×

លម្ហែ​ជាយក្រុង​ជាមួយ​ទេសភាព​មាត់​បឹង​ជនបទ​នៅ​ឯ​ផ្ទះ​ចម្ការ​ ​«​Home​ C​ham​k​ar​»​

TRAVEL & LIVING 2 months ago
 
 

             នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុងភ្នំពេញ​ ​ស្ថិត​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​«​Home​ C​ham​k​ar​»​ ​ឬ​ ​«​ផ្ទះ​​ចម្ការ​»​ ​គឺជា​កន្លែង​លម្ហែ​ក្បែរ​ក្រុង​មួយ​ដែល​អំណោយផល​ជាមួយ​ទេសភាព​បរិសុទ្ធ​បែប​ស្រុកស្រែ​ចម្ការ​។​ ​ដើម្បី​ឆ្ពោះទៅ​ដល់​ទីនោះ​ ​យើង​ត្រូវធ្វើ​ដំណើរ​ដោយ​ចេញពី​កំពង់​ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ​ឆ្ពោះទៅ​កាន់​ត្រើយម្ខាង​ ​រួច​បន្ត​ដំណើរ​ប្រមាណ​១​៥​នាទី​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​២​គីឡូម៉ែត្រ​នឹង​ទៅដល់​ទី​ជាប់មាត់​បឹង​នោះ​មិនខាន​។​

             ដូច​ទៅ​នឹង​ឈ្មោះ​ ​«​ផ្ទះ​ចម្ការ​»​ ​គឺជា​ភោជនីយដ្ឋាន​ ​និង​ជា​ហាង​កាហ្វេ​ ​ដែល​មាន​ការរៀបចំ​បរិយាកាស​បែប​ធម្មជាតិ​ ​អំណោយផល​ខ្យល់អាកាស​រហើយ​ៗ​ស្រស់ស្រាយ​ ​ព្រម​ជាមួយ​ការរៀបចំ​ជា​ផ្ទះ​លម្ហែ​បែប​ស្រុកស្រែ​ចម្ការ​តែម្តង​។​ ​ពិត​ណាស់​ ​មកដល់​ទីនេះ​ភ្លាម​ ​យើង​ទទួល​បាន​អារម្មណ៍​សម្រាក​រហ័ស​ភ្លែត​ ​នៅ​បរិវេណ​ផ្លូវចូល​មាន​ដាំ​លម្អ​ដោយ​សួន​ស្រូវ​បៃតង​ខ្ចី​ ​ឯ​ឈាន​ចូល​ដល់​ធ្លា​ដី​ខាងក្នុង​មាន​ដាំដំណាំ​តាម​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​ ​លាយឡំ​ហូរហែ​ដូចជា​ ​ចេក​ ​ស្វាយ​ ​ខ្នុរ​ ​និង​បន្លែបង្ការ​ចម្រុះ​មុខ​។​ ​បើ​ចង់​ស្រួលខ្លួន​នឹង​ម៉ាស៊ីនត្រជាក់​ ​អាច​អង្គុយ​នៅ​ក្នុង​ភោជនីយដ្ឋាន​បិទ​ជិត​ដោយ​ផ្ទាំង​កញ្ចក់​ ​តែ​បើ​ចង់​ណ្តោ​យ​ខ្លួន​នឹង​ខ្យល់​ធម្មជាតិ​អាច​អង្គុយ​នៅ​តុ​ក្រោម​ឆត្រ​ប្រប​មាត់​បឹង​ ​ឬក៏​មានគ្នាច្រើន​ជួបជុំ​នៅ​ក្យូ​ស​ក្បែរ​ហាង​ក្រោមម្លប់​ឈើ​ត្រឈឹងត្រឈៃ​។​

             តាមរយៈ​ការ​ឲ្យដឹង​ពី​ម្ចាស់​ ​«​ផ្ទះ​ចម្ការ​»​ ​ទីនេះ​ក្រៅពី​ទទួល​ភ្ញៀវ​សម្រាក​លម្ហែ​ ​ក៏មាន​ទទួល​រៀបចំ​កម្មវិធី​ជប់លៀង​ ​កម្មវិធី​ខួបកំណើត​ ​និង​មាន​ជា​បន្ទប់​ប្រជុំ​ផង​ដែរ​។​ ​មក​ក​ម្សាន្ត​នៅ​ទីនេះ​ ​យើង​មិន​ត្រឹមតែ​បាន​ក្រេបរសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ ​និង​អាហារ​ដ៏​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​អាច​ក​ម្សាន្ត​ស្ទូចត្រី​ ​គយគន់​ព្រះអាទិត្យ​រះ​ ​និង​រៀប​អស្តង្គត​ ​ក៏ដូចជា​បាន​ប្រទះ​នឹង​ទេសភាព​នៃ​អគារ​ខ្ពស់​ៗ​កំពុង​អើត​ឡឺម​ពី​ទី​ក្រុងភ្នំពេញ​។​ ​ជាមួយ​ដំណាំ​ហូប​ផ្លែ​កំពុង​ឲ្យផល​ ​ទីនេះ​អនុញ្ញាត​ឲ្យ​យើង​បេះ​ហូប​បាន​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។​

             សម្រាប់​មុខម្ហូប​ ​«​ផ្ទះ​ចម្ការ​»​ ​មាន​បម្រើ​ទាំង​ម្ហូប​បែប​ខ្មែរ​ ​និង​អឺរ៉ុប​ ​ទាំង​អាហារ​ពេលព្រឹក​ ​ពេលថ្ងៃត្រង់​ ​អាហារសម្រន់​ ​និង​អាហារ​ពេលល្ងាច​។​ ​បើ​បាន​មក​ពេលព្រឹក​កុំ​ភ្លេច​សាកល្បង​ ​គុយទាវ​ ​បាយ​មាន់​ ​បាយ​ផា​ក់​ឡូ​វ​ ​និង​នំបុ័ង​ខ​គោ​ជាដើម​។​ ​រីឯ​អាហារ​កុម្ម៉ង់​ពេលថ្ងៃត្រង់​វិញ​ ​អាច​កុម្ម៉ង់​ម្ហូប​ជាមួយ​ជម្រើស​សាច់​ដូចជា​ ​សាច់ជ្រូក​ ​សាច់គោ​ ​បង្កង​ ​បង្គា​ ​ត្រី​រ៉ស់​ ​ត្រី​ឆ្លូញ​ ​ត្រី​កេះ​ ​និង​មាន់​ស្រែ​ ​ច​ម្អិ​ន​ជា​មុខម្ហូប​ណា​ក៏បាន​ ​ពិសេស​ក៏មាន​ជា​ស្តេ​ក​សាច់គោ​អូ​ស្រ្តា​លី​ ស្តេ​ក​ត្រី​សា​ម៉ុង​ផង​ដែរ​។​ ​មុខម្ហូប​មិនគួរ​រំលង​ផង​នោះ​ ​រួម​មាន​ ​តុង​យ៉ាំ​បង្កង​ ​ឆា​ជូរអែម​ត្រី​កេះ​ ​ទឹកគ្រឿង​ ​មាន់​លីង​គល់​ស្លឹកគ្រៃ​។​ ​បើ​និយាយ​ពី​ភេសជ្ជៈ​ទីនេះ​មាន​ ​កាហ្វេ​ចម្ការ​ ​តែ​ក្រហម​ទឹកដោះគោ​ ​តែ​ក្រហម​ក្រូចឆ្មារ​ ​និង​ភេសជ្ជៈ​ជា​ច្រើនមុខ​ទៀត​។​

             «​ផ្ទះ​ចម្ការ​»​ ​បើក​ដំណើរការ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់ម៉ោង​៩​កន្លះ​យប់​។​ ​ចុង​ស​ប្តាហ៍​កុំ​ភ្លេច​ទៅ​សម្រាក​លម្ហែ​ណា៎​! ​ព្រោះ​ទីនេះ​មាន​ទីតាំង​ថតរូប​ស្អាត​ៗ​ជាច្រើន​កន្លែង​ធានា​ថា​មិន​ខក​បំណង​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS