ដៃតម្បាញ ជាឈ្មោះផេកហ្វេសប៊ុកមួយដែលកំពុងធ្វើចរាចរណ៍លក់ផលិតផលតម្បាញធ្វើពីក្រចៅជាច្រើនប្រភេទដែលជាស្នាដៃពិតៗនៃប្រជាជនរស់នៅក្នុងទឹកដីខេត្តបាត់ដំបងដែលជាតំបន់ធ្លាប់ល្បីឈ្មោះខ្លាំងលើឧស្សាហកម្មតម្បាញក្រចៅ រហូតមានរោងចក្រកាលពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង។ ក្រុមយុវជន “ដៃតម្បាញ” បានបង្កើតក្រុមខ្លួនឡើងកាលពីឆ្នាំ២០១៨ ។ មូលហេតុនៃការបង្កើតឡើងគឺដោយសារមានអាណិកជនអាមេរិកម្នាក់បានមកជួបពិភាក្សាពីវិធីសាស្រ្តក្នុងការដាំនិងផលិតខ្សែក្រចៅ នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អាណិកជននោះបានពន្យល់ថាក្រចៅមានសក្តានុពលច្រើនយ៉ាង តាំងពីស្លឹក និងដើម ព្រមទាំងផលិតផលសម្រេចពាក់កណ្តាល ហើយអាមេរិកចង់ស្វែងរកក្រចៅដែលមិនប្រើប្រាស់សារធាតុគីមី ដោយសារមានការបញ្ជាទិញច្រើនពីប្រទេសចិន។ ក្រោយមក ក្នុងខែមិថុនា ឆ្នាំ២០២០ ទីផ្សារក្រចៅរបស់អ្នកស្រុកឯកភ្នំទៅកាន់ប្រទេសថៃត្រូវបានរាំងស្ទះដោយសារវិបត្តិកូវីដ១៩។
ការយល់ដឹងពីតម្លៃនៃក្រចៅខ្មែរ គួបផ្សំនឹងបញ្ហាប្រឈមជាក់ស្តែងនៃទីផ្សារក្រចៅក្នុងតំបន់បានជំរុញឲ្យយុវជនដៃតម្បាញសាកល្បងបង្ហោះនូវអង្រឹងក្រចៅរបស់ដូនចាស់ម្នាក់ អាយុ ៨៩ឆ្នាំ ក្នុងគណនីផ្ទាល់ខ្លួន ដើម្បីជួយលក់អង្រឹងរបស់ដូនចាស់នោះ។ ក្នុងអំឡុងពេល១សប្តាហ៍ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើការកុម្ម៉ង់ និងគាំទ្រលើទឹកដៃរបស់ដូនចាស់រូបនោះយ៉ាងច្រើន រហូតដល់នាងខ្ញុំសម្រេចចិត្តបង្កើតទំព័រហ្វេសប៊ុកដៃមួយឡើង ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមដល់សមាជិកសមាគមមនុស្សចាស់នៅស្រុកឯកភ្នំ។ “ដោយសារមានតម្រូវការច្រើនពីអតិថិជន នាងខ្ញុំបានស្វែងរកអ្នកចាប់អារម្មណ៍ចង់ក្រងអង្រឹងជាមួយនាងខ្ញុំ ដោយបានជ្រើសរើសយកមនុស្សចាស់ដែលចេះពីរបៀបក្រងអង្រឹងក្រចៅនេះ បានចំនួនពីរវគ្គ មានចំនួន ២៥នាក់ (អាយុចន្លោះ៤៥ឆ្នាំដល់៩០ឆ្នាំ)” ។ ភាគច្រើនពួកគាត់ជាមនុស្សចាស់ ដែលឆ្លៀតពេលទំនេរពីការធ្វើស្រែចំការ ដើម្បីបង្កើនប្រាក់ចំណូល សាបព្រោះសក្តានុពលក្រចៅក្នុងស្រុក និង រក្សាស្នាដៃកេរដំណែលដែលចាស់ៗបានបន្សល់ទុកមកដើម្បីឲ្យមានក្មេងៗជំនាន់ក្រោយបានបន្តវេននិងស្គាល់ផង។
ចំពោះវត្ថុធាតុដើម អ្នកស្រុកនោះដាំក្រចៅជាលក្ខណៈគ្រួសារ ដើម្បីលក់ទៅបរទេស និងមួយចំនួនតូចសម្រាប់កែច្នៃជាសម្ភារប្រើប្រាស់តាមគ្រួសារ ដូចជាអង្រឹង និងខ្សែចងនំ ជាដើម។ ក្រចៅមាន២ប្រភេទ គឺ ក្រចៅកូត ឬ ក្រចៅរឹង ជាក្រចៅដែលបកសំបកពីដើមរួចកូតជាមួយកាំបិតបូរាណ ហើយហាលថ្ងៃ រយៈពេល១សប្តាហ៍ឬអាចយូរជាងនេះ អាស្រ័យលើមេឃក្តៅ ឬភ្លៀង។ តម្លៃចន្លោះពី ៥០០០៛ ទៅ ១២០០០៛ ទៅតាមតម្លៃទីផ្សារ។មួយទៀតគឺ ក្រចៅបោក ឬ ក្រចៅទន់ ជាប្រភេទដែលគេបកសំបករួច យកទៅត្រាំទឹកទន្លេ រយៈពេលពី១០ ថ្ងៃ ទៅ កន្លះខែ រហូតដល់សម្បកវាជ្រុះចេញពីសរសៃដូចសូត្រ ទើបគេយកបោកសំអាត និងហាលថ្ងៃរហូតដល់ស្ងួតល្អ ទើបគេរក្សាទុកនៅក្នុងកន្លែងស្ងួត កុំឲ្យឡើងអាចម៍អណ្តើក។ តម្លៃចន្លោះពី ៣៥០០៛ ទៅ ៧០០០៛ ទៅតាមតម្លៃទីផ្សារ។ ក្រចៅទាំង២ប្រភេទខាងលើមានគុណសម្បត្តិជាច្រើន អាចកែច្នៃបានគ្រប់ទំរង់ ទៅតាមបច្ចេកទេស និងតម្រូវការរបស់អតិថិជន។
ការផលិតខាងលើមានជួបបញ្ហាប្រឈមជាច្រើន តួយ៉ាង ខ្វះធនធានមនុស្សដែលអាចផលិតសំភារៈថ្មីៗទៅតាមតម្រូវការទីផ្សារ ខ្វះសម្ភារកែច្នៃបម្រើសង្វាក់ផលិតកម្ម ខ្វះដើមទុន ខ្វះការគាំទ្របចេ្ចកទេស និងការគាំទ្រផលិតផល ភាពយឺតយ៉ាវនៃការត្បាញ ទីផ្សារចង្អៀត និង បញ្ហាអតិថិជន (ប្តូរចិត្តមិនទទួលយកផលិតផលដែលក្រងរួច)។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកផលិតនៅតែតស៊ូ ព្រោះពួកគាត់រីករាយនឹងអ្វីដែលពួកគាត់បាន។ ពួកគាត់អាចរកចំណូលបន្ថែម អាចមើលផ្ទះសម្បែងពួកគាត់ ដោយមិនបាច់ធ្វើចំណាកស្រុកទៅឆ្ងាយពីភូមិស្រុក ។
ផលិតផលដែលផលិតបានភាគច្រើនលក់តាមការបញ្ជាទិញតាមអនឡាញ និងដាក់លក់នៅក្នុងអាហារដ្ឋាន ភូមិអាហារ ដ៏តូចមួយក្នុងខេត្តបាត់ដំបង។ អតិថិជនដែលបានគាំទ្រមានពីបណ្តាខេត្តក្រុងនានា ដូចជា ខេត្តកណ្តាល រតនគីរី ព្រះវិហារ សៀមរាប កំពត ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ហើយ ក៏មានក្រុមយុវជនដែលកំពុងរៀនសូត្រនៅមហាវិទ្យាល័យយកលក់បន្តដើម្បីរកប្រាក់ចំណូលខ្លះៗផងដែរ។ សម្រាប់អនាគត ដៃតម្បាញមានផែនការពង្រឹងគុណភាពសម្ភារដើម្បីឆ្លើយតបទៅនឹងតម្រូវការទៅផ្សារ បើកវគ្គបណ្តុះបណ្តាលបន្ថែមលើការកែច្នៃ (ព្រំ កម្រាល កាបូប អង្រឹង ...) ចងក្រងជាខ្សែវីដេអូស្តីពីការដាំដុះ ការប្រមូលផល និងការកែច្នៃ ដំណាំក្រចៅសម្រាប់ផ្សព្វផ្សាយទៅភ្ញៀវជាតិនិងអន្តរជាតិ បង្កើតសកម្មភាព កសិទេសចរណ៍ និងពង្រីកទីផ្សារបន្ថែម៕
Article by SRINSOKMEAN