×

​ស៊េ​រីគំនូរ​ ​«​Let​’s ​Eat​»​ ​បង្ហាញ​ពី​ទិដ្ឋភាព​ការរស់នៅ​ប្រចាំថ្ងៃ​ដ៏​រស់រវើក​

NEWS 21 hours ago
 
 

          M​i​c​h​a​e​l​ S​ant​i​ago​ ​ដែល​ភាគច្រើន​ស្គាល់​សិល្បករ​រូប​នេះ​ថា​ ​Mike​ ​ជា​អ្នកបង្កើត​រឿងនិទាន​តាម​រូបភាព​ ​នៃ​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​មាន​ដើមកំណើត​នៅ​ប្រទេស​ហ្វីលីពីន​ ​Mike​ ​បាន​ចាប់ផ្តើម​អាជីព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២​០​០​៦​ ​មក​ម៉្លេះ​។​ ​លោក​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ជា​អ្នកបង្កើត​រូបភាព​ ​និង​ជា​សិល្បករ​គំនូរ​មួយ​រូប​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ផង​ដែរ​។​

          ស្នាដៃ​ស៊េ​រី​ថ្មី​ចុងក្រោយបំផុត​របស់​ ​Mike​y​ ​គឺ​មានឈ្មោះ​ថា​ ​«​Let​’s ​Eat​»​ ​គឺជា​ការ​បង្ហាញ​ពី​ ​វប្បធម៌​ម្ហូប​ដែល​ភាគច្រើន​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​។​ ស៊េ​រី​គំនូរ​ ​«​Let​’s ​Eat​»​ ​គឺ​ត្រូវ​បាន​ដង​ស្រង់​ចេញ​ទម្លាប់​ពេលព្រឹក​របស់​លោក​ផ្ទាល់​តែម្តង​ដូចជា​៖​ ​ការ​ទិញ​កាហ្វេ​ ​និង​អាហារ​រៀងរាល់​ព្រឹក​ពី​តូប​លក់​មួយ​កន្លែង​ដែល​នៅក្បែរ​ ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ភាព​រួសរាយ​ ​របស់​អ្នក​លក់​អាហារ​ទាំងនោះ​បាន​រំឭក​លោក​ដល់​ម្ដាយ​របស់​លោក​ ​ដែល​ធ្លាប់​លក់​នំ​ប៉័​ង​នៅ​ស្រុកកំណើត​នៃ​ប្រទេស​ហ្វីលីពីន​។​ ​ការ​លះបង់​ ​និង​ភាព​កក់ក្ដៅ​របស់​គ្រួសារ​របស់​ ​Mike​ ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​ចាប់​យក​រូបភាព​ទាំងនោះ​ហើយ​បាន​បង្កើត​ជា​ស្នាដៃ​សិល្បៈ​មួយ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ ​និង​បង្ហាញ​ពី​ការ​ប្រកប​របស់​ចិញ្ចឹមជីវិត​របស់​ប្រជាជន​ខ្មែរ​ថែមទៀត​។​
         

          តើ​លោក​គិតថា​គំនូរ​ដើរ​តួនាទី​អ្វីខ្លះ​ក្នុង​ការ​បង្ហាញ​អត្ថន័យ​តាមរយៈ​សិល្បៈ​រូបភាព​?
          ​ខ្ញុំ​តែងតែ​បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​ភាគច្រើន​ពី​ទិដ្ឋភាព​ក្នុង​ផ្ទះ​របស់​ពួកគេ​។​ ​ជា​ធម្មតា​ ​យើង​ឃើញ​ទេសភាព​ ​ឬ​រូបគំនូរ​មនុស្ស​នៅ​បន្ទប់ទទួលភ្ញៀវ​ ​គំនូរ​អ​រូបិយ​នៅកន្លែង​ជាក់លាក់​មួយ​ចំនួន​ ​ហើយ​គំនូរ​ផ្កា​ ​ផ្លែឈើ​ ​ឬ​បន្លែ​នៅ​បន្ទប់​ទទួលទាន​អាហារ​ ​ឬ​ផ្ទះបាយ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ខ្ញុំ​ចូលចិត្ត​ឱ្យ​ស្នាដៃ​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​នៅ​បន្ទប់​ទទួលទាន​អាហារ​ ​ឬ​ផ្ទះបាយ​ដែល​ជា​ទីកន្លែង​ដែល​វា​គួរ​ស្ថិតនៅ​។​ ​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​ជំរុញ​ទឹកចិត្ត​មនុស្ស​ ​ជាពិសេស​ ​នៅ​ពេល​ពួកគេ​កំពុង​ច​ម្អិ​ន​អាហារ​ ​ឬ​ក្លាយ​ជា​ប្រធាន​បទ​ពិភាក្សា​នៅ​ពេល​ទទួលទាន​អាហារ​នៅផ្ទះ​។​

          តើ​ម្ហូប​តាមផ្លូវ​របស់​ខ្មែរ​មួយ​ណា​ដែល​លោក​គិតថា​សំខាន់​ ​ឬ​ពិបាក​បំផុត​ក្នុង​ការ​ចាប់​យក​រូបភាព​ក្នុង​សិល្បៈ?
​          ខ្ញុំ​គិតថា​ ​នំ​ប៉័​ង​ប៉ា​តេ ​គឺ​លេចធ្លោ​ជាងគេ​។​ ​ខ្ញុំ​តែងតែ​ទិញ​នំ​ប៉័​ង​ខ្មែរ​របស់​ខ្ញុំ​ពី​ ​«​មីង​»​ ​ម្នាក់​ ​ដែល​គាត់​រៀបចំ​លក់​នៅ​តូប​របស់​គាត់​តាម​ ​មហាវិថី​កម្ពុជាក្រោម​។​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅពេលដែល​មនុស្ស​គ្រប់គ្នា​នៅផ្ទះ​ ​ហើយ​ហាង​ភាគច្រើន​ត្រូវ​បាន​បិទ​ ​ខ្ញុំ​តែងតែ​ឆ្ងល់​ថា​តើ​មាន​អ្វី​កើតឡើង​ចំពោះ​គាត់​ ​ជាពិសេស​នៅពេលដែល​ខ្ញុំ​នឹក​អាហារ​តាមផ្លូវ​។​

          ​តើ​អ្នកគាំទ្រ​របស់​លោក​ផ្តល់​មតិ​លើ​ស្នាដៃ​របស់​លោក​យ៉ាងដូចម្ដេច​ខ្លះ​?
          ​កាលពីឆ្នាំមុន​ ​នៅពេលដែល​ពិព័រណ៍​ ​Let​’s ​Eat​ ​របស់​ខ្ញុំ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ ​Story​ ​Design​ ​Hub​ ​អ្នកទស្សនា​ភាគច្រើន​គឺជា​យុវជន​។​ ​មតិភាគច្រើន​ដែល​ខ្ញុំ​បានឮ​ពី​ពួកគេ​គឺ​ “​ខ្ញុំ​ពិតជា​ចូលចិត្ត​វា​ណាស់​ ​ព្រោះ​វា​ធ្វើ​ឱ្យ​ខ្ញុំ​នឹកដល់​ម៉ាក់​ខ្ញុំ​' ​ហើយ​អ្នក​ផ្សេងទៀត​បាន​និយាយ​ថា​ '​នេះ​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ឃើញ​នៅតាមផ្លូវ​ពេល​ទៅ​សាលារៀន​”​។​

          ​តើ​លោក​អាច​ចែករំលែក​នូវ​អនុ​ស្សា​វ​រី​យ៍​មួយ​ចំនួន​នៃ​ពិព័រណ៍​សិល្បៈ​របស់​លោក​បានទេ​?
​          ចាប់តាំង​ពី​កា​រដាក់​បង្ហាញ​ស៊េ​រី​ ​Let​’s ​Eat​ ​នៅ​ ​Story​ ​Design​ ​Hub​ ​កាលពី​ចុង​ឆ្នាំមុន​ ​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ ​G​a​l​yon​ ​Gallery​ x ​Ca​f​e​។​ ​វិចិត្រសាល​នេះ​ត្រូវ​បាន​សហ​ស្ថាបនា​ដោយ​ ​P​a​trick​ ​Jam​e​s ​A​l​m​era​ ​ដែល​ជា​ស្ថាបត្យករ​ ​និង​អ្នក​រចនា​ជនជាតិ​ហ្វីលីពីន​ ​ហើយ​ចក្ខុវិស័យ​របស់​ ​G​a​l​yon​ ​គឺ​ការ​បង្កើត​នូវ​ ​គំនិត​ច្នៃ​ប្រតិដ្ឋ​ឆ្លង​វប្បធម៌​។​ ​ពិព័រណ៍​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៥​ ​ត្រូវ​បាន​ចូលរួម​ដោយ​លោកស្រី​ ​L​a​ar​n​i​ ​Z​o​ray​d​a​ S ​Gan​d​ar​os​a​ ​ដែល​ជា​លេខា​ទីមួយ​ ​និង​កុងស៊ុល​ប្រចាំ​ស្ថានទូត​ហ្វីលីពីន​នៅ​ភ្នំពេញ​។​ ​វា​បាន​បង្ហាញ​ពី​សិល្បៈ ​និង​ការរចនា​បែប​ហ្វីលីពីន​ក្នុង​បរិ​បទ​កម្ពុជា​ ​ដោយ​ការ​រួមបញ្ចូល​អត្តសញ្ញាណ​ហ្វីលីពីន​ ​និង​កម្ពុជា​ ​តាមរយៈ​គំនូរ​សិល្បៈ​៕


SUGGESTIONS