×

លំ​ហាត់ប្រាណ​៥​យ៉ាង​ដែល​លោកអ្នក​អាច​អនុវត្ត​នៅផ្ទះ​ខែភ្លៀង​

TRAVEL & LIVING 2 months ago
 
 

           បច្ចុប្បន្ន​ ​ប្រជាជន​កម្ពុជា​យើង​ចាប់ផ្តើម​គិតគូរ​អំពី​សុខភាព​តាមរយៈ​ការ​ចំណាយ​ពេល​ហាត់ប្រាណ​នៅ​តាម​ក្លឹប​កីឡា​កាយ​វប្បកម្ម​ ​ឬ​ ​តាម​សួនច្បារ​សាធារណៈ​ ​ឬ​ ​ជុំវិញ​បរិវេណ​ផ្ទះ​បុរី​នានា​ ​ប៉ុន្តែ​រដូវភ្លៀង​អាច​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​អ្នក​ដែល​មានបំណង​ចេញទៅ​ហាត់ប្រាណ​ខាងក្រៅ​ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល​ល្អ​។​ ​ទោះបី​ ​ជា​យ៉ាងនេះ​ក្តី​ ​មិនមែន​មានន័យ​ថា​លោកអ្នក​ត្រូវ​បំភ្លេច​រឿង​នេះ​ចោល​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​លោកអ្នក​អាច​បង្វែរ​វិធី​សា​ស្រ្ត​មក​ហាត់​ក្នុង​ផ្ទះ​វិញ​ដោយ​ប្រើប្រាស់​ក្បាច់​លំ​ហាត់ប្រាណ​ដែល​ស័ក្តិសម​សម្រាប់​រដូវ​កាល​នេះ​ដូច​ខាងក្រោម​។​

១​. ​រត់​ដោយ​ម៉ាស៊ីន​

           ​វា​ជា​ប្រភេទ​កីឡា​ដែល​ហាត់​ក្នុង​អគារ​ខាងក្នុង​បានហើយ​ទទួល​បានការ​ពេញ​និយម​ខ្លាំង​ជាស​កល​។​ ​ប្រសិនបើ​មាន​ធនធាន​គ្រប់គ្រាន់​ ​លោកអ្នក​គប្បី​ទិញ​ម៉ាស៊ីន​ហាត់ប្រាណ​ប្រភេទ​ ​Sport​ ​Jog​gin​g​ (​រត់ត្រឹកៗ​) ​ដែល​ងាយស្រួលប្រើ​ប្រាស់​ក្នុង​ផ្ទះ​ ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​ដុត​បំផ្លាញ​ជាតិ​កាឡូ​រី​អាក្រក់​ចេញពី​រាងកាយ​ ​និង​ ​ជំនួយ​ផែនការ​សម្រក​ទម្ងន់​របស់​លោកអ្នក​។​ ​លោកអ្នក​គួរ​មាន​ឈុត​ស្បែកជើង​សម្រាប់​រត់​ដើម្បី​ចៀសវាង​ការ​រអិល​ ​និង​ ​ដាក់​ប្រអប់ដៃ​ឲ្យ​មាន​ក​ម្ពស់​ជិត​ដើមទ្រូង​ ​ហើយ​ឈរ​ឲ្យ​ឆ្អឹងខ្នង​ត្រង់​ល្អ​ ​និង​ស្មា​ទាំងសងខាង​បើកឲ្យ​អស់​នៅ​ពេល​អនុវត្ត​កីឡា​នេះ​។​

២​. ​ហាត់​លំនឹង​ដងខ្លួន​

           ​លំ​ហាត់ប្រាណ​ប្រភេទ​នេះ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ ​P​i​late​s ​។​ ​មនុស្ស​គ្រប់រូប​អាច​អនុវត្ត​កីឡា​នេះ​បាន​នៅផ្ទះ​យ៉ាង​ងាយស្រួល​ជាទីបំផុត​ ​ពីព្រោះ​វា​ជា​ប្រភេទ​លំ​ហាត់ប្រាណ​ដែល​តម្រូវ​ឲ្យ​មាន​ចលនា​ដែល​អាច​មាន​ហា​និ​ភ័យ​គ្រោះថ្នាក់​ទាប​ ​ហើយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ពង្រឹង​ភាព​រឹង​មាំ​នៃ​សាច់ដុំ​ ​និង​ ​ចលនា​បត់បែន​នៃ​រាងកាយ​។​ ​ប្រសិនបើ​លោកអ្នក​មិនសូវ​យល់ច្បាស់​អំពី​របៀប​ហាត់​វា​ ​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​ ​Y​ou​Tube​ ​ហើយ​វាយ​ពាក្យ​ ​«​Pilate​s​»​ ​ដើម្បី​ទស្សនា​ឈ្វេងយល់​បន្ថែម​។​ ​អ្វី​ដែល​លោកអ្នក​ត្រូវការ​នោះ​គឺ​ ​ក​ម្រា​ល​សម្រាប់​ហាត់​ ​តែមួយ​គត់​។​ ​នៅ​ពេល​ហាត់​ ​សូម​កុំ​ភ្លេច​ដកដង្ហើម​វែង​ៗ​ឲ្យបាន​ត្រឹមត្រូវ​ទើប​មាន​ប្រសិទ្ធ​ភាព​ល្អ​។​

៣​. ​រាំ​ហាត់ប្រាណ​

           ​កីឡា​រាំ​ ​ឬ​ ​Dance​ ​work​out​ ​គឺជា​សកម្មភាព​ដើម្បី​សុខភាព​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​ស្រឡាញ់​សុខភាព​ផង​ ​និង​ចូលចិត្ត​ការ​សប្បាយ​ផង​ ​ក្នុងពេលជាមួយគ្នា​ ​ព្រោះ​លោកអ្នក​អាច​ក​ម្សាន្ត​សប្បាយ​ជាមួយនឹង​បទភ្លេង​ ​និង​ពត់​ពេន​ខ្លួន​និង​ដៃជើង​តាម​ចង្វាក់​នៃ​បទ​នីមួយៗ​។​ ​ការ​រាំ​ហាត់ប្រាណ​នឹង​ជួយ​រំលាយ​ខ្លាញ់​ក្នុង​រាងកាយ​ ​និង​ធ្វើឲ្យ​មាន​រំ​ញ័រ​ដល់​ផ្នែក​ចង្កេះ​ ​ត្រគាក​ ​និង​គូថ​ ​ដែល​ជួយ​ឲ្យ​លោកអ្នក​មាន​រាង​ស្អាត​ថែមទៀត​ផង​។​

៤​. ​លោតអន្ទាក់​

           ​លោកអ្នក​អាច​លេង​លោតអន្ទាក់​ជាមួយ​ក្រុម​គ្រួសារ​ ​ឬ​ ​មិត្តភក្តិ​នៅក្នុងផ្ទះ​ ​ឬ​ ​តាម​សំយាប​ផ្ទះ​ ​ដោយ​មិនបាច់​ចេញ​ទៅក្រៅ​ឆ្ងាយ​ក៏បាន​។​ ​វា​ជាល្បែង​កីឡា​ដែល​នរណា​ៗ​ក៏​ស្គាល់​ ​ស្តាប់​ទៅ​សាមញ្ញ​ ​ប៉ុន្តែ​តាមពិត​ទៅ​ ​វា​ជា​ប្រភេទ​កីឡា​ ​card​i​o ​ឬ​ ​កីឡា​ជំនួយ​បេះដូង​ ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​សាច់ដុំ​មួយ​ចំនួន​នៃ​រាងកាយ​របស់យើង​។​ ​មួយវិញទៀត​ ​លោកអ្នក​អាច​ជ្រើសរើស​ប្រភេទ​បែបបទ​នៃ​ការ​លោតអន្ទាក់​តាម​ចំណង់ចំណូលចិត្ត​បាន​ ​ឬ​ ​ក៏​អាច​ធ្វើ​វា​ឲ្យ​ពិបាក​កាន់តែ​ខ្លាំង​ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ចេញ​បាន​កាន់តែ​ច្រើន​។​

​៥​. ​កីឡា​ហ្សា​ម​បា​ (​Z​u​m​b​a​)

           ហ្សា​ម​បា​គឺជា​លំ​ហាត់ប្រាណ​ពេញ​មួយ​ដងខ្លួន​ដែល​ផ្តល់​ភាព​សប្បាយរីករាយ​។​ ​កីឡា​នេះ​ជា​ប្រភេទ​កីឡា​ ​Card​i​o ​មួយ​បែប​ទៀត​ដែល​មាន​តួនាទី​ជំនួយ​រាងកាយ​ ​ពង្រឹង​ការ​សម្របសម្រួល​តួនាទី​ផ្សេងៗ​នៃ​សារពាង្គ​កាយ​ ​និង​ ​ធ្វើឲ្យ​ដំណើរការ​មេ​តា​ប៉ូលីស​ក្នុង​រាងកាយ​យើង​កាន់តែ​សកម្ម​ឡើងវិញ​។​ ​លោកអ្នក​អាច​ធ្វើ​វា​នៅផ្ទះ​បាន​ដោយខ្លួនឯង​តាមរយៈ​ការ​ទស្សនា​វីដេអូ​ណែនាំ​នៅ​លើ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​សម្បូរ​បែប​ ​ហើយ​ថែមទាំង​អាច​អនុវត្ត​បានជា​មួយ​ក្រុម​គ្រួសារ​ទាំងមូល​ព្រោះថា​វា​តម្រូវ​មនុស្ស​គ្រប់​ភេទ​និង​គ្រប់​វ័យ​ទាំងអស់​៕​

Article by SRIN SOKMEAN


SUGGESTIONS