យើងដឹងហើយថានៅក្នុងរដូវវស្សាអាកាសធាតុប្រែប្រួលជួនក្តៅជួនភ្លៀងរៀងរាល់ថ្ងៃមិនទៀងឡើយ។ មជ្ឈដ្ឋានពោរពេញទៅដោយសំណើម ជាប្រភពប្រមូលផ្តុំទៅដោយពពួកមេរោគ បាក់តេរី និងសត្វមូស ដែលបង្កបញ្ហាចំពោះសុខភាព ជាពិសេសកូនតូចៗងាយប្រឈមតែម្តង។ ដើម្បីប្រាកដថាកូនរបស់អ្នកអាចធន់នឹងបរិយាកាសបែបនេះ អ្នកម្តាយគ្រប់រូបគួរគប្បីការពារពួកគេតាមរយៈការស្លៀកពាក់ឲ្យបានត្រឹមត្រូវតាមចំណុចសំខាន់ៗខាងក្រោម៖
1.សម្លៀកបំពាក់៖ គួរជ្រើសរើសសម្លៀកបំពាក់ណាដែលរលុងៗ និងស្រាលសម្រាប់ពួកគេ។ ការស្លៀកពាក់បែបនេះធ្វើឲ្យក្មេងតូចមិនមានអារម្មណ៍ធុញថប់ មានសេរីភាពនៅពេលបញ្ចេញសកម្មភាពលេង និងមានផាសុកភាពផងដែរ។ លើសពីនេះទៅទៀត ជ្រើសរើសសម្លៀកបំពាក់ណាដែលមានសាច់ក្រណាត់ឆាប់ស្ងួត ដើម្បីងាយស្រួលបោកគក់ និងហួតរហ័សពេលត្រូវទឹកដោយចៃដន្យ។
2.ស្លៀកពាក់ពណ៌ស្រាលឬភ្លឺ៖ វាក៏ជាចំណុចមួយសំខាន់ផងដែរក្នុងការជ្រើសរើសពណ៌សម្លៀកបំពាក់ឲ្យកូនតូចៗរបស់អ្នក។ ស្លៀកពាក់ពួកគេជាមួយខោអាវពណ៌ស្រាលៗភ្លឺៗ ព្រោះពណ៌ទាំងនេះមិនសូវទាក់ទាញសត្វមូសមកជិតឬខាំពួកគេឡើយ ដែលផ្ទុយស្រឡះពីពណ៌ខ្មៅឬពណ៌ស្រអាប់ដែលសត្វមូសចូលចិត្តបំផុត។
3.ស្បែកជើង៖ ស្បែកជើងជ័រកវែងគឺជាជម្រើសល្អបំផុត ព្រោះវាជួយការពារការជ្រាបទឹកឬជើងប្រឡាក់ពេលរត់លេង ម្យ៉ាងវាអាចជាស្ទីលតុបតែងខ្លួនឡូយមួយបែបផងដែរ។ ជៀសវាងប្រើស្បែកជើងស្បែក ដោយសារវាមិនធន់នឹងទឹក ងាយខូចខាតប្រើប្រាស់មិនបានយូរ។
4.អាវក្រៅ៖ ដូចដឹងស្រាប់កូនក្មេងមិនសូវធន់នឹងបម្រែបម្រួលអាកាសធាតុដូចមនុស្សពេញវ័យឡើយ ពួកគេត្រូវការអាវក្រៅបន្ថែម ដើម្បីកាត់បន្ថយភាពត្រជាក់នៃសំណើម។ ហេតុដូចនេះគួរមានអាវក្រៅបន្ថែមសម្រាប់កូនតូច និងប្រើសម្រាប់ពេលចាំបាច់ មិនថានៅផ្ទះឬពេលចេញទៅខាងក្រៅនោះទេ។
5.គ្រឿងតុបតែងលម្អបន្ថែម៖ ត្រឹមសម្លៀកបំពាក់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ក្មេងតូចនៅរដូវនេះ។ គួរមានស្រោមជើង និងក្រម៉ារុំ ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមទៀតដល់ពួកគេក្នុងករណីអាកាសធាតុចុះត្រជាក់លើសសព្វដង។
ជាការពិតណាស់នៅពេលអាកាសធាតុប្រែប្រួល ការស្លៀកពាក់ឲ្យកូនៗក៏ត្រូវផ្លាស់ប្តូរទៅតាមនោះដែរ។ លើសពីការស្លៀកពាក់ យើងក៏ត្រូវយកចិត្តទុកដាក់ទន្ទឹមគ្នានឹងរបបអាហារដោយឲ្យពួកគេទទួលទានអាហារក្តៅៗបន្លែផ្លែឈើសម្បូរ ទៅ ដោយសារជាតិចិញ្ចឹម រួមទាំងការរស់នៅស្អាត ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេស ជំងឺគ្រុនផ្តាសាយ និងជំងឺគ្រុនឈាមដ៏ពេញនិយមនៅរដូវនេះតែម្តង៕
Article by SOUNG SOKSAN