×

កម្មវិធី​សម្ពោធ​សៀវភៅ​ ​«​ដុំ​ហ្វី​ល​មរតក​ ​៖​ ​ស្នាដៃ​របស់​ផលិតករ​ភាពយន្ត​កម្ពុជា​បួន​រូប​ ​១​៩​៦​០​-​១​៩​៧​៥​»​

NEWS 2 months ago
 
 

            រាជធានី​ភ្នំពេញ​៖​ ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​ ​ទី​៣​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​មាន​ព្រឹត្តិការណ៍​កម្មវិធី​សម្ពោធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​ ​«​ដុំ​ហ្វី​ល​មរតក​ ​៖​ ​ស្នាដៃ​របស់​ផលិតករ​ភាពយន្ត​កម្ពុជា​បួន​រូប​ ​១​៩​៦​០​-​១​៩​៧​៥​»​ ​ឬ​ ​«​Fade​d​ ​Reel​s ​៖​ ​T​h​e​ ​Art​ o​f​ ​Four​ ​Cambodian​ ​Film​maker​s 1960-1975​»​ ​ជា​ចំណងជើង​ភាសា​អង់គ្លេស​ ​ជា​ផ្លូវការ​ ​នៅ​ទីតាំង​រោងភាពយន្ត​ ​Prime​ C​in​e​p​l​ex​ ​សាខា​ ​Sam​a​i​ ​Square​ ​ទួល​គោក​ ​ដែល​រៀបចំ​ឡើង​ដោយ​ដេ​ប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គមនាគមន៍​ (​D​M​C) ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (R​UP​P​) ​។​

            ​កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​ ​សាន​ ​វ​ឌ្ឍ​នា​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​និង​លោកស្រី​បណ្ឌិត​ ​អ៊ុំ​ ​រ៉ាវី​ ​សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ​ក្រៅពី​នេះ​ ​កម្មវិធី​នេះ​ក៏មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​វត្តមាន​ ​សិស្ស​ ​និស្សិត​ ​ផលិតករ​ភាពយន្ត​ ​អ្នកដឹកនាំ​រឿង​ ​អ្នក​បម្រើ​ការ​ក្នុង​វិ​ស​័​យ​ភាពយន្ត​ ​អ្នក​ស្នេហា​ភាពយន្ត​ ​និង​មហាជន​សរុប​ប្រមាណ​ជាង​២​០​០​នាក់​។​

            ​សៀវភៅ​«​ដុំ​ហ្វី​ល​មរតក​ ​៖​ ​ស្នាដៃ​របស់​ផលិតករ​ភាពយន្ត​កម្ពុជា​បួន​រូប​ ​១​៩​៦​០​-​១​៩​៧​៥​»​ ​គឺជា​ស្នាដៃ​ ​និពន្ធ​រៀបរៀង​ដោយ​លោកស្រី​បណ្ឌិត​ ​លីន​ដា​ ​សា​ផា​ន​ (​D​r. ​Lind​a​ ​Sap​h​an​) ​ដែល​ធ្លាប់​មាន​បទពិសោធន៍​ស្រាវជ្រាវ​ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ​នៃ​សម័យ​យុគ​មាស​នា​ពេល​កន្លងមក​ ​ជាពិសេស​ធ្លាប់​បំពេញ​តួនាទី​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​គម្រោង​ខ្សែភាពយន្ត​ ​«​កុំ​ស្មាន​បង​ភ្លេច​ ​ខ្មែរ​បាត់បង់​ត​ន្រ្តីរ៉ុ​ក​»​ (​Don​’​t​ ​Think​ ​I​’​v​e​ ​Forgo​t​t​e​n : ​Cam​bo​d​i​a​’s Lost ​Rock​ ​and​ ​Roll​) ​។​ ​នេះ​ជា​សៀវភៅ​ដំបូង​និង​តែមួយ​គត់​ផ្តោត​លើ​ការ​វិភាគ​ស៊ី​ជម្រៅ​លើ​មរតក​ភាពយន្ត​ខ្មែរ​ផលិត​មុន​ឆ្នាំ​១​៩​៧​៥​ ​របស់​អ្នកដឹកនាំ​រឿង​កម្ពុជា​ដ៏​ល្បីល្បាញ​ចំនួន​រូប​ ​រួម​មាន​ ​លោក​ ​លី​ ​ប៊ុន​យី​ម​ ​លោក​ ​អ៊ី​ វ៉ុ​ង​ហែម​ ​លោក​ ​ទា​ ​លឹម​គុណ​ ​និង​លោកស្រី​ ​អួ​ង​ ​សីតា​ (​អួ​ង​ ​ក​ន់​ធួ​ក​)​។​ ​ឯកសារ​ដ៏​មាន​តម្លៃ​នេះ​ត្រូវ​បាន​បកប្រែ​និង​កែ​សម្រួល​មក​ជា​ភាសាខ្មែរ​ដោយ​ដេ​ប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គម​នា​ ​គម​ន៍ (​D​M​C) ​ដែល​មាន​លោក​ ​អ៊ុង​ ​ប៊ុន​អ៊ី​ ​ជា​ប្រធាន​។​  

            “សៀវភៅ​នេះ​មិន​ត្រឹមតែ​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​ដល់​សិស្ស​ ​ផលិតករ​ភាពយន្ត​ ​អ្នក​សេ្ន​ហា​ភាព​ ​យន្ត​ ​ក៏ដូចជា​បញ្ញវន្ត​ខាង​ភាពយន្ត​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​បង្ហាញ​ពី​របៀប​ស្វែងយល់​អំពី​ភាពយន្ត​ខ្មែរ​ ​និង​ស្វែងយល់​ពី​ការ​វិភាគ​ក្នុង​បរិ​បទ​សង្គម​ ​នយោបាយ​ ​និង​ប្រវត្តិ​នៃ​ភាពយន្ត​នីមួយៗ​ដែល​បាន​ផលិត​។​ ” ​អ្នកនិពន្ធ​ ​លីន​ដា​ ​សា​ផា​ន​ ​បាន​ពន្យល់​។​ ​ទន្ទឹម​នឹង​នេះ​ ​សៀវភៅ​ខាងលើ​មាន​រួមបញ្ចូល​ការ​ចងក្រង​បញ្ជី​ភាពយន្ត​ ​ផលិត​មុន​របប​ខ្មែរក្រហម​ ​និង​ភាពយន្ត​សេសសល់​ពី​ស​ង្រ្គា​ម​ ​ព្រមទាំង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នកដឹកនាំ​រឿង​ជើងចាស់​ ​លោកស្រី​ ​អួ​ង​ ​សីតា​ ​ឬ​ ​អួ​ង​ ​ក​ន់​ធួ​ក​។​

            ​ឆ្លើយតប​ទៅ​នឹង​ការ​ចងក្រង​សៀវភៅ​នេះ​ឡើង​ ​ឯកឧត្តម​បណ្ឌិត​ ​សាន​ ​វ​ឌ្ឍ​នា​ ​បាន​ថ្លែង​ក្នុង​ឱកាស​បិទ​កម្មវិធី​ ​៖​ “​សូម​អបអរ​ ​លោកស្រី​ ​លីន​ដា​ ​សា​ផា​ន​ ​ចំពោះ​ការ​និពន្ធ​សៀវភៅ​ដ៏​អស្ចារ្យ​នេះ​! …​អ្វី​ដែល​លោកស្រី​បាន​ធ្វើ​គឺ​ធ្វើឲ្យ​អ្វី​ដែល​កើតឡើង​តាំងពី​ឪពុក​ខ្ញុំ​នៅក្មេង​ ​មកដល់​ជំនាន់​ខ្ញុំ​នៅក្មេង​ ​មកដល់​ជំនាន់​កូន​ខ្ញុំ​នៅក្មេង​ ​បាន​មើលឃើញ​តាមរយៈ​សៀវភៅ​នេះ​។​”។​ ​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​រំ​ព្ញ​ក​អំពី​គុណ​តម្លៃ​អប់រំ​ជាច្រើន​នៃ​ខ្សែភាពយន្ត​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទស្សនិកជន​ទាំងឡាយ​ ​តួយ៉ាង​ ​ពុទ្ធិ​សម្បទា​ ​បំណិន​សម្បទា​ ​ចរិយា​សម្បទា​ ​និង​សោភ័ណ​សម្បទា​ ​ជាដើម​។​

            ​គួរ​បញ្ជាក់​ថា​ ​ក្រៅពី​សម្ពោធ​សៀវភៅ​ផ្លូវការ​ ​និង​សុន្ទរកថា​ដ៏​មានខ្លឹមសារ​ជ្រាលជ្រៅ​របស់​គណៈអធិបតី​ ដេ​ប៉ា​តឺម៉ង់​ក៏បាន​រៀបចំ​កិច្ចពិភាក្សា​មួយ​ស្តីពី​ ​«​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ ​៖​ ​បញ្ហា​ប្រឈម​ ​និង​ឱកាស​»​ ​ដោយមាន​វាគ្មិន​កិត្តិយស​ចំនួន​ ​៤​ ​រូប​ ​រួម​មាន​ ​លោក​ ​ប៉ុក​ ​បូ​រក្ស​ ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ ​និង​ផ្សព្វផ្សាយ​វប្បធម៌​ ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​លោក​ ​ជៀប​ ​សុវិជ្ជា​ ​នាយក​មជ្ឈមណ្ឌល​បណ្តុះ​ ​បណ្តាល​ជំនាញ​និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​ ​កញ្ញា​ ​សុធា​ ​អ៊ី​ណេ​ស​ ​អ្នកដឹកនាំ​រឿង​ឯករាជ្យ​ ​និង​លោក​ ​តែ​ ​ឡូយ​ ​ផលិតករ​ភាពយន្ត​នៃ​ផលិតកម្ម​កង​ចក្រ​ភី​ក​ឈ័​រ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS