×

ហាង​កាហ្វេ​៤​ទីតាំង​ដែល​ផ្តោត​លើ​បរិស្ថាន​ដ៏​ស្រស់បំព្រង​គួរ​ជាទី​មនោ​រម្យ​

TRAVEL & LIVING 4 weeks ago
 
 

           ឡឺ​ទួល​កាហ្វេ​ (​L​e​ ​T​uo​l​ ​Ca​f​e​): ​ជា​ហាង​កាហ្វេ​មួយ​ដែល​កំពុង​ពេញ​និយម​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​ ​វា​ជា​ទីតាំង​ដ៏​ពិសិដ្ឋ​ប្រៀប​បីដូច​ជា​រមណីយដ្ឋាន​លក្ខណៈ​គ្រួសារ​មួយ​កន្លែង​ដែល​រះ​ឡើង​នៅ​ជាយ​ក្រុងភ្នំពេញ​។​ ​ហាង​កាហ្វេ​នេះ​មាន​អាសយដ្ឋាន​ស្ថិតនៅ​លើ​ផ្លូវ​លេខ​៤​២​ ​ភូមិ​ទួល​ ​សង្កាត់​ព​ន្សាំ​ង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​។​ ​ម្ចាស់​ហាង​មានគំនិត​បង្កើត​វា​ឡើង​ផ្តើម​ចេញពី​ការ​ស្រឡាញ់​ចូលចិត្ត​ទទួលទាន​កាហ្វេ​ ​និង​ ​ស្រឡាញ់​បរិស្ថានធម្មជាតិ​ ​គួបផ្សំ​នឹង​គំនិត​ ​រៀបចំផែនការ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ស្រាប់​ផង​នោះ​។​ ​ទីនេះ​មាន​បរិយាកាស​ស្រស់ស្រាយ​នៅ​លើ​ផ្ទៃដី​រាង​ជា​អក្សរ​ ​L​ ​ទំហំ​៣​០​០​០​ម៉ែត្រការ៉េ​ ​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​ដំណាំ​បែកមែក​សាខា​ចោល​ម្លប់ត្រជាក់​ ​និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​។​ ​ចំណុច​ពិសេស​បំផុត​ ​គឺ​ ​ហាង​នេះ​សង់​ជា​រចនាបថ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​ដែល​ជា​ប​ង្គុំ​រវាង​គ្រឿង​ទព្វសម្ភារ​ (​គ្រឿងសំណង់​)​ចាស់​ប្រមែប្រមូល​យក​ពី​តាម​បណ្តា​ខេត្ត​នានា​ ​និង​ជញ្ជាំង​ធ្វើ​ពី​បង្អួច​ស្លាបព្រិល​សុទ្ធសាធ​ ​ហៅថា​«​ផ្ទះ​បង្អួច​១​០​០​»​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ភ្ញៀវ​គ្រប់រូប​មានឱកាស​ថតរូប​ក​ម្សាន្ត​ជាមួយ​សម្ភារ​ប្រើប្រាស់​ពី​អតីតកាល​ ​តួយ៉ាង​ ​ម៉ូតូ​ស៊េ​រី​ចាស់ៗ​ ​ហិប​បុរាណ​ ​ត្បាល់​ក្តឿង​ ​ត្បាល់កិន​ស្រូវ​ ​និង​ ​អង្គុលីលេខ​ ​ជាដើម​។​ ​ក្រៅពី​នេះ​ ​លោក​អាច​ក៏​អាច​កុម្ម៉ង់​ម្ហូប​បែប​ខ្មែរ​-​អឺរ៉ុប​រៀបចំ​តុបតែង​កែច្នៃ​បែប​ខ្មែរ​ ​ជា​ច្រើនមុខ​ ​សមស្រប​នឹង​បរិយាកាស​បែប​ផ្ទះ​ចម្ការ​នេះ​ណាស់​!

          ​ខាប់​ ​អ៊ែន​ ​ខាត​ ​កាហ្វេ​ (​Cup​ & ​Cart​ ​Coffee​): ​ជា​ហាង​កាហ្វេ​ថ្មី​មួយ​កណ្តាល​ប្លុក​បឹង​កេងកង​ (BKK) ​ដែល​មាន​ទីតាំង​តូច​បន្តិច​ ​តែ​ខ្លឹម​! ​ហាង​នេះ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ​២​០​ ​ផ្លូវ​លេខ​ ​៣​៣​៤​ ​សង្កាត់​បឹង​កេងកង​១​ ​ខណ្ឌ​បឹង​កេងកង​ ​ជាប់​សាលា​ម​ត្តេយ្យ​បឹង​កេងកង​។​ ​នេះ​ទំនងជា​អាជីវកម្ម​ហាង​កាហ្វេ​តែមួយ​គត់​ប្រចាំ​តំបន់​ដែល​មានគំនិត​ឌី​ហ្សា​ញ​បញ្ចូល​គ្នា​រវាង​រចនាបថ​រទេះ​កាហ្វេ​និង​ហាង​បែប​ក្លា​ស​ស៊ិ​ក​ដែល​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​ថតរូប​របស់​យុវវ័យ​ទាន់សម័យ​ ​មិនមែន​ជា​ហាង​បិទ​កញ្ចក់​ជិត​ទាំងស្រុង​នោះ​ទេ​។​ ​ផ្នែក​ខាងក្នុង​នៃ​ហាង​ប៉ែក​ខាងក្រោយ​ត្រូវ​បាន​តុបតែង​លម្អ​ដោយ​ពណ៌​បែប​ទឹកក្រូច​ៗ​ (​Warm​ ​Color​s) ​ចែង​ចាំង​ ​និង​ ​មាន​បំពាក់​គ្រឿង​តុបតែង​បែប​សិល្បៈ​ពី​ជំនាន់​មុន​ (​Antique​) ​ដូចជា​ ​ម៉ាស៊ីន​ចាក់ថាស​ចម្រៀង​ ​នាឡិកា​ ​និង​ទូរសព្ទ​លើ​តុ​ -​ល​- ​ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ដូច​កំពុង​អង្គុយ​ផឹកកាហ្វេ​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ថតកុន​សម័យ​ ​មុន​។​ ​បរិយាកាស​បែប​នេះ​ស័ក្តិសម​សម្រាប់​ការ​ថតរូប​ ​អង្គុយ​ធ្វើការ​ស្ងាត់​ៗ​ ​និង​ ​អាន​សៀវភៅ​ក​ម្សាន្ត​។​ ​អាហារ​ដែល​គួរ​សាកល្បង​នៅ​ទីនោះ​មាន​ដូចជា​ ​សា​ឡា​ដ​សុខភាព​ ​ប្រភេទ​សាំង​វិច​ ​និង​ ​នំ​ប៉័​ង​ក្រូស​ង់​។​ ​រីឯ​ភេសជ្ជៈ​ប្លែក​ប្រចាំ​ហាង​មាន​ ​កាហ្វេ​ទឹកឃ្មុំ​ទឹកកក​ ​Cup​ & ​Cart​ , គ្រី​ម​&​នំ​ឃុ​ក​ឃី​ក្រឡុក​ទឹកកក​, ​តែ​ក្រូចឆ្មារ​ជប៉ុន​ (​ក្តៅ​), ​និង​ ​ភេសជ្ជៈ​កូនកាត់​បី​សាសន៍​ (​T​r​i​-​Hybrid​ ​M​oj​it​o)​។​ ​សម្រាប់​អន្តរកាល​កូ​វី​ដ​នេះ​ ​ហាង​បើក​ពី​ម៉ោង​ ​៧​:​៤​០​ ​នាទី​ព្រឹក​ដល់ម៉ោង​ ​៦​ ​ល្ងាច​។

          អ៊េ​ន​ធី​ក​កាហ្វេ​ (​Antique​ ​Ca​f​e​): ​ជា​ហាង​កាហ្វេ​តួច​មួយ​ដែល​ស្ថិត​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​តែម្តង​ ! ​ទីតាំង​នេះ​ជា​ទីតាំង​ដែល​ងាយស្រួល​រក​ជាទីបំផុត​ដែល​នរណា​ៗ​ក៏​ស្គាល់​។​ ​ហាង​ អ៊េ​ន​ធី​ក​កាហ្វេ​ ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវតី​ខ្មែរ​ឈ្មោះ​ វិ​ន​ ​លី​ហ្សា​បូរ៉ា​មី​ ​ជា​អតីត​និស្សិត​បញ្ចប់​ការសិក្សា​ពី​ប្រទេស​អូ​ស្រ្តា​លី​ ​ដែល​មានគំនិត​ជឿនលឿន​ ​សហការ​ជាមួយ​មិត្តភក្តិ​ដែល​ជា​អ្នក​ឌី​ហ្សា​ញ​ ​បង្កើត​ទីកន្លែង​មួយ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទាំងឡាយ​អាច​អង្គុយ​ឈប់​សម្រាក​ទទួលទាន​ភេសជ្ជៈ​ក្រោយ​ពី​នឿយហត់​នឹង​ការ​ដើរ​ទស្សនា​ជុំវិញ​តំបន់​វត្តភ្នំ​នេះ​ដូច​នៅ​ឧទ្យាន​ឯ​បរទេស​។​ ​ដូចនេះ​ហើយ​ ​គំនិត​នៃ​ការរចនា​ម៉ូដ​ហាង​គឺ​ផ្សារភ្ជាប់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៃ​រមណីយដ្ឋាន​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត ​វត្តភ្នំ​ ​ជាក់ស្តែង​តែ​ ​ម្តង​។​ ​លោកអ្នក​អាច​អង្គុយ​លម្ហែ​ក្នុង​ពិភព​ធម្មជាតិ​ដែល​មាន​ដើមឈើ​ធំ​ៗ​ដូច​បាន​សម្រាក​ទទួលទាន​អាហារ​ពិ​ក​និ​ក​ ​កណ្តាល​ព្រៃ​ភ្នំ​ដូច្នោះ​ដែរ​។​ ​វា​ស័ក្តិសម​ជាទីបំផុត​សម្រាប់​ក្រុម​សិស្ស​និស្សិត​មក​អង្គុយ​ជជែក​ពិភាក្សា​ពី​មេរៀន​ ​ឬ​ ​ជួបជុំគ្នា​ថ្ងៃ​ចុង​ស​ប្តាហ៍​នៅ​ពេល​មិនបាន​ចេញទៅ​ក​ម្សាន្ត​នៅ​តាម​ខេត្ត​ឆ្ងាយ​ៗ​។​ ​ម្ចាស់​ហាង​បាន​បង្ហើប​ថា​នៅ​ពេល​ខាងមុខ​ ​ហាង​មាន​គម្រោង​ពង្រីក​កន្លែង​អង្គុយ​ខាងក្នុង​បន្ថែម​លើ​កន្លែង​អង្គុយ​ខាងក្រៅ​១​២​តុ​ ​ដែល​មាន​សព្វថ្ងៃ​ ​ដើម្បី​ជា​ជម្រើស​មួយ​បែប​ទៀត​សម្រាប់​ភ្ញៀវ​។​ ​ភ្ញៀវ​ដែល​មក​ទីនេះ​ច្បាស់ជា​ចង់​ភ្លក់​រសជាតិ​ភេសជ្ជៈ​ប្រចាំ​ត្រកូល​នៃ​ហាង​នេះ​ ​រួម​មាន​ ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​ក្រឡុក​, ​ភេសជ្ជៈ​តែ​ ​Dirty​ C​h​a​i​ (​កាហ្វេ​លាយ​តែ​) , ​វ៉ា​យ​ម៉ូ​កា​ (​White​ ​M​oc​h​a​), ​សូ​កូឡា​ស​ (​White​ ​Chocolate​) ​និង​ ម៉ូ​កា​ដែល​ផ្សំ​ពី​សូ​កូឡា​លាយ​នឹង​គ្រាប់​ ​Haze​l​nut​ ​ពិសេស​ម្យ៉ាង​មាន​ប្រភព​ដើម​ពី​ប្រទេស​អ៊ីតាលី​ (​M​oc​h​a​ Nu​tell​a​)​។​ ​ទឹក​ផ្លែឈើ​ស្រស់​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​មិន​ចេះ​ពិសា​កាហ្វេ​ដែរ​។​

 

          ប្លុក​ ​១​៧​៨​ (​Block​ 178): ​ជា​ហាង​កាហ្វេ​ថ្មីសន្លាង​ទើបនឹង​បើក​មិនទាន់​មាន​អ្នក​ស្គាល់​ច្រើន​ប៉ុន្មាន​នៅឡើយ​ទេ​ ​ប៉ុន្តែ​មាន​ការរចនា​ហាង​ល្អ​មួយ​បែប​ដែល​គួរឲ្យ​ចង់​ណែនាំ​ទៅកាន់​មិត្តភក្តិ​ ​ឬ​ ​ក្រុម​គ្រួសារ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ជាយក្រុង​លើកក្រោយ​។​ ​ហាង​កាហ្វេ​នេះ​មាន​អាសយដ្ឋាន​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ខាងក្រោយ​ផ្សារ​កៀន​ស្វាយ​ផ្លា​ហ្សា ​កៀក​នឹង​រមណីយដ្ឋាន​កៀន​ស្វាយ​ក្រៅ​។​ ​វា​ជា​ហាង​កាហ្វេ​ទំនើប​មួយ​ដែល​ស័ក្តិសម​សម្រាប់​លោកអ្នក​ពិចារណា​នៅ​ពេល​ឆ្លងកាត់​តំបន់​នោះ​។​ ​ចំណុច​ដែល​គួរ​ជាទី​ទាក់ទាញ​សម្រាប់​អតិថិជន​នោះ​គឺ​ ​បរិស្ថាន​ ​តែម្តង​! ​ហាង​នេះ​មាន​ការរៀបចំ​ឌី​ហ្សា​ញ​ជា​កន្លែង​អង្គុយ​ទាំង​ខាងក្នុង​ ​និង​ ​ខាងក្រៅ​។​ ​ផ្នែក​ខាងក្រៅ​ ​មាន​កន្លែង​អង្គុយ​អម​ដោយ​រុក្ខជាតិ​ពណ៌បៃតង​មួយ​ចំនួន​ដែល​ទើបនឹង​ដាំ​ ​មាន​កន្លែង​អង្គុយ​ដាច់​ៗ​ពី​គ្នា​ ​គ្រប​ដោយ​ម្លប់​វល្លិ​យ៉ាង​ស្រស់​ស្អាត​ទាក់​ភ្នែក​ ​ហើយ​ជាពិសេស​នោះ​គឺ​ភ្ញៀវ​ដែល​ធ្លាប់​មក​បាន​សរសើរ​ថា​ ​ជា​ហាង​កាហ្វេ​ដែល​មាន​អនាម័យ​ខ្ពស់​ (​គ្មាន​សំរាម​នៅ​លើ​ដី​)​។​ ​W​if​i​ ​ក៏​ជា​ចំណុច​ពិសេស​ទាក់ទាញ​ក្រុម​យុវវ័យ​ឲ្យ​មក​អង្គុយលេង​ ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ ​និង​ ​ថតរូប​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​ព្រោះ​មាន​ប្លង់​ដែល​ពួកគេ​អាច​ដើរ​ថតរូប​បាន​។​ ​ភេសជ្ជៈ​ប្រចាំ​ហាង​គឺ​ ​កែច្នៃ​រសជាតិ​កាហ្វេ​ទឹកដោះគោ​បែប​ខ្មែរ​ទៅជា​រសជាតិ​អត្តសញ្ញាណ​កាហ្វេ​ថ្មី​មួយ​បែប​តាមរយៈ​កា​រលាយ​បញ្ចូល​រវាង​ប្រភេទ​ទឹកដោះគោ​ផ្សេង​ជាមួយនឹង​កាហ្វេ​ ​E​s​press​o ​និង​គ្រាប់​កាហ្វេ​លីង​រូបមន្ត​ផ្ទាល់ខ្លួន​មួយ​មុខ​ទៀត​។​ ​រីឯ​អាហារ​ដែល​ភ្ញៀវ​ជាច្រើន​និយម​កុម្ម៉ង់​គឺ​ ​មី​ឆា​បែប​ហុងកុង​ (​H​on​g​ Kon​g​ ​Style​ C​how​-​Mien​)​៕​

Article by SRINSOKMEAN


SUGGESTIONS