×

​ ​ហាង​គុយទាវ​ភូមិ​ដែល​ល្បី​រហូត​ក្រុម​អ្នក​ជិះកង់​ប្រសិទ្ធ​នាម​ជាប់​មក​​​ថា​ ​«​មី​លាក់ខ្លួន​»​

TRAVEL & LIVING 2 years ago
 
 

          ​បច្ចុប្បន្ន​ វិ​ស័យ​ទេសចរណ៍​ក្នុងស្រុក​រីក​ចម្រើន​ស្ទើរគ្រប់​ស្រុក​ ​គ្រប់​ច្រកល្ហក​នៃ​ប្រទេស​កម្ពុជា​។​ ​ប្រជាជន​ចាប់ផ្តើម​បើក​ចិត្តទូលាយ​ចង់​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ដែល​ប្លែក​ ​និង​ធ្វើដំណើរ​ទៅកាន់​កន្លែង​ថ្មីៗ​ដែល​ពួកគេ​បានឃើញ​នៅ​លើ​បណ្តាញ​សង្គម​ដើម្បី​ចង់​ដឹង​ថា​ពិត​ដូច​គេ​ផ្សព្វផ្សាយ​ដែរ​ឬ​អត់​។​ ​ជាក់ស្តែង​ ​ហាង​គុយ​ ​ទា​វ​ខ្នាត​តូច​លក្ខណៈ​គ្រួសារ​បែប​ជនបទ​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ព្រះ​ប្រសប់​ ​ឃុំ​ព្រះ​ប្រសប់​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្តាល​ ​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​គល់​ស្ពាន​ព្រែក​តា​មា​ក់​ត្រើយ​ខាងកើត​ ​កំពុង​ទាក់ទាញ​អតិថិជន​មក​ពីគ្រប់ទិស​ទី​ ​មិនថា​ភ្ញៀវ​មកពី​ភ្នំពេញ​ ​ឬ​ ​ភ្ញៀវ​រស់នៅ​តំបន់​ជិតខាង​ ​ឲ្យ​ចូល​មក​អង្គុយ​សម្រាក​លម្ហែ​សាកល្បង​ភ្លក់​រសជាតិ​គុយទាវ​ស្រុកស្រែ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​មាន​ប្រវត្តិ​បទពិសោធន៍​ជា​យូរឆ្នាំ​មក​ហើយ​។​

          ​លោក​ ​ហ៊ឺ​ ​យូ​រ៉ី​ ​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​ហាង​ខាងលើ​ ​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​សូវ​រី​ន​ដឹង​ថា​ ​«​ហាង​មី​លាក់ខ្លួន​»​ ​របស់​លោក​មិនមែន​ជាង​ហាង​ទើប​បើក​ដំណើរការ​ថ្មី​នោះ​ទេ​ ​តែ​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​បី​ជំនាន់​មក​ហើយ​ ​តាំងពី​ជំនាន់​ជីតា​របស់​លោក​ឈ្មោះ​ ​«​តា​កាវ​»​ ​តាំងពី​ខ្ទង់​៤​០​ឆ្នាំមុន​ម្ល៉េះ​។​ ​ដូចនេះ​ហើយ​ ​ទើប​ហាង​នេះ​មានឈ្មោះ​ថា​ ​«​តា​កាវ​ ​គុយទាវ​ ​មី​ស្រស់​ ​កង់រទេះ​»​ ​ប៉ុន្តែ​ដោយសារ​មាន​ក្រុម​អ្នក​ជិះកង់​មកពី​ចម្ងាយ​ចូល​មកកាន់​តំបន់​នេះ​ហើយ​បាន​ភ្លក់​រសជាតិ​អាហារ​នៅ​ទីនេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទើប​កេរ្តិ៍ឈ្មោះ​ហាង​នេះ​ចេះតែ​ល្បី​សុសសាយ​ត​ៗ​គ្នា​ហើយ​មាន​រហស្សនាម​មួយទៀត​ថា​«​ហាង​មី​លាក់ខ្លួន​»​ ​ជាប់​រហូតមកដល់​សព្វថ្ងៃ​ ​ដោយសារតែ​កាលមុន​ ​រាង​ពិបាក​រក​សម្រាប់​អ្នក​ធ្វើដំណើរ​មកពី​តំបន់​ក្រៅ​ហើយ​មាន​ទីតាំង​ឆ្ងាយ​គួរសម​ពី​ក្រុងភ្នំពេញ​។​ ​បច្ចុប្បន្ន​ ​រូបលោក​ជា​កូនចៅ​ជំនាន់​ទីបី​បន្តវេន​មុខរបរ​ប្រចាំ​ត្រកូល​នេះ​ ​ដែល​កំពុង​ជួយ​រៀបចំ​និង​គ្រប់គ្រង​ហាង​ឲ្យ​កាន់តែ​លក់ដាច់​ទាក់ទាញ​អ្នកផងទាំងពួង​ទ្វេ​ដង​។​

          លោក​អះអាង​ថា​ ​អតិថិជន​គោលដៅ​របស់​ ​«​ហាង​មី​លាក់ខ្លួន​»​ ​របស់​លោក​ចែកចេញជា​ពីរ​ប្រភេទ​។​ ​ផ្ទះនៅ​ខាងមុខ​គឺ​សម្រាប់​ភ្ញៀវ​ដែល​ជា​អ្នកភូមិ​រស់នៅ​តំបន់​នោះ​ផ្ទាល់​តែម្តង​។​ ​រីឯ​ទីធ្លា​ខាង​ក្រោយផ្ទះ​ជាប់នឹង​មាត់​ទន្លេមេគង្គ​ ​ប្រើ​សម្រាប់​ភ្ញៀវ​មកពី​តំបន់​ក្រៅ​ ​ឬ​ ​ភ្ញៀវ​ពី​ចម្ងាយ​ដែល​មិនមែន​ជា​អ្នកភូមិ​។​ ​ការបែងចែក​ដូចនេះ​គឺ​ងាយស្រួល​សម្រាប់​ការបែងចែក​កំណត់​តម្លៃ​អាហារ​។​ ​សម្រាប់​អ្នកភូមិ​ធម្មតា​ ​តម្លៃ​គុយទាវ​និង​មី​មាន​លក្ខណៈ​ធូរ​ថ្លៃ​ជាង​សម្រាប់​ភ្ញៀវ​ពី​ចម្ងាយ​ដែល​ទទួលទាន​នៅ​ទីធ្លា​ខាងក្រោយ​។​ ​ត្រង់​ចំណុច​នេះ​ ​ក្នុងនាម​ជា​ម្ចាស់​ហាង​ ​លោក​បាន​បញ្ជាក់​ក្នុង​ន័យ​ដូច្នេះ​ថា​ ​«​ ​សម្រាប់​អ្នកភូមិ​ ​យើង​លក់​ឲ្យ​ពួកគាត់​ធូរ​ៗ​ ​ក្នុង​ម្លៃ​៦​០​០​០​-​៨​០​០​០​ (​រៀល​) ​អី​ទេ​។​ ​ប៉ុន្តែ​សម្រាប់​មកពី​ភ្នំពេញ​ ​យើង​លក់​ចន្លោះ​ពី​ ​១​២​០​០​០​-​១​៥​០​០​០​ (​រៀល​) ​មានន័យ​ថា​តម្លៃ​ដែល​សមរម្យ​សម្រាប់​ពួកគាត់​។​ ​ប៉ុន្តែ​ ​ខ្ញុំ​បញ្ជាក់​កន្លែង​នេះ​បន្តិច​ ​មិនមែន​ ​៦​០​០​០​ ​និង​ ​១​២​០​០​០​ ​ហ្នឹង​សាច់​ដូចគ្នា​ទេ​! ​ចង់និយាយ​ថា​ ​បរិមាណ​ខុសគ្នា​ ​សាច់​ខុសគ្នា​ ​»​។​

          ​ចុះ​ហេតុអ្វីបានជា​ភ្ញៀវ​មកពី​ភ្នំពេញ​សម្រុក​មក​ទទួលទាន​គុយទាវ​-​មី​ ​នៅ​ទីនេះ​ច្រើនម្ល៉េះ?​ ​លោក​បាន​ឆ្លើយតប​យ៉ាង​រហ័ស​ថា​ ​លក្ខណៈ​ពិសេស​របស់​ហាង​នេះ​គឺ​ ​ត្រង់ថា​ ​អ្វីៗ​ទាំងអស់​គឺ​ធ្វើឡើង​ដោយខ្លួនឯង​លើកលែងតែ​សរសៃ​គុយទាវ​ ​និង​ ​សាច់​ដែល​ទិញ​ពី​គេ​មក​។​ ​ដោយឡែក​ ​សរសៃ​មី​ ​ទឹកស៊ុប​ ​និង​ ​សូម្បីតែ​ប្រហិត​ ​ក៏​ធ្វើ​ដោយខ្លួនឯង​តាម​រូបមន្ត​ប្រពៃណី​គ្រួសារ​ពី​បុរាណ​តរៀងមក​។​ ​ដូចនេះ​ហើយ​ទើប​រសជាតិ​របស់​ដែ​លលក់​នៅ​ទីនេះ​ ​ជាពិសេស​ ​មី​ស៊ុប​តែម្តង​ ​គឺ​ ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ស្រស់​ៗ​ ​សាមញ្ញ​តែ​ឆ្ងាញ់​តាម​បែប​ធម្មជាតិ​ ​ខុស​ពី​រសជាតិ​គុយទាវ​-​មី​នៅ​តាម​បណ្តា​ហាង​ធំ​ៗ​ ​«​កន្លែង​ដែល​យើង​ធ្វើខ្លួន​ឯង​ហ្នឹង​គឺជា​ចំណុច​ល្អ​មែនទែន​ ​មានន័យ​ថា​ ​យើង​យកចិត្តទុកដាក់​ចំពោះ​គុណភាព​សម្រាប់​អតិថិជន​របស់យើង​»​។​ ​នៅ​ថ្ងៃធ្វើការ​ ​ចន្ទ​-​សុក្រ​ ​ភ្ញៀវ​ចូល​មក​ចាប់តាំង​ពី​ម៉ោង​៨​ព្រឹក​ដល់​៥​ល្ងាច​។​ ​ដោយឡែក​ថ្ងៃសៅរ៍​-​អាទិត្យ​ ​ភ្ញៀវ​ដែល​ជា​អ្នកដំណើរ​ចាប់ផ្តើម​ចូល​មក​តាំងពី​ម៉ោង​ ​៦​ព្រឹក​។​ ​ក្នុងមួយថ្ងៃៗ​ ​លោក​លក់ដាច់​មី​ច្រើនជាង​គុយទាវ​ ​អាច​អស់​រហូតដល់​ម្សៅ​ ​១​០​០​គីឡូ​ ​ផលិត​ជា​មី​បាន​១​២​០​ ​គីឡូ​ ​សម្រាប់​បម្រើ​អតិថិជន​ក្នុងមួយថ្ងៃ​។​ ​ដោយឡែក​ ​ក្នុង​បរិ​បទ​កូ​វី​ដ​ ​១​៩​នេះ​ ​ហាង​ក៏មាន​គោលការណ៍​ដែល​គោរព​ទៅតាម​វិធានការ​របស់​​​ក្រសួង​សុខា​ភិ ​បាល​យ៉ាង​ខ្ជាប់ខ្ជួន​ ​ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​ពាក់​ម៉ា​ស​ជាប្រចាំ​ ​និង​ ​មានការ​បាញ់​អាល់កុល​ស​ម្អា​ត​។​ ​ម្យ៉ាងទៀត​ ​ទីនោះ​មាន​ទីធ្លា​ធំ​ទូលាយ​ ​មិនមែន​ជា​ហាង​បំពាក់​ម៉ាស៊ីនត្រជាក់​បិទ​ជិត​ដែល​ងាយ​ចម្លង​ជំងឺ​នោះ​ដែរ​។​ ​រីឯ​ ​តុកៅអី​ក៏​ត្រូវ​បាន​រៀបចំ​ឃ្លាតពី​គ្នា​ដាច់​ស្រឡះ​ល្អ​ ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​ហាង​។​ ​សម្រាប់​ផែន​ការពង្រីក​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​ ​ម្ចាស់​ហាង​បាន​បញ្ជាក់​ថា​ ​មិនទាន់​សម្រេច​ឥឡូវ​នោះ​ទេ​ព្រោះ​ត្រូវ​រង់ចាំ​ការពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ជាមុន​សិន​៕

Article by SRINSOKMEAN


SUGGESTIONS