×

ញ៉ា គឹមម៉ូលីនី ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេហ្សិន​ដ៏​ប៉ិន​ប្រសប់​ផ្ទុយ​ពី​ជំនាញ​ដែល​បាន​សិក្សា

NEWS 3 years ago
 
 

          ​ផ្តើម​ចេញពី​ការ​ទស្សនា​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​មួយ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​​ជាតិ​ ​បាន​ក្លាយ​ជា​ចំណុច​ ​និង​គោលដៅ​ដ៏​សំខាន់​បំផុត​សម្រាប់​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយ​រូប​កំពុង​មានការ​បោះ​ស​ម្លេ​ង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​ ​ក៏​ព្រោះតែ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​នរូ​ប​នេះ​តែង​ពាំ​នាំ​នូវ​ទំនោរ​ប្លែកៗ​ជាច្រើន​សម្រាប់​អ្នកគាំទ្រ​ ​ជាពិសេស​ ​ក្រោម​ការរចនា​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​របស់​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​នេះ​តែង​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ថែម​ទៀត​ផង​។​

          ជំនួប​ជាមួយនឹង​ ​អ្នកនាង​ ញ៉ា ​គឹម​ម៉ូ​លី​នី​ ​ជា​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​អតីត​សិស្ស​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ ​និង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ហ្វេ​ហ្សិ​ន​ ​MaP​a​ (​MaP​a​ ​Fashion​ ​Design​ ​Academy​) ​គឺជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​និង​ជា​ស្ថាបនិកា​នៃ​ម៉ាក​ស​ម្លៀ​ក​បំពាក់​ដែល​មានឈ្មោះ​ថា​ ​«​លី​នី​ (​L​Y​N​Y​)​»​ ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​តាម​ការ​លើកឡើង​របស់​អ្នកនាង​ ម៉ូ​លី​នី​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​ឲ្យដឹង​ថា​ ​អ្នក​នាង​​មាន​ឈាមជ័រ​ក្នុង​គ្រួសារ​ជាង​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​មួយ​កន្លែង​ ​ហើយ​ស្ថិតនៅ​ក្នុង​វ័យ​ ​១​៥​ឆ្នាំ​ ​អ្នកនាង​មាន​សមត្ថភាព​យល់​ដឹង​ពី​ប្រភេទ​សាច់ក្រណាត់​ដែល​ប្រើប្រាស់​ ​ឬ​មិន​អាច​ប្រើប្រាស់​ទៅលើ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នោះ​ ​តួយ៉ាង​ ​អ្នកនាង​ក៏​ត្រូវ​បាន​ដឹង​ថា​មាន​សមត្ថភាព​អាច​ក្នុង​ការ​ឌិន​ ​និង​ការ​ដេរ​ម៉ូដ​ដោយខ្លួនឯង​យ៉ាង​ប៉ិនប្រសប់​ថែមទៀត​។​ ​រយៈពេល​កន្លងទៅ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ពេលវេលា​បាន​ផ្តល់​អំណោយ​ផង​យ៉ាង​ខ្លាំង​ ​ហើយ​ជា​ពេលវេលា​ដ៏​សក្តិ​សម​បំផុត​សម្រាប់​ ​អ្នកនាង​ ម៉ូ​លី​នី​ ​ចាប់​ផ្តើម​សាក​ល្បង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ដោយ​ការ​ដេរ​ម៉ូដ​រ៉ូប​ដាក់​លក់​នៅ​ទី​ផ្សារ​នៅ​អំឡុង​ពេល​ដែល​អ្នកនាង​កំពុង​សិក្សា​ឆ្នាំ​ទីបី​ ​បន្ទាប់មក​ទៀត​អាជីវកម្ម​នោះ​ក៏​ត្រូវ​បាន​បញ្ឈប់​ ​បន្ទាប់ពី​អ្នកនាង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​រ៉ាប់រង​លើ​ការងារ​ ​និង​រៀប​អាពាហ៍ពិពាហ៍​។​ ​បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​នរូ​ប​នេះ​នៅតែ​បន្ត​ក្តី​ស្រមៃ​របស់​ខ្លួន​ជានិច្ច​ ​អ្នកនាង​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុង​ការ​ខិតខំ​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ ​ក៏ដូចជា​ដំណោះស្រាយ​បញ្ហា​នានា​ ​តួយ៉ាង​ ​អ្នកនាង​ត្រូវធ្វើ​ការ​សម្រេច​ចិត្ត​រវាង​ការងារ​បច្ចុប្បន្ន​ ​និង​ការងារ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​។​ ​ថ្វី​ដ្បិតតែ​មានការ​លំ​បា​ក្នុង​ការ​សម្រេច​ចិត្ត​បន្តិច​ពិតមែន​ ​ប៉ុន្តែ​​អ្នកនាង​បាន​ជ្រើសរើស​ការងារ​ក្តី​ស្រមៃ​របស់​ខ្លួន​ ​ហេតុដូច្នេះ​មកដល់​បច្ចុប្បន្ន​អ្នកនាង​បាន​រចនា​ម៉ូដ​ហ្វេ​ហ្សិ​ន​ជាច្រើន​ឈុត​ ​រួម​ទាំង​បង្កើត​ម៉ាក​ស្លាកយីហោ​ផ្ទាល់ខ្លួន​ ​«​L​Y​N​Y​»​ ​ប្រមាណ​ជាមួយ​ឆ្នាំ​កន្លងទៅ​នេះ​។​

          ​បើ​តាម​ការ​លើកឡើង​ទៅលើ​ ​គម្រោង​ ​និង​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ ខូឡិ​ក​ហ្សិ​ន​មួយ​ចំនួន​ត្រូវ​បាន​យក​បង្ហាញ​ក្នុង​ពិព័រណ៍អន្តរជាតិ​មួយ​ក្នុង​ទីក្រុង​ ​Berlin​ ​នៃ​ប្រទេស​អាល្លឺម៉ង់​ ​ក្រោម​ការ​គ្រប់គ្រង​ ​និង​ដឹកនាំ​ដោយ​ ​ME​D​C (​Modern​ ​Ethnic​ ​Design​ ​Center​)​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកនាង​ក៏បាន​រចនា​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​ជាច្រើន​ផង​ដែរ​ដូចជា​៖​ ​Self​-​Discover​ ​Gender​-101 ​Bridal​ ​Gown​ ​Bridal​ ​Dress​ ​A​van​t​ ​G​ar​d​e​ ​និង​ខូឡិ​ក​ហ្សិ​ន​ថ្មី​បន្ថែម​ទៀត​កំពុង​ស្ថិត​តែ​ដំណើរ​ ​និង​បង្ហាញ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​​នេះ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​អ្នកនាង​ ម៉ូ​លី​នី​ ​ក៏បាន​ធ្វើការ​ដើរ​បង្ហាញ​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ចំនួន​ ​៤​ ​ដង​រួចមក​ហើយ​ ​រីឯ​ខូឡិ​ក​ហ្សិ​ន​មួយ​ក្នុងចំណោម​ខូឡិ​ក​ហ្សិ​ន​ទាំងអស់​ដែល​អ្នកនាង​បាន​រចនា​ច្នៃ​ម៉ូដ​ឈ្មោះថា​ ​Gender​-101 ​ជា​ខូឡិ​ក​ហ្សិ​ន​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ម៉ាក​ស​ម្លៀ​ក​បំពាក់​ ​«​L​Y​N​Y​»​ ​ថែមទៀត​។​ ​ជាចុងក្រោយ​ ​អ្នកនាង​ ញ៉ា ​គឹម​ម៉ូ​លី​នី​ ​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទាក់ទង​វិ​ស័យ​ឧស្សាហកម្ម​វិ​ស័​យ​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​ស្រឡាញ់​ ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ជំនាន់​ក្រោយដែល​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័​យ​នេះ​កាន់តែ​រីក​ចម្រើន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​ ​បើ​ទោះបីជា​មានផល​លំបាក​យ៉ាងណាក៏ដោយ​ ​សូម​កុំ​បោះបង់​ចោល​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​ពី​ទេពកោសល្យ​របស់​ខ្លួន​ទៅកាន់​ពិភពលោក​ដ៏​ធំធេង​នេះ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​

Image Courtesy: ​L​Y​N​Y


SUGGESTIONS