«Le Vin Phnom Penh» កន្លែងជួបជុំ និងគយគន់ទេសភាពសួនច្បារវិមានឯករាជ្យ
TRAVEL & LIVING one year agoតំបន់វិមានឯករាជ្យជាទីដើរលម្ហែកាយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងឡាយចាប់តាំងពីសម័យសង្គមរាស្រ្តនិយមបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ តំបន់នេះកៀកមាត់ទន្លេហើយមិនសូវមានសំណង់អគារខ្ពស់ៗបិទបាំងដូចតំបន់ជុំវិញឡើយ ដែលជាលក្ខណៈអំណោយផលល្អសម្រាប់ការគយគន់ ទេសភាពនាពេលសន្ធិប្រកាសនិងពេលរាត្រីដ៏សែនមនោរម្យ។ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ចម្ងាយប្រមាណត្រឹមតែ២០០ម៉ែត្រពីវិមានឯករាជ្យដ៏ល្បីល្បាញជាប្រវត្តិសាស្រ្ត បារស្រាបារាំងមួយកន្លែងឈ្មោះថា «Le Vin Phnom Penh» (ឡឺវាង់ ភ្នំពេញ) បានបណ្តែតខ្លួននៅលើអគារផ្ទះជាន់ទីមួយ នៅចំពីលើអតីតអគារ ចាវ៉ាកាហ្វេ និងហ្គាឡឺរី ដែលជាទីតាំងងាយស្រួលរកជាទីបំផុតសម្រាប់ទេសចរគ្រប់រូប។
Le Vin Phnom Penh ជាបារបែបបស្ចិមប្រទេសដ៏ស៊ីវិល័យថ្មីសន្លាងបំផុតប្រចាំក្រុងភ្នំពេញដែលទើបបើកសាកល្បងកាលពីដើមខែមេសាកន្លងទៅថ្មីៗនេះ។ ទោះបីជាទើបតែបើកថ្មីក៏ដោយ ក៏បារនេះនៅតែមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទាំងខ្មែរនិងបរទេសយ៉ាងច្រើនកុះករមិនសូវដាច់ជារៀងរាល់ថ្ងៃ ដោយសារតែទីនេះមានរានហាលសមល្មមដែលអាចឲ្យភ្ញៀវអង្គុយបណ្តែតអារម្មណ៍គយគន់ទេសភាពដ៏ស្រស់ស្អាតនៃតំបន់សួនច្បារវិមានឯករាជ្យពោរពេញដោយភាពបៃតង និងហ្វូងមនុស្សម្នាដើរចុះឡើងទៅ ក៏ដូចជាយានយន្តគ្រប់ប្រភេទបើកបរវិញទៅមកលើដងវិថី បង្ហាញពីបែបទរស់នៅនៃប្រជាជនក្រុងភ្នំពេញដ៏រស់រវើក។ ស្ថិតក្នុងរចនាបថអគារសម័យទ.វ.ឆ្នាំ១៩៦០បារនេះសម្បូរដោយរន្ធខ្យល់ដែលធ្វើឲ្យមានបរិយាកាសនិងពន្លឺភ្លឺស្រឡះពីធម្មជាតិ សមនឹងកម្រាលឥដ្ឋការ៉ូពីជំនាន់ដើម បង្កើតបានជាសោភ័ណភាពស្ថាបត្យកម្មដែល នរណាៗក៏ស្រមៃចង់ផ្តិតយករូបភាពនិងគន់មើលមិនចេះជិនណាយ។ នៅផ្នែកខាងក្រៅនេះ ភ្ញៀវអាចអង្គុយបាន ៥ តុ ឬ អង្គុយនៅកៅអីខ្ពស់ជាប់បង្កាន់ដៃខាងមុខបានគ្នាប្រហែល១០នាក់។ រានហាលនេះស័ក្តិសមបំផុតសម្រាប់ភ្ញៀវទាំងឡាយណាដែលចង់បានខ្យល់អាកាសនិងចង់ទស្សនាថ្ងៃអស្តង្គតដ៏សែនរ៉ូមេនទិក។
ដោយឡែក ផ្នែកខាងក្នុងវិញក៏មានបរិយាកាសពិសេសមួយបែបដែរ មានទិដ្ឋភាពស្រដៀងបារដែលជាផ្នែកនៃសណ្ឋាគារប៊ូទិកបែបបារាំងដែលមានពន្លឺភ្លើងស្រទន់ និង ផ្តល់ផាសុកភាពខ្ពស់ចំពោះអតិថិជនគ្រប់រូប អមដោយការបម្រើសេវាកម្មយ៉ាងរួសរាយរាក់ទាក់ពីបុគ្គលិកហាង។ ក្រៅពីបរិយាកាសគាប់ចិត្តគាប់ភ្នែកមិនគួរឲ្យចង់ឃ្លាតនេះ បារនេះមានការដាក់តាំងបង្ហាញផលិតផលស្រាម៉ាកល្បីៗពីបរទេសយ៉ាងច្រើនត្រៀបត្រាចំកណ្តាលហាងបែរមុខទៅរកផ្លូវចូលតែម្តង។ នៅលើជញ្ជាំងវិញ មានគំនូរនិងវត្ថុសិល្បៈផ្សេងៗត្រូវបានដាក់តាំងយ៉ាងមានសណ្តាប់ធ្នាប់រៀបរយគួរឲ្យចង់រំពៃភ្នែកក្រឡេកមើលខណៈពេលអង្គុយទទួល ទានភោជនាហារ។ មុខម្ហូបរបស់បារឡឺវាង់ត្រូវបានបែងចែកជាបីប្រភេទ រួមមាន Ocean Fusion (ម្ហូបច្នៃពីគ្រឿងសមុទ្រ), Khmer Fusion (ម្ហូបបែបខ្មែរ), Le Vin Platter (ឈុតបន្ទះជ្រុញប្រចាំហាងឡឺវាង់) និងជម្រើសស្រាឈ្ងុយឆ្ងាញ់ជាច្រើនមុខដែលអាចបម្រើជាកែវ ឬ ដប តាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ៕
Article by SRIN SOKMEAN