×

ស្អាង​ភ្នំ​បូជនីយដ្ឋាន​បុរាណ​ដ៏​ពិសិដ្ឋ​បំផុត​នៃ​ស្រុក​ស្អាង​

TRAVEL & LIVING 4 years ago
 
 

           “​ភូមិ​ពាម​សាលា​មេត្តា​ខ្ញុំ​ផង​ ​ភ្នំ​ផ្សង​ខ្ញុំ​ផ្សង​ជួប​តែ​ប្រុស​ស្នេហ៍​ ​ព្រះ​គោ​ព្រះ​កែវ​ដែល​យើង​ស្បថស្បែ​ ​សច្ចំ​ជួយ​ថែ​ជួយ​នាំ​សម្តី​…” ​ជា​ទំនុកច្រៀង​នៃ​បទ​ចម្រៀង​ចំណាស់​ល្បី​មួយ​បទ​របស់​លោកស្រី​ ​អ៊ុំ​ សុ​ម៉ា​វ​ត្តី ​កូនស្រី​រាជិនី​សំឡេង​រនាតឯក​ ​ហួយ​ ​មាស​ ​ដែល​ហាក់​លួងលោម​បំពេ​រ​អារម្មណ៍​មិត្ត​អ្នកស្តាប់​ឲ្យ​នឹក​រ​ព្ញ​ក​ដល់​ ​រមណីយដ្ឋាន​ស្អាង​ភ្នំ​នៃ​ភូមិ​ពាម​សាលា​ ​និមិត្តរូប​ស្រុក​ស្អាង​ ​ដែល​មាន​ប្រជាប្រិយភាព​តាំងពី​សម័យ​សង្គម​រា​ស្រ្ត​និយម​។​ ​ស្អាង​ភ្នំ​គឺជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​វប្បធម៌​ធម្មជាតិ​។​ ​រមណីយដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ពាម​សាលា​ ​ឃុំ​ស្អាង​ភ្នំ​ ​ស្រុក​ស្អាង​ដែល​មាន​ចំងាយ​ប្រមាណ​ជា​២​៣​គីឡូម៉ែត្រ​ ​ពី​ក្រុង​តាខ្មៅ​ទីរួមខេត្ត​កណ្តាល​។​

          ​ដើម្បី​ធ្វើដំណើរ​ទៅ​ទស្សនា​ក​ម្សាន្ត​នៅ​រមណីយដ្ឋាន​នោះ​ ​ភ្ញៀវ​ទេសចរ​ត្រូវធ្វើ​ដំណើរ​ពី​ក្រុង​តាខ្មៅ​តាម​ផ្លូវជាតិ​លេខ​ ​២​១​ ​ថ្មី​ ​ដែល​ជា​ផ្លូវ​លើក​ថ្មី​ជំនាន់​ប៉ុ​ល​ព​ត​ ​ហើយ​ធ្វើដំណើរ​តាម​នោះ​កាត់តាម​តំបន់​វាលទំនាប​ទួល​ក្រសាំង​។​ ​ពី​ក្រុង​តាខ្មៅ​តាម​ផ្លូវជាតិ​លេខ​ ​២​១​ ​ថ្មី​ ​និង​ ​ជួប​លេខ​ ​២​១​ ​ចាស់​ត្រង់​ ​ចំណុច​វត្ត​ឈូង​លៀប​ ​ក្នុង​ឃុំ​រកា​ខ្ពស់​ ​មាន​ចម្ងាយ​ប្រហែល​ ​១​២​ ​គីឡូ​ម៉េ​ត្រ​។​ ​ដល់​វត្ត​ឈូង​លៀប​ ​ត្រូវ​បន្ត​ដំណើរ​ទៅដល់​ ​ផ្សារ​ទី​រួម​ស្រុក​ស្អាង​ (​ស្អាង​ព្រែក​តូច​) ​ទើប​មាន​ផ្លូវបំបែក​ចូល​ខាងស្តាំ​ដៃ​មូ​យ​ដែល​មាន​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​មួយ​ជា​សម្គាល់​។​ ​ធ្វើដំណើរ​តាមផ្លូវ​នោះ​ចម្ងាយ​ ​២​.​៥​ ​គីឡូម៉ែត្រ​ដល់​ក្លោង​ទ្វារ​វត្ត​ ​រួម​មាន​ផ្លូវបំបែក​ចូល​ខាងស្តាំ​បន្តិច​ ​ទើប​ដល់​រមណីយដ្ឋាន​នោះ​។​

         ​រមណីយដ្ឋាន​ស្អាង​ភ្នំ​នេះ​ ​មាន​វត្ត​មួយ​សង់​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​ ​ដែលគេ​មើលទៅ​ឃើញ​ទិដ្ឋភាព​ល្អ​ប្លែក​ជុំវិញ​តំបន់​នោះ​។​ ​រមណីយដ្ឋាន​ស្អាង​ភ្នំ​នេះ​ ​ពុំសូវ​សំបូរ​ដើមឈើ​ ​ដូច​នៅ​ ​ភ្នំ​ធន​មន្ត​ឡើយ​ ​ប៉ុន្តែ​នៅ​ជុំវិញ​វត្ត​គឺ​មាន​បឹង​យ៉ាង​ធំ​មួយ​ដែល​មាន​វា​រី​ជាតិ​ ​តួយ៉ាង​ ​ផ្កា​រំ​ចង់​ ​ព្រលិត​ ​ដុះ​ពី​ធម្មជាតិ​រស់រវើក​បង្កើត​បានជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ល្អ​ក្រៃ​ក្នុង​រដូវវស្សា​។​ ​លើស​ពី​នេះ​ ​នៅ​ក្នុង​បឹង​ជុំវិញ​ភ្នំ​នេះ​ ​គឺ​សំបូរ​ពពួក​មច្ឆជាតិ​តូច​ធំ​ច្រើន​ណាស់​។​ ​អ្នកទេសចរ​ដែល​ទៅ​ក​ម្សាន្ត​នៅ​ទីនោះ​ ​ក្រៅពី​ជិះទូក​លេង​ ​គឺ​ពួកគេ​ទៅ​ស្ទូចត្រី​ផង​ដែរ​។​ ​នៅ​រដូវវស្សា​ស្អាង​ភ្នំ​ប្រៀប​បីដូច​ជា​កូន​កោះ​មួយ​ដែល​ព័ទ្ធជុំវិញ​ទៅ​ដោយ​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​។​

          ​តំបន់​ស្អាង​ភ្នំ​ជា​ទីប្រជុំ​ពុទ្ធសាសនិកជន​ក្មេង​ចាស់​ប្រុស​ស្រី​មកពី​ទី​ឆ្ងាយ​ជិត​ហូរហែ​មិនចេះដាច់​ដោយហេតុ​តែ​ទីនេះ​មាន​វត្ត​មួយ​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ទាន​នានា​នៅ​ជើងភ្នំ​ ​និង​ ​នៅ​លើ​កំពូលភ្នំ​មាន​អាស្រម​ព្រះ​គោ​ព្រះ​កែវ​ដែល​ជាទី​សក្ការបូជា​បួងសួង​បែរបន់​សុំ​លាភ​សុំ​ជ័យ​យ៉ាងសំខាន់​ប្រចាំ​ទីនេះ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​អាស្រម​រូបសំណាក​បង់បត់​បារមី​ថែរក្សា​ព្រៃ​ភ្នំ​ជាច្រើន​កន្លែង​តាំងពី​ជើងភ្នំ​រហូតដល់​កំពូលភ្នំ​អម​តាម​កាំ​ ​ជណ្តើរ​ឡើងភ្នំ​ធ្វើ​ពី​បេតុង​អារ​មេ​យ៉ាង​ស្រស់​ស្អាត​ ​ក្នុង​នោះ​រួម​មាន​ ​បារមី​ភ្នំ​ស្អាង​ ​លោកតា​មុនី​ឥសី​ប្រោសសត្វ​ ​លោក​សច្ចំ​រូង​ពើង​ ​លោកតា​ក្រហម​ក​ ​លោកតា​ស​ ​លោកយាយ​សក់ក​ណ្តាញ់ ​និង​ ​លោកយាយ​កញ្ចក់​ទិព្វ​ ​ឬ​ ​លោកយាយ​ក្រពុំ​ឈូក​ ​។​ល​។​

          ​បើ​និយាយ​ពី​ប្រវត្តិ​សា​ស្រ្ត ​កាលពី​ជំនាន់ដើម​ចាស់ទុំ​និយម​ហៅ​តំបន់​នេះ​ថា​ល្អាង​ភ្នំ​ ​ប៉ុន្តែ​លុះ​ចំណេរ​កាល​ក្រោយមក​ ​ពាក្យ​នេះ​ក៏បាន​ក្លាយទៅជា​ ​ស្អាង​ភ្នំ​ ​ជាប់​រហូតមកដល់​សព្វថ្ងៃ​។​ ​បានជា​មានឈ្មោះ​ថា​ ​ល្អាង​ភ្នំ​ ​ព្រោះ​នៅ​លើ​ភ្នំ​ស្អាង​ ​មាន​ច្រក​តូច​មួយ​សម្រាប់​ចូល​ទៅ​ក្នុង​រូង​ល្អាង​ ​តែ​បច្ចុប្បន្ន​រូង​នោះ​ត្រូវ​បាន​បិទ​ហើយ​។​ ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៧​៦​ ​នៃ​សម័យ​កម្ពុជាប្រជាធិបតេយ្យ​ ​រមណីយដ្ឋាន​ស្អាង​ភ្នំ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​។​ ​លុះ​មកដល់​ឆ្នាំ​១​៩​៨​៥​ ​ទើប​ទីតាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​អភិវឌ្ឍ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឡើងវិញ​ដើម្បី​បម្រើ​វិ​ស័​យ​ ​ទេសចរណ៍​វប្បធម៌​-​ធម្មជាតិ​ក្នុង​រដូវ​បុណ្យទាន​ ​ដូចជា​ ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ជាដើម​។​ ​នៅ​រមណីយដ្ឋាន​ស្អាង​ភ្នំ​ ​សម្បូរ​ម្ហូប​បែប​ជនបទ​ស្រុកស្រែ​ឈ្ងុយឆ្ងាញ់​ជា​ច្រើនមុខ​សម្រាប់​ផ្គាប់ចិត្ត​ភ្ញៀវ​ទេសចរ​ ​ដូចជា​ ​មាន់​ដុត​ខ្ចប់​ស្លឹក​ឈូក​ ​ឆា​ត្រកួន​ស្រែ​ប្រេងខ្យង​ ​ខ្យង​ស្រែ​អាំង​ ​កង្កែបបោប​ ​ត្រី​អ​ណ្តែ​ង​អាំង​ ​ខ្លាញ់​ក្តាម​ដុត​ ​។​ល​។​ ​ចំពោះមុខ​ម្ហូប​ធ្វើ​ពីសា​ច់​មាន់​ ​អ្នក​លក់​នៅ​ទីនោះ​បាន​ប្រាប់​សូវ​រី​ន​ថា​ ​នៅ​ចំ​ថ្ងៃ​ដែល​លក់ដាច់​ ​ពួកគាត់​អាច​លក់​មាន់​បាន​រហូតដល់​៣​០​-​៤​០​ក្បាល​ឯណោះ​ក្នុងមួយថ្ងៃ​។​

          ​រលក​នៃ​ខ្យល់​បោកបក់​មក​ប៉ះ​ជើងភ្នំ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ស្រស់ស្រាយ​បំបាត់​នូវ​ការនឿយហត់​ ​។​ ​នៅ​ទីនោះ​ ​មាន​លក្ខណៈ​ត្រជាក់ស្រេង​ប្រកបដោយ​ខ្យល់អាកាស​បរិសុទ្ធ​និង​ព្រៃរបោះ​នៅ​ជុំវិញ​ជើងភ្នំ​។​ ​បច្ចុប្បន្ននេះ​មន្ទីរ​ទេសចរណ៍​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ដាំ​កូនឈើ​ ​និង​ ​រៀបចំ​សណ្តាប់ធ្នាប់​ ​អនាម័យ​ ​និង​សន្តិសុខ​នៅ​តំបន់​នោះ​បាន​យ៉ាងល្អ​ប្រសើរ​ជូន​ភ្ញៀវ​ទេសចរ​លេង​ក​ម្សាន្ត​។​ ​ដោយសារតែ​តំបន់​ស្អាង​ភ្នំ​មាន​សម្រស់​ស្រស់​ត្រកាល​គួរ​ជាទី​មនោ​រម្យ​ ​ទើប​ទាក់ចិត្ត​កវីនិពន្ធ​ឲ្យ​និពន្ធ​បទ​ចម្រៀង​ជាច្រើន​ផ្សារភ្ជាប់​នឹង​ភូមិ​ស្រុក​ជុំវិញ​ស្អាង​ភ្នំ​នេះ​ ​ជាអាទិ៍​រួម​មាន​ ​បទ​លាហើយ​ស្អាង​ភ្នំ​ (​អ៊ុំ​ សុ​ម៉ា​វ​ត្តី) ​ព្រមទាំង​កម្រង​ចម្រៀង​មណ្ឌល​អភិវឌ្ឍន៍​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​ ​ដូចជា​ ​បទ​ស្រី​ស​ស្អាង​ភ្នំ​ ​បទ​ក​ម្លោះ​ស្អាង​ភ្នំ​ក្រមុំ​ក្រាំង​យ៉ូ​វ​ ​បទ​វាសនា​ស្ពាន​ស្អាង​ភ្នំ​ ​បទ​ស្អាង​ស្រែ​ស្រែ​ស្អាង​ភ្នំ​ ​ជាដើម​៕​


SUGGESTIONS