«Tao Ting» ភោជនីយដ្ឋានបង្កើតថ្មីផ្តល់បទពិសោធន៍ម្ហូបអាហាររបស់ជនជាតិតៃវ៉ាន់
NEWS 2 years agoភោជនីយដ្ឋានដ៏សម្បូរបែបជាច្រើនកន្លែងកំពុងរីកស្កុសស្កាយនៅក្នុងរាជធានីភ្នំពេញ ខ្លះជាភោជនីយដ្ឋានបម្រើម្ហូបបែបចិន ខ្លះជាភោជនីយដ្ឋានបែបអឺរ៉ុប រីឯខ្លះទៀតជាភោជនីយដ្ឋានបម្រើម្ហូបអាហារប៉ែកភូមិភាគឦសានជាដើម។ ជាក់ស្តែង ប្រសិនបើយើងនិយាយពីភោជនីយដ្ឋានបម្រើម្ហូបអាហាររសជាតិប្រពៃណីរបស់ជណជាតិតៃវ៉ាន់ឯណេះវិញ នៅពុំទាន់មានច្រើនកន្លែងនៅឡើយនោះទេ ដូច្នេះ ប្រសិនបើអ្នកចូលចិត្តទទួលទានម្ហូបអាហាររសជាតិតៃវ៉ាន់អាចនឹងពិបាកបន្តិចបន្តួចក្នុងការស្វែងរកភោជនីយដ្ឋានបម្រើអាហារតៃវ៉ាន់ដែលផ្តល់នូវឱជារសឈ្ងុយឆ្ងាញ់ផ្ទាល់តែម្តង។ ហេតុនេះ បានធ្វើឲ្យជនជាតិតៃវ៉ាន់មួយក្រុមចាប់ផ្តើមបើកភោជនីយដ្ឋានមួយកន្លែងស្ថិតនៅក្នុងប្លុកបឹងកេងកងទី១ ដែលមានបម្រើម្ហូបអាហាររសជាតិតៃវ៉ាន់ផ្ទាល់ដែលជាជម្រើសមួយបន្ថែមទៀតសម្រាប់អ្នកនិយមចូលចិត្តទទួលទានកាន់តែមានភាពងាយស្រួលក្នុងការស្វែងភោជនីយដ្ឋានកៀកបង្កើយផងដែរ។
ផ្តើមចេញពីការផ្លាស់ប្តូរនៃរបៀបរស់នៅក្នុងសង្គមនៅអំឡុងពេលរីករាលដាលពីជំងឺកូវីដ ១៩ បានក្លាយជាឱកាសមួយសម្រាប់ជនជាតិតៃវ៉ាន់ម្នាក់អាចរៀនចម្អិនមុខម្ហូបប្រពៃណីរបស់ខ្លួនយ៉ាងជំនាញ។ តាមការលើកឡើងរបស់ជនជាតិតៃវ៉ាន់រូបនេះបានឲ្យដឹងផងដែរថាមុខម្ហូបដែលខ្លួនរៀនចម្អិនលើកដំបូងនោះគឺស៊ុបមីសាច់គោតៃវ៉ាន់ (Traditional Taiwanese Beef Noodle) ដោយកន្លងមកពុំដឹងពីវិធីនៃការចម្អិនមុខម្ហូបនេះនៅឡើយទេ។ បន្ទាប់ពីបានសាកល្បងចម្អិនមុខម្ហូបនោះជាច្រើនដងលោកអាចច្បិចនៅគ្រឿងផ្សំដែលធ្វើឲ្យទឹកស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់។ ជាមួយគ្នានេះ លោកបានបង្ហើបឲ្យដឹងផងថា «ចំណុចពិសេសរបស់ស៊ុបមីសាច់គោតៃវ៉ាន់នោះគឺជារសជាតិទឹកស៊ុបដោយពួកយើងត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការរំងាស់ទឹកស៊ុប ដើម្បីចម្រាញ់ឱជារសចេញពីសាច់គោ និងគ្រឿងទេសចម្បងផ្សេងៗទៀត ហើយយើងក៏ត្រូវប្រើភ្លើងចម្អិនសន្សឹមៗក្នុងការរំងាស់ទឹកស៊ុបនោះដែរ»។ ជជែកបណ្តើរគយគន់បរិវេណនៅក្នុងភោជនីយដ្ឋានដែលមានការរៀបចំដេគ័រសាមញ្ញមិនចេះស៊ាំភ្នែកបាននាំយកនូវទិដ្ឋភាពរបស់ប្រជាជនតៃវ៉ាន់មកកាន់ទីនេះមួយរំពេចតែម្តងជាមួយនឹងស្នាមញញឹម និងការទទួលស្វាគមន៍អតិថិជនដ៏កក់ក្តៅរបស់បុគ្គលិកនិងស្ថាបនិកបានទាក់ចិត្តអតិថិជនជិតឆ្ងាយពុំជិនណាយឡើយ ពោល អតិថិជននឹងទទួលបានបទពិសោធន៍ថ្មីៗ ហើយថែមទាំងទទួលបាននូវឱជារសម្ហូបរបស់តៃវ៉ាន់ផ្ទាល់ថែមទៀត។
«តាវ តីង» (Tao Ting) គឺជាភាសាតៃវ៉ាន់បកប្រែជាភាសាខ្មែរមានន័យថា «រួមគ្នា» «ការជួបជុំ» និង «រួមដំណើរជាមួយគ្នា» ដូច្នេះ តាវតីង គឺជាឈ្មោះភោជនីយដ្ឋានដែលបញ្ជាក់ពីការរួម ការជួបជុំ និងរួមដំណើរជាមួយគ្នារបស់ជនជាតិតៃវ៉ាន់មួយក្រុមក្នុងការនាំយកមុខម្ហូបប្រពៃណីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាយ៉ាងដូច្នេះ។ យ៉ាងណាមិញ ប្រសិនបើយើងនិយាយពីតម្លៃក្នុងភោជនីយដ្ឋានទីនេះវិញគឺមានតម្លៃសមរម្យដែលអាហារចម្បង (Main Course) ចាប់ពី ១០០០០ រៀល (2.5$) ឡើងទៅ តួយ៉ាង បច្ចុប្បន្នអាហារដែលកំពុងពេញនិយមនោះគឺបាយសាច់មាន់ និងស៊ុបមីសាច់គោតៃវ៉ាន់ដែលអតិថិជនភាគច្រើនតែងតែជាវមិនដាច់សោះឡើយ។
គួរជម្រាបផងដែរថា ភោជនីយដ្ឋាន តាវតីង បានបើកដំណើរការនៅក្នុងអំឡុងខែមីនា កន្លងទៅថ្មីៗនេះ ដោយចាប់ផ្តើមសាកល្បងធ្វើការលក់ដំបូងតាមរយៈ Apps អនឡាញ។ ជាមួយគ្នានេះ ភោជនីយដ្ឋានក៏បានបើកដំណើរការបម្រើអតិថិជនចាប់ពីម៉ោង១១ ព្រឹក រហូតដល់ ម៉ោង ៨ និង៣០នាទីយប់៕
Article by PAN SIVLY