×

កោះ​តា​ព្រហ្ម​ ​កូន​កោះ​លម្ហែ​កាយ​ជាយ​ក្រុងភ្នំពេញ​ពោរពេញ​ដោយ​ទេសភាព​ស្អាត​បែប​ផ្ទះ​ចម្ការ​

TRAVEL & LIVING 2 years ago
 
 

          “​មេឃ​ថ្មី​ខ្យល់​ថ្មី​ដី​ជ្រោយ​តា​ព្រហ្ម​ ​រសៀល​រៃ​យំ​ក្នុង​ជំរំ​ល្មុត​…” ​ជា​ទំនុកច្រៀង​នៃ​បទ​ “ ​កុលាប​ជ្រោយ​តា​ព្រហ្ម​” (​ចំណងជើង​ដើម​: កូ​លាប​ជ្រោយ​តា​ព្រុំ) ​មត៌ក​ចម្រៀង​ដើម​បន្សល់ទុក​ពី​ជំនាន់ដើម​ឆ្នាំ​១​៩​៧​៥​ ​ដែល​ធ្វើឲ្យ​មិត្ត​អ្នកស្តាប់​ទាំងឡាយ​នឹកស្រមៃ​ដល់​ភូមិ​សា​ស្រ្ត​ភូមិ​ជ្រោយ​តា​ព្រហ្ម​នៃ​ឃុំ​ព្រែកឯង​ ​ជាយ​ក្រុងភ្នំពេញ​ ​ដែល​មាន​ទេសភាព​ធម្មជាតិ​ស្រស់បំព្រង​ជាប់មាត់​ទន្លេមេគង្គ​ក្រោម​។​ ​រហូតមកដល់​បច្ចុប្បន្ន​ ​ក៏​ប៉ែក​ព្រែកឯង​នេះ​នៅតែ​ជាទី​លម្ហែ​កាយ​ដ៏​សុខ​ក្សេមក្សាន្ត​សម្រាប់​ប្រជាជន​ក្នុង​តំបន់​និង​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ​។​ ​ថ្មីៗ​នេះ​ ​រមណីយដ្ឋាន​លើ​កោះ​មួយ​កន្លែង​បាន​ចាប់បដិសន្ធិ​ឡើង​ផ្សារភ្ជាប់​នឹង​កេរ្តិ៍ឈ្មោះ​ជ្រោយ​តា​ព្រហ្ម​-​ព្រែកឯង​ ​ដែល​ជា​ទឹកដី​មន្ត​ស្នេហ៍​ស្លាក​ប៉ាកកា​របស់​កវី​ចាស់ៗ​តាំងពី​សម័យ​ដើម​រៀងមក​ ​ហើយ​កំពុង​ទាក់​ទាញចិត្ត​ទេសចរ​ ​ជាពិសេស​មិត្ត​យុវវ័យ​ ​ឲ្យ​មក​សម្រាក​លម្ហែ​និង​ប្រមាញ់​រូបភាព​ជាហូរហែ​។​

          ​«​កោះ​តា​ព្រហ្ម​»​ ​ជា​ឈ្មោះ​រមណីយដ្ឋាន​ធម្មជាតិ​ដែល​យើង​បាន​រៀបរាប់​ខាងលើ​ ​ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង​ ​ខណ្ឌ​ច្បារអំពៅ​ ​តាម​ផ្លូវជាតិ​លេខ​១​ ​មាន​ចម្ងាយ​ត្រឹមតែ​ប្រមាណ​៦​-​៧​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ជិត​ជាង​រមណីយដ្ឋាន​កៀន​ស្វាយ​ក្រៅ​ទៅទៀត​។​ ​ដើម្បី​ទៅដល់​ទីនោះ​ ​អ្នក​ធ្វើដំណើរ​ត្រូវ​ចេញពី​ច្បារអំពៅ​ហើយ​បន្ត​ដំណើរ​រហូត​ហួស​ផ្សារ​ព្រែកឯង​ ​ទើប​បត់ឆ្វេង​តាម​កា​រ៉ា​ស​សាំង​តេ​លា​ ​ឆ្ពោះទៅ​រក​ផ្លូវ​ព្រែក​ប៉ូ (​ផ្លូវ​មាត់ទន្លេ​)​។​ ​បត់ឆ្វេង​បន្តិច​ ​លោកអ្នក​នឹង​ឃើញ​កំពង់​ចម្លង​តា​ព្រហ្ម​-​មាត់​ក្រ​សា​ស​ ​ដែល​ទីនោះ​ហើយ​ជា​ទីតាំង​លោកអ្នក​រង់ចាំ​ទូកចម្លង​ (​ប្រភេទ​ទូក​នេសាទ​ប្រើ​ម៉ាស៊ីន​) ​របស់​រមណីយដ្ឋាន​មក​ចម្លង​លោកអ្នក​ចេញពី​ត្រើយ​ទៅ​កោះ​។​ ​សូម​បញ្ជាក់​ថា​ ​ការ​ចម្លង​ទៅកាន់​កោះ​មិន​ប្រើ​ពេល​យូរ​នោះ​ ​ព្រោះ​នៅ​ទីនោះ​មាន​ទូក​រង់ចាំ​នៅ​ច្រាំង​ស្រាប់​ៗ​ ​មិន​គិតម៉ោង​ចេញដំណើរ​នោះ​ទេ​ ​ហើយ​លោកអ្នក​នឹង​ទៅដល់​កោះ​ដោយ​សុវត្ថិភាព​ក្នុងរយៈពេល​ប្រមាណ​៥​នាទី​ប៉ុណ្ណោះ​។​ ​តម្លៃ​សេវាកម្ម​ចម្លង​ទូក​ ​គឺ​ ​៥​០​០​០​រៀល​ ​ក្នុង​ម្នាក់​ ​សម្រាប់​ឆ្លង​ទៅមក​។

          យើង​អាច​ថតរូប​ពេល​ជិះ​ទូកចម្លង​យ៉ាង​សប្បាយរីករាយ​ ​ព្រមទាំង​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទន្លេមេគង្គ​ដ៏​ស្ងប់ស្ងាត់​ខុសប្លែក​ពី​ទីប្រជុំជន​ដែល​អ៊ូអរ​កក​ស្ទះ​នៅ​លើ​ផ្លូវ​ធំ​។​ ​នៅ​ពេល​ឈានជើង​ឡើង​លើ​ដី​កោះ​ ​អ្នក​ទាំងអស់គ្នា​ត្រូវ​ឆ្លងកាត់​ពិភព​បៃតង​នៃ​ចម្ការ​ដំណាំ​ដេក​របស់​អ្នកកោះ​ដែល​កំពុង​ធ្លាក់​ត្រយូង​ខ្លះ​ ​ចេញ​ផ្លែ​ខ្លះ​ ​មើលទៅ​ត្រជាក់​ភ្នែក​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​។​ ​ផុត​ចម្ការ​ចេក​បន្តិច​ ​អ្នក​នឹង​ពើបប្រទះ​នឹង​បរិយាកាស​មាត់ទន្លេ​មួយ​បែប​ទៀត​ ​ដែល​ជា​បេះដូង​នៃ​រមណីយដ្ឋាន​នេះ​តែម្តង​។​ ​ភ្ញៀវ​អាច​សម្រាក​លម្ហែ​កាយ​ក្នុង​អង្រឹង​ក្រោមម្លប់​ដើម​អំពិល​ទឹក​ ​បេះ​អំពិល​ទឹក​ ​អង្គុយ​ទទួល​ទាន​អាហារ​ក្នុង​ក្យូ​ស​ ​ស្ទូចត្រី​ទន្លេ​ក​ម្សាន្ត ​ឬ​ ​យក​ត្រី​មក​ធ្វើម្ហូប​ដ៏​មានឱជារស​ ​យោលទោង​លេង​ប្រប​មាត់ទន្លេ​ ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ ​គយគន់​ទេសភាព​ឯនាយ​ក្រុងភ្នំពេញ​ពី​ចម្ងាយ​ពេលថ្ងៃ​លិច​ ​រៀបចំ​កម្មវិធី​ក​ម្សាន្ត​បែប​ឯកជន​ ​និង​ ​បោះតង់​សម្រាក​បែប​បរិវេណ​ផ្ទះ​ចម្ការ​ ​មាន​ពពួក​បសុសត្វ​ ​មាន់​ ​ទា​ ​សុនខ​ ​កំដរ​ជុំវិញ​ខ្លួន​ ​អម​ដោយ​ធម្មជាតិ​ខៀវ​ខ្ចី​ល្អឆើត​ ​លើ​កោះ​យ៉ាង​សុខដុម​រម​នា​។​ ​ជាង​នេះ​ទៅទៀត​ ​ភ្ញៀវ​ទាំងឡាយ​នឹងបាន​ភ្លក់​រសជាតិ​ម្ហូបអាហារ​បែប​ជនបទ​ដែល​ជា​ស្នាដៃ​អ្នក​កោះ​ថែមទៀត​ផង​។​

          លោក​ ​រស់​ ​សិរី​រ័ត្ន ​ម្ចាស់​រមណីយដ្ឋាន​បាន​ប្រាប់​សូវ​រី​ន​ថា​ ​នៅ​ខែ​ក្រោយនេះ​ ​រមណីយដ្ឋាន​នឹង​រឹត​តែ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន​ទៅទៀត​ ​ព្រោះ​លោក​កំពុង​រៀបចំ​សួន​ផ្កា​បន្ថែម​ឲ្យ​រឹត​តែ​មាន​ភាព​ទាក់ទាញ​ ​ហើយ​ផ្កា​នោះ​នឹង​រីក​ពេញ​ស្អាត​ចំ​ខែក្រោយ​តែម្តង​។​ ​សូម​ទេសចរ​ទាំងឡាយ​ត្រៀម​ខ្លួន​មក​ទទួលយក​បទពិសោធន៍​ដំណើរ​ក​ម្សាន្ត​នៅ​លើ​កោះ​កៀក​បង្កើយ​នេះ​៕​

Article by SRIN SOKMEAN


SUGGESTIONS