×

ពង​មាន់អាំង​ល្បី​ប្រចាំ​ផ្សារ​ត្រាច​ខេត្ត​កំពង់ឆ្នាំង​ទាក់ចិត្ត​អ្នកដំណើរ​គ្រប់ទិសទី​

TRAVEL & LIVING 2 years ago
 
 

            ពង​មាន់អាំង​ជា​អាហារសម្រន់​ក្លែម​មាត់​ពេលរសៀល​ដែល​ជា​ញឹកញយ​យើង​ប្រទះ​គេ​ធ្វើ​លក់​តាមផ្លូវ​ ​តាម​ភូមិ​ស្រុក​ ​និង​ខេត្ត​ក្រុង​នានា​។​ ​បើ​និយាយ​ពី​រសជាតិ​ក៏​ខុសគ្នា​តែ​បន្តិចបន្តួច​ឆ្លា​ញ់​ប្លែក​ដោយឡែក​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​សូម​នាំ​ប្រិយ​មិត្ត​ទៅ​ស្គាល់​ពង​មាន់អាំង​មួយ​កន្លែង​រសជាតិ​ពិសេស​ ​សំខាន់​ល្បីល្បាញ​យូរឆ្នាំ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​នោះ​គឺ​ ​«​ពង​មាន់អាំង​ផ្សារ​ត្រាច​»​។​

            អ្នក​ដែល​ធ្វើដំណើរ​ទៅមក​តាម​ផ្លូវជាតិ​លេខ​៥​ ​ទិសដៅ​ភ្នំពេញ​-​កំពង់ឆ្នាំង​-​បាត់​ដំបង​ ​តែងតែ​ឈប់​ឡាន​ឈាន​ចូល​ទិញ​តិច​ឬ​ច្រើន​មិនសូវ​ខាន​ ​ឯ​អ្នកខ្លះ​ក៏​មិនដែល​ដឹង​ដែរ​ថា​ពង​មាន់អាំង​នៅ​ទីនោះ​មាន​រសជាតិ​ពិសេស​បែប​ណា​ ​ដោយ​ឃើញ​នឹកស្មាន​តែ​ពង​មាន់អាំង​លក់​ដូច​កន្លែង​ទូទៅ​។​ ​បើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ​ប្រមាណ​៥​០​គីឡូម៉ែត្រ​ឬ​ចម្ងាយ​ជិត​៧​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​ ​យើង​នឹង​ទៅដល់​ទីប្រជុំជន​ផ្សារ​ត្រាច​ដែល​ស្ថិតនៅ​ឃុំ​ស្វាយ​ ​ស្រុក​សាមគ្គី​មានជ័យ​ ​ឃើញ​មាន​អ្នក​លក់​ពង​មាន់អាំង​ក្រោម​ឆ័​ត្រ​លើ​ច​ញ្ចើ​ម​ថ្នល់​ហូរហែ​ទាំង​សងខាងផ្លូវ​។​ ​ពង​មាន់អាំង​ហុយ​ៗ​ក្តៅ​ៗ​តម្រៀប​ដោត​ជា​ចង្កាក់​ៗ​បណ្តាក់​ ​លើក​ត្រឡប់​ប្រែ​បង្ហើរ​ក្លិន​ឈ្ងុយ​ ​កំពុង​បង្អួត​រាង​លើ​រងើក​ធ្យូង​នៃ​ចន្ទាស​អាំង​ដែល​មាន​អ្នកស្រុក​នៅ​ទីនោះ​កំពុង​ច​ម្អិ​ន​ផ្ទាល់ដៃ​។​

            លោកយាយ​ម្នាក់​វ័យ​៩​០​ឆ្នាំ​ប្លាយ​ដែល​ជា​អ្នក​លក់​ពង​មាន់អាំង​នៅ​ម្តុំ​នោះ​មុនគេ​បាន​ប្រាប់​ថា​ ​គាត់​ប្រកបមុខរបរ​នេះ​អស់​រយៈពេល​១​០​ឆ្នាំ​ជាង​មក​ហើយ​។​ ​ដំបូង​ឡើយ​គាត់​ធ្វើ​លក់​តែ​នៅ​តាម​វត្ត​ពេល​មានបុណ្យ​ទាន​ឬ​លក់​នៅ​ពេល​មាន​គេ​បញ្ចាំងកុន​តាម​ភូមិ​តែប៉ុណ្ណោះ​។​ ​ក្រោយមក​ឃើញ​ថា​ពង​មាន់អាំង​លោកយាយ​ក៏​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​ប្រចាំ​ភូមិ​ស្រុក​នោះ​តែម្តង​ ​រួចមក​ទើប​អ្នកស្រុក​អ្នកភូមិ​ចាប់ផ្តើម​ធ្វើ​ពង​មាន់អាំង​នេះ​លក់​ត​ៗ​គ្នា​។​ ​ហើយ​លោកយាយ​ក៏បាន​ដាក់​លក់​នៅ​ទីតាំង​មុខ​ផ្ទះ​លើ​ច​ញ្ចើ​ម​ថ្នល់​មកដល់​សព្វថ្ងៃ​។​ ​ពង​មាន់អាំង​របស់​លោកយាយ​លក់ដាច់​ណាស់​ ​ពោល​គឺ​មួយថ្ងៃ​អាច​លក់​បាន​ជាមធ្យម​ពី​៥​០​ចង្កាក់​ទៅ​១​០​០​ចង្កាក់​ ​បើ​គិត​ចំនួន​គ្រាប់​ពី២​០​០​ទៅ​៣​០​០​គ្រាប់​ឯណោះ​។​ ​បើ​ក្នុង​រដូវ​កាល​បុណ្យទាន​ឬ​ថ្ងៃឈប់​សម្រាក​ធំ​ៗ​ដែល​មាន​អ្នក​ធ្វើដំណើរ​ជិត​ឆ្ងាយ​ឆ្លងកាត់​ទៅតាម​បណ្តា​ខេត្ត​នានា​ច្រើន​ផង​នោះ​ ​គាត់​អាច​លក់​បាន​ច្រើនជាង​នេះ​ទៅទៀត​ ​ព្រោះ​គេ​ឈប់​ទិញ​ច្រើនជាង​ថ្ងៃ​ធម្មតា​។​

            អតិថិជន​ពង​មាន់អាំង​ម្នាក់​ដែល​ធ្វើដំណើរ​មកពី​ទី​ក្រុងភ្នំពេញ​បាន​និយាយ​ថា​ “​ពង​មាន់អាំង​នៅ​ផ្សារ​ត្រាច​នេះ​មាន​រសជាតិ​ឆ្ងាញ់​ម៉្យាង​ពី​រសជាតិ​ដែល​ខ្ញុំ​ធ្លាប់​ញុំា​នៅ​កន្លែងផ្សេង​ៗ​ ​គឺ​វាទ​ន់​ៗ​ ​និង​មិន​មាន​ក្លិន​ឆ្អាប​ពងមាន់​ទេ​។​ ​ឲ្យតែ​ខ្ញុំ​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​ ​គឺ​មិន​ជិះ​ហួស​ឡើយ​ ​ឈប់​ទិញ​តែ​រហូត​នឹង​។​” ដោយសារតែ​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​គេ​នៃ​ពង​មាន់អាំង​ផ្សារ​ត្រាច​នេះ​ ​ទើប​ធ្វើឲ្យ​របរ​តាម​ចិញ្ចើម​ផ្លូវ​នេះ​ ​ចេះតែ​រីក​ចម្រើន​អាច​ឈរ​ជើង​ជាប់​រហូត​១​០​ឆ្នាំ​ជាង​ ​ហើយ​ទទួល​បានការ​គាំទ្រ​ពី​អ្នកដំណើរ​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់​ ​និង​ប្រជាជន​ដែល​រស់នៅ​ម្តុំ​នោះ​ផង​ដែរ​។​ ​បើ​ចង់បាន​រសជាតិ​ដើម​ ​សូម​មក​ទទួលទាន​ផ្ទាល់​ ​ធានា​ថា​រសជាតិ​ខុស​ពី​កន្លែងផ្សេង​ដែល​អ្នក​ធ្លាប់​ទទួលទាន​កន្លងមក​។​ ​តម្លៃ​ត្រឹមតែ​១​៥​០​០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ចង្កាក់​ ​បើ​បាន​ឆ្លងកាត់​កុំ​ភ្លេច​ចូល​សាកល្បង​ណា៎​!

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS