តាមធម្មតារុក្ខជាតិដាំលម្អនៅក្នុងម្លប់ ហាក់មិនសូវត្រូវការពន្លឺថ្ងៃច្រើនដូចទៅនឹងប្រភេទរុក្ខជាតិដាំនៅខាងក្រៅប៉ុន្មាននោះទេ។ អំឡុងនេះជារដូវភ្លៀងធ្លាក់ ទោះបីជារុក្ខជាតិរស់ក្នុងម្លប់មិនសូវត្រូវការពន្លឺក៏ពិតមែន ប៉ុន្តែអាកាសធាតុត្រជាក់ភ្លៀងធ្លាក់ញឹកញាប់នាំមកសំណើមច្រើន ក៏មិនអំណោយផលសម្រាប់ពួកវាក្នុងការលូតលាស់ល្អដែរ។ ដូច្នេះអ្នកគួរយកចិត្តទុកដាក់ក្នុងការថែទាំដូចខាងក្រោម៖
ដាក់នៅជិតបង្អួច៖ ពន្លឺព្រះអាទិត្យគឺជាថាមពលសំយោគមួយដែលរុក្ខជាតិត្រូវការជាចាំបាច់។ ដោយសាររដូវវស្សាអាកាសធាតុត្រជាក់មានភ្លៀងធ្លាក់ញឹកញាប់ រុក្ខជាតិរបស់អ្នកអាចនឹងមិនទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់នោះទេ។ ហេតុដូច្នេះ គួរដាក់វានៅជិតបង្អួចដើម្បីទទួលបានពន្លឺខ្លះ។
សម្អាតស្លឹក៖ ការដាក់រុក្ខជាតិនៅជិតបង្អួចជាជំហានទីមួយ ហើយការសម្អាតស្លឹករបស់វាគឺជាជំហានបន្ទាប់ដែលអ្នកគួរធ្វើ។ ការជូតសម្អាតស្លឹករុក្ខជាតិអាចជួយជំរុញឲ្យវាស្រូបយកពន្លឺព្រះអាទិត្យបានកាន់តែច្រើន ព្រោះថាធូលីដីដែលពាំជាប់នៅលើស្លឹកអាចរារាំងមិនឲ្យពួកវាស្រូបយកពន្លឺពីព្រះអាទិត្យបានល្អ។
ដាក់ឲ្យត្រូវពន្លឺអំពូល៖ ក្នុងរដូវមានភ្លៀងធ្លាក់ញឹកញាប់ ពេលខ្លះមេឃអាចស្រទំសឹងគ្មានពន្លឺព្រះអាទិត្យរហូត៣ទៅ៤ថ្ងៃជាប់ៗគ្នាក៏មាន។ ដើម្បីឲ្យដើមផ្កា ឬប្រទាលរបស់អ្នកទ្រទ្រង់នឹងស្ថានភាពនេះបាន អ្នកអាចយកពួកវាទៅដាក់ឲ្យត្រូវពន្លឺអំពូល ឬរៀបចំកន្លែងមួយដាក់ពួកវាឲ្យត្រូវពន្លឺអំពូលតែម្តង។ ការធ្វើបែបនេះអាចជំនួសពន្លឺព្រះអាទិត្យបានខ្លះដែរ។
ស្រោចទឹកតិចជាងមុន៖ ការស្រោចទឹកច្រើនឬញឹកញាប់ ហាក់មិនអំណោយផលសម្រាប់រុក្ខជាតិរស់ក្នុងម្លប់នោះទេ។ អ្នកអាចស្រោចយូរៗម្តង ឬស្រោចនៅពេលសម្គាល់ឃើញថាដីក្នុងផើងចាប់ផ្តើមស្ងួត។
កាត់បន្ថយការប្រើជីរ៖ មិនខុសគ្នាប៉ុន្មានពីការស្រោចទឹក ការដាក់ជីរគប្បីកាត់បន្ថយ ឬបើអាចផ្អាកមួយរយៈសិននៅក្នុងអំឡុងអាកាសធាតុដែលមិនសូវមានពន្លឺថ្ងៃនេះ។ បើធៀបទៅនឹងរដូវក្តៅ អ្នកគួរកាត់បន្ថយការប្រើប្រាស់ឲ្យបានពាក់កណ្តាល។
ប្រុងប្រយ័ត្នសត្វល្អិត៖ រាល់ពេលមានសំណើមឱកាសកកើតសត្វល្អិតនឹងកើនឡើងកាន់តែច្រើន។ ការបំផ្លាញដោយសត្វល្អិតជាបញ្ហាចម្បងមួយ ព្រោះនៅពេលដែលវាបានបំផ្លាញត្រង់ផ្នែកណាមួយនៃរុក្ខជាតិហើយនោះ វានឹងបន្តខូចខាតទៅផ្នែកផ្សេងទៀតដែលជាឧបសគ្គក្នុងការរារាំងរុក្ខជាតិមិនឲ្យលូតលាស់បានល្អ។ ម្យ៉ាងបើមិនកម្ចាត់ទាន់ពេលអាចងាប់ទាំងដើមតែម្តង។ ដូចនេះគួរពិនិត្យមើលលើដើម ស្លឹក ត្រួយ ឬផ្កា ថាតើមានសត្វល្អិតស៊ីឬអត់ បើមានអ្នកគួរកម្ចាត់វាចេញភ្លាម។
ជាការពិតណាស់ ការដាំរុក្ខជាតិសម្រាប់តាំងលម្អមិនត្រឹមតែជួយបង្កើនសោភ័ណភាពប៉ុណ្ណោះទេ វាថែមទាំងជួយបន្សុទ្ធខ្យល់ កម្ចាត់ជាតិពុល ក៏ដូចជាជួយបំបាត់ស្រ្តេសធ្វើឲ្យអារម្មណ៍ល្អផងដែរ។ ដែលសំខាន់ពួកវាក៏ត្រូវការការថែទាំពីអ្នកផ្ទាល់ ដូច្នេះសូមកុំបណ្តោយឲ្យរុក្ខជាតិជាទីស្រឡាញ់របស់អ្នកត្រូវបានបំផ្លាញនៅរដូវភ្លៀងនេះណា៎៕
Article by: SOUNG SOKSAN