្រា​ព្រីង​ ​ជាក់ស្តែង​ដូចជា​ ​ស្រា​ព្រីង​ភ្នំ​ដា​ ​នៅ​ខាង​ស្រុក​អង្គរ​បូរី​ ​ខេត្ត​តាកែវ​។​ ​នៅ​ពេល​លោក​អ្នកទទួល​ទាន​ផ្លែ​ព្រីង​ ​ឬ​ ​ស្រា​ព្រីង​ ​វា​ជួយ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើនមុខ​ ​តួយ៉ាង​ ​ពង្រឹង​អេម៉ូក្លូ​ប៊ី​ន​ (ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលិកាក្រហម​មាន​តួនាទី​បន្សុទ្ធ​អុក​ស៊ី​សែន​ក្នុង​ឈាម) ​ជួយ​ឲ្យ​ស្បែក​ស្អាត​បង្ការ​ជំងឺ​មុន​ ​ជំនួយ​សុខភាព​ភ្នែក​និង​បេះដូង​ ​ធ្វើឲ្យ​ធ្មេញ​និង​អញ្ចាញ​រឹង​មាំ​ ​ប្រឆាំង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ ​និង​ ​ព្យាបាល​អា​កា​រៈ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​(​នោម​ញឹក​ ​និង​ ​ស្រេកទឹក​)​។​ល​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS