×

អំបុក​សាច់​យីហោ​«​អំបុក​ស្រី​និ​ច​»​ ​ផលិតផល​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ប្រចាំ​ខេត្ត​ស្វាយរៀង

NEWS 2 months ago
 
 

          ​គ្មាន​ជន​ជាតិខ្មែរ​ណា​ម្នាក់​ដែល​ពោលថា​មិន​ស្គាល់​ចំណី​ប្រពៃណី​ពី​ដូនតា​មួយ​បែប​ ​គឺ​ ​អំបុក​ ​ដែល​មាន​វត្តមាន​ជា​យូរយារ ណាស់មកហើយ​នៅ​តាម​តំបន់ជនបទ​ស្រុកស្រែ​ទូទាំង​ប្រទេស​នោះ​ឡើយ​។​ ​ពាក់ព័ន្ធ​នឹង​ចំណី​ ​«​អំបុក​»​ ​នេះ​ ​ឃុំ​ក្រោលគោ​ ​ស្រុក​ស្វាយ​ជ្រំ​ ​ខេត្ត​ស្វាយរៀង​ ​ឆ្ពោះទៅ​កាន់​ទីរួមខេត្ត​ស្វាយរៀង​ ​ត្រូវ​បាន​អ្នកដំណើរ​ស្គាល់​ថា​ជា​សហគមន៍​ទី​ផ្សារ​អំបុក​ដ៏​ធំ​មួយ​ប្រចាំ​ផ្លូវជាតិ​លេខ​១​។​ ​ប៉ុន្តែ​ជាទូទៅ​ ​យើង​សង្កេតឃើញ​ថា​ ​អ្នក​តំបន់​នេះ​ដាល់​តែ​អំបុក​បែប​បុរាណ​ធម្មតា​សម្រាប់​លក់​ជូន​អ្នកដំណើរ​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ​។​ ​ដោយឡែក​ ​គ្រួសារ​កសិករ​មួយ​រស់នៅ​ភូមិ​បន្លា​ស្អិត​ ​ឃុំ​ក្រោលគោ​ ​ស្រុក​ស្វាយ​ជ្រំ​ ​ចុះ​ពី​ផ្លូវជាតិ​លេខ​១​ ​តាមផ្លូវ​វាលស្រែ​ (​ទល់មុខ​ឆៀង​ខ្លោងទ្វារ​ចូល​វត្ត​ឈើទាល​) ​ទៅ​ក្នុង​ប្រហែល​២​គីឡូម៉ែត្រ​ ​កំពុង​សស្រាក់សស្រាំ​កែច្នៃ​អំបុក​សាមញ្ញ​ឲ្យទៅ​ជា​អាហារសម្រន់​វេច​ខ្ចប់​ក្នុង​កញ្ចប់​ទាន់សម័យ​និង​មាន​រសជាតិ​ខុសប្លែក​ពី​ការ​ផលិត​របស់​គ្រួសារ​ដទៃទៀត​ក្នុង​តំបន់​។​ ​អំបុក​បែបថ្មី​យីហោ​«​អំបុក​ស្រី​និ​ច​»​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ជាប់​ជា​ផលិតផល​សក្តានុពល​មួយ​ក្នុងចំណោម​ផលិតផល​៩​មុខ​ប្រចាំ​ខេត្ត​ដែល​មានការ​ទទួលស្គាល់​ពី​គណៈកម្មាធិការ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​

          ​កញ្ញា​ ​ហួន​ ​ស្រី​និ​ច​ ​អាយុ​២​៤​ឆ្នាំ​ ​ជា​ម្ចាស់​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ ​«​អំបុក​ស្រី​និ​ច​»​ ​បាន​រំ​ព្ញ​ក​អំពី​ប្រវត្តិ​អាជីវកម្ម​ខ្នាត​តូច​នេះ​ថា​ ​ដំបូង​ឡើយ​ ​មាន​ខាង​សមាគម​ស្រ្តី​ខេត្ត​ស្វាយរៀង​បាន​ទាក់ទង​អញ្ជើញ​ឲ្យ​ស្រ្តី​ក្នុង​តំបន់​ទៅ​សិក្សា​វគ្គ​ខ្លី​បណ្តុះបណ្តាល​ជំនាញ​កែច្នៃ​កាលពី​អំឡុង​ឆ្នាំ​២​០​១​៧​-​២​០​១​៨​។​ ​វគ្គសិក្សា​នោះ​មាន​ចំនួន​៤​វគ្គ​ ​ហើយ​ក្នុង​មួយ​វគ្គ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​។​ ​ក្រោយ​ពី​ទទួល​បានការ​បណ្តុះបណ្តាល​ពី​វគ្គសិក្សា​នោះ​ ​ម្តាយ​របស់​កញ្ញា​បាន​សាកល្បង​ធ្វើ​ទទួលទាន​ខ្លួនឯង​និង​ចែក​ញាតិ​ជិតខាង​ឲ្យ​សាកល្បង​ភ្លក្ស ​ហើយ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​និង​កោតសរសើរ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​ពេល​នោះ​គ្រួសារ​របស់​កញ្ញា​ពុំទាន់​សម្រេច​ចិត្ត​ធ្វើ​វាល​ក់​ភ្លាម​ៗ​នោះ​ដែរ​។​ ​លុះ​យូរ​ក្រោយមក​ទៀត​ ​ទើប​កញ្ញា​យល់ឃើញ​ថា​ ​គ្រួសារ​កញ្ញា​មាន​សមត្ថភាព​និង​លទ្ធភាព​អាច​កែច្នៃ​បាន​ដើម្បី​បង្កើត​ទី​ផ្សារ​ថ្មី​ឲ្យ​ខុស​ពី​អ្នកភូមិ​ផ្សេងទៀត​ ​ព្រោះថា​ ​សហគមន៍​ឃុំ​ក្រោលគោ​នេះ​មាន​អ្នក​លក់​អំបុក​ខ្ទង់​៤​០​គ្រួសារ​ឯណោះ​ ​ហើយ​ផលិតផល​របស់​គាត់​មាន​លក្ខណៈ​ដូចគ្នា​ទាំងអស់​ ​ពោល​គឺជា​ប្រភេទ​អំបុក​ប្រពៃណី​ធម្មតា​  ដែ​លលក់​បាន​តម្លៃ​ទាប​។​ ​អាស្រ័យហេតុនេះ​ទើប​កញ្ញា​ចង់​សាកល្បង​បង្កើត​ផលិតផល​ពិសេស​ដោយឡែក​ដែល​មានការ​វេច​ខ្ចប់​បាន​ប្រសើរ​ទាន់សម័យ​ ​ហើយ​មាន​ជម្រើស​ច្រើន​រសជាតិ​ឲ្យ​អតិថិជន​អាច​ជាវ​បាន​តាម​ចំណង់ចំណូលចិត្ត​។

          ​ជា​ការ​ប្រៀបធៀប​ ​កញ្ញា​បាន​ពន្យល់​ថា​ ​ចំពោះ​ ​អំបុក​ធម្មតា​ដែល​អ្នកស្រុក​ទូទៅ​លក់​នៅ​តាម​ដង​ផ្លូវ​ ​មាន​តម្លៃ​ ​១​៥​០​០​រៀល​-​២​០​០​០​រៀល​ ​ក្នុង​មួយ​កំប៉ុង​។​ ​រីឯ​ ​អំបុក​កែច្នៃ​ថ្មី​ម៉ាក​ ​«​អំបុក​ស្រី​និ​ច​»​ ​អាច​លក់​បាន​តម្លៃ​រហូតដល់​ ​៥​០​០​០​រៀល​/​មួយ​កំប៉ុង​ ​ចំណុះ​ដូចគ្នា​។​ ​ចុះ​ហេតុអ្វីបានជា​អ្នកភូមិ​មិន​បែរ​មក​ធ្វើ​អំបុក​រសជាតិ​សាច់​បែប​កែច្នៃ​ថ្មី​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​នេះ​? ​គ្រួសារ​ស្រី​និ​ច​បាន​បកស្រាយ​ថា​ ​ដោយសារ​អំបុក​ធម្មតា​ងាយស្រួល​ផលិត​ជាង​។​ ​ឯ​អំបុក​សាច់​វិញ​ត្រូវ​ចំណាយ​ពេល​យូរ​ ​និង​ចំណាយ​កម្លាំង​ពលកម្ម​ខ្លាំង​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​គេ​ផលិត​បាន​អំបុក​ធម្មតា​៣​០​០​កំប៉ុង​ក្នុងមួយថ្ងៃ​ ​គេ​អាច​ផលិត​បាន​អំបុក​ប្រភេទ​សាច់​នេះ​តែ​ ​៦​០​-​៧​០​ ​កំប៉ុង​តែប៉ុណ្ណោះ​ក្នុងមួយថ្ងៃ​ដោយសារតែ​អំបុក​សាច់​ត្រូវការ​ពេល​ច​ម្អិ​ន​សាច់​ឲ្យ​ស្រួយ​និង​ស្ងួត​ល្អ​ ​ទើប​មិន​អាច​ធ្វើ​បាន​ច្រើន​និង​លឿន​ទេ​ក្នុងមួយថ្ងៃ​។​

          ​ផលិតផល​របស់​សិប្បកម្ម​ ​«​អំបុក​ស្រី​និ​ច​»​ ​មាន​៤​ប្រភេទ​ ​គឺ​ ​អំបុក​សាច់ជ្រូក​ ​អំបុក​សាច់គោ​ ​អំបុក​ស្រូវដំណើប​ ​និង​ អំ​បុកស្រូវ​ផ្កា​រំដួល​។​ ​ក្នុងចំណោម​ផលិតផល​ទាំងនេះ​ ​ផលិតផល​អំបុក​សាច់ជ្រូក​លក់ដាច់​ជាងគេ​ ​ឆ្លងតាម​បទពិសោធន៍​លក់​ផ្ទាល់​នា​ពេល​កន្លងមក​។​ ​ចំពោះ​តម្លៃ​លក់​អំបុក​សាច់​ដែល​ជា​ផលិតផល​ចំបង​ត្រូវ​បាន​គិត​អាស្រ័យ​លើ​ជម្រើស​បរិមាណ​។​ ​អំបុក​សាច់ជ្រូក​ ​ចំណុះ​ ​១​៥​០​ ​ក្រាម​ ​តម្លៃ​ ​៥​០​០​០​រៀល​, ​៣​០​០​ក្រាម​ ​តម្លៃ​ ​១​០​០​០​០​ ​រៀល​, ​៤​៥​០​ក្រាម​ ​តម្លៃ​ ​១​៥​០​០​០​ ​រៀល​។​ ​រីឯ​ ​អំបុក​សាច់គោ​ ​ចំណុះ​ ​១​៥​០​ក្រាម​ ​តម្លៃ​១​០​០​០​០​ ​រៀល​, ​៣​០​០​ក្រាម​ ​តម្លៃ​ ​២​០​០​០​០​រៀល​ ​និង​ ​៤​៥​០​ក្រាម​ ​តម្លៃ​ ​២​៥​០​០​០​ ​រៀល​។​ ​សូម​បញ្ជាក់​ថា​ ​អំបុក​ខាងលើ​ ​បច្ចុប្បន្ន​ផ្តោត​លើ​កា​រលក់​អន​ឡា​ញ​ ​មិនទាន់​មាន​ទី​ផ្សារ​បែងចែក​ទូលំទូលាយ​ក្រៅ​ខេត្ត​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​ ​ទន្ទឹម​នឹង​នេះ​ ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ ​កសិកម្ម​ ​និង​សិប្បកម្ម​ខេត្ត​ស្វាយរៀង​ក៏​តែងតែ​ជួយ​លើកស្ទួយ​ផលិតផល​នេះ​តាមរយៈ​ការរៀបចំ​តាំង​ពិព័រណ៍​ថ្នាក់​ខេត្ត​ ​និង​នៅ​រាជធានី​ភ្នំពេញ​ជារឿយៗ​ផង​ដែរ​។​

          ​សិប្បកម្ម​នេះ​ក៏​កំពុង​មាន​គម្រោង​បង្កើត​ផលិតផល​ថ្មី​បន្ថែម​ទៀត​ ​គឺ​ ​អំបុក​សាច់​មាន់​ ​និង​អំបុក​ផ្លែឈើ​ ​ក្នុងពេលឆាប់ៗ ខាងមុខនេះ​។​ ​ការ​ជួយ​ទិញ​ផលិតផល​ចលនា​ ​«​ភូមិ​មួយ​ផលិតផល​មួយ​»​ ​តួយ៉ាង​ ​«​អំបុក​ស្រី​និ​ច​»​ ​នេះ​គឺជា​ការ​ ​ផ្តល់​កម្លាំងចិត្ត​ដល់​សហគ្រិន​ជនបទ​ក៏ដូចជា​ជួយ​ផ្តល់​ឱកាស​ការងារ​ដល់​ស្រ្តី​ក្នុង​ន័យ​កាត់បន្ថយ​ចំណាកស្រុក​ផង​ ​ដែរ​។​ ​សម្រាប់​លោកអ្នក​ដែល​ចង់​ជាវ​ ​សូម​មេត្តា​ទាក់ទង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ Sr​e​y​n​i​c​h​ ​H​oun ​ឬ​ ​លេខទូរសព្ទ​ ​០​៩​៦​ ​៤​៩​៥​ ​៨​៤​ ​០​៧​៕​

Article by SRIN SOKMEAN


SUGGESTIONS