×

យុវជន​ ហឿ​យ​ ​ករុណា​ ​ជាប់​អាហារូបករណ៍​សិល្បៈ​សូនរូប​ដំបូង​គេ​ពី​មូលនិធិ​លោកគ្រូ​ ​ស្រី​ ​បណ្តូល​

NEWS 2 years ago
 
 

           «​ករុណា​»​ ​ជា​ឈ្មោះ​របស់​ក្មេងប្រុស​ក​ម្លោះ​វ័យ​១​៩​ឆ្នាំ​មកពី​ជនបទ​នៃ​ខេត្ត​សៀមរាប​ម្នាក់​ ​បច្ចុប្បន្ន​ក្លាយ​ជា​សិស្ស​ជំនាញ​ផ្នែក​សិល្បៈ​សូនរូប​នៃ​សាលា​ ​P​hare​’s ​Visual​ ​And​ ​Applied​ ​Art​s ​School​ ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ​ដែល​បាន​ក្លាយ​ជា​សិស្ស​អាហារូបករណ៍​ជំនាន់​ដំបូងបង្អស់​ផ្នែក​នេះ​ពី​មូលនិធិ​អភិវឌ្ឍន៍​សិល្បៈ​របស់​លោក​សា​ស្រ្តាចារ្យ ​ស្រី​បណ្តូល​ (Sr​e​y​ ​Band​a​u​l​ ​Art​ ​Development​ ​Fund​)​។​

           បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​អាហារូបករណ៍​ដ៏​ត្រចះត្រចង់​ក្នុង​ឆាក​ជីវិត​មួយ​នេះ​ យុ​វ​សិស្ស​សិល្បៈ​ខាងលើ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ថា​ “​ចំណុច​ដែល​ខ្ញុំ​រីករាយ​ជាមួយ​សាលា​ហ្វារ​ជាងគេ​គឺ​បរិស្ថាន​ជុំវិញ​មណ្ឌល​សិក្សា​ ​គ្រូ​បណ្តុះបណ្តាល​ស័ក្តិសម​ដែល​មាន​ជំនាញ​គរុ​កោ​សល្យ​ល្អ​ប្រសើរ​ ​និង​មិត្តភ័ក្តិ​ទាំងអស់គ្នា​ដែល​ចែករំលែក​ភាព​សប្បាយរីករាយ​ចំពោះ​សិល្បៈ​ជាមួយ​ខ្ញុំ​” ​។​ ​ករុណា​បាន​បន្ថែម​ថា​ ​ចំណុច​ដែល​ធ្វើឲ្យ​គេ​សប្បាយចិត្ត​បំផុត​នោះ​គឺ​ការពិត​ដែល​រូបគេ​មាន​អារម្មណ៍​ថា​ខ្លួនឯង​កំពុង​រីក​ចម្រើន​ ​និង​អាច​ជួយ​យិ​ត​យោង​អ្នកដទៃ​ទៀត​បាន​ដូចដែល​សិស្ស​ច្បង​របស់​គេ​ធ្វើ​បាន​ដែរ​។​

Image Courtesy: Phare Ponleu Selpak

           ចំពោះ​មូលហេតុ​ឈាន​មកដល់​ការ​ទទួល​អាហារូបករណ៍​ជំនាញ​សិល្បៈ​នេះ​ ​គឺ​នៅ​ពេល​កំពុង​រស់នៅ​ស្រុកកំណើត​ឯ​ខេត្ត​សៀមរាប​ ​លោក​ ​អូ​ស្មាន់​ ខា​វ៉ា​ចា (Os​man​ K​haw​a​j​a​) ​នាយក​ប្រតិបត្តិ​នៃ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​និង​សិស្ស​ច្បង​ជាច្រើន​រូប​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​កម្មវិធី​ពិព័រណ៍​សិល្បៈ​មួយ​ដែល​ធ្វើឲ្យ​ករុណា​មានឱកាស​អាច​ស្គាល់​ពួកគាត់​។​ ​ករុណា​បាន​រំ​ព្ញ​កថា​ ​វា​ជា​រឿងរ៉ាវ​ដ៏​ល្អ​នៅ​ពេល​ពួកគាត់​ចែករំលែក​ឲ្យ​ខ្ញុំ​នូវ​រឿងរ៉ាវ​សិល្បៈ​ដ៏​អស្ចារ្យ​សម្បើម​របស់​ពួកគាត់​និង​ណែ​នាំឲ្យ​ខ្ញុំ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ពី​មូលនិធិ​ការ​អភិវឌ្ឍ​សិល្បៈ​របស់​លោកគ្រូ​ ​ស្រី​ ​បណ្តូល​ទើប​ខ្ញុំ​អាចប​ន្ត​ជីវិត​ការងារ​របស់​ខ្ញុំ​។​ ​វា​ជា​មូលហេតុ​ដែល​ញ៉ាំង​ឲ្យ​ខ្ញុំ​ចុងក្រោយ​សម្រេច​ចិត្ត​ដាក់ពាក្យ​” ​។​

           ​តើ​អ្វីខ្លះ​ជា​ផលប្រយោជន៍​នៃ​អាហារូបករណ៍​ខាងលើ​? ​ជ័យ​លា​ភី​អាហារូបករណ៍​វ័យ​១​៩​ឆ្នាំនេះ​បាន​ពន្យល់​ថា​ “​អាហារូបករណ៍​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ ​ហើយ​ខ្ញុំ​ពិតជា​មាន​កម្លាំងចិត្ត​ក្នុង​ការ​រៀន​សម្រាប់​ខ្លួនឯង​ ​និង​ដើម្បី​គ្រប់គ្នា​ដែល​បាន​ផ្តល់​វា​ឲ្យ​ខ្ញុំ​” ​។​ ​នៅ​ក្នុង​អំឡុង​ពេល​សិក្សា​នៅ​ទីនេះ​ ​ករុណា​បាន​រៀន​អំពី​ប្រភេទ​គំនូរ​ផ្សេងៗ​គ្នា​ជាច្រើន​ ​និង​ ស្ទី​ល​គូរ​គំនូរ​របស់​វិចិត្រករ​នានា​ ​ដែល​ត្រូវ​បាន​បែងចែក​ជាលំដាប់លំដោយ​មេរៀន​តាម​ដំណាក់កាល​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ក្នុងនាម​ជា​សិស្ស​អាហារូបករណ៍​ ​ករុណា​ក៏​មិន​ភ្លេច​នូវ​ការ​សម្តែង​អំណរគុណ​ចំពោះ​វីរភាព​នៃ​វិញ្ញាណ​ក្ខ័ន្ធ​លោក​សា​ស្រ្តាចារ្យ ​ស្រី​ ​បណ្តូល​ ​ទោះបីជា​រូបគេ​ពុំ​មាន​អនុ​ស្សា​វ​រី​យ៍​អ្វី​ឡើយ​ជាមួយ​លោកគ្រូ​ ​ព្រោះ​គេ​បាន​ចូល​មក​រៀន​នៅ​ទីនេះ​ទើប​តែ​ក្នុង​ខែ​មករា​ដើម​ឆ្នាំនេះ​ទេ​ ​ខណៈ​ដែល​លោកគ្រូ​បាន​ទទួល​មរណភាព​ទៅ​ហើយ​។​ ​ប៉ុន្តែ​តាមរយៈ​ការ​និយាយប្រាប់​ពី​គ្រូ​ៗ​និង​មិត្តភក្តិ​នៅ​ទីនេះ​ ​គេ​ចាត់​ទុក​លោកគ្រូ​ជា​មនុស្ស​ល្អ​និង​រួសរាយ​រាក់ទាក់​ ​ហើយ​ជា​សា​ស្រ្តាចារ្យ​គំរូ​ដែល​មាន​វិធី​សា​ស្រ្ត​បង្រៀន​ប្រកបដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​។​

Image Courtesy: Phare Ponleu Selpak

           ​ចំពោះ​គោលបំណង​ថ្ងៃ​អនាគត​ ​ករុណា​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​វិចិត្រករ​ដែល​មាន​អត្តសញ្ញាណ​វិសេសភាព​ផ្ទាល់ខ្លួន​ ​ដែល​មាន​ស្នាដៃ​ការងារ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​វិចិត្រសាល​ល្បី​ៗ​ ​ឬ​បើក​វិចិត្រសាល​ផ្ទាល់ខ្លួន​ ​និង​ ​ផ្តល់​ឱកាស​ចំពោះ​សិល្បករ​ដទៃទៀត​ឲ្យបាន​បង្ហាញ​សមិទ្ធផល​របស់​ពួកគេ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មូលនិធិ​អភិវឌ្ឍន៍​សិល្បៈ ​លោកគ្រូ​ ​ស្រី​ ​បណ្តូល​ ​ផ្តល់​ជូន​នូវ​អាហារូបករណ៍​ចំពោះ​សកម្មភាព​សិល្បៈ​ដែល​អាច​រួម​មាន​ដូចជា​ ​បង្កើត​ថ្នាក់​បង្រៀន​សិល្បៈ​ដល់​កុមារ​នៅ​តាម​សហគមន៍​ខ្វះខាត​ ​ផ្តល់​ឱកាស​ដល់​សិល្បករ​ពន្លក​ថ្មី​តាមរយៈ​ការ​ផ្តល់​អា​ហា​រូប​ ​ករ​ណ៍​និង​ប្រាក់ឧបត្ថម្ភ​ ​រៀបចំ​និវេសនដ្ឋាន​សិល្បៈ​សម្រាប់​សិល្បករ​ជាតិ​និង​អន្តរជាតិ​ ​អភិវឌ្ឍ​គម្រោង​ជុំវិញ​សិទ្ធិ​ក្នុង​ការ​បង្កើត​ស្នាដៃ​ ​និង​អភិវឌ្ឍ​កម្មវិធី​ ​Pare​ ​in​ ​t​h​e​ ​City​ ​ដើម្បី​បង្កើត​សិល្បៈ​ឲ្យបាន​សាយភាយ​ទៅដល់​មហាជន​ទូ​ទៅតាម​ ​រយៈ​កម្មវិធី​មហោស្រព​ ​វេទិកា​ជជែក​ពិភាក្សា​ ​និង​កម្មវិធី​ពិព័រណ៍​៕​

Article by SRIN SOKMEAN Image Courtesy: Hoeuy Karona


SUGGESTIONS